លោក Vo Duc Anh និង Hanoi Rock City
(VOVWORLD) - ហាណូយរ៉ុកស៊ីទី (Hanoi Rock City - HRC) គឺជាទីកន្លែងជួបជុំនិង ប្រាស្រ័យទាក់ទងគ្នារបស់សហគមន៍សិល្បករតន្ត្រីឯករាជ្យនៅទីក្រុងហាណូយ។ និយាយដល់ HRC គឺនិយាយដល់ទីធ្លាលេងដ៏ពោរពេញដោយសេរី និងភាពច្នៃប្រឌិត ជាទីកន្លែងដែលសិល្បៈករវ័យក្មេងនៃប្រភេទតន្ត្រីអ៊ីនឌី (Indie) អាចសំដែង ហើយណែនាំពីរចនាប័ទតន្ត្រីរបស់ខ្លួន។ ម្ចាស់ទីធ្លាលេងតន្ត្រីដ៏ពិសេសមួយនេះ គឺលោក Vo Duc Anh ជាយុវជនម្នាក់ដែលស្រឡាញ់គណិតវិទ្យា។
លោក Vo Duc Anh ស្ថាបនិក HRC។ |
ស្ថិតនៅលើវិថី To Ngoc Van រដ្ឋធានីហាណូយ HRC គឺជាកន្លែងណាត់ជួបដ៏ល្អឥតខ្ចោះ សម្រាប់មនុស្សវ័យក្មេងដែលស្រឡាញ់តន្ត្រី និងសិល្បៈ។ ជារៀងរាល់យប់ វេទិកាសម្ដែងនៅក្នុង HRC តែងតែមានភាពមមាញឹកដោយការសម្តែងតន្ត្រីផ្ទាល់ ជាមួយនឹងប្រព័ន្ធសំឡេងដ៏ទំនើប ទាក់ទាញយុវជនដែលស្រឡាញ់តន្ត្រីនៅទីក្រុងហាណូយ និងសិល្បករវ័យក្មេង មកសាកល្បងស្នាដៃនិពន្ធរៀងៗខ្លួន។
ប្រសិនបើនៅដើមដំបូង ចំនួនទស្សនិកជនមក HRC មិនមានច្រើន ប៉ុន្តែឥឡូវនេះជាមធ្យម ការសម្ដែងមួយនៅទីនេះទាក់ទាញមនុស្សបានពី ២៥០-៣០០ នាក់។ ព្រឹត្តិការណ៍ដែលរៀបចំឡើងនៅទីនេះ មានភាពសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ រួមទាំងការសំដែងតន្ត្រីផ្ទាល់ ការតាំងពិពណ៌ ឬការបង្ហាញទំនិញធ្វើដោយដៃ អ្វីៗគ្រប់បែបយ៉ាងជុំវិញលក្ខណៈវិនិច្ឆ័យនៃសិល្បៈ តន្ត្រី និងវប្បធម៌។ លោក Vo Duc Anh ស្ថាបនិក HRC បានចែករំលែកថា៖
“ជាសំណាងល្អ ពេលដំបូងដែលខ្ញុំបើក អត្រាគឺត្រឹមតែ ៩០/១០ ប៉ុណ្ណោះ ពោលគឺ ៩០% ជាជនបរទេស និង ១០% ជាជនវៀតណាម ប៉ុន្តែឥឡូវនេះក្រោយរយៈពេល ១២ ឆ្នាំ តួរលេខនេះកំពុងបញ្ច្រាសវិញ។ ខ្ញុំគិតថានេះក៏ជាសមិទ្ធផលដ៏គួរឱ្យមោទនភាពសម្រាប់រយៈពេលជាងដប់ឆ្នាំកន្លងមក។ ខ្ញុំមានអារម្មណ៍ថា សំណាងល្អព្រោះខ្ញុំមានមិត្តល្អជាច្រើនដែលស្រឡាញ់តន្ត្រី”។
លោក Vo Duc Anh កើតនៅឆ្នាំ ១៩៨៤ ក្នុងគ្រួសារដែលមានប្រពៃណីស្រាវជ្រាវនិងបង្រៀន។ តាំងពីនៅតូច Duc Anh បានបង្ហាញទេពកោសល្យចំពោះមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិ ជាពិសេសគណិតវិទ្យា។ ក្រោយពីសិក្សាជំនាញគណិតវិទ្យានៅចក្រភពអង់គ្លេសអស់រយៈពេលជិត ៨ ឆ្នាំ នៅឆ្នាំ ២០១០ លោក Vo Duc Anh បានសម្រេចវិលត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីចាប់ផ្តើមស្វែងរកការសាកល្បងថ្មីៗសម្រាប់ខ្លួនឯង។
ព្រឹត្តិការណ៍មួយនៅ Hanoi Rock City។ |
មុនឆ្នាំ ២០១០ នៅទីក្រុងហាណូយ ស្ទើរតែគ្មានកន្លែងប្រគុំតន្ត្រីណាមួយ ដែលទទួលយកសិល្បករ វ័យក្មេងមកសម្ដែងស្នាដៃផ្ទាល់ខ្លួននោះទេ។ ដោយឃើញថា ទីក្រុងហាណូយនៅតែខ្វះទីធ្លាលេងសម្រាប់ប្រភេទតន្ត្រីដ៏ពេញនិយមទូទាំងពិភពលោក ប៉ុន្តែមិនទាន់ពេញនិយមនៅវៀតណាមដូចជា Metalcore, Indie នោះ លោក Vo Duc Anh និងមិត្តភក្តិមួយចំនួនទៀតបានបង្កើតហាងនេះ ដោយមានឈ្មោះថា Hanoi Rock City (HRC) ក្នុងបំណងធ្វើអាជីវកម្មផលិតផលតន្ត្រី។ HRC ប្រតិបត្តិការដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣៖ សិល្បៈ តន្ត្រី និងវប្បធម៌ ដោយមានបំណងចង់រួមចំណែកដល់រដ្ឋធានី ជាកន្លែងប្រគុំតន្ត្រីដែលលើកទឹកចិត្តក្រុមតន្ត្រីឱ្យសម្តែងស្នាដៃនិពន្ធផ្ទាល់របស់ពួកគេ ក៏ដូចជាបង្កើតរចនាប័ទផ្ទាល់ខ្លួនទៀតផង។ រំលឹកពីដំណាក់កាលដំបូងដែលហាងត្រូវបានបើក ជាមួយនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ធ្វើយ៉ាងណានាំយកប្រភេទតន្ត្រីថ្មីៗនេះមកជូនទស្សនិកជន លោក Duc Anh បានសំណេះសំណាលថា៖
“មានការលំបាកដំបូងចំនួន ២ នៅពេលខ្ញុំចាប់ផ្តើមជាមួយ HRC។ ទីមួយ គំរូនេះគឺថ្មីថ្មោងពេក ចំពោះយុវជនវៀតណាម។ ចំពោះមិត្តបរទេសគឺ ពួកគេបានស្គាល់ពីគំរូនេះហើយ ដូច្នេះគេចូលចិត្តមកទីនេះ។ តាមពិត មុនឆ្នាំ ២០០០ មិត្តក្នុងជំនាន់ដូចខ្ញុំ (៨x) ច្រើនតែ លេងភ្លេងតាមបែប cover ពោលគឺលេងភ្លេងរបស់អ្នកដ៏ទៃ។ នៅពេលនោះ ពិធីបុណ្យ ឬម៉ាកយីហោល្បីៗជាច្រើន នៅពេលរៀបចំកម្មវិធី មិនទាមទារសំបុត្រចូលទស្សនានោះទេ ដូច្នេះខាងយើងខ្ញុំជួបការលំបាកយ៉ាងខ្លាំង ក្នុងការបង្កើតទម្លាប់សម្រាប់មិត្តវ័យក្មេង ក្នុងការនិពន្ធបទភ្លេងដោយខ្លួនឯង ណែនាំប្រភេទតន្ត្រីផ្សេងៗគ្នា ព្រមទាំងបង្កើតទម្លាប់ ទៅស្តាប់តន្ត្រីផ្ទាល់ ត្រូវតែបង់ថ្លៃសំបុត្រចូលទស្សនា ដើម្បីគាំទ្រដល់កន្លែងរៀបចំក៏ដូចជាសិល្បករផងដែរ”។
ចំណុចលេចធ្លោមួយទៀត នៃប្រព័ន្ធហាងរបស់ Duc Anh គឺព្រឹត្តិការណ៍ OpenMic ដែលធ្វើឡើងនៅថ្ងៃពុធជារៀងរាល់សប្ដាហ៍។ នៅ OpenMic មនុស្សទាំងអស់គ្នា អាចឡើងវេទិកានិងសម្ដែង មិនថាជាការលេងឧបករណ៍ភ្លេង អានកំណាព្យ ច្រៀង ឬរាំឡើយ។ ព្រឹត្តិការណ៍ប្រចាំសប្តាហ៍នេះ ទាក់ទាញមនុស្សជាមធ្យមប្រហែល ១០០ នាក់។ OpenMic គឺជាទីកន្លែងដែលក្រុមតន្រ្តីថ្មីៗជាច្រើនត្រូវបានរកឃើញ និងបង្កើតឡើង ហើយជាទីកន្លែងដែលមនុស្សគ្រប់គ្នាមានឱកាសបង្ហាញខ្លួនឯងទៀតផង។ អាចនិយាយបានថា HRC របស់ Duc Anh គឺជាទីកន្លែងមួយក្នុងចំណោមទីកន្លែងដំបូងគេនៅទីក្រុងហាណូយ ក៏ដូចជាលើទូទាំងប្រទេស ដែលរៀបចំព្រឹត្តិការណ៍បែបនេះជារៀងរាល់សប្តាហ៍ ហើយកំពុងបង្ហាញពីជោគជ័យ។ លោក Duc Anh បានចែករំលែកថា៖
“នៅពេលអនាគតគឺខ្ញុំត្រឹមតែមានបំណងថា ពេលព្រឹកទៅបង្រៀនគណិតវិទ្យា ពេលល្ងាចលេងភ្លេង សរសេរបទភ្លេង ហើយបន្តប្រតិបត្តិការ HRC ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យ HRC ក្លាយជាផ្ទះតន្ត្រីមួយសម្រាប់សិល្បករវ័យក្មេង”។
ចាប់តាំងពីការសម្តែងលើកដំបូងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ រហូតមកដល់ពេលនេះ ម្ចាស់ហាងវ័យអាយុ ៣០ ឆ្នាំរូបនេះអាចមានមោទនៈភាពថា HRC អាចឈរទ្រឹងលើជើង២របស់ខ្លួន ហើយឆ្ពោះទៅរកការអភិវឌ្ឍកាន់តែខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕