លោកគ្រូវៀតណាមនិងសេចក្តីប្រាថ្នាចង់ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅប្រទេសចិន
(VOVWORLD) - សហគមន៍ជនវៀតណាមនៅប្រទេសចិននាបច្ចុប្បន្នមានចំនួនប្រមាណ៤៣.០០០នាក់។ មនុស្សជាច្រើនក្នុងចំណោមនេះ តាមរយៈការងារប្រចាំថ្ងៃ កំពុងជួយប្រជាជនចិនឱ្យយល់ដឹងបន្ថែមអំពីទឹកដីនិងមនុស្សវៀតណាម ក៏ដូចជារួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ក្នុងនោះ លោកគ្រូ Nguyen Xuan Dien គ្រូបង្រៀននៅសកលវិទ្យាល័យភាសាបរទេស Sichuan អ្នកដែលបានសិក្សា និងធ្វើការនៅប្រទេសចិន ប្រមាណ ២០ឆ្នាំមកនេះ កំពុងបង្រៀនភាសាវៀតណាម ហើយឧទ្ទេសនាមវប្បធម៌វៀតណាមជារៀងរាល់ថ្ងៃដល់និស្សិតចិនពីជំនាន់មួយទៅជំនាន់មួយទៀត។
លោកគ្រូ Nguyen Xuan Dien ក្នុងថ្នាក់រៀនជាមួយនិស្សិតចិន។ (រូបថត៖ VOV) |
លោកគ្រូ Nguyen Xuan Dien ឆ្នាំនេះមានអាយុ ៤៦ ឆ្នាំ ប៉ុន្តែមានរយៈពេលប្រមាណ ២០ ឆ្នាំសិក្សា និងធ្វើការនៅប្រទេសចិន ហើយបានបង្រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភាសាបរទេស Sichuan ខេត្ត Chongqing អស់រយៈពេល ១៤ ឆ្នាំមកហើយ។
ក្នុងនាមជាអ្នកដែលបានផ្សាភ្ជាប់ជាមួយដេប៉ាតឺម៉ង់ភាសាវៀតណាមតាំងពីថ្ងៃបង្កើតនៅឆ្នាំ ២០០៩ មក លោកគ្រូ Dien បានឲ្យដឹងថា ដំបូងឡើយ និស្សិតភាគច្រើនត្រូវបានផ្ទេរពីមុខជំនាញដទៃទៀតមក ហើយសម្រាប់ប្អូនៗ វៀតណាមគឺជាប្រទេសចម្លែកមួយ។ រហូតមកដល់ពេលនេះ មុខជំនាញភាសាវៀតណាម និងអក្សរសាស្ត្រវៀតណាម មាននិស្សិត និងអ្នកសិក្សាថ្នាក់បណ្ឌិតជាង ១០០នាក់ កំពុងសិក្សា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយនឹងការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែច្រើនឡើងរវាងមូលដ្ឋាននានាក្នុងប្រទេសចិន រួមទាំងខេត្ត Chongqing ជាមួយវៀតណាមនោះ តម្រូវការធនធានមនុស្សដែលចេះភាសាវៀតណាមក៏កើនឡើងផងដែរ។ និស្សិតជំនាញភាសាវៀតណាមនៅសាកលវិទ្យាល័យ Sichuan បន្ទាប់ពីបញ្ចប់ការសិក្សាអាចរកការងារធ្វើដែលមានប្រាក់ខែខ្ពស់បានយ៉ាងងាយស្រួល៖
“នៅប្រទេសចិន បច្ចុប្បន្នមាននិន្នាការ ស្រាវជ្រាវអំពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសដែលស្ថិតនៅតាមបណ្ដោយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ'... បច្ចុប្បន្ននេះ ការសិក្សាវៀតណាមនៅប្រទេសចិនកំពុងត្រូវបានពេញនិយមខ្លាំងណាស់ មិនត្រឹមតែទាក់ទាញអ្នកស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងមាននិស្សិតទៀតផង”។
កញ្ញា Tang Xiaohe និស្សិតស្រីដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យភាសាបរទេស Sichuan បានចែករំលែកថា៖
“លោកគ្រូ Dien ជាគ្រូម្នាក់ដ៏ស្និទ្ធស្នាលជាមួយនិស្សិត ដូច្នេះយើងទាំងអស់គ្នាស្រឡាញ់លោកគ្រូខ្លាំងណាស់។ ប្រសិនបើអ្នកមានចម្ងល់ណាមួយ ខ្ញុំនឹងមិនស្ទាក់ស្ទើរទេ ប៉ុន្តែនឹងជួបលោកគ្រូដោយផ្ទាល់ ហើយសុំលោកគ្រូជួយ។ លោកគ្រូតែងតែឆ្លើយមកពួកយើងយ៉ាងក្លៀវក្លា។ ខ្ញុំក៏បានចូលរួមក្នុងមុខវិជ្ជាមួយរបស់លោកគ្រូក្នុងកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត នោះគឺអក្សរសាស្ត្រវៀតណាម។ តាមរយៈថ្នាក់រៀនរបស់លោកគ្រូ ខ្ញុំមានទិដ្ឋភាពទូទៅអំពីស្នាដៃអក្សរសាស្ត្រនិងអ្នកនិពន្ធគំរូរបស់វៀតណាមក្នុងសម័យកាលនីមួយៗ តាមនោះជួយឱ្យខ្ញុំទទួលបានការយល់ដឹងទូទៅអំពីអក្សរសាស្ត្រវៀតណាម”។
ក្រៅពីម៉ោងសិក្សាផ្លូវការ សប្តាហ៍សិក្សាជាក់ស្ដែងនៅពាក់កណ្ដាលឆមាសនីមួយៗ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ គឺជាទីធ្លាលេងវប្បធម៌ប្រកបដោយភាពស្អាតស្អំ មានអត្ថប្រយោជន៍ និងប្រសិទ្ធភាពជាក់ស្តែង ដែលជួយនិស្សិតជំនាញភាសាវៀតណាម អាចរៀន និងអនុវត្តន៍ជាក់ស្ដែងនូវភាសា និងវប្បធម៌វៀតណាម តាមរយៈសកម្មភាពដូចជា៖ សូត្រកំណាព្យ ឃោសនា ច្រៀងរាំ សំដែងល្ខោន មើលភាពយន្តវៀតណាម សរសេរអក្សរផ្ចង់វៀតណាម និងសំដែងសំលៀកបំពាក់ប្រពៃណីវៀតណាម ជាដើម។ ជាពិសេស ការចម្អិនម្ហូបបែបប្រពៃណីវៀតណាម តែងតែជាសកម្មភាពដែលនិស្សិតចិនទន្ទឹងរង់ចាំពិសេស។ លោកសាស្ត្រាចារ្យ La Van Thanh នាយកវិទ្យាស្ថានភាសាបូព៌ាបានចែករំលែកថាលោកគ្រូ Dien គឺជាគំរូក្នុងការងារ៖
“លោកគ្រូ Xuan Dien ជាគ្រូបង្រៀនបរទេសតាំងពីយើងបើកបង្រៀនជំនាញភាសាវៀតណាមនៅសាកលវិទ្យាល័យភាសាបរទេស Sichuan។ គាត់ជាគ្រូបង្រៀនដ៏ល្អណាស់ ដោយមានទំនួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ដល់និស្សិត។ លោកគ្រូបានណែនាំ និងជួយនិស្សិតជាច្រើននូវចំណេះដឹង ជាពិសេសជួយប្អូនៗស្វែងយល់និងទទួលបទពិសោធន៍អំពីវប្បធម៌វៀតណាម។ ក្នុងឆមាសនីមួយៗ យើងមានកម្មវិធីអនុវត្តជាក់ស្ដែងវប្បធម៌ លោកគ្រូ Dien តែងតែណែនាំនិស្សិតដោយផ្ទាល់ក្នុងការចម្អិនម្ហូបវៀតណាម ហើយមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាមួយសំលៀកបំពាក់ប្រពៃណីវៀតណាមផងដែរ”។
ដោយបានឃើញផ្ទាល់ភ្នែកនូវការផ្លាស់ប្តូររបស់និស្សិតចិននៅពេលសិក្សាភាសាវៀតណាម លោកគ្រូ Xuan Dien មានអារម្មណ៍កិត្តិយស និងមោទនភាពយ៉ាងខ្លាំងជាងនរណាទាំងអស់៖
“ឥឡូវនេះខ្ញុំឃើញប្អូនៗកាន់តែស្រឡាញ់ភាសាវៀតណាម ស្គាល់ដល់វៀតណាមកាន់តែច្រើន នេះជាកិត្តិយសសម្រាប់គ្រូបង្រៀនម្នាក់ ជាពិសេសក្នុងនាមជាគ្រូវៀតណាមម្នាក់ដែលបង្រៀនភាសាវៀតណាមនៅប្រទេសចិន។ ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ថា ខ្លួនមានទំនួលខុសត្រូវខ្ពស់ផងដែរ ពីព្រោះប្អូនៗកាន់តែមានតម្រូវការស្វែងយល់អំពីវប្បធម៌ ទឹកដីនិងមនុស្សវៀតណាម គឺគ្រូបង្រៀន ត្រូវរក្សាបាននូវអណ្ដាតភ្លើងនៃភាពក្លៀវក្លា ដើម្បីជួយប្អូនៗមានការជក់ចិត្តកាន់តែច្រើនថែមទៀត”។
កើត និងធំដឹងក្ដីនៅខេត្ត Hung Yen ហើយពីមនុស្សម្នាល់ដែលមិនចេះចម្អិនម្ហូប លោកគ្រូ Nguyen Xuan Dien ឥឡូវនេះ មិនត្រឹមតែអាចចម្អិនម្ហូបបែបប្រពៃណីវៀតណាមបានច្រើនមុខប៉ុណ្ណោះទេ ថែមទាំងបានបញ្ជូនក្ដីស្រឡាញ់ចំពោះម្ហូបអាហារ និងវប្បធម៌វៀតណាមដល់និស្សិតចិនពីជំនាន់មួយទៅជំនាន់មួយទៀត។ លោកគ្រូ Dien កំពុងមានបំណងចង់បើកហាងលក់ម្ហូបអាហារវៀតណាមនៅក្នុងបរិវេណសាកលវិទ្យាល័យរបស់គាត់ ដើម្បីផ្សព្វផ្សាយអំពីម្ហូបអាហារ ក៏ដូចជាទឹកដី មនុស្សនិងវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយដល់ជំនាន់វ័យក្មេងនៅប្រទេសចិន៕