លោក Ho Phinh ជនជាតិ Ma Lieng ដំបូងគេនៅឃុំ Lam Hoa សុំរួចផុតពីភាពក្រីក្រ
(VOVWORLD) - លោក Ho Phinh នៅភូមិ Ke ឃុំ Lam Hoa ស្រុក Tuyen Hoa ខេត្ត Quang Binh គឺជាជនជាតិ Ma Lieng ដំបូងគេនៅមូលដ្ឋាន ដែលចូលជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម។ លោកក៏ជាមនុស្សដំបូងគេនៅឃុំ Lam Hoa ដែលសុំឲ្យរួចផុតពីភាពក្រីក្រផងដែរ។ ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកទិសដៅដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លោកបានចែករំលែកជាមួយបងប្អូនក្នុងភូមិដើម្បីជួយសហគមន៍រួមគ្នាកសាងជីវភាពសម្បូរធូធារ។
លោក Ho Phinh ថែទាំចម្ការរបស់គ្រួសារ។ (រូបថត៖ VOV) |
ផ្លូវចូលទៅផ្ទះលោក Ho Phinh អាយុ ៤៧ ឆ្នាំ នៅភូមិ Ke ឃុំ Lam Hoa ស្រុក Tuyen Hoa ឆ្លងកាត់ទីទួលបៃតងជាប់គ្នារដឹក។ មុននេះ គ្រួសារលោក Phinh តែងតែខ្វះខាតស្បៀងអាហារ។ ឆ្នាំណាដែលរដូវមិនអំណោយផល គ្រួសារលោកត្រូវពឹងផ្អែកលើការជួយឧបត្ថម្ភរបស់រដ្ឋ។ មិនទទួលយកភាពក្រីក្រ លោក Ho Phinh បានសិក្សាស្វែងយល់ ហើយអនុវត្តន៍គំរូអភិវឌ្ឍន៍សេដ្ឋកិច្ច។ ពីប្រាក់កម្ចីចំនួន ៥០ លានដុងពីធនាគារគោលនយោបាយសង្គម លោកបានទិញគោ ជ្រូក និងដើមឈើពូជ។ ក្រោយពីសន្សំទុកបានច្រើនឆ្នាំមក លោក Ho Phinh មានព្រៃឈើចំនួន ៥ ហិកតា រួមជាមួយនឹងក្របី គោ ជ្រូក មាន់ជាច្រើនក្បាល ហើយដាំស្រូវ ពោត បន្ថែមទៀត។ ការប្រមូលផលពីស្រូវគឺគ្រប់គ្រាន់ហើយសម្រាប់ការហូបចុកពេញមួយឆ្នាំ ពោតប្រើសម្រាប់ចិញ្ចឹមជ្រូកមាន់ ... ដូច្នេះសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នៅពេលដែលស្ថានភាពគ្រួសារប្រសើរឡើង លោក Phinh បានសរសេរពាក្យសុំឲ្យដកចេញពីបញ្ជីគ្រួសារក្រីក្រ ដើម្បីទុកជំនួយឧបត្ថម្ភដល់អ្នកដទៃ ដែលមានស្ថានភាពលំបាកជាង។ លោក Ho Phinh បានឲ្យដឹងថា៖
“នៅតែមានការលំបាកជាច្រើន ប៉ុន្តែខ្ញុំត្រូវខិតខំប្រឹងប្រែង ប្រកបរបររកស៊ីឲ្យកាន់តែរីក
ចម្រើន។ ទោះបីជាខ្ញុំនៅក្រក៏ដោយ ខ្ញុំនៅតែមានជីវភាពធូរធារជាងបងប្អូនបន្តិច។ ខ្ញុំសរសេរពាក្យសុំឲ្យចេញពីបញ្ជីគ្រួសារក្រីក្រ ឬលើបន្ទាត់ក្រីក្រ ដើម្បីឲ្យបក្ស រដ្ឋអាចជួយឧបត្ថម្ភមនុស្សដែលមានការលំបាកជាងខ្លួន។ ខ្ញុំក៏ជួយឧបត្ថម្ភបងប្អូនផងដែរ បើគេមិនចេះធ្វើស្រែចម្ការ ខ្ញុំនឹងណែនាំ”។
លោក Ho Phinh ជាមនុស្សដំបូងគេនៅឃុំ Lam Hoa ដែលសរសេរពាក្យសុំឲ្យចេញពីបញ្ជីគ្រួសារក្រីក្រ។ |
ជាជនជាតិ Ma Lieng ដំបូងគេដែលចូលជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម ហើយក៏ជាមនុស្សដំបូងគេនៅឃុំ Lam Hoa ដែលសរសេរពាក្យសុំឲ្យចេញពីបញ្ជីគ្រួសារក្រីក្រ លោក Ho Phinh បានលើកទឹកចិត្តបងប្អូនជនជាតិ Ma Lieng ឱ្យយកគំរូធ្វើត្រាប់តាមដើម្បីរួចផុតពីភាពក្រីក្រ។ លោកស្រី Cao Thi Van មេភូមិ Ke បានឲ្យដឹង បើចង់ចលនាឲ្យជនរួមជាតិ Ma Lieng អភិវឌ្ឍន៍សេដ្ឋកិច្ច បក្ខជនត្រូវធ្វើមុនគេ ត្រូវរួចផុតពីភាពក្រីក្រជាមុនសិន ការនិយាយត្រូវដើរទន្ទឹមនឹងការធ្វើ ទើបប្រជាជនជឿ។ ទឹកចិត្តរបស់លោក Ho Phinh បានផ្ដល់កម្លាំងចិត្តបន្ថែមដល់ជនរួមជាតិ Ma Lieng ដើម្បីផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើផលិតកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកស្រី Cao Thi Van បានឲ្យដឹងថែមទៀតថា៖
“លោក Ho Phinh បានទៅតាមផ្ទះនីមួយៗ ដើម្បីពន្យល់និងលើកទឹកចិត្តប្រជាជន ប្រសិនបើគេជួបការលំបាកណាមួយ លោកនឹងជួយ។ ដើម្បីចលនាប្រជាជននៅទីនេះ កម្មាភិបាលមិនគ្រាន់តែនិយាយបានប៉ុណ្ណោះទេ ថែមទាំងត្រូវណែនាំគេដោយផ្ទាល់ទៀតផង ទើបប្រជាជនយល់បាន។ នាពេលកន្លងមក បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រជាជនយ៉ាងច្រើនណាស់ ជីវភាពរស់នៅកាន់តែរីកចម្រើន មានផ្ទះ ផ្លូវថ្នល់ ភ្លើង និងសាលារៀនសម្រាប់សិស្សានុសិស្ស”។
ជនជាតិ Ma Lieng នៅឃុំ Lam Hoa ជាក្រុមមួយនៃសហគមន៍ជនជាតិ Chut ដែលត្រូវបានចលនាឲ្យមកតាំងទីលំនៅ កសាងជីវភាពនៅភូមិ Ke ភូមិ Cao និងភូមិ Chuoi តាំងពីទសវត្សរ៍ទី ៩០ នៃសតវត្សមុន។ ឃុំ Lam Hoa មានគ្រួសារជាង ១៥០ ជាមួយនឹងចំនួនប្រជាជនប្រហែល ៦៥០ នាក់ជាជនជាតិ Ma Lieng។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យដោយមានជំនួយឧបត្ថម្ភពីកម្មវិធី គម្រោងនានា និងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជនជាតិ Ma Lieng ចាប់ផ្តើមស៊ាំនឹងជីវភាពរស់នៅសម័យទំនើបបន្តិចម្តងៗ។ ចំណងសាមគ្គីភាពរបស់ប្រជាជន និងភាពខ្លៀវក្លារបស់កម្មាភិបាលដូចលោក Ho Phinh បានជួយជីវភាពរស់នៅរបស់ប្រជាជនកាន់តែរីក
ចម្រើន ហើយការងារអភិវឌ្ឍបក្សក៏ត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងផងដែរ។ លោក Dinh Van Bac លេខារងគណៈកម្មាធិការបក្សឃុំ Lam Hoa ស្រុក Tuyen Hoa បានឲ្យដឹងថា៖
“តួនាទីត្រួសត្រាយ ធ្វើជាគំរូ របស់បក្ខជនដូចលោក Ho Phinh បានពង្រីកប្រសិទ្ធភាពក្នុងការងារឃោសនា និងចលនាប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សារឹងមាំការពារជាតិ និងសន្តិសុខនៅតាមភូមិនានា។ ជីវភាពរស់នៅមានការផ្លាស់ប្តូរច្រើនណាស់ ជាពិសេសប្រជាជនមានការភ្ញាក់រលឹកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។
ក្នុងឋានៈជាលេខារងសាខាបក្ស លោក Ho Phinh រួមជាមួយបក្ខជនដទៃទៀតនៅភូមិ Ke ជានិច្ចកាលធ្វើជាគំរូ ឈានមុខគេក្នុងចលនា គោរពតាមគោលជំហរ គោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងចលនាប្រជាជនចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។ គ្រួសារលោក Ho Phinh ត្រូវបានទទួលស្គាល់ជាគ្រួសារកសិករធ្វើផលិតកម្មអាជីវកម្មពូកែថ្នាក់ឃុំ ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា៕