យុទ្ធជនពិការ លោក Nguyen Duc Diem - គំរូភ្លឺស្វាងក្នុងការធ្វើសេដ្ឋកិច្ចនៅខេត្ត Thai Nguyen

(VOVWORLD) - ជានាយកនៃសហករណ៍ដឹកជញ្ជូនរថយន្ត Tan Phu ដោយមានចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំ យុទ្ធជនពិការ លោក Nguyen Duc Diem នៅសង្កាត់ Phu Xa ទីក្រុង Thai Nguyen បានជម្នះពុះពារលើការលំបាកនិងជំងឺដើម្បីឈានឡើងក្លាយជាអ្នកមាននៅទឹកដីស្រុកកំណើតរបស់ខ្លួន។ ទន្ទឹមនឹងនោះ លោកបានបំផុសឆន្ទៈក្រោកឡើងសម្រាប់មនុស្សគ្រប់គ្នាអំពីស្មារតីច្នៃប្រឌិតក្នុងការធ្វើផលិតកម្ម និងអាជីវកម្មផងដែរ។

យុទ្ធជនពិការ លោក Nguyen Duc Diem - គំរូភ្លឺស្វាងក្នុងការធ្វើសេដ្ឋកិច្ចនៅខេត្ត Thai Nguyen - ảnh 1យុទ្ធជនពិការ លោក Nguyen Duc Diem។ (រូបថត៖ VOV)

“តាមពិត ពីដំបូងដែលខ្ញុំរងរបួស ខ្ញុំក៏មានទុទិដ្ឋិនិយមខ្លាំងណាស់។ ខ្លួនកំពុងអវយវៈគ្រប់គ្រាន់ ប៉ុន្តែឥឡូវបាត់បង់ដៃម្ខាងដែលធ្វើឲ្យអ្វីៗគ្រប់យ៉ាងគឺពិបាកណាស់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំត្រឡប់ទៅស្រុកកំណើតវិញ ហើយតាមរយៈប្រសាសន៍របស់លោប្រធានហូជីមិញថា “ពិការប៉ុន្តែកុំឲ្យឥតប្រយោជន៍” ដូច្នេះហើយ ខ្ញុំក៏បានខិតខំប្រឹងប្រែងធ្វើការងារមួយចំនួន។ ពីមុន ខ្ញុំធ្លាប់ធ្វើជាជាងកាត់ដេរ បន្ទាប់មកខ្ញុំប្តូរទៅលក់ដូរ ហើយដឹកជញ្ជូនដោយរថយន្ត។ ឆ្លងកាត់ការលំបាក ជាទីបញ្ចប់ ខ្ញុំក៏ទទួលបានជោគជ័យហើយ”។

នោះគឺជាការសំណេះសំណាលដ៏សាមញ្ញ និងស្មោះអស់ពីដួងចិត្តរបស់យុទ្ធជនពិការ Nguyen Duc Diem នៅសង្កាត់ Phu Xa ទីក្រុង Thai Nguyen។ កើតក្នុងគ្រួសារដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍ នៅឆ្នាំ ១៩៦៨ ស្របពេលដែលការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិកកំពុងប្រព្រឹត្តទៅយ៉ាងសាហាវនោះ យុវជន Nguyen Duc Diem បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។ នៅឆ្នាំ១៩៧១ នៅសមរភូមិ ផ្លូវលេខ៩ Khe Xanh ក្នុងការប្រយុទ្ធគ្នាមួយ លោក Diem បានបាត់បង់ដៃស្តាំ។ ចាកចេញពីជួរកងទ័ព វិលត្រឡប់មកស្រុកកំណើតវិញ ទោះបីជាទទួលរងអត្រារបួសដល់ទៅ ៨១% ក៏ដោយ ប៉ុន្តែដោយមានឆន្ទៈរបស់យុទ្ធជនម្នាក់ លោកនិងក្រុមគ្រួសារបានប្រកបរបរគ្រប់ប្រភេទសម្រាប់ចិញ្ចឹមជីវិត ចាប់ពីការបើកហាងកាត់ដេរ ចិញ្ចឹមសត្វ ជួញដូរ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់សម្រាប់ហូបចុកនោះទេ។

យុទ្ធជនពិការ លោក Nguyen Duc Diem - គំរូភ្លឺស្វាងក្នុងការធ្វើសេដ្ឋកិច្ចនៅខេត្ត Thai Nguyen - ảnh 2ប្រព័ន្ធរថយន្តស្ទួចនៃសហករណ៍ដឹកជញ្ជូនដោយរថយន្ត Tan Phu។ (រូបថត៖ VOV)

នៅឆ្នាំ១៩៩៥ ដោយទទួលបានការជួយឧបត្ថម្ភពីសម្ព័ន្ធសហករណ៍ខេត្ត Thai Nguyen លោក Nguyen Duc Diem បានកៀរគរគ្រួសារចំនួន ៧ គ្រួឲ្យរួមចំណែកដើមទុនសម្រាប់បង្កើត សហករណ៍ដឹកជញ្ជូនដោយរថយន្ត Tan Phu ជាមួយនឹងដើមទុនដំបូងត្រឹមតែ ១៥ លានដុងប៉ុណ្ណោះ។ ជំនះពុះពារលើការលំបាកបន្តិចម្ដងៗ ហើយចាប់ផ្ដើមដំណើរការប្រកបដោយស្ថិរភាព សហករណ៍ដឹកជញ្ជូនដោយរថយន្ត Tan Phu បានបណ្តាក់ទុនបន្ថែមចូលក្នុងអាជីវកម្មភោជនីយដ្ឋាន និងសណ្ឋាគារ បង្កើតការងារធ្វើសម្រាប់បុគ្គលិកជាង ១៥០ នាក់ដោយមានប្រាក់ចំណូលជាមធ្យមចំនួន ១០ លានដុង/ខែ។ មកទល់នឹងពេលនេះ ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមនៃ សហ ករណ៍ដឹកជញ្ជូនដោយរថយន្ត Tan Phu បានឈានដល់ប្រហែល ២ លានលានដុងក្នុងមួយឆ្នាំ។ លោក Phan Ha Bac លេខាគណៈកម្មាធិការបក្សសង្កាត់ Phu Xa ទីក្រុង Thai Nguyen បានឲ្យដឹងថា៖

“លោក Nguyen Duc Diem មានការរួមវិភាគទានជាច្រើនដល់មូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទូទៅនៃទីក្រុង។ សហករណ៍របស់លោក ក៏បានរួមវិភាគទានយ៉ាងច្រើនក្នុងការងារសន្តិសុខសង្គមនៅមូលដ្ឋានផងដែរ ជាពិសេសជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយក្នុងឱកាសបុណ្យតេត ហើយបានរួមវិភាគទានច្រើនដល់សំណង់សង្គមកិច្ចនៅមូលដ្ឋាន”។

ដោយមានលក្ខណៈសម្បត្តិរបស់យុទ្ធជន “កងទ័ពលោកអ៊ុំហូ” និងឆន្ទៈរបស់យុទ្ធជនបដិវត្តន៍ម្នាក់ យុទ្ធជនពិការ លោក Nguyen Duc Diem រួមជាមួយសមូហភាពថ្នាក់ដឹកនាំនៃសហករណ៍ដឹកជញ្ជូនរថយន្ត Tan Phu បានដឹកនាំអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យ ហើយត្រូវបានបក្ស រដ្ឋ ទទួលស្គាល់។ លោកនាយក Nguyen Duc Diem រូបខ្លួន ក៏ទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលផងដែរ។ លោក Ban Phuc Quang ប្រធានការិយាល័យទទួលបន្ទុកជនមានគុណូបការៈ នៃមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Thai Nguyen បានឲ្យដឹងថា៖ ខេត្តទាំងមូលមានជនមានគុណូបការៈចំនួនជាង១៣០ពាន់នាក់ ដែលយុទ្ធជនពិការ យុទ្ធជនជំងឺស្រូបយក ៧%។ ក្នុងនោះមានគំរូយុទ្ធជនពិការ យុទ្ធជនជំងឺឆ្នើមជាច្រើនក្នុងការធ្វើផលិតកម្ម។

“ដោយពង្រីកលក្ខណៈសម្បត្តិរបស់ “កងទ័ពលោកអ៊ុំហូ” នាពេលកន្លងមក រួមជាមួយអាជ្ញាធរមូលដ្ឋាន គំរូយុទ្ធជនពិការ យុទ្ធជនជំងឺជាច្រើនបានអភិវឌ្ឍន៍សេដ្ឋកិច្ចដោយការចិញ្ចឹមសត្វ បង្កើតអាជីវកម្មដើម្បីបង្កើតប្រាក់ចំណូល និងការងារធ្វើសម្រាប់មូលដ្ឋាន។ ទីក្រុងនិងស្រុកទាំង៩/៩ សុទ្ធតែមានគំរូយុទ្ធជនពិការធ្វើសេដ្ឋកិច្ចល្អ។ នាពេលខាងមុខនេះ ខេត្តនឹងរៀបចំពិធីលើកតម្កើងគំរូយុទ្ធជនពិការដែលធ្វើសេដ្ឋកិច្ចល្អ ក្នុងនោះមានលោក Diem ផងដែរ”។

ដោយមានឆន្ទៈ កម្លាំងចិត្ត និងការប្តេជ្ញាចិត្តខិតខំឈានឡើងរបស់យុទ្ធជនម្នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យុទ្ធជនពិការ យុទ្ធជនជំងឺជាច្រើននាក់នៅខេត្ត Thai Nguyen ក៏ដូចជានៅទូទាំងប្រទេស ដូចជាលោក Nguyen Duc Diem បានជំនះពុះពារលើការលំបាកឧបសគ្គ បន្តលះបង់ទាំងកម្លាំងកាយ ចិត្តសម្រាប់ធ្វើផលិតកម្ម។ លទ្ធផលនោះមិនត្រឹមតែបញ្ជាក់ពីឫទ្ធានុភាពរបស់យុទ្ធជនក្នុងសម័យសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជាគំរូដ៏ភ្លឺស្វាងសម្រាប់សហគមន៍និងសង្គមយកតម្រាប់តាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ