លោក Tran Van Cao កសាងបន្ទប់តាំងវត្ថុអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញ

(VOVWORLD) - អាស្រ័យដោយមានការកោតគោរពនិងស្រឡាញ់លោកប្រធាន ហូជីមិញ លោក Tran Van Cao កសិករម្នាក់នៅភូមិ Tho Duong ឃុំ Dai Yen ស្រុក Chuong My ទីក្រុងហាណូយ បានចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីកសាងបន្ទប់តាំងវត្ថុអនុស្សាវរីយ៍អំពីលោកប្រធាន។ បន្ទប់នេះ រក្សាទុកនិងតាំងបង្ហាញរូបថតរាប់រយសន្លឹកអំពីលោកប្រធានហូជីមិញដែលបានសម្រិតសម្រាំងដោយរូបផ្ទាល់។
លោក Tran Van Cao កសាងបន្ទប់តាំងវត្ថុអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញ - ảnh 1លោក Tran Van Cao នៅក្នុងបន្ទប់តាំងវត្ថុអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញ (រូបថត៖ VOV5) 

ប្រសូត្រនាឆ្នាំ១៩៣៥ លោក Tran Van Cao ធ្លាប់បានធ្វើការនៅ ក្រសួងធារាសាស្ត្រហើយបានទៅបំពេញបេសកកម្មការងារនៅប្រទេសឡាវចាប់ពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧២។ ដល់ឆ្នាំ១៩៨៨ លោកចូលនិវត្តន៍ហើយ វិលត្រឡប់មកស្រុកកំណើតវិញ។

កាលពីកុមារភាព លោក Tran Van Cao បានទស្សនារូបថត លោកប្រធានហូជីមិញដែលត្រូវបានឪពុកម្ដាយព្យួរយ៉ាងឱឡារិកនៅក្នុងផ្ទះ ។ រូបភាពទាំងនោះបានដិតជាប់នៅក្នុងបេះដូងរបស់រូបលោកជានិច្ច។ កាន់តែធំដឹងក្ដី មនោសញ្ចេតនារបស់លោកចំពោះលោកប្រធានហូជីមិញក៏ កាន់តែ រីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ មិនដឹងពីពេលណាទេដែល ការស្វែងយល់ ត្រងត្រាប់ស្ដាប់និងសម្រាំងឯកសារស្ដីពីលោកប្រធានហូជីមិញ បានក្លាយទៅជាទំលាប់របស់លោក Tran Van Cao ទៅហើយ។ ពេលដែលវិទ្យុ ទូរទស្សន៍ផ្សាយពីលោកប្រធានហូជីមិញម្ដងៗ លោកតែងតែតាមដានយ៉ាង យកចិត្តទុកដាក់។ ឬពេលដែលឃើញកាសែតណាចុះផ្សាយរូបថតលោក ប្រធានម្ដងៗ លោក Cao តែងតែរកអានហើយសុំកាត់រូបថតចេញយកមកព្យួរ ព្រមទាំងស្នើសុំមិត្តភក្តិនិងគ្រួសារញាតិសន្ដានជួយសម្រាំងរូបថតផងដែរ។

ក្រោយរយៈពេល៧ឆ្នាំសម្រាំងរូបថត ដល់ដើមឆ្នាំ២០១៩ លោក Cao បាន សម្រេចចិត្តកសាងបន្ទប់តាំងវត្ថុអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញនៅលើផ្ទះជាន់ទី៣របស់លោក។ ចូលទស្សនាបន្ទប់នេះ មនុស្សគ្រប់ រូបសុទ្ធតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារបរិមាណរូបថតយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយជាងនេះទៅទៀតគឺការគោរពនិងសេចក្ដីស្រឡាញ់ របស់លោក Tran Van Cao ចំពោះលោកប្រធានហូជីមិញ។ រូបថតទាំង ៣០០សន្លឹករបស់លោកប្រធានហូជីមិញ សុទ្ធតែត្រូវបានដាក់ក្នុងស៊ុមកញ្ចក់ យ៉ាងហ្មត់ចត់ ហើយរៀបចំតាមពេលវេលានៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់ប្រទេសជាតិ។ លោក Tran Van Cao បានសំណេះសំណាលថា៖

“បន្ទប់វត្ថុអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញមានផ្នែកចំនួន៣។ ផ្នែកទី១និយាយអំពីប្រភពដើមនៃគ្រួសារលោកប្រធានហូជីមិញ។ ផ្នែកទី២ និយាយអំពីជីវិតនិងបុព្វហេតុបដិវត្តន៍របស់លោកប្រធានហើយ។ ផ្នែកចុងក្រោយ និយាយអំពីដំណាក់កាលដែលតំបន់ភាគខាងជើងទទួលបានសន្តិភាពរួចហើយ ប៉ុន្តែភាគខាងត្បូងនៅតែមានសង្គ្រាម ហេតុដូច្នេះ លោកប្រធានបាន បំពេញការងារការទូតដូចជាទទួលជួបតំណាងបរទេសនិងតំណាងរណសិរ្សរំដោះភាគខាងត្បូង។ ជនចាស់ជរាក្នុងភូមិតែងតែមកទស្សនារូបថត ហើយស្ដាប់ខ្ញុំដំណាលអំពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ។ ខ្ញុំក៏តែងតែជិះកង់ទៅឃុំផ្សេងៗក្នុងស្រុកដើម្បីដំណាលរឿងអំពីលោកប្រធានហូជីមិញផងដែរ ហើយមនុស្សគ្រប់រូបចូលចិត្តណាស់”។

នៅក្នុងបន្ទប់តាំងវត្ថុអនុស្សាវរីយ៍នេះ ក៏មានព្យួរគំនូរបញ្ឈររបស់លោក ប្រធានហូជីមិញដែលត្រូវបានគូរដោយលោក Tran Van Cao ផ្ទាល់ខ្លួន។ ទន្ទឹមនេះ ក្នុងអំឡុងពេល១០ឆ្នាំកន្លងមក លោក Cao បាននិពន្ធដោយខ្លួន ឯងនូវបទកំណាព្យជាច្រើនស្ដីពីលោកប្រធានផងដែរ។ លោកបានបង្ហាញ កម្រងកំណាព្យដោយចំណងជើងថា “រឿងរ៉ាវប្រវត្តិសាស្ត្រស្ដីពីវៀតណាម-បក្ស លោកអ៊ុំហូនិងបដិវត្តន៍វៀតណាម”។ លោក Tran Van Cao បានចែករំលែកថា៖

“រូបខ្ញុំផ្ទាល់មានបំណងចង់ធ្វើអ្វីៗដ៏មានអត្ថប្រយោជន៍សម្រាប់ជំនាន់ក្រោយៗ ជាពិសេសគឺដល់កូនចៅរបស់ខ្លួន។ ហេតុដូច្នេះ ខ្ញុំបានសរសេរកម្រង កំណាព្យជាង១៤០០ឃ្លា។ ក្នុងកម្រងកំណាព្យនោះ ខ្ញុំបានរៀបចំតាមពេល វេលាចាប់ពីលោកប្រធានចេញដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិ ហើយវិល ត្រឡប់មកវៀតណាមវិញបង្កើតមូលដ្ឋានបដិវត្តន៍ រហូតដល់ពេលវាយ បរាជ័យខ្មាំងសត្រូវបារាំងនិងអាមេរិក។ ខ្លឹមសារកម្រងកំណាព្យទាំងនោះ គឺជាប្រវត្តិសាស្ត្របដិវត្តន៍វៀតណាមដែរ”។

បន្ទប់តាំងវត្ថុអនុស្សាវរីយ៍របស់លោក Cao បានក្លាយទៅជាទីកន្លែងដើម្បី ឲ្យបណ្ដាអតីតយុទ្ធជនជួបជុំគ្នា រំលឹកឡើងវិញនូវសម័យសង្គ្រាមដ៏សាហាវ ក៏ដូចជាលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យសិក្សារៀនសូត្រ ធ្វើតាមសតិ អារម្មណ៍ សីលធម៌និងរចនាបទហូជីមិញទៀតផង។ សិស្សានុសិស្សនិង និស្សិតយ៉ាងច្រើនកុះករក៏បានទៅកាន់ផ្ទះលោក Cao ដើម្បីស្វែងយល់អំពី ប្រវត្តិសាស្ត្រជាតិផងដែរ។

ដោយមានការរួមវិភាគទានដ៏មានអត្ថន័យសម្រាប់សង្គម គ្រួសារ លោក Tran Van Cao មានមោទនភាពដោយទទួលបានប័ណ្ណសរសើររបស់ ក្រុមប្រឹក្សារដ្ឋមន្ត្រី។ រូបលោក Cao ផ្ទាល់ក៏ទទួលបានគ្រឿងឥស្សរិយយសប្រយុទ្ធ ប្រឆាំងអាមេរិកសង្គ្រោះជាតិថ្នាក់ទីមួយនិង គ្រឿងឥស្សរិយយសមិត្តភាព របស់រដ្ឋឡាវ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ