(VOVWORLD) - អស់រយៈពេលជាង ២០ ឆ្នាំផ្សាភ្ជាប់ជាមួយនឹងថ្នាក់រៀនឆ្ងាយដាច់ស្រយាលបំផុតនៅតំបន់ព្រៃភ្នំខេត្ត Quang Nam លោកគ្រូ Nguyen Tran Vy មិនត្រឹមតែជាអ្នកដែលនាំមកនូវអក្ខរកម្មដល់សិស្សានុសិស្សនៅតំបន់ព្រៃភ្នំប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ទំនាក់ទំនង ដើម្បីជួយប្អូនៗមានអាហារគ្រប់គ្រាន់ និងសំលៀកបំពាក់កក់ក្ដៅទៀតផង។ ពីកិច្ចខិតខំប្រឹងប្រែងចលនារបស់លោកគ្រូ Vy និងសហការី ទីតាំងសាលាប្រហែល ៦០ កន្លែង ត្រូវបានសាងសង់ថ្មីនៅក្នុងស្រុកព្រៃភ្នំ Nam Tra My ដ៏ពោរពេញទៅដោយការលំបាកនេះ។
លោកគ្រូ Nguyen Tran Vy ជាមួយកូនសិស្សនៅតំបន់ព្រៃភ្នំ Nam Tra My ខេត្ត Quang Nam។ (រូបថត៖ VOV) |
“លោកគ្រូ Vy ជាមនុស្សល្អ លោកគ្រូតែងតែជូនអំណោយជាច្រើនដល់រូបខ្ញុំ និងមិត្តភក្តិ។ អរគុណលោកគ្រូ Vy ដែលយកចិត្តទុកដាក់ចំពោះពួកយើង”។
“លោកគ្រូមានចិត្តស្លូតបូតនិងអត់អោន ខ្ញុំក៏ចង់រៀនសូត្រឲ្យបានពូកែ ដើម្បីពេលធំដឹងក្ដី ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដូចលោកគ្រូដែរ”។
សិស្សានុសិស្សនៅតំបន់ព្រៃភ្នំ Nam Tra My ខេត្ត Quang Nam បានផ្ដល់ក្តីស្រលាញ់បែបនេះដល់លោកគ្រូ Nguyen Tran Vy គ្រូបង្រៀននៅសាលាជនជាតិ Vu A Dinh ឃុំ Tra Don ស្រុក Nam Tra My ខេត្ត Quang Nam។ សម្រាប់សិស្សជាច្រើនជំនាន់នៅក្នុងតំបន់នេះ លោកគ្រូ Vy ប្រៀបប្រដូចជាឪពុកខាងស្មារតី ដែលតែងតែរួមដំណើរជាមួយប្អូនៗនៅលើផ្លូវទៅដល់ថ្នាក់រៀនដែលពោរពេញទៅដោយការលំបាកឧបសគ្គ។
កាលពីជាង២០ឆ្នាំមុន យុវជន Nguyen Tran Vy ទើបតែបញ្ចប់ការសិក្សា។ លោកបានចូលបម្រើការងារនៅទីតាំងសាលាដ៏ឆ្ងាយដាច់ស្រយាលនៅស្រុកក្រីក្រ Nam Tra My ខេត្ត Quang Nam។ លោកគ្រូ Nguyen Tran Vy រំលឹកថា ក្នុងប៉ុន្មានឆ្នាំដំបូងទៅបង្រៀន ទាំងគ្រូ និងសិស្សត្រូវដើររាប់គីឡូម៉ែត្រដើម្បីទៅសាលារៀន។ សម្ភារៈបរិក្ខារ និងឧបករណ៍ប្រើប្រាស់ខ្វះខាតខ្លាំងណាស់។
“ពេលនោះ លក្ខខណ្ឌលំបាកណាស់ យើងត្រូវដើរថ្វើជើងជាង៥ម៉ោងទើបទៅដល់សាលា។ ខ្ញុំជាគ្រូបង្រៀនអចិន្រ្តៃយ៍ ដូច្នេះខ្ញុំទៅតាមផ្ទះសិស្សម្នាក់ៗ ដើម្បីដឹងពីស្ថានភាពរបស់គេ។ ពេលខ្ញុំទៅទីនោះ ខ្ញុំបានឃើញជីវភាពរស់នៅរបស់ប្អូនៗមិនត្រឹមជួបការលំបាកប៉ុណ្ណោះទេ សូម្បីតែសម្លៀកបំពាក់មិនមានគ្រប់គ្រាន់ សក់រញ៉េរញ៉ៃ មុខមាត់កខ្វក់ ប៉ុន្តែនៅពេលទៅថ្នាក់រៀនម្ដងៗ ប្អូនៗនៅតែស្តាប់បង្គាប់ណាស់។ អារម្មណ៍ទាំងនោះបានជំរុញចិត្តនិងរក្សាខ្ញុំបន្តធ្វើការនៅទីនេះ”។
តាមរយៈការអំពាវនាវរបស់លោកគ្រូ Vy និងសហការី ទីតាំងសាលាជាច្រើនត្រូវបានសាងសង់ឡើងនៅតំបន់ព្រៃភ្នំដ៏ឆ្ងាយដាច់ស្រយាលនេះ។ (រូបថត៖ VOV) |
ឆ្លងកាត់ពេលវេលា លោកគ្រូ Vy បានផ្សាភ្ជាប់នឹងតំបន់ព្រៃភ្នំជាង ២០ឆ្នាំមកហើយ។ ដោយអាណិតសិស្សានុសិស្សនៅតំបន់ព្រៃភ្នំនេះ ដែលនៅតែជួបការលំបាក និងខ្វះខាតច្រើន លោកគ្រូ Vy បានបង្កើត និងក្លាយជាប្រធាន "ក្លឹបតភ្ជាប់ក្ដីស្រឡាញ់" នៅស្រុក Nam Tra My។ ក្នុងរយៈពេលដំបូង សមាជិក ២៣ នាក់ជាគ្រូបង្រៀន និងកម្មាភិបាលនៅក្នុងស្រុក បានរួមគ្នាអំពាវនាវឱ្យមានជំនួយឧបត្ថម្ភសម្រាប់សាងសង់ និងជួសជុលសាលារៀនដ៏ទ្រុឌទ្រោម។ លោក Ho Dao Phuoc អាណាព្យាបាលសិស្សនៅឃុំ Tra Van ស្រុក Nam Tra My បានរំលឹកថា កាលពី៣ឆ្នាំមុន សាលារៀននៅឃុំ Tra Van មានការខ្វះខាតយ៉ាងខ្លាំង។ ដោយសារការភ្ជាប់ទំនាក់ទំនងរបស់លោកគ្រូ Vy អង្គការ និងបុគ្គលជាច្រើនបានឧបត្ថម្ភការសាងសង់សាលារៀននេះ ដែលមានផ្ទៃដី ៥០០ ម៉ែត្រការ៉េ រួមមានបន្ទប់រៀន ១ បន្ទប់គេង ១ កន្លែងលេងកំសាន្តនិងផ្ទះបាយសម្រាប់សិស្សានុសិស្ស ក្នុងថវិកាសរុប ៣៧០ លានដុង (ជាង ១៥ ពាន់ដុល្លារអាមេរិក)។ លោក Ho Dao Phuoc បានសម្តែងថា៖
“លោកគ្រូ Vy មិនត្រឹមតែជាគ្រូបង្រៀនប៉ុណ្ណោះទេ ថែមទាំងធ្វើការទំនាក់ទំនងទៀតផង។ តាំងពីលោកគ្រូមកទីនេះ លោកគ្រូបានជួយសាងសង់សាលារៀននៅតាមឃុំ និងកន្លែងលេងកំសាន្តសម្រាប់កូនៗរបស់យើងខ្ញុំ។ អាស្រ័យហេតុនោះ សិស្សបានទៅសាលារៀន និងថ្នាក់រៀនកាន់តែច្រើនឡើងៗ។ ក្នុងនាមជាឪពុកម្តាយ ខ្ញុំមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងណាស់”។
តាមរយៈការតភ្ជាប់ទំនាក់ទំនងរបស់លោកគ្រូ Vy និងក្លឹប សាលាប្រហែល ៦០ កន្លែងដោយមានបន្ទប់រៀនប្រហែល ១៤០ ត្រូវបានសាងសង់ថ្មី; ផ្ទះសាធារណៈ ផ្ទះបាយ និងបន្ទប់ទឹកក្នុងតំបន់អន្តេវាសិកដ្ឋានរាប់សិបកន្លែង ត្រូវបានកែលម្អឱ្យកាន់តែធំទូលាយ... ថវិកាសរុបដែលគៀងករបានគឺជាង ១០០ ពាន់លានដុង (ប្រហែល ៤,២ លានដុល្លារអាមេរិក)។
មិនត្រឹមតែជួយគ្រូបង្រៀន និងសិស្សានុសិស្សនៅតំបន់ព្រៃភ្នំ Nam Tra My មានសាលារៀនធំទូលាយជាងមុនប៉ុណ្ណោះទេ លោកគ្រូ Nguyen Tran Vy ក៏បានចូលរួមចំណែកពូនជ្រុំជំនឿជាក់ និងស្មារតីពុះពារជំនះការលំបាករបស់សិស្សជំនាន់ក្រោយនៅតំបន់ព្រៃភ្នំទៀតផង។ លោកគ្រូ Vy បានសំណេះសំណាលថា៖
“ក្នុងនាមជាគ្រូបង្រៀន ខ្ញុំខិតខំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យសាលារៀន និងថ្នាក់រៀនកាន់តែធំទូលាយជាងមុន។ គោលដៅធំជាងនេះ គឺខ្ញុំចង់អំពាវនាវដល់សប្បុរសជននានា សាងសង់ផ្លូវទៅកាន់ភូមិ និងសាលារៀនដ៏ឆ្ងាយដាច់ស្រយាល ដែលបច្ចុប្បន្ននេះ នៅមានការលំបាកជាច្រើន”។
សេចក្តីស្រឡាញ់ចំពោះកូនសិស្សនិងការជក់ចិត្តជាមួយអាជីពជាគ្រូបង្រៀន របស់លោកគ្រូ Nguyen Tran Vy បានរីកសាយភាយដល់សិស្សជាច្រើនជំនាន់នៅតំបន់ព្រៃភ្នំ Nam Tra My។ អតីតសិស្សជាច្រើនរបស់លោកគ្រូ បានធំដឹងក្តី ហើយក្លាយជាកម្មាភិបាល និងគ្រូបង្រៀន ហើយក៏បានវិលត្រឡប់ទៅតំបន់ដីនេះវិញដើម្បីធ្វើការ៕