លោក Le Van Thuy - កសិករដែលក្លាយជាអ្នកមានពីដើមស្រកានាគ
(VOVWORLD) - មកដល់ភូមិ My Khuong ឃុំ My Tinh An ស្រុក Cho Gao ខេត្ត Tien Giang អ្នកណាក៏ស្គាល់លោក Le Van Thuy អាយុ ៥៨ ឆ្នាំ ជាកសិករធ្វើផលិត កម្មពូកែលើទូទាំងប្រទេសដែរ។ បច្ចុប្បន្ននេះ លោកជាម្ចាស់ចម្ការស្រកានាគទំហំ ១,៨ ហិកតា។ ចម្ការរបស់លោកគឺជាចម្ការគំរូ ក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន ក្នុងការផលិតជាប់ស្តង់ដារកសិកម្មនិរន្តរភាព (GAP) ដោយផ្ដល់ទិន្នផល តម្លៃនាំចេញខ្ពស់ ហើយត្រូវបានមនុស្សជាច្រើនសិក្សា រៀនសូត្រតាម។
លោក Le Van Thuy (ឆ្វេង) នៅក្នុងសួនចម្ការស្រកានាគរបស់គ្រួសារ។ (រូបថត៖ VOV) |
គ្រួសាររបស់លោក Thuy កាលពីមុននេះ ធ្លាប់បានដាំស្រូវ ប៉ុន្តែខាងប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់ទេ ដូច្នេះគេបានប្តូរមកដាំស្រកានាគសាច់ស អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។ ចាប់ពីឆ្នាំ ២០១២ មក ដោយមានការណែនាំពីកម្មាភិបាលកសិកម្មនៅមូលដ្ឋាន លោកបានចាប់ផ្តើមផលិតតាមស្តង់ដារផលិតកម្មកសិកម្មស្អាតនៅវៀតណាម (VietGAP) បន្ទាប់មកអនុវត្តន៍តាមស្ដង់ដារកសិកម្មស្អាតជាសកល (GlobalGAP) ហើយសហការជាមួយសហករណ៍ My Tinh An ដើម្បីនាំចេញផ្លែស្រកានាគ។
ដើម្បីដាំស្រកានាគតាមស្តង់ដារ GAP ប្រកបដោយជោគជ័យ លោក Thuy បានគោរពយ៉ាងម៉ឺងម៉ាត់តាមដំណើរការនៃការដាក់ជី និងបាញ់ថ្នាំ ដោយមិនប្រើប្រាស់ជីគីមីជាដាច់ខាត។ ជាពិសេស លោកក៏បានធ្វើជីកំប៉ុស សរីរាង្គពីត្រី និងកាកសំណល់ត្រី ដើម្បីដាក់ជីយ៉ាងទៀងទាត់។ ក្នុងសួន
ចម្ការទាំងមូល កសិកររូបនេះបានដំឡើងប្រព័ន្ធស្រោចស្រពទឹក បាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃដោយស្វ័យប្រវត្តិ។ លោក Le Van Thuy បានចែករំលែកថា៖
“ដើម្បីផលិតតាមស្តង់ដារ Global GAP សំខាន់គឺ តើយើងទទួលយកផ្លាស់ប្តូរទំលាប់ផលិតកម្មរបស់យើងដែរឬអត់ ដោយត្រូវគិតគូរពីគុណភាព សុវត្ថិភាពអនាម័យចំណីអាហារ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ឥឡូវនេះ យើងត្រូវផលិតតាមដំណើរការស្អាត ក្នុងការបាញ់ថ្នាំ និងដាក់ជី យើងត្រូវប្រើប្រាស់សារធាតុសរីរាង្គ និងផលិតផលជីវសាស្រ្តសម្រាប់កែលម្អដី នាំមកនូវជីជាតិល្អដល់ដី ទើបយើងអាចមានផលិតផលប្រកបដោយសុវត្ថិភាព និងគុណភាពស្របតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់”។
ប្រព័ន្ធស្រោចស្រពទឹកដោយស្វ័យប្រវត្តិ។ (រូបថត៖ VOV) |
អាស្រ័យដោយឧស្សាហ៍ព្យាយាមក្នុងការងារហើយចេះអនុវត្តន៍បច្ចេកទេសក្នុងការផលិត សួន
ចម្ការស្រកានាគរបស់លោក Thuy តែងតែទទួលបានផលិតភាព និងគុណភាពខ្ពស់។ ជាមធ្យមក្នុងមួយឆ្នាំ ចម្ការស្រកានាគមានរដូវប្រមូលផលចំនួន ៣ ផ្តល់ទិន្នផលពី ៥០ ដល់ ៦០តោន។ ផ្លែស្រកានាគទាំងអស់របស់លោក ត្រូវបានសហករណ៍ My Tinh An ប្រមូលទិញក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ។ លោក Nguyen Van Nam ប្រធានគណៈកម្មាធិការប្រជាជនឃុំ My Tinh An បានឲ្យដឹងថា កសិករ Le Van Thuy គឺជាបុគ្គលគំរូម្នាក់ក្នុងការធ្វើផលិតកម្មនៅមូលដ្ឋាន៖
“លោក Thuy ដាំស្រកានាគតាមដំណើរការ VietGAP របស់សហករណ៍ ដូច្នេះមានទិន្នផល និងគុណភាពខ្ពស់ណាស់។ ជាងនេះទៅទៀត លោកស្រោចស្រពចម្ការស្រកានាគ ដោយប្រព័ន្ធបាញ់ ៣៦០ ដឺក្រេ មិនចាំបាច់ប្រើធុងបាញ់ទេ ដូច្នេះសន្សំសម្ចៃការចំណាយបានច្រើនណាស់។ បច្ចុប្បន្ននេះ តម្លៃផ្លែស្រកានាគសាច់សមានស្ថិរភាពណាស់”។
ពីគំរូដាំដើមស្រកានាគ គ្រួសាររបស់លោក Le Van Thuy មានជីវភាពសម្បូរធូរធារ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ៦ ម៉ឺនដុល្លារ។ នៅឆ្នាំ ២០២០ លោកមានកិត្តិយសដោយទទួលបានប័ណ្ណសរសើរពីនាយករដ្ឋ
មន្ត្រីរដ្ឋាភិបាលចំពោះស្នាដៃឆ្នើមក្នុងការធ្វើផលិតកម្ម។ លើសពីនេះ លោកត្រូវបានមជ្ឈិមសមាគមកសិករវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Tien Giang ប្រគល់ជូនប័ណ្ណសរសើរជាច្រើនចំពោះស្នាដៃឆ្នើមក្នុងការងាររបស់សមាគម និងការប្រឡងប្រណាំងធ្វើផលិតកម្ម។
មិនត្រឹមតែធ្វើផលិតកម្មពូកែប៉ុណ្ណោះទេ លោក Le Van Thuy ក៏ជាប្រធានសមាគមកសិករសាខាភូមិ My Khuong ឃុំ My Tinh An ទៀតផង។ នាពេលកន្លងមក លោកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពចលនា ការងារសប្បុរសធម៌សង្គមនៅមូលដ្ឋាន ដូចជាជួយឧបត្ថម្ភកសិករក្រីក្រ សាងសង់ផ្លូវថ្នល់។ រូបលោកផ្ទាល់ក៏បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាង៣០ដងហើយ។ កាលពីឆ្នាំមុន លោកមានកិត្តិយសដោយបានក្លាយជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម។ លោក Le Van Thuy បានចែករំលែកថា៖
“ជាពលរដ្ឋវៀតណាម អាយុជិត ៦០ឆ្នាំហើយ ប៉ុន្តែបានចូលបម្រើជួរបក្សកុម្មុយនិស្តវៀតណាម នោះគឺជាកិត្តិយសដ៏ធំធេង។ នាពេលខាងមុខ ខ្ញុំនឹងខិតខំរស់នៅយ៉ាងទៀងត្រង់ ប្រកបដោយសុចរិតភាព ហើយរស់នៅដើម្បីឲ្យគ្រួសារ ភូមិឃុំ សង្គម និងកូនចៅតម្រាប់តាម”។
ទោះបីជាមានអាយុជិត៦០ឆ្នាំហើយក៏ដោយ ប៉ុន្តែបក្ខជន “កសិករ” Le Van Thuy នៅតែខិតខំព្យាយាមធ្វើផលិតកម្មជាមួយនឹងគំរូដាំដើមស្រកានាគសម្រាប់នាំចេញ។ លោកបានចែករំលែកថា នៅពេលដែលខ្លួននៅតែមានសុខភាពល្អ លោកនឹងបន្តធ្វើការជាមួយក្រុមគ្រួសារ ប្ដេជ្ញាចិត្តក្លាយជាអ្នកមានពីដើមស្រកានាគ ដើម្បីធ្វើជាគំរូសម្រាប់កូនចៅធ្វើតាម៕