ព្រះតេជគុណ Thich Le Hieu ជួយក្រុមកុមារកំព្រា
NHAT TRUONG – TO TUAN -  
(VOVWORLD) -ព្រះតេជគុណ Thich le Hieu វត្ត Van Duc ឃុំ Tam Hiep ស្រុក Binh Dai ខេត្ត Ben Tre មានទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុងឧត្តមដែលតែងតែគួបផ្សំការងារផ្លូវធ៌មជាមួយការងារផ្លូវលោក។ ព្រះសង្ឃបានទទួលចិញ្ចឹមបីបាច់កុមារកំព្រានិងកុមារអានាថាចំនួនជាង១០០នាក់ព្រមទាំងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មទៀតផង។
ព្រះតេជគុណ Thich Le Hieu |
ព្រះតេជគុណ Thich Le Hieu មានស្រុកកំណើតនៅឃុំ Giao Hoa ស្រុក Chau Thanh ខេត្ត Ben Tre ហើយបានសិក្សារៀនសូត្រនៅខេត្តTien Giang និងទីក្រុងហូជីមិញ។ នាឆ្នាំ២០១០ព្រះតេជគុណ Thich le Hieu មកបួសនៅវត្ត Van Duc ដែលស្ថិតនៅលើកោះ Tam Hiep ទន្លេ Tien ខេត្ត Ben Tre។ នៅតំបន់នេះមានអ្នកក្រីក្រជាច្រើនបានបោះបង់ចោលកូនៗរបស់ខ្លួនហើយយកមកដាក់នៅមុខវត្ត។ ឃើញកុមារកំសត់ទាំងនេះ ព្រះតេជគុណ Thich le Hieuក៏រន្ធត់ខ្លាំងហើយយកក្មួយៗមកចិញ្ចឹមបីបាច់ក្នុងវត្តតែម្ដង។ ក្រោយមកដោយមានការអនុញ្ញាតពីអាជ្ញាធរវត្ត Van Duc បានបង្កើតផ្ទះ Duc Quang ក្រោមការដឹកនាំរបស់ព្រះតេជគុណ Thich Le Hieu។ នាបច្ចុប្បន្ន ផ្ទះ Duc Quang កំពុងថែទាំកុមារកំព្រានិងកុមារជាកូនចៅរបស់ក្រុមគ្រួសារក្រីក្រពឹងពាក់វត្តចិញ្ចឹម ចំនួនជាង១០០នាក់ពីវ័យ៣-៤ខែដល់១២ឆ្នាំ។ នៅចំពោះមុខបញ្ហាថវិការសំរាប់ចិញ្ចឹមក្មួយៗនេះ ព្រះតេជគុណបានទៅអំពាវនាវសប្បុរសជននានាចូលរួមផ្ដល់ប្រាក់កាស់ដើម្បីគាំពារកុមារ។ មានជនខ្លះដូចជាលោកស្រី Pham Thi Tho បានបរិច្ចាគចំការមៀន ១ហិកតាសំរាប់វត្តមានចំណូលថែទាំកុមារទាំងនោះ។ ពេលកុមារឈឺថ្កាត់ព្រះតេជគុណ Thich le Hieu រួមជាមួយភិក្ខុសង្ឃក្នុងវត្តតែងតែជូនប្អូនៗទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលជំងឺដោយមនោសញ្ចេតនា ស្រលាញ់រាប់អានដូចមាតាបិតាសំរាប់កូនៗ។ ព្រះតេជគុណ Thich le Hieu បានឲ្យដឹងថា
“អ្នកបួសត្រូវតែផ្សាភ្ជាប់ផ្លូវលោកជាមួយផ្លូវធម៌ឲ្យត្រឹមត្រូវតាមព្រះធម៌នោះគឺបំរើជីវភាពរស់នៅរបស់មនុស្សលោក។ ដោយហេតុនេះអ្នកបួសយើងខិតខំប្រឹងប្រែងជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រនិងអ្នកមានស្ថានភាពលំបាក”។
ព្រះតេជគុណ Thich Le Hieu ជួយក្រុមកុមារកំព្រា |
ក្រៅពីការរក្សាសកម្មភាពនៃផ្ទះគាំពារកុមារ Duc Quang ពោលខាងលើព្រះតេជគុណ Thich le Hieu ក៏សកម្មចូលរួមបណ្ដាសកម្មភាពមនុស្សធម៌សង្គមនៅមូលដ្ឋានទៀតផងមានជាអាទិ៍ការកសាងផ្ទះកុសលទាន ការជួយឧបត្ថម្ភមនុស្សក្រីក្រ ជូនអំណោយដល់កុមារមានស្ថានភាពលំបាក និងកសាងបឹងទឹកស្អាតជូនប្រជាពលរដ្ឋ។ លេចធ្លោបំផុតគឺការរៃអង្គាសប្រាក់ដើម្បីជួយរដ្ឋអំណាចមូលដ្ឋានកសាងផ្លូវគមនាគមន៍ជនបទនៅតាមឃុំ Tam Hiep, Long Hoa, Vang Quoi Dong ចំណុះស្រុក Binh Dai ខេត្ត Ben Tre។ ក្នុងឆ្នាំកន្លងទៅព្រះតេជគុណ Thich le Hieu បានរៃអង្គាសបានប្រាក់ចំនួនជាង៦ពាន់លានដុងសំរាប់ការងារសង្គម។ ស្ដីពីទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃ ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tam Hiep លោក Nguyen Huu Tho បានឲ្យដឹងថា៖
“ព្រះតេជគុណ Thich le Hieu មានទឹកចិត្តសប្បុរសធម៌។ អាជ្ញាធរតំបន់គាំទ្រលោកក្នុងការងារថែទាំកុមារដែលត្រូវមាតបិតាបោះបង់ចោល។ ម្យ៉ាងទៀតព្រះសង្ឃក៏ជួយឧបត្ថម្ភដល់មូលដ្ឋានក្នុងការកសាងផ្ទះកុសលទាននិងការងារមនុស្សធម៌សង្គមផងដែរ”។
ដោយមានស្នាដៃល្អៗក្នុងការងារសង្គម ព្រះតេជគុណ Thich le Hieu ត្រូវបានរដ្ឋអំណាចនិងក្រសួងស្ថាប័នជូនប័ណ្ណសរសើរជាច្រើនលើក៕
NHAT TRUONG – TO TUAN