លោក យ៉ាញ ចណ្ដា - អ្នកកាសែតជនជាតិខ្មែរត្រូវបានប្រគល់ជូនគ្រឿងឥស្សរិយយស សហប្រតិបត្តិការមិត្តភាពអន្តរជាតិ
(VOVWORLD) - ប្រសូត្រក្នុងគ្រួសារក្រីក្រមួយ កូនសិស្សប្រុសជនជាតិខ្មែរ យ៉ាញ ចណ្ដា នៅឃុំ Dai Tam ស្រុក My Xuyen ខេត្ត Soc Trang បានខិតខំប្រឹងប្រែងសឹក្សារៀនសូត្រ ទើបយកបានសញ្ញាប័ត្រនៃសាកលវិទ្យាល័យសង្គមវិទ្យានិងមនុស្សសាស្ត្រ ទីក្រុងហូជីមិញ។ បន្ទាប់ពីរៀនចប់ហើយទទួលការងារនៅទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកកាសែតជនជាតិ ភាគតិចរូបនេះ មិនត្រឹមតែសម្រេចបានល្អភារកិច្ចនៅក្នុងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងមានការខិតខំប្រឹងប្រែងជាច្រើន ហើយក្លាយទៅជាគំរូឆ្នើម ដើម្បីអ្នកសារព័ត៌មានផ្សេងៗក្នុងតំបន់សិក្សារៀនសូត្រតាមទៀតផង។
អ្នកសារព័ត៌មាន ចណ្ដា ថតឈុតឆាកមួយនៅស្រុក Tran De ខេត្ត Soc Trang។ (រូបថត៖ TTXVN) |
ប្រសូត្រនិងធំដឹងក្ដីនៅឃុំកសិកម្មសុទ្ធសាធ Dai Tam ដែលមាន អត្រាជនរួមជាតិខ្មែររស់នៅជាង៨៥% ដោយសារលក្ខណៈគ្រួសារក្រលំបាក បានជាកាលនៅតូច លោក យ៉ាញ ចណ្ដា ត្រូវឆ្លៀតទៅរៀនតែមួយពេល មួយពេលស្នាក់នៅផ្ទះដើម្បីជួយគ្រួសារធ្វើការងារស្រែចម្ការ ទាំងការស៊ីឈ្នួល ដើម្បីមានប្រាក់ទិញសៀវភៅបន្តការសិក្សា។ គាត់ជក់ចិត្តនឹងវិញ្ញាណសារអក្សរសាស្ត្រ ហើយមានសុបិនក្លាយទៅជាអ្នកកាន់ដងប៉ាកាមួយរូប។
រាល់ការខិតខំប្រឹងប្រែងរបស់គាត់ទទួលបានដូចបំណង ដោយនៅឆ្នាំ២០០៦ បន្ទាប់ពីរៀនចប់ថ្នាក់ទី១២ គាត់ប្រឡងជាប់ដេប៉ាតឺម៉ង់អក្សរសាស្ត្រ នៃសាកលវិទ្យាល័យសង្គមវិទ្យានិងមនុស្សសាស្ត្រទីក្រុងហូជីមិញ។ ដើម្បីធ្វើឲ្យឪពុកម្ដាយមិនខកបំណងនោះ និស្សិតប្រុសក្រជនជាតិភាគតិចរូបនេះ បានខិតខំព្យាហ៍យាមសិក្សារៀនសូត្រ ហើយឆ្លៀតពេលធ្វើការងារក្រៅម៉ោង រកប្រាក់ចំណូលបន្ថែមដើម្បីសម្រាលបន្ទុកគ្រួសារ។ ក្រោយរយៈពេល៤ឆ្នាំឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និស្សិតក្ររូបនេះ ទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សាក្នុងក្ដីសប្បាយរីករាយនិងមោទនភាពរបស់ក្រុមគ្រួសារនិងវង្សត្រកូល។
បន្ទាប់ពីរៀនចប់ លោកចណ្ដាបានប្រឡងជាប់ចូលក្នុងស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាមតំបន់ភាគខាងត្បូង ហើយត្រូវបានប្រគល់ភារកិច្ចជាអ្នកយកព័ត៌មាននៅសាខាប្រចាំខេត្ត Soc Trang (សព្វថ្ងៃជាស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំខេត្ត Soc Trang)។
ដោយមានការខិតខំខ្នះខ្នែងរបស់ខ្លួន រួមជាមួយការជួយគាំទ្រនិងការជួយសម្រួលរបស់ប្រធានស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំខេត្ត Soc Trang ម្លោះហើយ លោក ចណ្ដាសម្របខ្លួននិងបន្សាំយ៉ាងឆាប់រហ័សជាមួយការងារ ហើយមានភាពម្ចាស់ការក្នុងការងារប្រមូលព័ត៌មាន វិភាគ វាយតម្លៃ និងសរសេរព័ត៌មាន អត្ថបទ។ ក្រោយពីការហាត់ពត់លត់ដំមួយរយៈមក លោក ចណ្ដា បានក្លាយទៅជា “ដងប៉ាកា” មួយក្នុងចំណោមដងប៉ាកាស្នូលនៃសាខាខេត្ត Soc Trang; តាមនោះ ជួយគាត់ទទួលបានពានរង្វាន់ខ្ពស់ជាច្រើនក្នុងការប្រកួតសារព័ត៌មានដែលស្ថាប័នរៀបចំឡើង។
លេចធ្លោបំផុតគឺនៅឆ្នាំ២០១៨ គាត់ទទួលបានពានរង្វាន់ថ្នាក់ A (ពានរង្វាន់សមូហភាព) នៃការប្រកួតព័ត៌មានកិច្ចការបរទេស និងពានរង្វាន់ថ្នាក់ B (ពានរង្វាន់សមូហភាព) នៃការប្រកួតសារព័ត៌មានជាតិ ជាមួយស្នាដៃដោយមានចំណងជើងថា “ពួកគេលះបង់ដើម្បីឲ្យប្រទេសមិត្តរស់រានមានជីវិតឡើងវិញ”។
លោក Tran Ngoc Thien ប្រធានស្ថាប័នអចិន្រ្តៃយ៍នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុង Can Tho បានឲ្យដឹងថា៖ “អ្នកកាសែតវ័យក្មេង យ៉ាញ ចណ្ដា ជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតជនជាតិខ្មែរមួយចំនួន ដែលមានលក្ខណៈសម្បត្តិសីលធម៌ល្អ ហើយប្រតិបត្តិយ៉ាងគ្រប់គ្រាន់នូវបទបញ្ញត្តិនៃស្ថាប័ន ព្រមទាំងជាបក្ខជនវ័យក្មេងមួយរូបដែលតែងតែសម្រេចល្អនូវភារកិច្ចផងដែរ។ ជាពិសេស អ្នកកាសែត ចណ្ដា ធ្លាប់បានទៅបំពេញ ការងារនៅប្រទេសកម្ពុជា ហើយអនុវត្តន៍បាននូវផលិតផលជាច្រើនដោយមានគុណភាព ជាពិសេសគាត់ធ្វើបានព័ត៌មានក្រោម ៣រូបភាពនោះគឺ ព័ត៌មានទូរទស្សន៍ ព័ត៌មានរូបថត និងព័ត៌មានឯកសារ”។
ក្រោយរយៈពេល៦ឆ្នាំធ្វើអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមសាខាខេត្ត Soc Trang ដោយសន្សំសម្ចៃបានបទពិសោធន៍ជាច្រើន លោក ចណ្ដាត្រូវបានថ្នាក់ដឹកនាំជឿទុកចិត្តចាត់បញ្ជូនទៅធ្វើជាអ្នកយកព័ត៌មាននៅស្ថាប័នអចិន្រ្តៃយ៍នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិ៣ឆ្នាំ។ នេះក៏ជាពេលវេលាដែលកម្ពុជារៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ការបោះឆ្នោតសកលជ្រើសតាំងរដ្ឋសភា ក្រុមប្រឹក្សាឃុំ/សង្កាត់ ឬកិច្ចប្រជុំនិងសិក្ខាសាលាដោយមានលក្ខណៈតំបន់និងអន្តរជាតិ ជាដើម។ ទន្ទឹមជាមួយគ្នានោះ រាល់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា; សកម្មភាពរបស់ក្រសួង ស្ថាប័ននានា និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ក៏ត្រូវបានឆ្លុះបញ្ចាំងដោយទាន់ពេលវេលាដើម្បីបម្រើមិត្តអ្នកអាន ចូលរួមចំណែកយ៉ាងជាក់ស្ដែងទៅក្នុងការកសាងនិងអភិវឌ្ឍចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដ៏យូរអង្វែងរវាងវៀតណាមនិងកម្ពុជាផងដែរ។
លោក ចណ្ដា រាយការណ៍ព័ត៌មានអំពីសមយុទ្ធ នាគមាស រវាងកម្ពុជានិងចិន។ |
អាស្រ័យដោយមានស្នាដៃជាច្រើនក្នុងការងារ ម្លោះហើយនៅពេលបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា លោក ចណ្ដា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូនគ្រឿងឥស្សរិយយសសហមេត្រី (គ្រឿងឥស្សរិយយសសហប្រតិបត្តិការមិត្តភាព) ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។
បញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា អ្នកយកព័ត៌មាន ចណ្ដា វិលត្រឡប់មក Soc Trang វិញ បន្តការងារមុននេះ។ ហើយចាប់តាំងពីដើមឆ្នាំ២០២១ គាត់ត្រូវបានថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មានវៀតណាមជឿទុកចិត្ត ប្រគល់ភារកិច្ចជាអ្នកយកព័ត៌មានទទួលបន្ទុកស្ថាប័នប្រចាំខេត្ត Bac Lieu។ លោក ចណ្ដា ឲ្យដឹងថា នេះជាកិត្តិយសហើយក៏ជាការទទួលខុសត្រូវដ៏ថ្លៃថ្នូរ ដូច្នេះបានជាគាត់នឹងខិតខំប្រឹងប្រែងច្រើនថែមទៀតដើម្បីសម្រេចភារកិច្ចឲ្យបានល្អបំផុត។
ទើបមានអាយុ៣៤ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែអ្នកយកព័ត៌មាន-អ្នកកាសែត យ៉ាញ ចណ្ដា បានឆ្លងកាត់ការងារសំខាន់ជាច្រើននៅទាំងក្នុងនិងក្រៅប្រទេស។ ទោះជាទទួលភារកិច្ចណាមួយក៏ដោយ ក៏គាត់តែងតែសម្រេចល្អដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងក្នុងជីវភាពរស់នៅនិងការងារ គាត់ក៏ទទួលបានការស្រឡាញ់រាប់អានពីបងប្អូនមិត្តភក្តិ ហើយត្រៀមខ្លួនជាស្រេចជួយគាំទ្រអ្នកយកព័ត៌មានថ្មីៗដែលទើបចូលធ្វើការដើម្បីរួមគ្នាអភិវឌ្ឍ៕