បក្ខជន Y Chon - អ្នកត្រួសត្រាយផ្លូវក្នុងចលនានារីនៅឃុំព្រំដែន Dak Duc
(VOVWORLD) - ក្នុងតួនាទីជាប្រធានសមាគមនារីឃុំព្រំដែន Dak Duc ស្រុក Ngoc Hoi ខេត្ត Kon Tum ក្នុងរយៈពេលជាង ៧ ឆ្នាំកន្លងមកនេះ អ្នកស្រី Y Chon ជនជាតិ Gie Trieng បានប្រមូលផ្តុំសមាជិកាជាង ៩០០ នាក់ ក្នុងនោះ ៩៨% ជាជនជាតិភាគតិច Gie Trieng ដើម្បីចូលរួមក្នុងការងាររបស់សមាគម។ ទន្ទឹមនឹងនោះ ណែនាំ និងចែករំលែកពីរបៀបអភិវឌ្ឍន៍សេដ្ឋកិច្ច ជាជំហានៗលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីសម្រាប់សមាជិកា ហើយកសាងសមាគមនារីឃុំឲ្យកាន់តែរីកចម្រើន។
អ្នកស្រី Y Chon ប្រធានសមាគមនារីឃុំព្រំដែន Dak Duc ស្រុក Ngoc Hoi ខេត្ត Kon Tum។ (រូបថត៖ VOV) |
ឆ្នាំនេះ មានអាយុ ៣៧ឆ្នាំ អ្នកស្រី Y Chon ជានិច្ចកាលចូលរួមយ៉ាងសកម្មក្នុងការងាររបស់សមាគម ដោយធ្វើជាគំរូ នាំមុខគេក្នុងគ្រប់ចលនា និងភារកិច្ចរបស់សមាគម ក៏ដូចជាការងារនយោបាយនិងសង្គមកិច្ចនៅមូលដ្ឋានផងដែរ។ នៅឆ្នាំ ២០១៩ នៅពេលដែលផលិតផលកសិកម្មក្នុងស្រុកជួបប្រទះនឹងការលំបាកក្នុងការលក់ អ្នកស្រី Y Chon និងបងប្អូនសមាជិកាបានបង្កើតសហករណ៍ ឃុំ Duc Nong។ នៅពេលដាក់ឱ្យដំណើរការ សហករណ៍បានបង្កើតការងារជាប្រចាំសម្រាប់សមាជិកាចំនួន ៤៥ នាក់ ជាមួយនឹងប្រាក់ចំណូលពី ៨០ ដល់ ១០០ លានដុង/ឆ្នាំ (២០០០-៤០០០ ដុល្លារ/ឆ្នាំ)។ ពីគំរូនេះ អ្នកស្រី Y Chon បានបន្តបង្កើត "ក្រុមសហការចិញ្ចឹមជ្រូក" ដែលផ្ដល់ការងារស្ថិរភាពសម្រាប់សមាជិការាប់សិបនាក់។ អ្នកស្រី Y Chon បញ្ជាក់ថា នេះគឺជាគំរូចាប់ផ្តើមអាជីវកម្មដោយជោគជ័យរបស់បងប្អូនសមាជិកានៅមូលដ្ឋាន៖
“បច្ចុប្បន្ននេះ យើងខ្ញុំមានផលិតផលលក់លើទីផ្សារហើយ។ យើងខ្ញុំមិនត្រឹមតែលក់ជ្រូកសាច់និងកូនពូជប៉ុណ្ណោះទេ ថែមទាំងកែច្នៃសាច់ជ្រូកទៅជាផលិតផលសាច់ជ្រូកឆ្អើទៀតផង។ យើងខ្ញុំបានជ្រើសរើសផលិតផលនេះ ដើម្បីចុះឈ្មោះ និងចូលរួមការប្រកួតផលិតផលនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ហើយទទួលបានចំណាត់ថ្នាក់ផ្កាយ ៣។ រហូតមកដល់ពេលនេះ ផលិតផលរបស់យើងខ្ញុំ ទទួលបានការពេញនិយមយ៉ាងខ្លាំងពីទីផ្សារ ជាពិសេសក្នុងឱកាសបុណ្យតេត ផលិតផលរបស់យើងខ្ញុំមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារឡើយ”។
សមាជិកាសមាគមនារីឃុំ Dak Duc។ (រូបថត៖ VOV) |
ពីរបៀបធ្វើរបស់អ្នកស្រី Y Chon គំរូដទៃទៀត បង្កើតឡើងដោយសមាគមនារីឃុំ Dak Duc ដូចជា៖ “ធ្វើតាមគំរូលោកប្រធានហូជីមិញ” “វិថីផ្កា” “របងបៃតង” “ប្រែក្លាយសំរាមទៅជាលុយ”… បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើរបស់ប្រជាជននៅតំបន់ព្រំដែន។ តាមរយៈគំរូ “នារីរួមដៃជាមួយកងទ័ពការពារព្រំដែន ការពារអធិបតេយ្យភាព សន្តិសុខព្រំដែន ផ្សាភ្ជាប់នឹងការពារធនធានធម្មជាតិនិងបរិស្ថាន” អ្នកស្រី Y Chon បានធ្វើការឃោសនា ចលនាយ៉ាងសកម្មដល់សមាជិកា និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងកិច្ចការពារខ្សែព្រំដែនជិត ៨ គីឡូម៉ែត្រជាប់នឹងប្រទេសឡាវ និងសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ អ្នកស្រី Y Chon បានចែករំលែកថា៖
“ក្នុងនាមជាប្រធានសមាគម ព្រមទាំងជាមនុស្សម្នាក់ដែលបានកើតនិងធំដឹងក្ដីនៅតំបន់ព្រំដែន ខ្ញុំយល់ច្បាស់ពីរបៀបការពារព្រំដែន។ ខ្ញុំបានឃោសនា ចលនាបងប្អូនស្ត្រីឲ្យមិនធ្វើតាមជនទុចរិត។ យើងខ្ញុំក៏បានសម្របសម្រួលជាប្រចាំជាមួយប៉ុស្តិ៍ការពារព្រំដែន Duc Nong ដើម្បីបំពេញការងារឃោសនាសម្រាប់បងប្អូនសមាជិកាឲ្យកាន់តែល្អផងដែរ”។
សកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់សមាគមនារីឃុំ Dak Duc បានបញ្ជាក់ពីតួនាទី និងឋានៈរបស់ស្ត្រីក្នុងការងារសង្គម។ ពីដើមទុនជាង ២៨ ពាន់លានដុង (ប្រហែល ១,១ លានដុល្លារអាមេរិក) ដែលជាប្រាក់កម្ចីគ្មានការធានា គោលនយោបាយសង្គម សមាគមនារីឃុំ Dak Duc បានបើកវគ្គបណ្តុះបណ្តាល ផ្ទេរវិទ្យាសាស្ត្រ បច្ចេកទេស បណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្សាភ្ជាប់នឹងការណែនាំ បង្កើតការងារធ្វើ ដើម្បីជួយគ្រួសារសមាជិកាជិត ៥៩០ គ្រួសារនៅឃុំ Dak Duc លើកកំពស់ប្រាក់ចំណូល។ ជាពិសេស សមាជិកាក្រីក្រចំនួន ២២ នាក់ ត្រូវបានសមាគមជួយឧបត្ថម្ភឲ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ លោកស្រី Y Phuong ប្រធានសម្ព័ន្ធសមាគមនារីខេត្ត Kon Tum បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អ្នកស្រី Y Chon ក្នុងការងារសមាគមនារីនៅឃុំព្រំដែន Dak Duc ស្រុក Ngoc Hoi៖
“អ្នកស្រី Y Chon ជាកម្មាភិបាលម្នាក់ក្នុងចំណោមកម្មាភិបាលជាជនជាតិភាគតិច ដែលមានភាពសកម្ម ក្លៀវក្លា ហ៊ានគិត ហ៊ានធ្វើ។ អ្នកស្រីតែងតែសិក្សាស្រាវជ្រាវ ស្វែងយល់ ធ្វើបច្ចុប្បន្នភាពឯកសារណែនាំរបស់ថ្នាក់លើ ហើយ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័ន អង្គការមហាជនរបស់ឃុំ ដើម្បីច្បាមជាប់សភាពការណ៍របស់សមាជិកាស ពីនោះអនុវត្តន៍ភារកិច្ចរបស់សមាគម”។
អាស្រ័យដោយមានភាពក្លៀវក្លា សកម្ម និងទំនួលខុសត្រូវរបស់អ្នកស្រី Y Chon ចំពោះការងាររបស់សមាគម បណ្ដាចលនានិងសកម្មភាពរបស់សមាគមនារីឃុំ Dak Duc បានទាក់ទាញនារីនិងប្រជាជនក្នុងឃុំចូលរួមកាន់តែច្រើនកុះករ។ អ្នកស្រី Y Chon មានកិត្តិយសជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលចំនួន ៥ នាក់នៃខេត្ត Kon Tum អញ្ជើញចូលរួមសន្និសីទលើកតម្កើងគំរូជឿនលឿនទូទាំងប្រទេសកាលពីខែមិថុនាកន្លងទៅ នៅរដ្ឋធានីហាណូយ៕