លោកស្រី Duong Thi Kim Dung ស្ត្រីម្នាក់អស់ពីចិត្តដើម្បីសហគមន៍

(VOVWORLD) - លោកស្រី Duong Thi Kim Dung នៅសង្កាត់លេខ៥ ខ័ណ្ឌលេខ៣ ទីក្រុងហូជីមិញ ត្រូវបានគេស្គាល់ដល់ថា ជាមនុស្សម្នាក់ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ ហើយតែងតែជួយអ្នកដែលមានស្ថានភាពលំបាកក្នុងអំឡុងពេល៣០ឆ្នាំកន្លងមក។ ជាពិសេស ក្នុងអំឡុងពេលជិត១០ឆ្នាំជាប់ៗគ្នា លោកស្រី Dung និងគ្រួសារបានទទួលចិញ្ចឹមនិស្សិតក្រីក្ររាប់រយនាក់ដោយឥតគិតថ្លៃនៅក្នុងផ្ទះរបស់ខ្លួន។

លោកស្រី Duong Thi Kim Dung ស្ត្រីម្នាក់អស់ពីចិត្តដើម្បីសហគមន៍ - ảnh 1លោកស្រី Duong Thi Kim Dung។

កាលពី៣០ឆ្នាំមុន លោកស្រី Kim Dung បានចូលរួមសមាគមនារីសប្បុរសធម៌ទីក្រុងហូជីមិញ។ ក្រោយរយៈពេលមួយ លោកស្រីឃើញថា លទ្ធភាពរបស់ខ្លួនអាចជួយមនុស្សជាច្រើនបាន ទើបសម្រេចបង្កើតក្រុមស្ម័គ្រចិត្ត Thu Dung ។ ក្រុមបានទៅកាន់កន្លែងជាច្រើននៅទូទាំងប្រទេស ប្រគល់ជូនផ្ទះមេត្តាធម៌ សាងសង់ស្ពានសម្រាប់សិស្សានុសិស្សបានទៅសាលារៀនប្រកបដោយសុវត្ថិភាព ហើយប្រគល់អំណោយដល់កុមារក្រីក្រ កុមារពិការជាច្រើនផងដែរ។ បន្ទាប់ពីដំណើរនីមួយៗ លោកស្រី Dung បានជួបជាមួយមិត្តវ័យក្មេងជាច្រើនដែលសង្វាតសិក្សារៀនសូត្រ ប៉ុន្តែដោយសារគ្រួសារមានស្ថានភាពលំបាក គេត្រូវ ចោលការសិក្សាដើម្បីទៅធ្វើការស៊ីឈ្នួល។ ចាប់តាំងពីពេលនោះមក លោកស្រី Dung មានបំណងទទួលចិញ្ចឹមយុវជនក្រីក្រដែលមានឆន្ទៈឈានឡើងក្នុងការសិក្សា។ លោកស្រី Dung បានរំលឹកឡើងវិញថា៖

“មានពេលមួយ ខ្ញុំទៅជូនផ្ទះមេត្តាធម៌ ពេលទៅខាងក្រោយផ្ទះបាយ ខ្ញុំឃើញកុមារាម្នាក់ចេញទៅកណ្ដាលវាល យកពន្លឺព្រះអាទិត្យដើម្បីសិក្សា។ ខ្ញុំបានសំណេះសំណាលជាមួយកុមារនោះ ទើបដឹងថា គាត់ចូលចិត្តការសិក្សាខ្លាំងណាស់ ប៉ុន្តែគ្រួសារក្រីក្រពេក។ ហើយខ្ញុំបានទទួលចិញ្ចឹមកុមារាម្នាក់នោះរហូតដល់ពេលធំដឹងក្ដី រៀនសូត្របានចប់ចុងចប់ដើម ប្រឡងជាប់ហើយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ រកបានការងារធ្វើ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានសម្រេចចិត្តទទួលចិញ្ចឹមនិស្សិតក្រីក្រ ប៉ុន្តែត្រូវតែមានឆន្ទៈក្នុងការសិក្សា”។

វេជ្ជបណ្ឌិត Nguyen Thi Tuyet Anh ធ្វើការនៅមន្ទីរពេទ្យ Cu Chi ធ្លាប់ជាមនុស្សម្នាក់ដែលត្រូវបានលោកស្រី Dung ទទួលចិញ្ចឹម។ វេជ្ជបណ្ឌិតស្រីវ័យក្មេងរូបនេះបានរៀបរាប់ថា នៅឆ្នាំ២០១៤ បន្ទាប់ពីប្រឡងជាប់សកលវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហូជីមិញ គ្រួសាររបស់នាងមិនមានសមត្ថភាពដើម្បីបញ្ជូននាងទៅសិក្សានៅទីក្រុងនោះទេ។ ជាសំណាងល្អ ពេលនោះលោកស្រី Dung កំពុងទៅចែកអាហារូបករណ៍នៅស្រុក Cu Chi ហើយបានដឹងពីស្ថានភាពរបស់ Tuyet Anh ហើយបានទទួលចិញ្ចឹមនិស្សិតក្រីក្រតែមានកម្លាំងចិត្តខ្លាំងក្លានេះ។ វេជ្ជបណ្ឌិត Tuyet Anh បានចែករំលែកថា៖

“លើកដំបូងជួបមីង ខ្ញុំមិននឹកស្មានថា មានមនុស្សល្អបែបនេះទេ។ ពេលមកផ្ទះមីងហើយ មីងតែងតែអធ្យាស្រ័យ ប្រៀនប្រដៅខ្ញុំបន្តិចម្តងៗ។ ខ្ញុំដឹងគុណមីងច្រើនណាស់។ ក្រោយមក ខ្ញុំមានការងារធ្វើស្ថិរភាពហើយ ខ្ញុំបន្តពិនិត្យព្យាបាលជំងឺសម្រាប់ជនក្រីក្រ ដោយឡែកកុមារក្រីក្រគឺមិនគិតថ្លៃទេ”។

លោកស្រី Duong Thi Kim Dung ស្ត្រីម្នាក់អស់ពីចិត្តដើម្បីសហគមន៍ - ảnh 2ហាងបាយសប្បុរសធម៌របស់លោកស្រី Kim Dung បានជួយឲ្យជនក្រីក្រជាច្រើននាក់មានការងារធ្វើ។

អ្នកស្រី Tuyet Anh ជានិស្សិតជំនាន់ទីមួយដែលត្រូវបានលោកស្រី Dung ទទួលចិញ្ចឹមបីបាច់ដោយមិនគិតថ្លៃ។ ប៉ុន្មានឆ្នាំបន្ទាប់នោះ លោកស្រីបន្តទទួលជំនាន់ថ្មី។ ផ្ទះ៣ជាន់ត្រូវបានគេជួសជុលឡើងវិញ ជាន់ផ្ទាល់ដី និងមួយផ្នែកនៃជាន់ទីមួយ ត្រូវបានប្រើប្រាស់សម្រាប់លក់បាយ ជាន់ទីពីរជាកន្លែងស្នាក់នៅរបស់គ្រួសារលោកស្រី។ ចំណែកឯជាន់ទី៣ទាំងមូល និងមួយផ្នែកនៃជាន់ទី១ លោកស្រីបានចែកជា៤បន្ទប់សម្រាប់និស្សិតស្នាក់នៅ។ មិនត្រឹមតែនិស្សិតវៀតណាមនោះទេ លោកស្រី Kim Dung ក៏ជួយឧបត្ថម្ភនិស្សិតឡាវទៀតផង។ កាលពីឆ្នាំ២០១៨ ទីក្រុងហូជីមិញបានរៀបចំកម្មវិធី និស្សិតឡាវនិងគ្រួសារវៀតណាម។ លោកស្រី Dung បានទទួលចិញ្ចឹមនិស្សិតឡាវ ២ នាក់ក្នុងរយៈពេល ៣ ខែ។ ៣ខែក្រោយនោះ និស្សិតបរទេសទាំងពីរនាក់នេះ ចង់បន្តស្នាក់នៅជាមួយគ្រួសាររបស់លោកស្រី ដូច្នេះគេបានសុំស្នាក់នៅក្នុងអំឡុងពេល ៦ ឆ្នាំនៅឧត្តមសិក្សាហើយបានអញ្ជើញមិត្តពីរនាក់ទៀតមកស្នាក់នៅ។ ក្នុងរយៈពេលរស់នៅក្រោមដំបូលផ្ទះរួម លោកស្រី Dung ច្រើនតែសំណេះសំណាលជាមួយនិស្សិតឡាវអំពីវប្បធម៌ ម្ហូបអាហារវៀតណាមនិងសកម្មភាពដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ នៅក្នុងផ្ទះរបស់លោកស្រី Kim Dung អ្នកណាក៏មានអារម្មណ៍ថា គ្មានខ្សែបន្ទាត់រវាងអ្នកសុំស្នាក់នៅនិងម្ចាស់ផ្ទះឡើយ គឺមានតែសេចក្តីស្រឡាញ់រវាងអ្នកម្តាយចំណាស់និងកូនៗប៉ុណ្ណោះ។ លោក Ly Phong Quoc អ្នកជិតខាងរបស់លោកស្រី Dung ឲ្យដឹងថា៖

“មីង Dung ជាមនុស្សម្នាក់ដ៏ស្មោះត្រង់និងម៉ឺងម៉ាត់។ ទោះជាយ៉ាងនេះក្តី ក្នុងភាពម៉ឺងម៉ាត់នោះ គឺជាសេចក្ដីស្រឡាញ់ អ្នកណាដែលមានការលំបាក មីងតែងតែត្រៀមខ្លួនជួយ”។

ដោយមើលឃើញកូនចិញ្ចឹមទទួលបានជោគជ័យ សាមគ្គីគ្នាហើយមានទឹកចិត្តមេត្តា នោះគឺក្ដីសុភមង្គលធំបំផុតសម្រាប់លោកស្រី Dung។ ហេតុផលដែលលោកស្រីធ្វើការងារសប្បុរសធម៌ ទទួលចិញ្ចឹមមនុស្សមិនធ្លាប់ស្គាល់ មិនត្រឹមតែដើម្បីក្ដីសប្បាយរីករាយនៅពេលបង្ហាញសេចក្តីស្រឡាញ់រវាងមនុស្សជាមួយមនុស្សប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវ និងកាតព្វកិច្ចចំពោះជនរួមជាតិ និងមាតុភូមិផងដែរ។ លោកស្រី Dung សង្ឃឹមថា សកម្មភាពរបស់ខ្លួននឹងត្រូវបានពង្រីកយ៉ាងទូលំទូលាយ តាមនោះរួមចំណែកកសាងសង្គមឲ្យកាន់តែល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ