នាយរងនាវា Tran Van Khoi៖ មិនភ័យខ្លាចគ្រោះថ្នាក់ដើម្បីជួយសង្គ្រោះមនុស្ស
(VOVWORLD) - លោក Tran Van Khoi នាយរងនាវា SAR ៤១២ នៃមជ្ឈមណ្ឌលសម្របសម្រួលស្វែងរកនិងជួយសង្គ្រោះនាវាចរណ៍តំបន់ទី ២ - MRCC ដាណាំង គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលគំរូ ១១ នាក់ដែលត្រូវបានលើកតម្កើងនៅក្នុងកម្មវិធីសិរីរុងរឿងវៀតណាមនៅឆ្នាំ ២០២៣ ដែលបានធ្វើឡើងនាយប់ថ្ងៃទី ៤ ខែមិថុនា នៅទីក្រុងហាណូយ។ អស់រយៈពេលច្រើនឆ្នាំក្នុងអាជីព នាវិក Tran Van Khoi មិនភ័យខ្លាចខ្យល់ព្យុះ គ្រោះថ្នាក់ ជានិច្ចកាលខិតខំបំពេញភារកិច្ច
ជួយសង្គ្រោះ នៅលើសមុទ្របានយ៉ាងល្អ ជួយប្រជានេសាទនឹងនរចិត្តប្រកបការងារនៅនាយឯសមុទ្រ។
នាយរងនាវា Tran Van Khoi ទទួលពានរង្វាន់ "សកម្មភាពក្លាហានពិសេស" ដោយអង្គការអាកាសចរណ៍អន្តរជាតិ (IMO)។ |
មានអាយុជាង ៤០ ឆ្នាំ នាវិក Tran Van Khoi បានផ្សាភ្ជាប់ជិត ២០ ឆ្នាំជាមួយនឹងការងារស្វែងរក និងជួយសង្គ្រោះនាវាចរណ៍ ហើយត្រៀមខ្លួនជានិច្ចដើម្បីចូលរួមជួយសង្គ្រោះឧប្បត្តិហេតុ គ្រោះថ្នាក់លើសមុទ្រ។
នៅខែធ្នូ ឆ្នាំ ២០២១ ដោយវ៉ាដាច់បេក្ខជនចំនួន ៣៦ នាក់នៅទូទាំងពិភពលោក លោកបានទទួលពានរង្វាន់ "សកម្មភាពក្លាហានពិសេស" ដោយអង្គការអាកាសចរណ៍អន្តរជាតិ (IMO) សម្រាប់ការជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតចំនួន ៤ នាក់ក្នុងឧប្បត្តិហេតុ នាវាដឹកទំនិញ VIETSHIP ០១ ដែលបានលិចក្នុងខែតុលា ឆ្នាំ ២០២០ ក្នុងលក្ខណៈអាកាសធាតុធ្ងន់ធ្ងរ និងសមុទ្ររដុបយ៉ាងខ្លាំង។ នេះជាលើកដំបូង ដែលសមាជិកក្រុមនាវិកវៀតណាមម្នាក់ ត្រូវបាន IMO លើកតម្កើងដោយភាពក្លាហាន ឆន្ទៈ និងសមត្ថភាពស៊ូទ្រាំដ៏ស្វិតស្វាញ នៅពេលខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សដែលរងគ្រោះនៅសមុទ្រក្នុងករណីដែលមានលទ្ធភាពស្លាប់ ឬរងរបួស។ ឥឡូវនេះ នឹកដល់ពេលវេលានោះ លោក Khoi នៅតែមានការរំភើបចិត្ត៖
“តាមពិតទៅ នៅពេលដែលយើងទៅកាន់កន្លែងកើតហេតុ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ នោះគឺជាខ្សែបន្ទាត់រវាងការរស់និងការស្លាប់ ប៉ុន្តែយើងជានិច្ចកាលគិតថា យើងនឹងខិតខំប្រឹងប្រែងធ្វើបាន។ អាយុជីវិតរបស់អ្នកនេសាទមានសារៈសំខាន់ណាស់។ ដូច្នេះ ខ្ញុំនិងបងប្អូនរួមក្រុម មិនមានពេលគិតច្រើនអំពីការរស់រានមានជីវិតរបស់យើងទេ។ យើងត្រឹមតែគិតថា អាយុជីវិតមនុស្សជាសំខាន់បំផុត ដូច្នេះយើងខិតខំគិតពីគ្រប់មធ្យោបាយដើម្បីសង្គ្រោះអ្នកនេសាទ”។
លោក Khoi បានធ្វើការនៅមជ្ឈមណ្ឌលសម្របសម្រួលស្វែងរកនិងជួយសង្គ្រោះនាវាចរណ៍តំបន់ទី ២ តាំងពីឆ្នាំ ២០០៥ មក។ សម្រាប់នាវិកដូចលោក Khoi ពួកគេចាត់ទុកថា ជីវិតរបស់ខ្លួនគឺផ្សាភ្ជាប់នឹងខ្យល់ព្យុះនិងគ្រោះថ្នាក់ ជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារអាយុជីវិតរបស់ប្រជានេសាទ និងសមាជិកក្រុមនាវិករាប់ពាន់នាក់ដែលរងគ្រោះ។ គ្រោះថ្នាក់ និងឧប្បត្តិហេតុកើតឡើងជាញឹកញាប់ ដោយនឹកស្មានមិនដល់ ស្ថានភាពអាកាសធាតុគឺមិនអាចទាយទុកជាមុនបាន ដូច្នេះលោក Tran Van Khoi និងមិត្តរួមក្រុមត្រូវតែត្រៀមខ្លួនជាស្រេច ២៤/៧ ដើម្បីឆ្លើយតបទៅនឹងករណីបន្ទាន់ដែលអាចកើតមានឡើង។ លោក Khoi បានចែករំលែកអំពីការងាររបស់ខ្លួនថា៖
“ការជួយសង្គ្រោះនាវា VIETSHIP ក៏នឿយហត់ដែរ ប៉ុន្តែមុននោះ យើងបានជួយសង្គ្រោះករណីជាច្រើនលំបាកជាងទៀត។ ឧទាហរណ៍ ជួនកាលមានឧប្បត្តិហេតុ១ ពេលរាយការណ៍គ្រោះថ្នាក់ ប៉ុន្តែពេលទៅដល់កន្លែងកើតហេតុ ឧប្បត្តិហេតុ ២, ៣ ទៀតបានកើតឡើង។ មានពេលខ្លះដែលយើងត្រូវអូសទាញនាវាជួបគ្រោះថ្នាក់ ២ គ្រឿងក្នុងពេលតែមួយ រលកធំៗ ខ្យល់បោកបក់ខ្លាំង។ មានពេលខ្លះដែលចម្ងាយត្រឹមតែ ៤០ ម៉ាយសមុទ្រប៉ុណ្ណោះ ប៉ុន្តែត្រូវចំណាយពេលដល់ទៅ ១២ ម៉ោងទើបនាំនាវាទៅដល់ច្រាំង។ រលកធំៗ ខ្យល់បោកបក់ខ្លាំង ប៉ុន្តែយើងត្រូវតែមានភាពម៉ត់ចត់ ព្រមទាំងមានភាពរហ័សរហួនផងដែរ។ ទោះជាមានកំហុសតូចមួយប៉ុណ្ណោះក៏ដោយ ក៏អាចធ្វើឱ្យសមូហភាពទាំងមូលជួបគ្រោះថ្នាក់”។
ដោយសារលក្ខណៈការងារពិសេស ភាគច្រើននៃពេលវេលារបស់នាវិក Tran Van Khoi គឺស្នាក់នៅកន្លែងធ្វើការ។ តាំងពីមុនមក លោកសឹងតែមិនត្រឡប់ទៅស្រុកកំណើតនៅ Ha Tinh ដើម្បីទទួលអំណរបុណ្យតេត ជាមួយក្រុមគ្រួសារឡើយ។ ជារៀងរាល់ថ្ងៃ ការងារទាំងអស់នៅក្នុងផ្ទះគឺប្រពន្ធរបស់លោកគឺអ្នកស្រី Nguyen Van Anh ជាអ្នករ៉ាប់រងតែម្នាក់ឯង។ យោគយល់ពីការងាររបស់ប្តី ក្នុងអំឡុងពេលជិត២០ឆ្នាំកន្លងមក អ្នកស្រី Van Anh គឺជាខ្នងបង្អែកដ៏រឹងមាំ ជំនួសឲ្យលោក Khoi ទទួលបន្ទុកការងារផ្ទះ ចិញ្ចឹមបីបាច់កូន៣នាក់ ជួយឱ្យប្តីនឹងនរចិត្តបំពេញការងារបានល្អ៖
“ជួនកាលប្តីខ្ញុំទៅបាត់ មិនអាចទាក់ទងបានទេ។ ពេលជួបការលំបាក ខ្ញុំ ទទួលបន្ទុកតែម្នាក់ឯង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំតែងតែប្រាប់កូនៗថា ថ្វីត្បិតតែឪពុកមិនរស់នៅជាប្រចាំជាមួយកូនក៏ដោយ ប៉ុន្តែកូនមានឪពុកគួរឲ្យមោទនភាព”។
មិនត្រឹមតែជាមោទនភាពរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ដោយមានភាពក្លាហាន និងស្មារតីដែកថែបនៅពេលប្រឈមមុខនឹងការសាកល្បង លោក Tran Van Khoi ក៏ជាគំរូមួយក្នុងចំណោមគំរូឆ្នើមនៃកម្លាំងនាវិកស្វែងរកនិងជួយសង្គ្រោះនៅតំបន់សមុទ្រភាគកណ្តាលទៀតផង។
ការលះបង់របស់នាវិក Tran Van Khoi ត្រូវបានទទួលស្គាល់នៅពេលដែលលោកជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលគំរូ ១១ នាក់ ដែលត្រូវបានលើកតម្កើងក្នុងកម្មវិធីសិរីរុងរឿងវៀតណាមឆ្នាំ ២០២៣ សម្រាប់ស្មារតីច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ជំនះរាល់ការលំបាក លះបង់ដើម្បីបម្រើប្រជាជននិងមាតុភូមិ៕