លោក CEO Vu Gia Luyen - មនុស្សដែលជក់ចិត្តនឹងការច្នៃប្រឌិតផលិតផលបច្ចេកវិទ្យាម៉ាកយីហោវៀតណាម
(VOVWORLD) - ធុរជន វ័យក្មេង Vu Gia Luyen គឺជាគំរូមួយរូបក្នុងចំណោមគំរូវ័យក្មេងឆ្នើមវៀតណាមទាំង ១០ រូបក្នុងឆ្នាំ ២០២១ ដែលត្រូវបានប្រគល់ជូនដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។
លោក Vu Gia Luyen - CEO ក្រុមហ៊ុនភាគហ៊ុនដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានអន្តរជាតិ (InterITS)។ (រូបថត៖ Nguyen Hien) |
ក្នុងនាមជាយុវជនម្នាក់ដែលជក់ចិត្តនឹងការច្នៃប្រឌិតផលិតផលបច្ចេកវិទ្យាថ្មីៗមានម៉ាកយីហោវៀតណាមនោះ លោក Vu Gia Luyen បានបង្កើតក្រុមហ៊ុនភាគហ៊ុនដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានអន្តរជាតិ (InterITS) ដែលស្រាវជ្រាវ អភិវឌ្ឍន៍ផលិតផលទូរគមនាគមន៍និងដំណោះស្រាយដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។ ក្នុងនោះ ផលិតផលដ៏លេចធ្លោបំផុតក្នុងឆ្នាំ២០២១ គឺ Callbot ដែលជាមជ្ឈមណ្ឌលហៅទូរសព្ទនិម្មិតដោយប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) សម្រាប់ធ្វើការហៅទូរស័ព្ទទៅកាន់ប្រជាជនដើម្បីកត់ត្រាព័ត៌មានទាក់ទងនឹងការរាយការណ៍ស្ថានភាពសុខភាព និងការឆ្លុះបញ្ចាំងពីជំងឺកូវីដ-១៩។ ធុរជនវ័យក្មេង Vu Gia Luyen គឺជាគំរូមួយរូបក្នុងចំណោមគំរូវ័យក្មេងឆ្នើមវៀតណាមទាំង ១០ រូបក្នុងឆ្នាំ ២០២១ ដែលត្រូវបានប្រគល់ជូនដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។
Callbot - មជ្ឈមណ្ឌលហៅទូរស័ព្ទនិម្មិតដោយប្រើ AI មានសមត្ថភាពទំនាក់ទំនងជាមួយករណី F០, F១ តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយនឹងសេណារីយ៉ូផ្សេងគ្នាចំនួនរាប់រយ។ នេះគឺជាផលិតផលបច្ចេកវិទ្យាដ៏ពិសេស និងមានអត្ថប្រយោជន៍របស់លោក Vu Gia Luyen និងក្រុមហ៊ុន InterITS ដើម្បីបម្រើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងរយៈពេលកន្លងមក មានការហៅទូរស័ព្ទជាង ៤ លានដងពីមជ្ឈមណ្ឌល Callbot រួមចំណែកកាត់បន្ថយបន្ទុកការងារនៃប្រព័ន្ធសុខាភិបាលគ្រប់លំដាប់ថ្នាក់ ហើយជួយប្រមូលព័ត៌មានគ្រប់គ្រាន់អំពីករណីឆ្លងជំងឺ។ លើសពីនេះទៅទៀត លោក Vu Gia Luyen ក៏បានបន្តអនុវត្តន៍គម្រោងនានាទាក់ទងនឹងការងារសង្គមផងដែរ៖
“បន្ទាប់ពីប្រព័ន្ធជំនួយការហៅទូរស័ព្ទ ២៤/៧ ទៅកាន់ F០, F១ យើងខ្ញុំកំពុងបន្តចូលរួមក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលហៅទូរស័ព្ទជំនួយការ F០ ពិគ្រោះយោបល់លើវ៉ាក់សាំង ហើយយើងខ្ញុំត្រៀមខ្លួនជាស្រេចចូលរួមក្នុងគម្រោងពិសេសទាក់ទងនឹងការងារសង្គម។ យើងខ្ញុំកសាងផលិតផលថ្មី ដូច្នេះ ត្រូវតែដើរមុខសង្គម២ឆ្នាំ”។
លោកនាយក Vu Gia Luyen និងសហការីនៃក្រុមហ៊ុន ITS។ |
ក្រោយពីរយៈពេល ៥ ឆ្នាំ រួមដំណើរ ធ្វើការជាមួយលោកនាយកវ័យក្មេងនេះ វិស្វករ Nguyen Dang Tuan បានចែករំលែកថា៖ លោកនាយក Vu Gia Luyen តែងតែផ្ទៀងស្ដាប់និងគោរពមតិយោបល់របស់បុគ្គលម្នាក់ៗក្នុងរបៀបប្រតិបត្តិក្រុមហ៊ុន។
“លោកនាយកប្រតិបត្តិ Luyen គឺជាបងប្រុសម្នាក់ដ៏ក្លៀវក្លា អាចធ្វើការ ២៤/៧ ហើយក្នុងដំណើរការការងារ លោកអាចផ្ដួចផ្ដើមគំនិត និងផលិតផលជាបន្តបន្ទាប់។ សម្រាប់ខ្ញុំ ពេលខ្លះខ្ញុំមានអារម្មណ៍ថា សម្ពាធខ្លាំងបន្តិច ប៉ុន្តែក្នុងរយៈពេលយូរអង្វែង ខ្ញុំសង្កេតឃើញថា លោកតែងតែមានការសម្រេចចិត្តត្រឹមត្រូវ”។
ក្នុងរយៈពេល ៥ ឆ្នាំមកនេះ លោក CEO Vu Gia Luyen រួមជាមួយសហការីបានស្រាវជ្រាវ និងច្នៃប្រឌិតផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងនោះមានវិញ្ញាបនបត្រទទួលស្គាល់ម្ចាស់កម្មសិទ្ធិផលិតផលថ្មីចំនួន១៥ ដែលត្រូវបានប្រើប្រាស់ជាប្រចាំដោយអាជីវកម្មរាប់ម៉ឺនអង្គភាព។ នោះគឺជាដំណោះស្រាយការហៅទូរស័ព្ទម៉ាកយីហោ Voice Brandname ដំណោះស្រាយជីវមាត្រសំឡេង Voice Biometrics ដំណោះស្រាយមជ្ឈមណ្ឌលជំនួយការនិម្មិត Callbot ដំណោះស្រាយផ្ទៀងផ្ទាត់ហត្ថលេខា Viet Signature ដំណោះស្រាយការផ្ទៀងផ្ទាត់អតិថិជនតាមវីដេអូ KYC និងដំណោះស្រាយលក់ទំនិញ Smart Sales ជាដើម។ សម្រាប់លោក Vu Gia Luyen ជោគជ័យតាមជំហាននីមួយៗលើឆាកជីវិតរបស់មនុស្សវ័យក្មេងម្នាក់តែងតែដើរទន្ទឹមនឹងសេចក្ដីប្រាថ្នានិងការលះបង់៖
“ជាមនុស្សវ័យក្មេងម្នាក់ ត្រូវតែមានសេចក្ដីប្រាថ្នា ហើយហ៊ានប្រថុយប្រថាន ការស្រាវជ្រាវ ច្នៃប្រឌិតត្រូវតែដើរតាមផ្លូវដោយឡែករបស់ខ្លួន ប៉ុន្តែគោលដៅចុងក្រោយគឺដើម្បីបំពេញសម្រាប់សង្គម បង្កើនចំណូល រកលុយបានច្រើន ជួយឲ្យ
អ្វីៗទាំងអស់បោះជំហានទៅមុខ”។ .
ក្នុងនាមជានាយកវ័យក្មេងម្នាក់ លោក Vu Gia Luyen កំពុងមានសេចក្ដីប្រាថ្នា ដឹកនាំអាជីវកម្មបច្ចេកវិទ្យារបស់ខ្លួនឲ្យឈានទៅមុខ ហើយបង្កើតឡើងឋានៈសម្រាប់ផលិតផលឌីជីថលម៉ាកយីហោវៀតណាម៕