មេភូមិ Ama Thap - គំរូឈានមុខគេនៃភូមិ Buor

(VOVWORLD) - ក្នុងតួនាទីជាលេខារងសាខាបក្ស និងជាមេភូមិ Buor លោក Y Siem Bkrong (ឈ្មោះដែលគេស្គាល់ជាទូទៅថា Ama Thap) នៅភូមិ Buor ឃុំ Hoa Xuan ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ជានិច្ចកាលឈានមុខគេក្នុងគ្រប់ការងារនិងចលនានៅមូលដ្ឋាន ហើយត្រូវបានប្រជាជនស្រឡាញ់ និងជឿទុកចិត្ត។ ការរួមវិភាគទានរបស់លោក Ama Thap បានជួយលើកស្ទួយជីវភាពរស់នៅហើយពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្ស និងរដ្ឋ។

មេភូមិ Ama Thap - គំរូឈានមុខគេនៃភូមិ Buor - ảnh 1មេភូមិ Ama Thap នៅខាងក្រៅផ្ទះដែលទើបសាងសង់ថ្មី - លទ្ធផលនៃការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំ។ (រូបថត៖ VOV)

ចង្អុលទៅទ្រើងផ្កាក្រដាស់ដែលកំពុងរីកស្គុះស្គាយបង្អួតសម្រស់នៅសងខាងផ្លូវភូមិ Buor ឃុំ Hoa Xuan ទីក្រុង Buon Ma Thuot លោកស្រី H'Lep Nie (ហៅម្យ៉ាងទៀតថា Mi Khiet) បានឲ្យដឹងថា ចាប់ពីមានវិថីផ្កានេះ គឺមានការរួមចំណែករបស់ លោកលេខារងសាខាបក្ស មេភូមិ Ama Thap៖

“នៅភូមិ Buor ឃុំ Hoa Xuan នៅពេលប្រជុំភូមិម្ដងៗនៅសាលាភូមិ លោកមេភូមិតែងតែឃោសនាដល់បងប្អូននិងគ្រួសារទាំងអស់ឲ្យធ្វើផ្លូវស្អាតបាត ដាំផ្កាភ្ញី ហេតុដូច្នេះប្រជាជនសប្បាយចិត្តណាស់។ ខ្ញុំក៏ជាពលរដ្ឋម្នាក់ដែរ ស្តាប់លោកមេភូមិឃោសនាអញ្ចឹង ខ្ញុំក៏ធ្វើតាមដែរ ដាំផ្កាឲ្យភូមិកាន់តែស្រស់ស្អាត”។

មិនត្រឹមតែចលនាប្រជាជនដាំផ្កាឲ្យភូមិកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ លោកមេភូមិ Ama Thap ក៏ឈានមុខគេក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំដោយការដាំម្រេច និងផ្លែទុរេនក្នុងចម្ការកាហ្វេទៀតផង។ បន្ទាប់ពីគំរូនេះទទួលបានប្រសិទ្ធភាព មេភូមិ Ama Thap បានចលនាអ្នកភូមិយ៉ាងសកម្មឱ្យអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងការដាំដុះ ការចិញ្ចឹមសត្វ និងចូលរួមកសាងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកតែងតែយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ គ្រួសារគ្មានទីបង្អែកដែលមានស្ថានភាពលំបាក... តាមនោះមានការជួយឧបត្ថម្ភតាមលទ្ធភាពជាក់ស្តែង ដើម្បីជួយគេមានលំនឹងជីវភាព។ លោក Y Sol Buon Dap នៅភូមិ Buor បានចែករំលែកថា៖

“នៅភូមិនេះ លោក Ama Thap ជាមេភូមិ ជួយប្រជាជនធ្វើបែបបទ ណែនាំប្រជាជនធ្វើស្រែចំការ និងធ្វើឯកសារនៅគណៈកម្មាធិការប្រជាជនឃុំ។ ជាពិសេស លោកជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច ជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ”។

រំលឹកដល់ពេលវេលាដែលត្រូវបានអាជ្ញាធរមូលដ្ឋាន និងប្រជាជនភូមិ Buor ទុកចិត្តបោះឆ្នោតជ្រើសតាំងជាមេភូមិរង លោក Ama Thap បានចែករំលែកថា នៅឆ្នាំ២០១១ ដែលលោកមានអាយុ៣៦ឆ្នាំ នៅក្នុងភូមិមានជនខិលខូចមួយចំនួនមកបំប្លែងការពិត ញុះញង់ អូសទាញអ្នកភូមិដើរតាមគន្លងផ្លូវខុសឆ្គង។ រូបលោក Ama Thap ផ្ទាល់ក៏មានការងឿឆ្ងល់ដែរ។ បន្ទាប់ពីយល់ឃើញច្បាស់ពីភាពខុសត្រូវ លោក Ama Thap រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅគ្រួសារនីមួយៗ ដើម្បីចលនា ឃោសនាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់។ អាស្រ័យដោយការលះបង់នោះ លោក Ama Thap ត្រូវបានអាជ្ញាធរមូលដ្ឋាន និងប្រជាជននៅក្នុងភូមិជឿទុកចិត្តជ្រើសតាំងជាមេភូមិរង ហើយមេភូមិ បន្ទាប់មកជាលេខារងសាខាបក្សភូមិ។ ទទួលបន្ទុកបេសកកម្មនេះ លោក Ama Thap តែងតែក្រើនរំលឹកខ្លួនឯងថា ត្រូវតែខិតខំប្រឹងប្រែងថែមទៀត និងធ្វើជាគំរូល្អថែមទៀត ដើម្បីសក្តិសមនឹងការជឿទុកចិត្តនោះ៖

“ខ្ញុំបានប្រាប់បងប្អូនក្នុងភូមិថា សូមមើលរូបខ្ញុំផ្ទាល់ កុំស្តាប់ការញុះញង់ពីអ្នកដទៃ អាជ្ញាធរយើងមិនរើសអើងប្រជាពលរដ្ឋនោះទេ។ យើងត្រូវគិតពីជីវភាពរបស់យើងជាមុនសិន មានជីវភាពរស់នៅល្អ ផ្ទះធំទូលាយ រកស៊ីមានបាន ហូប ចុកគ្រប់គ្រាន់។ ប្រជាជនក៏ឃើញដែរថា ឥឡូវនេះរដ្ឋវិនិយោគលើប្រព័ន្ធធារាសាស្រ្តឱ្យប្រជាជនស្រោចស្រពស្រែចំការ ធ្វើផ្លូវថ្នល់ស្អាតបាត រដ្ឋមិនបោះបង់ចោលប្រជាជននោះទេ ដូច្នេះហើយប្រជាជនជឿជាក់ខ្លាំងណាស់”។

វាយតំលៃពីតួនាទីរបស់លេខារងសាខាបក្ស និងមេភូមិ Buor លោក Ama Thap លោក Nguyen Duc Thuan លេខាគណៈកម្មាធិការបក្សឃុំ Hoa Xuan បានចែករំលែកថា៖

“លោមេភូមិ Ama Thap ជាមនុស្សវ័យក្មេង ដែលមានភាពស្វាហាប់ ភាពច្នៃប្រឌិត ហើយជាពិសេស អស់ពីចិត្តដើម្បីប្រជាជន ដូច្នេះការងារទាំងអស់ត្រូវបានប្រជាជនជឿទុកចិត្ត។ លោក Ama Thap មានចំណុចច្នៃប្រឌិតជាច្រើន ជាពិសេសក្នុងដំណើរការកសាងជនបទថ្មី។ នៅភូមិ Buor ឥឡូវនេះ យុវជនគោរពកាតព្វកិច្ចយោធាជារៀងរាល់ឆ្នាំ ចំនួនយុវជនចូលបម្រើកងទ័ពតែងតែលើសពីគោលដៅ ហើយចលនានានានៃមូលដ្ឋានត្រូវបាន លោក Ama Thap ដាក់ឲ្យដំណើរការយ៉ាងឆាប់រហ័ស”។

ការរួមវិភាគទានរបស់លោក Ama Thap ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ មិនត្រឹមតែរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិប៉ុណ្ណោះទេ ថែមទាំងពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្សនិងរដ្ឋទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ