លោកសាស្ត្រាចារ្យរង Phan Trong Thuong៖ អ្នកមានការរួមចំណែកដ៏ធំធេងក្នុងវិស័យអក្សរសាស្ត្រវៀតណាម

(VOVWORLD) - សំណង់ស្នាដៃ "បញ្ហាស្ដីពីទ្រឹស្តីនិងប្រវត្តិសាស្រ្តនៃអក្សរសាស្ត្រវៀតណាមសម័យទំនើប" របស់លោកសាស្ត្រាចារ្យរង បណ្ឌិត Phan Trong Thuong គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃចំនួន ១៧ ដែលត្រូវបានប្រគល់រង្វាន់រដ្ឋផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវដ្តទី ៦ នៅពិធីប្រគល់រង្វាន់ដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា នៅរោងមហោស្រព រដ្ឋធានីហាណូយ។ ស្នាដៃនេះត្រូវបានគេវាយតម្លៃខ្ពស់ ដោយបានកំណត់អត្តសញ្ញាណ និងបកស្រាយបំភ្លឺពីសមទ្ធិផលផ្នែកអក្សរ សាស្ត្រក្នុងយុគសម័យផ្លាស់ប្ដូរថ្មី ហើយតម្រង់ទិសសម្រាប់ការអភិវឌ្ឍទ្រឹស្តីអក្សរសាស្ត្រ។

លោកសាស្ត្រាចារ្យរង Phan Trong Thuong៖ អ្នកមានការរួមចំណែកដ៏ធំធេងក្នុងវិស័យអក្សរសាស្ត្រវៀតណាម - ảnh 1លោកសាស្ត្រាចារ្យរង បណ្ឌិត Phan Trong Thuong អនុប្រធានប្រចាំការនៃគណៈកម្មាធិការទ្រឹស្តី និងរិះគន់អក្សរសាស្ត្រសិល្បៈមជ្ឈិម។ (រូបថត៖ VTCNews)

សំណង់ស្នាដៃស្រាវជ្រាវ "បញ្ហាស្ដីពីទ្រឹស្តីនិងប្រវត្តិសាស្រ្តនៃអក្សរសាស្ត្រវៀតណាមសម័យទំនើប" របស់លោកសាស្ត្រាចារ្យរង បណ្ឌិត Phan Trong Thuong រួមមានស្នាដៃគំរូចំនួន ៣ នោះគឺ៖ បញ្ហាស្ដីពីទ្រឹស្តីនៃប្រវត្តិសាស្រ្តល្ខោនវៀតណាមនៅដើមសតវត្សទី ២០; អក្សរសាស្ត្រ - ដំណើរការនៃអ្នកនិពន្ធនិងស្នាដៃ; ការផ្ទៀងផ្ទាត់តម្លៃអក្សរសាស្ត្រ។ ស្នាដៃនីមួយៗ មានចរិតលក្ខណៈប្រវត្តិសាស្ត្រស្របតាមដំណាក់កាលនីមួយៗនៃការអភិវឌ្ឍសង្គម និងការអភិវឌ្ឍប្រទេសជាតិ។ យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត Pham Quang Long សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិហាណូយបានឲ្យដឹងថា សំណង់ស្នាដៃនេះបានបង្ហាញថា អ្នកនិពន្ធបានកំណត់អត្តសញ្ញាណហើយពន្យល់អំពីបាតុភូតអក្សរសាស្ត្រជាក់លាក់៖

“នៅក្នុងសំណង់ស្នាដៃរបស់លោក Phan Trong Thuong បញ្ហាទ្រឹស្តី ខ្លឹមសារ ការតម្រង់ទិសមនោគមវិជ្ជា និងបាតុភូតអក្សរសាស្ត្រដ៏លេចធ្លោក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់ ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងការវាយតម្លៃត្រឹមត្រូវ។ នោះមិនត្រឹមតែជាយោបល់របស់បុគ្គលម្នាក់ដែលទាក់ទងនឹងវិស័យចង្អៀតមួយប៉ុណ្ណោះទេ ប៉ុន្តែក្នុងឋានៈរបស់លោក Thuong ជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាទ្រឹស្តីនិងរិះគន់អក្សរសាស្ត្រសិល្បៈមជ្ឈិម មុននេះជាប្រធានវិទ្យាស្ថានអក្សរសាស្ត្រនោះ បានលើកឡើងខ្លឹមសារជាសារវ័ន្តបំផុតនៃបញ្ហាទាំងនោះ”។

យោងតាមការវាយតម្លៃរបស់ក្រុមប្រឹក្សាមេប្រយោគនៃពានរង្វាន់ និងអ្នកជំនាញជាច្រើន សំណង់ស្នាដៃ "បញ្ហាស្ដីពីទ្រឹស្តីនិងប្រវត្តិសាស្រ្តនៃអក្សរសាស្ត្រវៀតណាមសម័យទំនើប" របស់លោកសាស្ត្រាចារ្យរង បណ្ឌិត Phan Trong Thuong មានអត្ថបទសរសេរនានាសម្បូរទៅដោយលក្ខណៈទ្រឹស្តី ស្ដីពីប្រធានបទប្រវត្តិសាស្ត្រ ចរិតលក្ខណៈធម្មជាតិនៃអក្សរសាស្ត្រ ការនិពន្ធដោយសេរី អំពីទ្រឹស្តីអក្សរសាស្ត្រ សិល្បៈជាមួយនឹងការអប់រំបុគ្គលលក្ខណៈ និងរបៀបរស់នៅ សម្រាប់មនុស្ស តួនាទីព្យារកណ៍នៃអក្សសាស្ត្រ និងទិសដៅអភិវឌ្ឍន៍ទ្រឹស្ដីអក្សរសាស្ត្រសិល្បៈ ជាដើម។ លោកសាស្ត្រាចារ្យ Phan Trong Thuong បានចែករំលែកអំពីស្នាដៃស្រាវជ្រាវរបស់ខ្លួនយ៉ាងដូច្នេះថា៖

“មុនខ្ញុំ មានរៀមច្បងជាច្រើនទៀត បានធ្វើការស្រាវជ្រាវលើបញ្ហានេះហើយ។ ខ្ញុំក៏ទទួលមរតកនូវស្នាដៃស្រាវជ្រាវរបស់អ្នកជំនាន់មុន ក្រេបយកបទពិសោធន៍ស្រាវជ្រាវរបស់គេ ហើយជាពិសេសជ្រើសរើសបញ្ហាដែលអ្នកជំនាន់មុនបានលើកឡើង ប៉ុន្តែមិនទាន់ដោះស្រាយដល់ទីបញ្ចប់ ដើម្បីយកមកសិក្សាបន្ថែមទៀត។ ខ្ញុំមិនមែនជាអ្នកត្រួសត្រាយផ្លូវទេ ប៉ុន្តែខ្ញុំនឹងបន្តស្រាវជ្រាវ ពីព្រោះអាជីពស្រាវជ្រាវ នៅបើកទិសដៅផ្សេងៗជាច្រើនទៀត”។

លោកសាស្ត្រាចារ្យរង បណ្ឌិត Phan Trong Thuong បានចំណាយរយៈពេលជាច្រើនឆ្នាំសម្រាប់អាជីពស្រាវជ្រាវរបស់ខ្លួន។ លោកបានផ្សាភ្ជាប់នឹងការងារស្រាវជ្រាវទ្រឹស្តី និងប្រវត្តិសាស្រ្តចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៧០ ដើមទសវត្សរ៍ឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន។ នេះក៏ជាហេតុផលមួយដែលលោកជ្រើសរើសឈ្មោះនៃសំណង់ស្នាដៃស្រាវជ្រាវរបស់ខ្លួនថា "បញ្ហាស្ដីពីទ្រឹស្តី និងប្រវត្តិសាស្ត្រនៃអក្សរសាសស្ត្រវៀតណាមសម័យទំនើប"។ លោកសាស្ត្រាចារ្យរង Phan Trong Thuong បានឲ្យដឹងថែមទៀតថា៖

“ក្នុងដំណើរការធ្វើការងារ ខ្ញុំជានិច្ចកាលខិតខំព្យាយាមចែករំលែកសមិទ្ធផលស្រាវជ្រាវរបស់ខ្លួនជាមួយមនុស្សគ្រប់គ្នា ហើយចែករំលែកដល់សាធារណជនដែលស្រឡាញ់អក្សរសាស្ត្រផងដែរ។ ដូច្នេះហើយ ស្នាដៃស្រាវជ្រាវនេះ គឺឆ្ពោះទៅមហាជនផង ប៉ុន្តែក៏ឆ្ពោះទៅសហការី និងមិត្តរួមអាជីព ក្នុងវិស័យស្រាវជ្រាវទៀតផង។ ដើម្បីឲ្យមនុស្សរាល់គ្នាយល់និងចែករំលែកជាមួយគំនិតរបស់ខ្លួន នោះគឺជាប្រការដ៏ពិបាកបំផុតសម្រាប់អ្នកនិពន្ធ។

ពានរង្វាន់រដ្ឋផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា គឺជាការទទួលស្គាល់របស់រដ្ឋចំពោះការខិតខំព្យាយាមស្រាវជ្រាវ ការលះបង់បញ្ញា និងទេពកោសល្យពីសំណាក់អ្នកនិពន្ធ ក្នុងនោះមានលោកសាស្ត្រាចារ្យរង បណ្ឌិត Phan Trong Thuong ជាមួយនឹងចង្គោមស្នាដៃស្រាវជ្រាវ "បញ្ហាស្ដីពីទ្រឹស្តី និងប្រវត្តិសាស្រ្តនៃអក្សរសាស្ត្រវៀតណាមសម័យទំនើប"។ ស្នាដៃទាំងនេះមានទាំងលក្ខណៈទ្រឹស្តីដ៏ជ្រាលជ្រៅ និងលក្ខណៈអនុវត្តជាក់ស្តែងខ្ពស់ ដែលរួមចំណែកលើកកំពស់ឋានៈ និងកម្រិតវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ប្រទេសជាតិក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ