យុទ្ធជនពិការ Nguyen Quang Toan - គំរូឆ្នើមក្នុងការជួយឧបត្ថម្ភប្រជាជនធ្វើផលិតកសិកម្ម

(VOVWORLD) - ធ្លាប់បានចូលរួមតស៊ូប្រយុទ្ធប្រឆាំងអាមេរិកសង្គ្រោះជាតិ និងការពារព្រំដែនភាគនិរតី (១៩៧៤-១៩៧៩) លោក Nguyen Quang Toan នៅឃុំ Yen Tho ស្រុក Nhu Thanh ខេត្ត Thanh Hoa បានលះបង់មួយផ្នែកនៃសាច់ស្រស់ឈាមស្រស់របស់ខ្លួននៅសមរភូមិ។ សម្រេចភារកិច្ចចំពោះមាតុភូមិ វិលត្រឡប់មកស្រុកកំណើតវិញ លោកបានខិតខំព្យាយាមបង្កបង្កើនផល រួចផុតពីភាពក្រីក្រ ហើយជួយឧបត្ថម្ភអ្នកស្រុកជាច្រើនមានការងារធ្វើ ប្រាក់ចំណូលដោយស្ថិរភាព ជំនះលើការលំបាកលំបិនផងដែរ។

យុទ្ធជនពិការ Nguyen Quang Toan - គំរូឆ្នើមក្នុងការជួយឧបត្ថម្ភប្រជាជនធ្វើផលិតកសិកម្ម - ảnh 1យុទ្ធជនពិការលោក Nguyen Quang Toan។

វិលត្រឡប់មកវិញក្រោយពីសង្គ្រាម លោក Nguyen Quang Toan ជំនះការឈឺចាប់លើរាងកាយដោយគំនិតគិតថា “ស្នាមរបួសលើរាងកាយបានជាសះស្បើយជាបណ្ដើរ ហើយការលំបាកលំបិនក៏ត្រូវជំនះបានដែរ”។ លោកចាត់ទុកថា មានប្រការមួយដែលនៅតែដិតជាប់រហូតដល់សព្វថ្ងៃនេះ គឺជាការចងចាំនូវអំឡុងពេលពោរពេញទៅដោយការលំបាកលំបិននៃសង្គ្រាម។ ការចងចាំនោះ បានបង្កើតឡើងកម្លាំងចិត្តដើម្បីខ្លួនបន្តរស់នៅ ធ្វើពលកម្មនិងផលិតកម្ម។ នោះគឺជាការចែករំលែករបស់លោកនៅពេលរំលឹកឡើងវិញរយៈពេលជាង៣០ឆ្នាំជំនះពុះពារលើការលំបាក។

“លក្ខណៈសេដ្ឋកិច្ចពិបាកណាស់ ដូច្នេះត្រូវខិតខំប្រឹងប្រែង។ ពេលនោះគឺសម័យឧបត្ថម្ភធន មួយខែទទួលបានអង្ករតែ១៣គីឡូក្រាមប៉ុណ្ណោះ ភាគច្រើនហូបស្រូវបាឡេ ដំឡូងមីដើម្បីចិញ្ចឹមជីវិត។ ពេលនោះខ្ញុំមកតាំងទីលំនៅ លើតំបន់ដីនៅទំនេរ ពេលដែលរដ្ឋមានយន្តការ យើងខ្ញុំបើកឡឥីដ្ឋ ហើយធ្វើអាជីវកម្ម ផលិតកម្ម បង្កើតការងារធ្វើសម្រាប់អ្នកស្រុក”។

ដោយមានកម្លាំងចិត្តដ៏មោះមុតរបស់យុទ្ធជនបដិវត្តន៍ម្នាក់ រួមជាមួយការប្ដេជ្ញាចិត្តមិនស៊ូទ្រាំភាពក្រីក្រ លោក Nguyen Quang Toan បានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ នាគ្រាដំបូង លោក Toan និងក្រុមគ្រួសារបានកែលម្អ ថែទាំនិងធ្វើវប្បកម្មនៅលើផ្ទៃដី ចម្ការ ៥០០០ម៉ែត្រការ៉េ ដោយអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងការចិញ្ចឹម ដាំដុះ ហើយនាំមកនូវប្រាក់ចំណូលគួរឲ្យកត់សម្គាល់ពីទម្រង់ចិញ្ចឹមមាន់ពូជ ត្រីពូជ បង្កាត់ពូជដើមឈើហូបផ្លែ ដោយមានគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ជូនប្រជាជននៅមូលដ្ឋាន។ ប្រសិទ្ធភាពពីទម្រង់ចម្ការ-ស្រះ-ទ្រុង បានបង្កើតកម្លាំងចលករដើម្បីលោកបន្តពង្រីកទ្រង់ទ្រាយផលិតកម្មអាជីវកម្ម នាំមកនូវប្រាក់ចំណូលប្រមាណ ២០០លានដុងក្នុងមួយឆ្នាំ។ លោក Le Van Tinh ពលរដ្ឋម្នាក់នៅឃុំ Yen Tho ស្រុក Nhu Thanh ឲ្យដឹងថា លោក Nguyen Quang Toan ជាគំរូឆ្នើមមួយចំពោះអ្នកស្រុកទាំងអស់។

“នៅពេលធំឡើង ខ្ញុំដឹងថាលោក Toan ជាយុទ្ធជនពិការពីសមរភូមិវិលត្រឡប់មកវិញ។ ដោយមានកម្លាំងចិត្តរបស់យុទ្ធជនម្នាក់នៃកងទ័ពលោកអ៊ុំហូ លោក Toan បានជំនះលើការលំបាកក្នុងជីវភាព អភិវឌ្ឍសេដ្ឋកិច្ចចិញ្ចឹមក្រុមគ្រួសារ។ លោកជាគំរូម្នាក់ក្នុងការអនុវត្តគោលជំហរ គោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេសក្នុងចលនាកសាងជនបទថ្មីប៉ុន្មានឆ្នាំកន្លងមកនេះ លោកនិងក្រុមគ្រួសារតែងតែឈានមុខគេ”។

មិនត្រឹមតែធ្វើផលិតកម្មពូកែប៉ុណ្ណោះទេ លោក Toan ក៏តែងតែឈានមុខគេក្នុងចលនានានានៅមូលដ្ឋានទៀតផង។ លោកជាអ្នកមានកិត្យានុភាពក្នុងសហគម៍ ដោយប្រតិបត្តិយ៉ាងល្អតាមគោលជំហររបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋជានិច្ច។ លើសពីនេះទៅទៀត លោក Toan ក៏បានសិក្សារៀនសូត្រ លើកកំពស់ចំណេះដឹង អនុវត្តន៍វិទ្យាសាស្ត្របច្ចេកទេសចូលក្នុងការចិញ្ចឹមសត្វ ការដាំដុះដំណាំ ហើយត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយបងប្អូន មិត្តភក្តិ ជួយឧបត្ថម្ភគ្រួសារក្រលំបាកក្នុងភូមិ អភិវឌ្ឍសេដ្ឋកិច្ច មានជីវភាពរស់នៅដោយស្ថិរភាព។ លោក Tran Anh Tuan អនុប្រធានការិយាល័យការងារ យុទ្ធជនពិការនិងសង្គមកិច្ចស្រុក Nhu Thanh បានឲ្យដឹងថា៖

“ដោយមានលក្ខណៈសម្បត្តិរបស់យុទ្ធជនកងទ័ពលោកអ៊ុំហូម្នាក់ យុទ្ធជនពិការលោក Nguyen Quang Toan បានបង្ហាញឲ្យឃើញថា ខ្លួនជាអ្នកមានឆន្ទៈ មានកម្លាំងចិត្តជំនះពុះពារលើការលំបាក ដើម្បីធ្វើមានយ៉ាងត្រឹមត្រូវពីបាតដៃនិងប្រាជ្ញារបស់ខ្លួន”។

វិលត្រឡប់មកពីសមរភូមិដ៏កាចសាហាវ ដោយមានស្នាមរបួសលើរាងកាយខ្លួន ហើយបានជំនះពុះពារលើការលំបាកលំបិនរាប់មិនអស់ក្នុងជីវភាព ប្រការដែលលោក Toan ចិត្តគាប់បំផុតនោះ គឺស្មារតី ឆន្ទៈ កម្លាំងចិត្តរបស់យុទ្ធជនកងទ័ពលោកអ៊ុំហូ នៅតែពុះកញ្ជ្រោលក្នុងរូបលោកផ្ទាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ