បុរសឈានមុខគេប្រកបរបរទេសចរណ៍នៅឃុំព្រំដែន Y Ty
(VOVWORLD) - និយាយដល់មនុស្សសកម្មដែលប្រកបរបរទេសចរណ៍នៅភូមិ Mo Phu Chai ឃុំ Y Ty ស្រុក Bat Xat ខេត្ត Lao Cai គឺត្រូវនិយាយដល់បុរសជនជាតិ Ha Nhi ឈ្មោះ Ly Xa Xuy។ គាត់ជាអ្នកឈានមុខគេប្រកបរបរទេសចរណ៍សហ គមន៍នៅឃុំព្រំដែន Y Ty។
យុវជន Ly Xa Xuy (ខាងស្ដាំគេបង្អស់)។ |
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យសំណង់ យុវជន Ly Xa Xuy បានចាកចេញពីរដ្ឋធានីហាណូយ ដោយការប្ដេជ្ញាចិត្តវិលត្រឡប់ទៅស្រុកកំណើតវិញដើម្បី ចាប់ផ្ដើមអាជីវកម្មផ្នែកទេសចរណ៍ សហគមន៍។ ដោយមានគំនិតអភិវឌ្ឍន៍ ទេសចរណ៍អំពីវប្បធម៌របស់ជនជាតិ Ha Nhi បានជាដំបូងឡើយ Ly Xa Xuy បានកសាងផ្ទះមួយខ្នងសមស្របតាមលក្ខណៈប្រពៃណីរបស់ជនជាតិ Ha Nhi ធ្វើជាផ្ទះហូមស្ទេ (Homestay) សម្រាប់បម្រើភ្ញៀវទេសចរ។ ផ្ទះត្រូវបាន កសាងពីដី ហេតុដូច្នេះត្រជាក់ស្រួលក្នុងរដូវក្ដៅតែបែរជាកក់ក្ដៅក្នុងរដូវ ត្រជាក់ទៅវិញ។ គាត់បានខ្ចីទុនចំនួន៥០លានដុងពីធនាគារសម្រាប់សាងសង់ផ្ទះ ដើម្បីជួយភ្ញៀវទេសចរអាចទទួលអារម្មណ៍យ៉ាងពិតប្រាកដពីជីវភាពរស់នៅនិងស្ថាបត្យកម្មផ្ទះបែបប្រពៃណីរបស់ជនជាតិ Ha Nhi។ លោក Ly Xa Xuy បានសំណេះសំណាលថា៖
“ខ្ញុំទទួលបានការគាំទ្ររបស់ក្រុមគ្រួសារញាតិសន្ដាន និងការយកចិត្តទុក ដាក់របស់អាជ្ញាធរ។ នេះជាកម្លាំងចលករដែលជួយខ្ញុំសម្រេចរួចរាល់នូវហេដ្ឋារចនាសម្ព័ន្ធ។ គ្រួសារជាច្រើនក៏បានយល់ឃើញរបៀបធ្វើនិងជោគជ័យជាជំហានដំបូងរបស់ខ្ញុំ ម្លោះហើយ ពួកគេមានកម្លាំងចលករបន្ថែមដើម្បីធ្វើហូមស្ទេ ហើយជួយគាំទ្រគ្នា ទៅវិញទៅមក។ ឧទាហរណ៍ថា គ្រួសារនេះធ្វើហូមស្ទេ គ្រួសារផ្សេងមួយអាច ចិញ្ចឹមសត្វ ដាំដំណាំ ដើម្បីបង្កើតខ្សែសង្វាក់ផលិតផលទេសចរណ៍ សំដៅនាំមក នូវតម្លៃខាងសម្ភារៈជូនបងប្អូន បង្កើតការងារធ្វើ ប្រាក់ចំណូលសម្រាប់យុវជន ដែលមិនទាន់មានការងារធ្វើនៅ Y Ty ដើម្បីឲ្យមនុស្សគ្រប់គ្នាកាន់តែស្រឡាញ់ ស្រុកកំណើតរបស់ខ្លួនថែមទៀត”។
ហូមស្ទេតាមបែបផ្ទះប្រពៃណីរបស់យុវជន Ly Xa Xuy។ (រូបថត៖ danviet.vn) |
លោក Ly Xa Xuy និងភរិយាតែងតែខិតខំព្យាយាមស្វះស្វែងរករបស់របរប្រើ ប្រាស់ដ៏សម្បូរដែលមានអត្តសញ្ញាណរបស់ជនជាតិ Ha Nhi ដើម្បីតុបតែងផ្ទះ ព្រម ទាំងផ្សព្វផ្សាយហូមស្ទេរបស់ខ្លួនតាមបណ្ដាញសង្គមផងដែរ។ នៅពេលស្នាក់ នៅទីនេះភ្ញៀវទេសចអាចទទួលទានម្ហូបអាហារដែលបានកែច្នៃផ្ទាល់ដោយគ្រួសារម្ចាស់ផ្ទះ ហើយស្ដាប់រឿងរ៉ាវគួរឲ្យទាក់ទាញស្ដីពីជនជាតិ Ha Nhi ទៀត ផង។ លោក Pham Chuc ភ្ញៀវទេសចរម្នាក់មកពីខេត្ត Hai Duong មានការចាប់ អារម្មណ៍យ៉ាងដូច្នេះថា៖
“នៅពេលស្នាក់នៅក្នុងហូមស្ទេនេះ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺផ្ទះសំណាក់នៅតែរក្សាដដែលលក្ខណៈវប្បធម៌ពិសេសដោយឡែករបស់ជនជាតិ Ha Nhi។ ទំនោរទេសចរណ៍នាបច្ចុប្បន្ន គឺភ្ញៀវទេសចរមានចំណងចិត្តជិតស្និទ្ធជាមួយ សហគមន៍ ហើយហូមស្ទេរបស់លោក Ly Xa Xuy ពិតជាធ្វើឲ្យភ្ញៀវទេសចរអាច សម្របខ្លួនចូលក្នុងលំហរវប្បធម៌របស់ជនជាតិ Ha Nhi អញ្ចឹង។ បន្ទាប់ពីដឹងថា នេះជាមូលដ្ឋានទេសចរណ៍របស់យុវជនម្នាក់ដែលចង់ចាប់ផ្ដើមអាជីពលើស្រុកកំណើតរបស់ខ្លួន ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះការត្រិះរិះក៏ដូចជា បំណងប្រាថ្នារបស់គាត់”។
ទោះបីជាត្រូវសិក្សាស្រាវជ្រាវតែម្នាក់ឯងក៏ដោយ ប៉ុន្តែរហូតមកដល់ពេល នេះ លោក Ly Xa Xuy បានក្លាយទៅជាមគ្គុទេសទេសចរណ៍ជំនាញ ដែល បានផ្ដល់មានទំនុកចិត្តណែនាំជូនភ្ញៀវទេសចរអំពីភាពវិសេសវិសាលរបស់ជនជាតិ Ha Nhi ក៏ដូចជារមណីយដ្ឋាននៃស្រុកកំណើតខ្លួន។ ប្រការគួរឲ្យកោតសរសើររបស់ យុវជនរូបនេះ គឺគាត់ត្រៀមខ្លួនជាស្រេចជួយអ្នកស្រុកប្រកបរបរទេសចរណ៍ ដោយស្មារតីសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍ។ អាជ្ញាធរមូលដ្ឋានក៏ បានវាយតម្លៃខ្ពស់ហើយមានបំណងចង់ពង្រីកខ្នាតគំរូហូមស្ទេរបស់លោក Ly Xa Xuy ផងដែរ។ លោក Ly Gio Cu អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Y Ty បានចាត់ទុកថា៖ “អាជ្ញាធរមូលដ្ឋានក៏ដូចជារូបខ្ញុំផ្ទាល់មានការវាយតម្លៃចំពោះការងាររបស់លោក Ly Xa Xuy យ៉ាងល្អប្រសើរណាស់។ អាស្រ័យមានការឃោសនា គ្រួសារ មួយចំនួនទៀត បានមកសិក្សាបទពិសោធន៍របស់គាត់ ហើយបើកហូមស្ទេ បន្ថែមនៅតាមភូមិឃុំ ដើម្បីបម្រើភ្ញៀវទេសចរ និងបង្កើនប្រាក់ចំណូលសម្រាប់ ប្រជាជន។ ហេតុដូច្នេះ នាពេលខាងមុខភ្ញៀវទេសចរនឹងមកទស្សនាឃុំ Y Ty យ៉ាងច្រើនកុះករណាស់”។
ភាពក្លៀវក្លា ការច្នៃប្រឌិតនិងការជក់ចិត្តរបស់លោក Ly Xa Xuy បានបើក ចេញទិសដៅអភិវឌ្ឍទេសចរណ៍សហគមន៍នៅលើស្រុកកំណើត។ បុរសជន ជាតិ Ha Nhi រូបនេះកំពុងអនុវត្តន៍ក្ដីសុបិនរបស់ខ្លួននោះ គឺរួបរួមជាមួយអាជ្ញាធរ និងប្រជាជននៅទីនេះ ផ្លាស់ប្ដូរមុខមាត់ភូមិស្រុក លើកស្ទួយជីវភាពរស់នៅ សម្រាប់ប្រជាជន ហើយផ្សព្វផ្សាយរូបភាព Y Ty ដែលជាតំបន់ព្រំដែនដ៏ស្រស់ ស្អាតមួយទៅកាន់ភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយផងដែរ៕