លោក Hang A So - កសិករឆ្នើមនៅខេត្ត Son La
(VOVWORLD) - ដោយមានស្មារតីហ៊ានគិត ហ៊ានធ្វើ និងការប្ដេជ្ញាចិត្តឈានឡើងក្លាយជាអ្នកមាន លោក Hang A So ជនជាតិ Mong ម្នាក់ នៅអនុសង្កាត់ Pa Khen ១ ទីរួមស្រុកកសិដ្ឋាន Moc Chau ស្រុក Moc Chau ខេត្ត Son La បានកសាងគំរូដាំដើមឈើហូបផ្លែដោយជោគជ័យ។ រកប្រាក់ចំណូលបានរាប់ពាន់លានដុងជារៀងរាល់ឆ្នាំពីគំរូនេះ គ្រួសាររបស់លោកមិនត្រឹមតែរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាអ្នកមាន ហើយជួយឧបត្ថម្ភប្រជាជននៅមូលដ្ឋានក្នុងការងារនិងផលិតកម្មទៀតផង។
លោក Hang A So - កសិករឆ្នើមនៅខេត្ត Son La។ (រូបថត៖ VOV) |
មានអាយុជិត ៧០ឆ្នាំហើយ ប៉ុន្តែលោក Hang A So នៅតែមានសុខភាពល្អមាំមួន និងរហ័សរហួន។ នាំពួកយើងទៅទស្សនាសួនចំការដើមឈើហូបផ្លែលើផ្ទៃដីជាងដប់ហិកតា... បុរសជនជាតិ Mong ដោយមានរាងកាយខ្ពស់ ស្បែកពណ៌ដាំដែងរូបនេះ បានចែករំលែកយ៉ាងរីករាយអំពីចំការដើមឈើហូបផ្លែរបស់ក្រុមគ្រួសារនិងដំណើររួចផុតពីភាពក្រីក្រដ៏វែងឆ្ងាយរបស់ខ្លួន។
លោក Hang A So បានកើតក្នុងគ្រួសារកសិករសុទ្ធសាធដែលមានបងប្អូនបង្កើតចំនួន ១១ នាក់ គ្រួសារទាំងមូលពឹងផ្អែកតែលើស្រែស្រូវ ស្រែពោតប៉ុណ្ណោះ ប្រាក់ចំណូលមិនស្ថិតស្ថេរ ដូច្នេះជីវភាពគ្រួសារជួបការលំបាកយ៉ាងខ្លាំង។ ដោយមិនស៊ូទ្រាំភាពក្រីក្រទេ នៅឆ្នាំ ១៩៩០ លោកបានសម្រេចចិត្តដាំដើមផ្លាំ។ ក្រោយពីការវិនិយោគនិងការសិក្សាពីគ្រប់ទីកន្លែងអស់រយៈពេលច្រើនឆ្នាំ ដើមផ្លាំរបស់គ្រួសារលោក កាន់តែរីកលូតលាស់ល្អ និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ នៅឆ្នាំ ២០១៩ លោកបានបន្តដាំដើមក្រូចបន្ថែមទៀត ហើយអនុវត្តន៍វិទ្យាសាស្ត្របច្ចេកទេសក្នុងសួនចំការរបស់ខ្លួន។ រហូតមកដល់ពេលនេះ គ្រួសារលោកមានដំណាំដើមឈើហូបផ្លែជាង ៤ហិកតារ រួមទាំងផ្លាំនិងក្រូច។ លោក Hang A So បានចែករំលែកថា៖
“នៅឆ្នាំ ១៩៩០ រដ្ឋបានផ្តល់ដើមផ្លាំ ដើម្បីជួយប្រជាជនលើកស្ទួយជីវភាពរស់នៅ ហើយខ្ញុំបានដាំវាចាប់ពីថ្ងៃនោះមក។ តាំងពីពេលនោះមក ខ្ញុំបានលុបបំបាត់ភាពអត់ឃ្លាន ហើយកាត់បន្ថយភាពក្រីក្រ។ បច្ចុប្បន្ននេះ ខ្ញុំកំពុងដាំដើមក្រូចបន្ថែម ហើយគំរូរបស់គ្រួសារខ្ញុំមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ចំការក្រូចនាបច្ចុប្បន្ននាំមកនូវប្រាក់ចំណូល ៦០០ លានដុងក្នុងមួយឆ្នាំ (២៤ ពាន់ដុល្លារអាមេរិក)។ គិតរួមទាំងផ្លែផ្លាំទៀត គឺរកចំណូលបាន ១,៥ ពាន់លានដុង (៦ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ”។
ក្រោយពីការវិនិយោគអស់រយៈពេលច្រើនឆ្នាំមក កសិករ Hang A So មានចំការដើមឈើហូបផ្លែជាង ១០ ហិកតា។ (រូបថត៖ VOV) |
បើតាមលោក Hang A So ក្រៅពីការទៅមើលចំការយ៉ាងញឹកញាប់ រកឃើញសត្វល្អិតចង្រៃនិងជំងឺឱ្យបានទាន់ពេលវេលា ដើម្បីឱ្យចំការដំណាំទទួលបានទិន្នផលល្អ និងតម្លៃសេដ្ឋកិច្ចខ្ពស់ គឺត្រូវតែអនុវត្តន៍វិទ្យាសាស្ត្របច្ចេកទេសជឿនលឿនទៅក្នុងការធ្វើផលិតកម្ម។ ចាប់ពីឆ្នាំ ២០១៩ មក គ្រួសាររបស់លោកបានផ្លាស់ប្ដូរទិសដៅ ទៅកសិកម្មសរីរាង្គ ហើយប្រើប្រាស់ប្រព័ន្ធស្រោចស្រពអ័ព្ទដោយស្វ័យប្រវត្តិសម្រាប់ចំការដើមឈើហូបផ្លែ ចាប់តាំងពីពេលនោះ ទិន្នផលនិងគុណភាពកាន់តែប្រសើរឡើងៗ ដោយផ្ដល់ទិន្នផលផ្លែឈើប្រមាណ ៨០ តោនក្នុងរដូវកាលនីមួយៗ ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ លោកស្រី Nguyen Thi Xuyen ពាណិជ្ជករនៅទីក្រុងហាណូយបានចែករំលែកថា៖
“គុណភាពផ្លែក្រូចនៅទីនេះមានស្ថិរភាព រសជាតិផ្អែមខ្លាំង អតិថិជននៅតំបន់ទំនាបនិយមចូលចិត្តណាស់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំតែងតែមកទិញនៅទីនេះ មិនថាចំការរបស់អ្នកណាទេ ដោយសារចំការទាំងអស់សុទ្ធសឹងតែមានគុណភាពដូចគ្នា។ ដោយឡែកចំការក្រូចរបស់លោក So Vinh គឺផ្អែមណាស់ ស្ទើរតែផ្អែមជាងគេនៅទីនេះ។ តាំងពីពេលដែលលោក So ដាំក្រូចរហូតដល់ឥឡូវនេះ ខ្ញុំសុទ្ធតែមកទិញដែរ”។
មិនត្រឹមតែលើកស្ទួយជីវភាពរស់នៅគ្រួសារប៉ុណ្ណោះទេ លោក So ក៏បានពិគ្រោះយោបល់ និងណែនាំយ៉ាងសកម្មនូវការផ្ទេរបច្ចេកទេស ការពង្រីកគំរូដាំដើមឈើហូបផ្លែសម្រាប់បណ្ដាគ្រួសារ និងសមាជិកកសិករនៅមូលដ្ឋាន ក៏ដូចជាកសិករនៅកន្លែងផ្សេងៗទៀតដែលមកទស្សនា និងសិក្សា។ ជារៀងរាល់ឆ្នាំ គ្រួសារលោកក៏បង្កើតការងារជាប្រចាំ និងតាមរដូវសម្រាប់ពលករជនបទពី ១៥-២០ នាក់ ដោយមានប្រាក់ចំណូលពី ៦-៧ លានដុង (២៥០-៣០០ ដុល្លារ) ក្នុងមនុស្សម្នាក់ក្នុងមួយខែ។ លោក Trang A Chu នៅទីរួមស្រុក Nong Truong ស្រុក Moc Chau បានចែករំលែកថា៖
“មុននេះ ខ្ញុំស្ទើរតែធ្វើស្រែចំការប៉ុណ្ណោះ ការងារនេះមិនមានស្ថិរភាពទេ ហើយប្រាក់ចំណូលក៏មិនស្ថិតស្ថេរដែរ។ ឥឡូវនេះ ខ្ញុំបានចូលធ្វើការនៅក្នុងចំការ របស់លោក So ដូច្នេះចំណូលក៏មានស្ថិរភាពហើយ។ ខ្ញុំឃើញថាគំរូចំការរបស់គាត់បង្កើតការងារ និងប្រាក់ចំណូលល្អណាស់សម្រាប់កម្មករ ជួយមនុស្សជាច្រើនកាត់បន្ថយភាពក្រីក្រ”។
ជាមួយនឹងសមិទ្ធិផលដែលសម្រេចបាន លោក Hang A So ទទួលបានប័ណ្ណសរសើរជាច្រើនពីគណៈកម្មាធិការប្រជាជនខេត្ត Son La និងស្រុក Moc Chau។ កាលពីឆ្នាំមុន លោកមានកិត្តិយសដែលត្រូវបានបោះឆ្នោតជ្រើសរើសជាកសិករម្នាក់ក្នុងចំណោមកសិករវៀតណាមឆ្នើមទាំង ១០០ នាក់។ លោក Luong The Quynh ប្រធានសមាគមកសិករស្រុក Moc Chau មានប្រសាសន៍ថា៖
“ប៉ុន្មានឆ្នាំថ្មីៗនេះ សមាគមកសិករបានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសនិងការណែនាំឱ្យគាត់អភិវឌ្ឍន៍គំរូនេះ ហើយបន្ទាប់ពីទទួលបានការជួយឧបត្ថម្ភ គំរូរបស់គាត់ពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ ជួយឱ្យគ្រួសារគាត់មានប្រាក់ចំណូលខ្ពស់។ ជាពិសេសបន្ទាប់ពីកសាងគំរូនេះរួច លោក Hang A So បានបន្តណែនាំដល់គ្រួសារផ្សេងៗទៀត ដើម្បីអភិវឌ្ឍន៍ទៅតាមគំរូរបស់លោក ហើយលោកបានជួយគ្រួសារក្រីក្រ និងជិតក្រីក្រឲ្យមានការងារធ្វើ បង្កើតលក្ខខណ្ឌសម្រាប់ពួកគេរកប្រាក់ចំណូលបាន”។
ដោយមានការខិតខំប្រឹងប្រែងជម្នះពុះពារលើការលំបាក លោក Hang A So បានប្រែក្លាយសេចក្ដីប្រាថ្នាជាអ្នកមានស្របច្បាប់នៅហ្នឹងទឹកដីស្រុកកំណើតត ទៅជាការពិត។ ពីនោះ ចូលរួមចំណែកក្នុងការពង្រីកចលនាកសិករប្រឡងប្រណាំងធ្វើផលិតកម្ម និងអាជីវកម្មពូកែ ហើយរួមកម្លាំងកសាងភូមិឱ្យសម្បូរធូធារនិងសុភមង្គល៕