លោកឧត្តមសេនីយ៍ចូលនិវត្តន៍កសាងផ្ទះ១០០០ខ្នងសម្រាប់យុទ្ធមិត្ត
(VOVWORLD) - លោកឧត្តមសេនីយ៍ត្រី Le Thanh Son វីរជនកងកម្លាំងប្រដាប់អាវុធ ប្រជាជន អតីតមេបញ្ជាការនៃទីបញ្ជាការដ្ឋានយោធាខេត្ត Can Tho និងជា អតីតមេបញ្ជាការនៃកងវរសេនាតូច Tay Do រួមជាមួយយុទ្ធមិត្តបានចលនា កសាងផ្ទះមេត្តាធម៌ជាង១០០០ខ្នង។ ដំណើរទៅចលនា កសាងផ្ទះក្នុង អំឡុងពេល១៧ឆ្នាំកន្លងទៅរបស់លោកពោរពេញទៅដោយអនុស្សាវរីយ៍ ទាំងសប្បាយរីករាយផងទាំងទុក្ខព្រួយផង។ យ៉ាងណាមិញ នៅពេលដែលផ្ទះខ្នងៗមួយរបស់ យុទ្ធមិត្តត្រូវបានសម្រេចរួចរាល់នោះ គឺក្ដីសប្បាយរីករាយរបស់លោកហាក់ ដូចជាក៏បានកើនឡើងទ្វេដងផងដែរ។
លោកឧត្តមសេនីយ៍ត្រី Le Thanh Son (ខាងឆ្វេង) ប្រគល់ផ្ទះមេត្តាធម៌ថ្មីជូនយុទ្ធមិត្ត (រូបថត៖ VOV) |
ក្រោយពីចូលនិវត្តន៍កាលពីឆ្នាំ២០០១ លោកឧត្តមសេនីយ៍ត្រី Le Thanh Son (ឈ្មោះធ្លាប់ហៅថា Ba Ngay) បានចាប់ផ្ដើមដំណើរចុះសាកសួរសុខ ទុក្ខយុទ្ធមិត្តចាស់ៗរបស់ខ្លួនកាលពីអតីតកាល។ នាឆ្នាំ២០០៣ លោករួមជាមួយយុទ្ធមិត្តដែលចូល និវត្តន៍ខ្លះទៀតបានបង្កើតគណៈកម្មការទាក់ទងអតីតយុទ្ធជននៃកងវរសេនាតូច Tay Do ក្នុងគោលបំណងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុង ជីវភាពរស់នៅ។ ចាប់តាំងពីពេលនោះមក លោកនិងគណៈកម្មការទាក់ទងបានចលនានិងកសាងផ្ទះមេត្តាធម៌ចំនួន១០៣១ខ្នងសម្រាប់បណ្ដា យុទ្ធមិត្តចាស់ៗរបស់ខ្លួន។
យុទ្ធមិត្តជាច្រើនរបស់លោកឧត្តមសេនីយ៍ត្រី Le Thanh Son មាន ស្ថានភាពរស់នៅដ៏លំបាកណាស់ ដោយការហូបចុកមិនបានគ្រប់គ្រាន់ហើយថែមទាំង រស់នៅក្នុងផ្ទះចាស់ៗទ្រុឌទ្រោមទៀត។ ក្នុងគោលបំណងជួយឧបត្ថម្ភ យុទ្ធមិត្តដែលធ្លាប់បានប្រកៀកស្មាប្រយុទ្ធជាមួយខ្លួន លោក Le Thanh Son រួមជាមួយគណៈកម្មការទាក់ទងបានចលនាការរៃអង្គាសទឹកប្រាក់ពីសហគ្រាសទាំងរដ្ឋនិងឯកជន ស្ថាប័ន សមូហភាព អាជ្ញាធរតំបន់ និងសប្បុរស ជន ជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងដកប្រាក់សោធន និវត្តន៍មួយផ្នែករបស់ខ្លួន ហើយចលនាកូនចៅក្នុងគ្រួសាររួមវិភាគទានទៀត ផង។ បណ្ដាផ្ទះដើមដំបូងមានតម្លៃតែ១០លានដុងក្នុងមួយខ្នងប៉ុណ្ណោះ ហើយកើនឡើងដល់២០លានដុង និង៤០លានដុងនាបច្ចុប្បន្ន។ ប្រសិនបើ គណនាតម្លៃសរុបនៃផ្ទះទាំង១០៣១ខ្នងនោះ គឺឡើងដល់ទៅរាប់សិបពាន់ លានដុង (ស្មើនឹងរាប់លានដុល្លាអាមេរិក)។ លោកឧត្តមសេនីយ៍ត្រី Le Thanh Son បានរៀបរាប់ថា៖
“ខ្ញុំតែងតែខ្វល់ខ្វាយថា ទោះបីជាមិនអាចមានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយប៉ុន្តែនឹងខិតខំប្រឹងប្រែងចលនាអាជ្ញាធរតំបន់ដើម្បីសុំឲ្យគេជួយឧបត្ថម្ភ ធ្វើយ៉ាងណាឲ្យបងប្អូនមានផ្ទះបាំងភ្លៀងបាំងខ្យល់ហើយមានទី សក្ការៈបូជាយុទ្ធមិត្តរបស់ខ្លួន”។
នៅពេលដឹងថា យុទ្ធមិត្តរបស់ខ្លួនជួបការលំបាកខាងលំនៅដ្ឋានម្ដងៗ ទោះបីជាគេនៅឯណាក៏ដោយ ប៉ុន្តែលោក Ba Ngay តែងតែត្រៀមខ្លួនជា ស្រេចចុះទៅសាកសួរសុខទុក្ខ ហើយបន្ទាប់មកទៅចលនាទឹកប្រាក់ដើម្បីកសាងផ្ទះ ឲ្យបងប្អូន។ ពេលកសាងផ្ទះឲ្យយុទ្ធមិត្ត លោកសប្បាយយ៉ាងក្រៃលែងដូច នឹងកសាងផ្ទះផ្ទាល់ខ្លួនដែរ ហើយលោកតែងតែទៅត្រួតពិនិត្យ ដាស់តឿន ដំណើរការសាងសង់ជារៀងរាល់ពីរបីថ្ងៃម្ដង។ ចំពោះរូបលោកផ្ទាល់ នេះជា ការចែករំលែកចំពោះយុទ្ធមិត្តដែលបានលះបង់និងពលីដើម្បីឯករាជ្យនិងសេរីភាពជាតិ។ លោកវរសេនីយ៍ឯក Le Trong Nghia សមាជិកនៃគណៈ កម្មការទាក់ទងអតីតយុទ្ធជនកងវរសេនាតូច Tay Do បានឲ្យដឹងថា៖
“កម្មវិធីសាងសង់ផ្ទះសម្រាប់យុទ្ធមិត្តដែលបានបំផុសឡើងដោយ លោក Le Thanh Son បានទាក់ទាញការយកចិត្តទុកដាក់របស់មនុស្សជា ច្រើន។ នេះជាការងារសមស្របទៅតាមគុណធម៌របស់ប្រជាជាតិវៀតណាម ក៏ដូចជាសមស្របទៅតាមគោលនយោបាយសន្តិសុខសង្គមនិងគោល នយោបាយរបស់រដ្ឋចំពោះយុទ្ធជនពិការ យុទ្ធជនពលីផងដែរ”។
ទោះបីជាឆ្នាំនេះឈានចូលអាយុ៨២ឆ្នាំហើយក្ដី ប៉ុន្តែលោកឧត្តម សេនីយ៍ត្រី Le Thanh Son នៅតែខ្វល់ខ្វាយថា ធ្វើយ៉ាងណាដើម្បីសាងសង់ ផ្ទះមេត្តាធម៌សម្រាប់យុទ្ធមិត្តទាំងអស់ ជួយឲ្យគេមានកន្លែងបាំងភ្លៀងបាំង ខ្យល់បាន។ មិនត្រឹមតែប្រកៀកស្មាជាមួយយុទ្ធមិត្តក្នុងការតស៊ូដណ្ដើមឯករាជ្យ និងសេរីភាពជាតិប៉ុណ្ណោះទេ លោកថែមទាំងចែករំលែកជាមួយយុទ្ធ មិត្តនូវការលំបាកក្នុងជីវភាពរស់នៅនាសព្វថ្ងៃទៀតផង៕