នាយឧត្តមសេនីយ៍ Vo Nguyen Giap - មេបញ្ជាការយោធាដ៏ចំណានក្នុងប្រវត្តិសាស្ត្រយោធាវៀតណាម
(VOVWORLD) - ជាមេបញ្ជាការយោធាមួយរូបមានទេពកោសល្យ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានប្រវត្តិវិទូ អ្នកប្រាជ្ញានៅទាំងក្នុងនិងក្រៅប្រទេសគោរពកោតសរសើរជានិច្ច។ រាល់សមិទ្ធផលក្នុងឆាកជីវិតរបស់លោកគឺជាប្រធានបទគួរឲ្យទាក់ទាញ ហើយតាមរយៈនោះ ពួកគេបានបង្ហាញការគោរពកោតសរសើរចំពោះទេពកោសល្យយោធាដ៏មហិមារ របស់ប្រជាជាតិវៀតណាម។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ (baochinhphu.vn) |
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ប្រសូត្រនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩១១ នៅភូមិ An Xa ឃុំ Loc Thuy ស្រុក Le Thuy ខេត្ត Quang Binh។ ទោះបីជាចាប់ផ្ដើមអាជីពក្នុងនាមជាគ្រូបង្រៀនវិញ្ញាសារប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែ លោកបានក្លាយទៅមនុស្សម្នាក់ដែលត្រូវបានគេវាយតម្លៃថា ជាមេដឹកនាំយោធាដ៏ចំណានក្នុងប្រវត្តិសាស្ត្រវៀតណាម។ លោកជាមេបញ្ជាការដើមដំបូងនៃកងទ័ពឃោសនារំដោះ ដែលសព្វថ្ងៃជាកងទ័ពប្រជាជនវៀតណាម។ លោកជានាយឧត្តមសេនីយ៍ដើមដំបូង ជាអគ្គមេបញ្ជាការរបស់កងទ័ពប្រជាជនវៀតណាម ព្រមទាំងក៏ជាមេបញ្ជាការដើមដំបូងនៃកងទ័ពប្រជាជនវៀតណាមផងដែរ។ លោកបានកសាងកងទ័ពនៅប្រទេសអាណានិគម ពាក់កណ្ដាលសក្តិភូមិមួយ ដោយមានយុទ្ធជនតែ៣៤នាក់ប៉ុណ្ណោះ ក្លាយទៅជាកងទ័ពបដិវត្តន៍ យ៉ាងចំណាន មានរបៀបរៀបរយ ដើម្បីវាយឲ្យបរាជ័យកងទ័ពជំនាញរបស់ បារាំងនិងអាមេរិក។ ការរីកធំធាត់ និងជ័យជំនះរបស់កងទ័ពប្រជាជនវៀតណាម បានបង្ហាញឲ្យឃើញថា លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap មិនត្រឹមតែជាអ្នកទ្រឹស្ដីប៉ុណ្ណោះទេ ថែមទាំងជាអ្នកចាត់តាំងយោធា និងជាមេបញ្ជាការមួយរូបដោយមានទេពកោសល្យជាងគេទៀតផង។ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap មិនត្រឹមតែដឹកនាំការកសាងជួរកងទ័ពខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំងប៉ុណ្ណោះទេ ថែមទាំងពូកែក្នុងការធានាការរីកធំធាត់ ការអភិវឌ្ឍ និងជ័យជំនះរបស់កងទ័ពទៀតផង។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap វិលត្រឡប់មកធ្វើទស្សនកិច្ចនៅ Dien Bien Phu កាលពីឆ្នាំ១៩៩៤។ (រូបថត៖ danviet.vn) |
កេរ្តិ៍ឈ្មោះរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានផ្សាភ្ជាប់នឹងជ័យជំនះ Dien Bien Phu ដ៏ភ្លូកទឹកភ្លូកដី។ ប្រវត្តិវិទូជាច្រើនបានវាយតម្លៃថា ជ័យជំនះ Dien Bien Phu ឆ្នាំ១៩៥៤ បានចារឹកសញ្ញាសម្គាល់និងគុណូបការៈរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលបានសម្រេចចិត្តផ្លាស់ប្ដូរបាវចនាប្រយុទ្ធពីការវាយរហ័ស ដោះស្រាយរហ័សទៅការវាយឲ្យប្រាកដ ឈានទៅមុខឲ្យប្រាកដ។ លោកឧត្តមសេនីយ៍ត្រី Dao Tuan Anh នាយករងវិទ្យាស្ថានការពារជាតិវៀតណាម ឲ្យដឹងថា៖
“បាវចនាវាយឲ្យប្រាកដ ឈានទៅមុខឲ្យប្រាកដនោះមានប្រយោជន៍ជាង ពីព្រោះវាអនុញ្ញាតឲ្យកងទ័ពវៀតណាមប្រមូលផ្ដុំកម្លាំងសម្រាប់ការប្រយុទ្ធនីមួយៗ ធានាជ័យជំនះដ៏ប្រាកដសម្រាប់ការប្រយុទ្ធមួយលើកៗ។ ទីពីរគឺវាសមស្របនឹងកម្រិតកុលយុទ្ធនិងរបៀបប្រយុទ្ធរបស់កងទ័ពដោយសារនៅពេលនោះ យើងត្រឹមតែមានបទពិសោធន៍ប្រយុទ្ធតាមកងវរសេនាតូចដោយឯករាជ្យប៉ុណ្ណោះ។ ទីបីគឺ យើងមានពេលវេលាបន្ថែមទៀតដើម្បីស្រាវជ្រាវ ក្ដាប់ជាប់ស្ថានភាពរបស់សត្រូវនៅតាមគោលដៅវាយប្រហារនីមួយៗ ដើម្បីដណ្ដើមយកនិងរក្សាភាពម្ចាស់ការ ធានាការវាយប្រហារយ៉ាងប្រាកដ ឈ្នះប្រាកដទើបវាយប្រហារ”។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានប្រមូលផ្ដុំនិងអភិវឌ្ឍដល់កម្រិតខ្ពស់បំផុតនូវលក្ខណៈល្អប្រសើរអំពីគុណធម៌របស់ឧត្តមសេនីយ៍ម្នាក់ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម។ គុណធម៌នោះគឺជាឫទ្ធានុភាព ជាលក្ខណៈសម្បត្តិ ជាសមត្ថភាពហ៊ានទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ ប្រជាជាតិក្នុងការសម្រេចចិត្តម្ដងៗ ការប្រយុទ្ធទាំងធំទាំងតូច។ ចេះឈានទៅមុខ ចេះដកថយ ចេះប្រមូលផ្ដុំកម្លាំងក្នុងការប្រយុទ្ធសំខាន់ៗដើម្បីអនុវត្តន៍គោលដៅចុងក្រោយប្រកបដោយជោគជ័យ។ ក្នុងគ្រានិងដំណាក់កាលដ៏លំបាកបំផុតនៃសង្គ្រាមបដិវត្តន៍ លោកនាយឧត្តមសេនីយ៍បានបង្ហាញយ៉ាងច្បាស់នូវឫទ្ធានុភាព និងជំនឿជឿជាក់ទៅលើជ័យជំនះនៃការតស៊ូ និងសង្គ្រាមយុត្តិធម៌។ អ្នកកាសែត ប្រវត្តិវិទូជនជាតិអាមេរិក លោក Stanley Karnow ដែលជាអ្នកមានវត្តមាននៅវៀតណាមចាប់តាំងពីឆ្នាំ១៩៥៩ និងជាអ្នកនិពន្ធនៃសៀវភៅដ៏ល្បីឈ្មោះមួយក្បាលដោយមានចំណងជើងថា “Vietnam: A History” ដែលបោះពុម្ភផ្សាយកាលពីឆ្នាំ១៩៨៣ បានសរសេរថា៖ “លោកឧត្តមសេនីយ៍ Giap ជាមនុស្សពិសេសម្នាក់។ លោកជាអ្នកតាក់តែងគោលនយោបាយផង និងជានាយទាហានលើសមរភូមិផង”។ ក្នុងសៀវភៅ “Vo Nguyen Giap - បរុសនិងរឿងព្រេង” ដែលបានបោះពុម្ភផ្សាយកាលពីឆ្នាំ១៩៦២ អ្នកកាសែត ប្រវត្តិវិទូដើមកំណើតអូទ្រីសលោក Benard Fall បានវាយតម្លៃយ៉ាងដូច្នេះថា៖ “ក្នុងពេលអនាគតដែលអាចមើលឃើញមុន លោកខាងលិចមិនអាចបណ្ដុះបណ្ដាលឧត្តមសេនីយ៍ណាមួយដែលអាចប្រៀបធៀបនឹងលោក Vo Nguyen Giap បានឡើយ”។ លោកឧត្តមសេនីយ៍ Giap គឺជា “ខួរក្បាល” នៃយុទ្ធនាការ Dien Bien Phu ដ៏ល្បីល្បាញ ដែលជួយវៀតណាមដណ្ដើមបានឯករាជ្យពីបារាំងវិញ កាលពីខែឧសភាឆ្នាំ១៩៥៤។
លក្ខណៈវិសេសវិសាលរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងពិភពលោកសម័យទំនើបនោះ គឺលោកជាឧត្តមសេនីយ៍តែមួយគត់ដែលមិន បានបណ្ដុះបណ្ដាលជាផ្លូវការឡើយ ប៉ុន្តែបានខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ហាត់ពត់លត់ដំដោយខ្លួនឯងដើម្បីក្លាយទៅជាអ្នកមានទេពកោសល្យដ៏ឆ្នើមបំផុត។ ក្នុងសតវត្សទី២០ ក៏មិនធ្លាប់មានឧត្តមសេនីយ៍ណាមួយ ដែលត្រូវប្រឈមមុខជាមួយឧត្តមសេនីយ៍ដ៏ចំណាននិងល្បីល្បាញលើពិភពលោក ដែលដឹកនាំកងទ័ព ពូកែប្រយុទ្ធរបស់បារាំងនិងអាមេរិក ប៉ុន្តែនៅតែដណ្ដើមបានជ័យជំនះដូចលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នោះឡើយ។
លោកសាស្ត្រាចារ្យ បណ្ឌិត Pham Hong Tung ប្រធានវិទ្យាស្ថានវៀតណាមវិទ្យា ចំណុះសាកលវិទ្យាល័យជាតិហាណូយ ចាត់ទុកថា លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមនុស្សនៃប្រវត្តិសាស្ត្រ ហើយបានប្រែក្លាយប្រវត្តិសាស្ត្រជាតិទៅជារឿងព្រេង។
“លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ទៅកាន់ទីណា ក៏បានធ្វើចលនាប្រជាជននៅទីនោះដែរ។ លោកជាអ្នកមានទេពកោសល្យពីកំណើតម្នាក់ ភាសាជនជាតិ Tay លោកនិយាយបាន ហើយភាសាជនជាតិ Nung ក៏និយាយបានផង។ មិនថាទៅកាន់ទីណាទេ លោកតែងតែត្រៀមខ្លួនជាស្រេចសម្របខ្លួន ស្វែងយល់ពីទំនៀមទំលាប់នៅមូលដ្ឋាន ជាពិសេសគឺអាកប្បកិរិយាឱនលំទោន ជិតស្និទ្ធជាមួយប្រជាជន ដែលបានធ្វើឲ្យកងទ័បរបស់លោក Vo Nguyen Giap ពិតជាកងទ័ពបដិវត្តន៍របស់ប្រជាជន”។
អ្នកស្រាវជ្រាវវិទ្យាសាស្ត្រប្រវត្តិសាស្ត្រយោធាជនជាតិអង់គ្លេស លោក Peter McDonald បានវាយតម្លៃថា៖ “ចាប់ពីឆ្នាំ១៩៤៤ដល់ឆ្នាំ១៩៧៥ ឆាកជីវិតរបស់លោក Vo Nguyen Giap បានផ្សាភ្ជាប់នឹងការប្រយុទ្ធនិងជ័យជំនះ ធ្វើឲ្យលោកក្លាយទៅជាមេដឹកនាំយោធាមួយរូបក្នុងចំណោមមេដឹកនាំយោធាដ៏ឆ្នើមបំផុតនៅគ្រប់សម័យកាល។ ពិបាកមានឧត្តមសេនីយ៍ផ្សេងណាមួយដែលអាចប្រៀបធៀបជាមួយលោកក្នុងការគួបផ្សំសង្គ្រាមវាយឈ្លបជាមួយសង្គ្រាមដោយមានរបៀបរៀបរយឡើយ។ សៀវភៅនេះក៏បានដកស្រង់សម្ដីរបស់ នាយឧត្តមសេនីយ៍កងទ័ពអាមេរិកលោក William Westmoreland ដែលជាគូប្រជែងរបស់លោកឧត្តមសេនីយ៍ Giap ដែលធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ “លោក Vo Nguyen Giap គឺជាមនុស្សមោះមុត ជាឧត្តមសេនីយ៍ដ៏មហិមារមួយរូប”៕