លោកស្រីវេជ្ជបណ្ឌិត Pham Thi Bich Dao - អ្នកត្រួសត្រាយផ្ដួចផ្ដើមគំនិតអំពីគម្រោងមន្ទីរពេទ្យផ្កាយរណបថ្នាក់ស្រុកនិងការពិនិត្យព្យាបាលជំងឺពីចម្ងាយ
(VOVWORLD) - លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Pham Thi Bich Dao បច្ចុប្បន្នជាវេជ្ជបណ្ឌិតនិងជាប្រធានដេប៉ាតឺម៉ង់ពិនិត្យនិងព្យាបាលតាមតម្រូវការនៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ ដោយមានបទពិសោធន៍ជាង ២៥ ឆ្នាំផ្នែកឯកទេសត្រចៀក-ច្រមុះ-បំពង់ក។ លោកស្រីគឺជាវេជ្ជបណ្ឌិតដំបូងគេបានផ្ដួចផ្ដើមគំនិតអំពីគម្រោង "មន្ទីរពេទ្យផ្កាយរណបថ្នាក់ស្រុក" ដែលបើកឱកាសសម្រាប់មន្ទីរពេទ្យថ្នាក់ស្រុកទទួលបានបច្ចេកទេសឯកទេស ជួយប្រជាពលរដ្ឋទទួលបានសេវាកម្មសុខាភិបាលប្រកបដោយគុណភាពខ្ពស់ កាត់បន្ថយថ្លៃដឹកជញ្ជូនអ្នកជំងឺ និងស្ថានការណ៍ផ្ទុកអ្នកជំងឺលើសលុបសម្រាប់មន្ទីរពេទ្យថ្នាក់មជ្ឈិម។
លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Pham Thi Bich Dao។ (រូបថត៖ VOV) |
នៅឆ្នាំ ២០១៥ មុនពេលគម្រោង "មន្ទីរពេទ្យផ្កាយរណបថ្នាក់ស្រុក" កកើតឡើង នៅប្រទេស វៀតណាម មានមន្ទីរពេទ្យជាច្រើនបានអនុវត្តន៍គម្រោង "មន្ទីរពេទ្យផ្កាយរណប" ហើយ។ ទោះជាយ៉ាងណាក៏ដោយ នេះជាគំរូនៃការផ្ទេរបច្ចេកទេសពីថ្នាក់មជ្ឈិមទៅថ្នាក់ខេត្ត ហើយពីថ្នាក់ខេត្តបន្ទាប់មកបន្តផ្ទេរទៅថ្នាក់ស្រុក។ គំរូនេះនៅពេលដាក់ឲ្យប្រតិបត្តិការ បានបង្ហាញឲ្យឃើញពីគុណវិបត្តិមួយចំនួន ដែលធ្វើឲ្យការងារពិនិត្យ ព្យាបាលជំងឺនៅថ្នាក់ស្រុកមិនមានប្រសិទ្ធភាពខ្ពស់ទេ។ ចាប់ពីដំណើរទៅពិនិត្យព្យាបាលជំងឺសប្បុរសធម៌នៅតាមស្រុកឆ្ងាយដាច់ស្រយាលនៅខេត្តព្រៃភ្នំភាគខាងជើង លោកស្រីវេជ្ជបណ្ឌិត Bich Dao បានសញ្ចឹងគិតពីការផ្លាស់ប្ដូរមួយ៖
“យើងខ្ញុំយល់ឃើញថា ការលើកកម្ពស់គុណភាពវិជ្ជាជីវៈសម្រាប់ជួរវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យថ្នាក់ស្រុកគឺជាតម្រូវការចាំបាច់ណាស់។ ការតភ្ជាប់ដោយផ្ទាល់ពីថ្នាក់មជ្ឈិមដល់ថ្នាក់ស្រុកនឹងជួយគាំទ្រវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៅថ្នាក់ស្រុកនេះបានយ៉ាងច្រើនណាស់”។
ក្នុងអំឡុងពេលដាក់ឲ្យដំណើរការនូវគំរូថ្មី វេជ្ជបណ្ឌិត Bich Dao និងសហការី បានចុះទៅមន្ទីរពេទ្យថ្នាក់ស្រុកមួយចំនួន ក្នុងនោះមានមន្ទីរពេទ្យស្រុក Muong Khuong ខេត្ត Lao Cai ដើម្បីប្រតិបត្តិការសាកល្បងដោយផ្ទាល់៖
“សម្រាប់មន្ទីពេទ្យ Muong Khuong ពេលយើងមកពិនិត្យព្យាបាលក្នុងដំណាក់កាលដំបូង មានអ្នកជំងឺពី ៥០ ដល់ ១០០នាក់មកពិនិត្យក្នុងមួយថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីក្លាយជាមន្ទីរពេទ្យផ្កាយរណបនៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ យើងបានទទួលអ្នកជំងឺពី ៥០០ ដល់ ៦០០ នាក់មកពិនិត្យនៅមន្ទីរពេទ្យស្រុក Muong Khuong ក្នុងមួយថ្ងៃ។ តាមរយៈតួរលេខទាំងនេះ យើងឃើញថា ប្រជាពលរដ្ឋកាន់តែពេញចិត្តចំពោះគុណភាពនៃការពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យថ្នាក់ស្រុក”។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ពិគ្រោះពីចម្ងាយតាមរយៈវេទិកា TeleHealth ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។ (រូបថត៖ VOV) |
ជោគជ័យដំបូងនៃមន្ទីរពេទ្យ Muong Khuong គឺជាការលើកទឹកចិត្តសម្រាប់វេជ្ជបណ្ឌិត Pham Thi Bich Dao ដើម្បីខិតខំប្រឹងប្រែងប្រែក្លាយគម្រោង "មន្ទីរពេទ្យផ្កាយរណបថ្នាក់ស្រុក" ទៅជាគំរូជាក់ស្តែងនៅតាមមូលដ្ឋានជាច្រើនទៀតក្នុងទូទាំងប្រទេស។ ជាពិសេស ក្នុងអំឡុងពេលអនុវត្តន៍ការរក្សាគម្លាតសង្គម ដោយសារជំងឺរាតត្បាត Covid-19 មន្ទីរពេទ្យផ្កាយរណបថ្នាក់ស្រុក បានបង្ហាញឲ្យឃើញប្រសិទ្ធភាព ដែលអ្នកជំងឺមិនចាំបាច់ទៅឆ្ងាយទេ ប៉ុន្តែនៅតែទទួលបានការពិនិត្យព្យាបាលប្រកបដោយប្រសិទ្ធភាពនៅហ្នឹងថ្នាក់ស្រុក។
“មានជនចំណាស់ម្នាក់ក្នុងដំណាក់កាលនៃជំងឺរាតត្បាត មានជំងឺរលាកសួត និងទឹកចូលស្រោមសួត។ មុននេះ មន្ទីរពេទ្យស្រុកមិនអាចដោះស្រាយករណីបែបនេះបានទេ ពួកគេត្រូវដឹកជញ្ជូនអ្នកជំងឺពីមន្ទីរពេទ្យ Muong Khuong ទៅហាណូយអស់រយៈពេល ៦ ម៉ោង។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានពិគ្រោះករណីនេះតាមរយៈ telehealth ដែលជាកម្មវិធីបច្ចេកវិទ្យាព័ត៌មានសម្រាប់ការពិនិត្យជំងឺពីចម្ងាយ ពួកយើងបានជួយបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ Muong Khuong ដើម្បីដោះស្រាយករណីនោះ ហើយអ្នកជំងឺបានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យក្រោយពី ១ សប្តាហ៍។ ពេលយើងត្រឡប់ទៅធ្វើការជាមួយមន្ទីរពេទ្យ Muong Khuong គេបានទៅកាន់មន្ទីរពេទ្យផ្ទាល់ដើម្បីថ្លែងអំណរគុណ។ យើងឃើញថាការងារដែលយើងធ្វើបាននាំមកនូវផលប្រយោជន៍ពិតប្រាកដ”។
ទន្ទឹមនឹងការងារពិនិត្យព្យាបាល និងស្រាវជ្រាវឯកទេស វេជ្ជបណ្ឌិត Pham Thi Bich Dao ក៏ជាគ្រូបង្រៀនជាន់ខ្ពស់ខាងជំនាញត្រចៀក-ច្រមុះ-បំពង់ក នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។ បច្ចុប្បន្ននេះ ក្នុងវ័យអាយុជាង ៥០ឆ្នាំ ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងដែលស្រូបយកបានក្នុងអំឡុងពេលជាង ២៥ ឆ្នាំប្រកបអាជីពនេះ លោកស្រីនៅតែចង់រីកសាយភាយស្មារតីខ្លៀវក្លាចំពោះវិជ្ជាជីវៈដល់និស្សិត និងសិក្ខាកាមជំនាន់ក្រោយៗ។
“ការប្រាស្រ័យទាក់ទងយ៉ាងញឹកញាប់ជាមួយអ្នកជំងឺបានផ្តល់ឱ្យខ្ញុំនូវភាពខ្លៀវក្លា។ ហើយនៅពេលចូលរួមក្នុងការបង្រៀន និងប្រាស្រ័យជាមួយសិស្ស ខ្ញុំក៏ចង់បំផុសគំនិតពីការងារប្រចាំថ្ងៃរបស់ខ្ញុំ។ រូបខ្ញុំផ្ទាល់តែងតែគិតថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន ទោះបីជាព្យាយាមយ៉ាងណាក៏ដោយ ក៏ខ្ញុំអាចព្យាបាលឲ្យអ្នកជំងឺមួយចំនួនបានដែរ។ ប៉ុន្តែនៅពេលដែលខ្ញុំបញ្ជូនចំណេះដឹង និងភាពក្លៀវក្លារបស់ខ្ញុំទៅឲ្យកូនសិស្ស ពួកគេអាចរីកសាយភាយដល់គ្រប់តំបន់ទូទាំងប្រទេស ដូច្នេះហើយ នឹងជួយបានចំនួនអ្នកជំងឺកាន់តែច្រើនផងដែរ”។
លោកស្រីវេជ្ជបណ្ឌិត Pham Thi Bich Dao ជានិច្ចកាលក្រើនរំលឹកខ្លួនឯងថាត្រូវខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីបំពេញឲ្យបានល្អថែមទៀត នូវតួនាទីជាអ្នកថែទាំសុខភាពរបស់អ្នកជំងឺ។ សម្រាប់លោកស្រី ក្ដីសប្បាយរីករាយរបស់អ្នកជំងឺនៅពេលត្រូវបានព្យាបាលឲ្យជាសះស្បើយ គឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងដំណើរព្យាបាលសង្គ្រោះមនុស្ស៕