បងស្រី Can ជំនះពុះពាររាល់ការលំបាកដើម្បីធ្វើសេដ្ឋកិច្ចពូកែ
(VOVWORLD) - ដោយមានការខិតខំប្រឹងប្រែងជំនះ ពុះពាររាល់ការលំបាក ហេតុដូច្នេះបានជា ស្ត្រីជាច្រើនរូបនៅតំបន់ខ្ពង់រាប Yen Bai បានរួចផុតពីភាពក្រីក្រ ឈានឡើងធ្វើជាអ្នកមាន។ រឿងរ៉ាវរបស់បងស្រី Hoang Thi Can ដែលមានអាយុ ៣៥ ឆ្នាំ ស្នាក់នៅភូមិ Luu 2 ឃុំ Hat Luu ស្រុក Tram Tau បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងធំធេងក្នុងការគិតការធ្វើរបស់ស្ត្រីនៅតំបន់ខ្ពង់រាប។
ដោយមានការឧស្សាព្យាយាម បងស្រី Hoang Thi Can បានជំនេះពុះពាររាល់ការលំបាកដើម្បីធ្វើមាន |
កើតមកក្នុងគ្រួសាមានស្ថានភាពលំបាក ក្រីក្រ ហើយខ្លួនក៏មិនស្ទាត់ភាសាទូទៅនោះ ដល់ពេលធំដឹងក្តី បងស្រី Hoang Thi Can បានរៀបអាពាហ៍ពិពាហ៍ដូចនារីដទៃទៀតនៅតំបន់ខ្ពង់រាប។ មនុស្សជាច្រើនគិតថា អ្នកស្រីនឹងដូចទៅនឹងមនុស្សដទៃដែលរស់នៅដុនដាបក្នុងភាពក្រីក្រវិញ រីឯអ្នកស្រី Hoang Thi Can គឺអ្នកស្រីមិនគិតដូច្នោះនោះទេ។
នៅឆ្នាំ ២០០០ ខណៈដែលប្រជាជនភាគច្រើននៅតំបន់ខ្ពង់រាប នៅតែរស់នៅជាមួយដីស្រែតូចៗនិងចូលក្នុងព្រៃដើម្បីរើសឫស្សី បេះបន្លែព្រៃបរិភាគដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយមិនដែលគិតពីការពង្រីកផលិតកម្មនៅឡើយនោះ ប៉ុន្តែគ្រួសារបងស្រី Can វិញ គឺចាប់ផ្តើមកែចំការគ្មានជីជាតិ ឲ្យក្លាយទៅជាកន្លែង ចិញ្ចឹមសត្វមាន់និងចិញ្ចឹមត្រីដើម្បីយកទៅលក់។ បន្ទាប់ពេលទទួលបានទុនចំណេញតិចតូច អ្នកស្រីបានទិញជ្រូក ទិញក្របីនិងសត្វគោមកចិញ្ចឹម។ នៅពេលដែលឃុំ បើកវគ្គបណ្តុះបណ្តាលបងស្រី Can និងប្តីគាត់តែងតែទៅរៀនដើម្បីទទួលបានបទពិសោធន៍។ ឆ្លងកាត់អស់រយៈពេល ២០ ឆ្នាំមកហើយ បច្ចុប្បន្ននេះ គ្រួសារអ្នកស្រី Can បានក្លាយទៅជាគ្រួសារដែលមានគួរសមមួយនៅក្នុងភូមិ។
បងស្រី Can បានសំណេះសំណាលថា៖ “ទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ គឺដោយសាររដ្ឋបានជួយឧបត្ថម្ភទុនកម្ចីនិងទទួលបានបទពីសោធន៍តាមរយៈវគ្គបណ្តុះបណ្តាល។ ឥឡូវនេះប្រាក់ចំណូលខ្ពស់ជាងមុនហើយ ជីវភាពក៏មានស្ថេរភាព ខ្ញុំមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីថែរក្សាជីវភាពឲ្យកាន់តែប្រសើរ និងថែរក្សាក្រុមគ្រួសារឲ្យបានល្អប្រសើរជាងនេះផងដែរ”។
បច្ចុប្បន្ននេះ ក្រុមគ្រួសាររបស់បងស្រី Can មានផ្ទៃដីធ្វើស្រែមានជីជាតិ ជិត ៤.០០០ ម៉ែត្រការ៉េ; ជាង ១ ហិចតាភ្នំ និងដីដាំបន្លែរាប់ពាន់ម៉ែត្រការ៉េ។ នេះគឺជាក្តីសុបិន្តរបស់អ្នកស្រុកខ្ពង់រាបជាច្រើនដែលតែងតែខ្វះដីសម្រាប់ផលិតកម្ម។ គំរូផលិតកម្មរបស់ក្រុមគ្រួសារ អ្នកស្រី Can នៅមានសត្វក្របី គោ ១៤ ក្បាល ជ្រូក ៥០ ក្បាល និង បសុបក្សីរាប់រយក្បាលទៀតផង។ ដោយឡែកជ្រូក លក់បានជាង ២០ តោនក្នុងមួយឆ្នាំ។ ជាមធ្យម គ្រួសាររបស់អ្នកស្រីរកកម្រៃបានជាង ៣០០ លានដុងក្នុងមួយឆ្នាំ។ ពីប្រភពនេះគ្រួសាររបស់អ្នកស្រីបានចំណាយមួយផ្នែក សម្រាប់សាងសង់ផ្ទះ រីឯចំណែកនៅសេសសល់សម្រាប់បន្ដការផលិតនិង ទិញម៉ាស៊ីនកសិកម្ម។
អ្នកស្រី Hoang Thi Chan ប្រជាជននៅភូមិ Luu 2 ឃុំ Hat Luu បាននិយាយថា៖ “បងស្រី Hoang Thi Can ជាគំរូល្អនិងឧស្សាហ៍ព្យាយាមក្នុងការធ្វើសេដ្ឋកិច្ច ហើយគ្រួសាររបស់បងស្រីតែងតែទទួលបានការស្រឡាញ់រាប់អាន ពីសំណាក់អ្នកភូមិទាំងអស់។ បងស្រី Can ក៏បានជួយបងប្អូននារីក្នុងភូមិអភិវឌ្ឍផលិតកម្មផងដែរ ព្រោះ បងស្រីមានបទពិសោធជាច្រើន។ បងប្អូនស្រីនៅក្នុងភូមិ បានសិក្សានិងត្រាប់តាមបងស្រី Can ហើយជីវភាពរស់នៅក៏ធូរធាជាងមុនដែរ”។
ក្រៅពីការធ្វើពាណិជ្ជកម្មល្អ ជាអ្នកត្រួសត្រាយក្នុងចលនាប្រឡងប្រណាំងក្នុងស្រុក មក ក្រុមគ្រួសាររបស់អ្នកស្រី Can ក៏បានជួយជ្រោមជ្រែងយ៉ាងសកម្មទៅក្នុងកម្មវិធីកសាងជនបទថ្មី រួមទាំងការបរិច្ចាគដីជាង ១០០០ ម៉ែត្រការ៉េ សម្រាប់ធ្វើផ្លូវជន បទ។ លោកស្រី Lo Thi Thuoi ប្រធានសមាគមនារីខេត្ត Hat Luu ស្រុក Tram Tau បានឱ្យដឹងថា៖ “បងស្រី Hoang Thi Can នៃសាខាសមាគមនារីនៅភូមិ Luu 2 ជាគំរូសម្រាប់ស្ត្រីក្នុងភូមិ។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈប្រតិបត្តិសាខា បងស្រីបានចូលរួមពេញលេញនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃកិច្ចការសមាគម ជាពិសេសនៅក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ បងស្រីថែមទាំងបាន ជួយស្ត្រីដែលជួបការលំបាកជាច្រើននៅក្នុងឃុំនេះឱ្យរួចផុតពីភាពក្រីក្រផងដែរ”។
ដោយមានការខិតខំប្រឹងប្រែងនិងការរួមចំណែកជាច្រើនបងស្រី Hoang Thi Can ត្រូវបានទទួលស្គាល់និងកោតសរសើរពីសមាគមនារីគ្រប់ជាន់ថ្នាក់។ ក្រុមគ្រួសាររបស់បងស្រីក៏បានទទួលបានកិត្តនាមជាគ្រួសារវប្បធម៌ជាបន្តបន្ទាប់។ បងស្រី Can ជាគំរូដ៏ល្អមួយនៅតំបន់ខ្ពង់រាបភាគពាយ័ព្យដែលមានបងប្អូនស្ត្រីនិងប្រជាជនជាច្រើននៅខាងក្នុងនិងក្រៅភូមិយកគំរូតាម៕