លោកតា Lam Van Mau រួមជាមួយប្រជាជនប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នៅខេត្ត Lang Son

(VOVWORLD) - ទោះបីជាមានវ័យអាយុចាស់ជរាក៏ដោយ ប៉ុន្តែជារៀងរាល់ថ្ងៃ លោកនៅតែជិះកង់ ទៅដល់គ្រប់ច្រកល្ហកដើម្បីឃោសនាអំពីការបង្ការប្រឆាំងជម្ងឺកូវីដ ១៩។ នោះគឺលោក Lam Van Mau ពលរដ្ឋនៅភូមិ Cooc Mo ឃុំ Minh Son ស្រុក Huu Lung ខេត្ត Lang Son។ ការងាររបស់លោកបានរួមចំណែករីកសាយភាយស្មារតី “ប្រជាជនម្នាក់ៗគឺជាយុទ្ធជនម្នាក់នៅលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩”។

លោកតា Lam Van Mau រួមជាមួយប្រជាជនប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នៅខេត្ត Lang Son - ảnh 1លោកតា Lam Van Mau (ខាងស្ដាំ) ទៅឃោសនាពីការងារបង្ការប្រឆាំងជម្ងឺកូវីដ ១៩ ជូនប្រជាជនក្នុងភូមិ។ (រូបថត៖ VOV)
មានវ័យអាយុជាង៨០ឆ្នាំទៅហើយ ប៉ុន្តែកម្រមានពេលណា គេឃើញលោក Lam Van Mau សម្រាកនៅផ្ទះឡើយ។ ទោះជាគ្មានអ្នកណាប្រគល់ឬបែងចែកភារកិច្ចជូនលោកតាឡើយ ប៉ុន្តែជារៀងរាល់ថ្ងៃ លោក Mau តែងតែកត់ចំណាំព័ត៌មានស្ដីពីស្ថានភាពជម្ងឺរាតត្បាត ឬវិធានការ អនុសាសន៍បង្ការប្រឆាំងជម្ងឺរាតត្បាតរបស់អាជ្ញាធរនិងសមត្ថកិច្ចសុខាភិបាលដែលលោកបានស្ដាប់ពីវិទ្យុឬទូរទស្សន៍ ហើយពាំនាំយកទៅកាន់ផ្ទះនីមួយៗក្នុងភូមិ Cooc Mo ដើម្បីជូនដំណឹងដល់ប្រជាជន។ លោក Lam Van Mau បានសំណេះសំណាលថា៖
“ការប្រយុទ្ធប្រឆាំងនឹងជម្ងកូវីដ ១៩ ជាភារកិច្ចរួមរបស់ប្រជាជនទាំងមូល ដូច្នេះនៅពេលព្រឹកជារៀងរាល់ថ្ងៃ ខ្ញុំទៅជុំវិញភូមិ ឃោសនាឲ្យប្រជាជនបានដឹង។ ចៅៗក្នុងផ្ទះទៅធ្វើការអស់ហើយ ទើបខ្ញុំមានពេលទំនេរទៅឃោសនា រហូតដល់ម៉ោង១១ មកផ្ទះវិញដាំបាយឲ្យពួកចៅញាំ”។
នៅភូមិ Cooc Mo រូបភាពលោកតារួមជាមួយថង់ផ្ទុកម៉ាស់ ក្រដាស ដែលព្យួរនៅលើដៃកង់ចាស់ បានក្លាយទៅជារូបភាពស៊ាំជាមួយអ្នកភូមិ។ ប្រជាជនជាង២០០គ្រួសារក្នុងភូមិសុទ្ធតែចាត់ទុកលោកតាដូចសមាជិកគ្រួសារអញ្ចឹង ដែលច្រើនតែស្វែងរកដំបូន្មានពីលោកតា នៅពេលមានការងារអ្វីៗ។ លោក Vi Van Khen មេភូមិ Cooc Mo បានចែករំលែកថា៖
“លោក Mau ជាអ្នកមានកិត្យានុភាពក្នុងភូមិ។ សម្លេងរបស់លោកមានឥទ្ធិពលធំធេង ដែលអាចចលនាប្រជាជនប្រតិបត្តិតាមវិធានការបង្ការប្រឆាំងជម្ងឺរាតត្បាត។ លោកទៅផ្ទះនីមួយៗ ដើម្បីឃោសនា ចែករំលែកព័ត៌មានពាក់ព័ន្ធដល់ជម្ងឺរាតត្បាត។ ហើយសម្លេងនោះ ការឃោសនានោះ ត្រូវបានបងប្អូនគាំទ្រយ៉ាងខ្លាំងណាស់”។
លោក Lam Van Mau ជានិច្ចកាលអត់ធ្មត់ បញ្ចុះបញ្ចូលឲ្យប្រជាជនមិនត្រូវធ្វេសប្រហែសក្នុងការបង្ការប្រឆាំងជម្ងឺរាតត្បាត ហើយត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមវិធានការ ការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ លោកតែងតែចងចាំក្នុងចិត្តថា ប្រសិនបើចង់បង្ការទប់ស្កាត់រោគរាតត្បាតប្រកបដោយជោគជ័យ គឺត្រូវចលនាមហាជនឲ្យបានប៉ិនប្រសព និងជិតស្និទ្ធជាមួយប្រជាជន។         “ស្ថានភាពជម្ងឺឆ្លងស្មុគស្មាញណាស់ មិនអាចដឹងថា តើអ្នកណាត្រូវឆ្លង អ្នកណាមិនត្រូវឆ្លងនោះទេ។ នាគ្រាដំបូង យុវជនក្នុងភូមិមិនខ្លាចទេ ប៉ុន្តែក្រោយនោះគេក៏ផ្លាស់ប្ដូរហើយ។ ក្នុងភូមិឬនៅជុំវិញភូមិ គ្មានករណីឆ្លងជម្ងឺ គឺបងប្អូនក៏មានការនឹងនរចិត្តជាងមុន”។
អាស្រ័យដោយមានការក្រើនរំលឹក ការឃោសនារបស់លោក Lam Van Mau និងក្រុមសហគមន៍បង្ការប្រឆាំងកូវីដ ១៩ នោះ ប្រជាជនបានយល់ឃើញពីគ្រោះថ្នាក់បណ្ដាលមកពីជម្ងឺរាតត្បាត ហើយចាត់វិធានការបង្ការប្រឆាំងដោយម្ចាស់ការ តាមការណែនាំរបស់អាជ្ញាធរនិងកម្លាំងសុខាភិបាល។ លោក Ly Quoc Viet ប្រធានគណៈកម្មាធិការប្រជាជនឃុំ Minh Son ស្រុក Huu Lung ឲ្យដឹងថា៖    
“ក្រុមសហគមន៍បង្ការប្រឆាំងកូវីដ ១៩ និងតួនាទីរបស់សមាជិកម្នាក់ៗសុទ្ធតែមានសារសំខាន់ណាស់។ យើងតែងតែរៀបចំកិច្ចប្រជុំរវាងក្រុមសហគមន៍ ហើយក៏ឃោសនាអំពីគំរូល្អៗដូចលោក Lam Van Mau ដើម្បីមនុស្សគ្រប់រូបសិក្សាតាម។ មនុស្សដូចលោក Lam Van Mau បានចូលរួមចំណែកផ្សព្វផ្សាយនិងពង្រីកទម្រង់ក្រុមសហគមន៍បង្ការប្រឆាំងកូវីដ ១៩”។
មិនទាមទារប្រាក់ខែទេ ហើយលះបង់អស់ពីកម្លាំងកាយចិត្តធ្វើការដោយស្ម័គ្រចិត្ត ប៉ុន្តែលោក Lam Van Mau បានអនុវត្តន៍ការងារផ្ទាល់ខ្លួនដោយមានការទទួលខុសត្រូវខ្ពស់។ តាមរយៈការងារដ៏សាមញ្ញតែពោរពេញទៅដោយអត្ថន័យ លោកមិនត្រឹមតែរួមកម្លាំងកាយចិត្តជាមួយសហគមន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងជាគំរូអស់ពីចិត្តដើម្បីសហគមន៍ ដើម្បីឲ្យអ្នកស្រុកយកតម្រាប់តាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ