(VOVWORLD) - អស់រយៈពេលជិត ៤០ ឆ្នាំដែលផ្សាភ្ជាប់នឹងអាជីពការពារនិងថែទាំសុខភាពជូនប្រជាជន លោកវេជ្ជបណ្ឌិត Cu A Hong នាយកមជ្ឈមណ្ឌលសុខាភិបាលស្រុក Mu Cang Chai ខេត្ត Yen Bai មិនត្រឹមតែលះបង់ដោយអស់ពីចិត្តពីថ្លើមចំពោះការងារវិជ្ជាជីវៈរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងខិតខំប្រឹងប្រែងឃោសនា ដើម្បីរួមចំណែកផ្លាស់ប្តូរការយល់ដឹង ការពារជំងឺរបស់ប្រជាជននៅតំបន់ព្រៃភ្នំនេះទៀតផង។
លោកវេជ្ជបណ្ឌិត Cu A Hong នាយកមជ្ឈមណ្ឌលសុខាភិបាលស្រុក Mu Cang Chai
ខេត្ត Yen Bai។ (រូបថត៖ suckhoedoisong.vn) |
មួយថ្ងៃធ្វើការរបស់លោកវេជ្ជបណ្ឌិត Cu A Hong តែងតែមមាញឹកជាមួយនឹងការគ្រប់គ្រង ពិនិត្យអ្នកជំងឺដោយផ្ទាល់ និងកាន់កាំបិតវះកាត់... មិនត្រឹមតែប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត Cu A Hong និងសហការីក៏បានចំណាយពេលវេលា និងកម្លាំងកាយចិត្តសម្រាប់ការងារឃោសនានិងណែនាំប្រជាជននៅតំបន់ព្រៃភ្នំ អំពីការបង្ការទប់ស្កាត់ជំងឺឆ្លង ក្នុងអំឡុងពេលឆ្លងពីរដូវមួយទៅរដូវមួយទៀត។ ជាពិសេស ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ លោកនិងសហការីបានណែនាំដោយផ្ទាល់ដល់ប្រជាពលរដ្ឋអំពីវិធីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។
“មជ្ឈមណ្ឌលសុខាភិបាលបានដឹកនាំផ្នែកមុខងារនានា ជាពិសេសផ្នែកគ្រប់គ្រងជំងឺរាតត្បាត ត្រូវកសាងផែនការឃោសនា សម្របសម្រួលជាមួយផ្នែកដទៃទៀតនៃស្រុក ជាពិសេសផ្នែកសារព័ត៌មាន ដើម្បីធ្វើការឃោសនាតាមអូបាល័ វិទ្យុ និងមធ្យោបាយផ្សព្វផ្សាយមហាជននានា។ យើងក៏បានឃោសនាដោយផ្ទាល់ ដោយរៀបចំក្រុមការងារចុះមូលដ្ឋានឃុំ ដើម្បីជួបជុំជាមួយប្រជាពលរដ្ឋ រៀបចំការឃោសនានៅពេលយប់អំពីការបង្ការទប់ស្កាត់ជំងឺរាតត្បាតផងដែរ”។
កើតនិងធំដឹងក្ដីនៅស្រុកព្រៃភ្នំ Mu Cang Chai នាឆ្នាំ ១៩៧៩ យុវជនម្នាក់ជនជាតិ Mong ឈ្មោះ Cu A Hong ដែលពេលនោះទើបមានអាយុ ១៧ ឆ្នាំប៉ុណ្ណោះ បានព្យាយាមធ្វើដំណើរចម្ងាយ ១០០ គីឡូម៉ែត្រតាមផ្លូវព្រៃដើម្បីទៅសិក្សានៅសាលាមធ្យមវេជ្ជសាស្ត្រ Yen Bai។ នៅឆ្នាំ១៩៨៤ លោក Cu A Hong បន្តការសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Bac Thai (សព្វថ្ងៃជាសកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Nguyen ខេត្ត Thai Nguyen)។ ៤ឆ្នាំក្រោយមក លោក Cu A Hong បានសម្រេចចិត្តវិលត្រឡប់មកធ្វើការនៅស្រុក Mu Cang Chai ដោយមានបំណងចង់ព្យាបាលជំងឺជូនបងប្អូនជនរួមជាតិនៅមូលដ្ឋាន។
លោកវេជ្ជបណ្ឌិត Cu A Hong បានចែករំលែកថា៖ នៅពេលនោះ ស្រុកនៅជួបការលំបាកជាច្រើន ខ្វះខាតសម្ភារៈបរិក្ខារ ហើយការយល់ដឹងរបស់ប្រជាជននៅមានកម្រិតនៅឡើយ។ ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត Cu A Hong និងសហការី មិនខ្លាចការលំបាកនោះទេ ដោយបានទៅកាន់ភូមិនានា ធ្វើការឃោសនាដើម្បីលើកកម្ពស់ការយល់ដឹងរបស់ជនរួមជាតិជនជាតិ Mong អំពីការពារជំងឺ ហូបអាហារឆ្អិន ផឹកទឹកដាំពុះ បោសសម្អាតផ្ទះ ហើយចាំបាច់ត្រូវនាំអ្នកជំងឺក្នុងគ្រួសារទៅមន្ទីរពេទ្យ ជាដើម។
“ពេលមកធ្វើការនៅទីនេះ ខ្ញុំត្រឹមតែគិតថា ទីមួយគឺខ្ញុំស្រឡាញ់ការងារនេះ ទីពីរគឺគ្រួសារខ្ញុំរស់នៅទីនេះ ហើយទីបី ខ្ញុំមកទីនេះដើម្បីថែទាំសុខភាពដល់ប្រជាជន ទោះបីជាជីវភាពរស់នៅនៅតែមានការលំបាកជាច្រើនក៏ដោយ។ ចាប់ពីពេលនោះមក ខ្ញុំបានប្ដេជ្ញាចិត្តស្នាក់នៅ ដើម្បីលះបង់សម្រាប់ស្រុកកំណើត Mu Cang Chai”។
មជ្ឈមណ្ឌលសុខាភិបាលស្រុក Mu Cang Chai ថ្វីត្បិតតែមិនអាចប្រៀបធៀបនឹងមន្ទីរពេទ្យធំ ៗ នៅតំបន់វាលទំនាបក៏ដោយ ប៉ុន្តែត្រូវបានសាងសង់យ៉ាងទំលំទូលាយ ស្អាតបាតជាងមុន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។ អ្នកស្រី Giang Thi Co នៅភូមិ Trong Tong ឃុំ La Pan Tan ស្រុក Mu Cang Chai បានឲ្យដឹងថា៖
“កាលពីមុន អ្នកស្រុកព្រៃភ្នំដូចពួកយើង ត្រឹមតែសម្រាលកូនតែនៅផ្ទះប៉ុណ្ណោះ ពេលធ្លាក់ខ្លួនឈឺ គឺអញ្ជើញលោកអាចារ្យ គ្រូសែនមក។ ឥឡូវនេះយើងទៅមន្ទីរពេទ្យហើយ។ ពេលទៅមន្ទីរពេទ្យ យើងត្រូវបានលោកវេជ្ជបណ្ឌិត Hong និងគ្រូពេទ្យផ្សេងទៀតថែទាំ ណែនាំយ៉ាងយកចិត្តទុកដាក់”។
មិនត្រឹមតែលះបង់សម្រាប់អាជីពនិងអ្នកជំងឺ ប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត Cu A Hong ក៏ជួយសហការីដោយអស់ពីចិត្តទៀតផង។ លោកតែងតែចំណាយពេលដើម្បីណែនាំ និងតម្រង់ទិសសម្រាប់គ្រូពេទ្យវ័យក្មេង; ផ្លាស់ប្តូរ និងពិភាក្សាជាមួយសហការីអំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេសថ្មីៗ ផងដែរ។ លោកវេជ្ជបណ្ឌិត Giang A Lu នៃមជ្ឈមណ្ឌលសុខាភិបាលស្រុក Mu Cang Chai បានចែករំលែកថា៖
“លោកវេជ្ជបណ្ឌិត Hong បានលះបង់ពេញមួយជីវិតរបស់ខ្លួនសម្រាប់ដំណើរថែទាំនិងការពារសុខភាពប្រជាជន។ លោកជាគំរូដ៏ភ្លឺស្វាងមួយសម្រាប់ជំនាន់គ្រូពេទ្យវ័យក្មេងទាំងមូលនៅស្រុក Mu Cang Chai សិក្សារៀនសូត្រនិងធ្វើតម្រាប់តាម”។
មានអាយុ ៦១ ឆ្នាំ ហើយចំណាយពេលប្រហែល ៤០ ឆ្នាំសម្រាប់កិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងបុព្វហេតុថែទាំសុខភាពប្រជាជនបណ្ដាជនជាតិនៅស្រុក Mu Cang Chai លោកវេជ្ជបណ្ឌិត Cu A Hong បានទទួលប័ណ្ណសរសើរជាច្រើនពីនាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រជាជនខេត្ត Yen Bai.... ជាពិសេសក្នុងឆ្នាំ ២០២០ លោកត្រូវបានប្រគល់កិត្តិនាមជាវេជ្ជបណ្ឌិតឆ្នើម៕