វេជ្ជបណ្ឌិត Le Tuan Thanh - អ្នកដែលតភ្ជាប់គ្រូពេទ្យជាមួយអ្នកជំងឺកូវីដ

(VOVWORLD) - ក្នុងអំឡុងពេលជាង ២ ឆ្នាំនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត កូវីដ-១៩ ក្រៅពីសកម្មភាពពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ លោកបណ្ឌិត - វេជ្ជបណ្ឌិត Le Tuan Thanh អនុប្រធានសមាគមន៍គ្រូពេទ្យវ័យក្មេងហាណូយ តែងតែមានភាពក្លៀវក្លានិងច្នៃប្រឌិតក្នុងដំណើរការថែទាំអ្នកជំងឺ។ ជាពិសេស លោកវេជ្ជបណ្ឌិត Thanh រួមជាមួយសហការី បានបង្កើតហើយប្រតិបត្តិបណ្តាញ “គ្រូពេទ្យរួមដំណើរ” ដែលកៀរគរគ្រូពេទ្យស្ម័គ្រចិត្តចូលរួមពិគ្រោះយោបល់និងនិងជួយឧបត្ថម្ភករណី F0 ដែលសម្រាកព្យាបាលតាមផ្ទះនៅទីក្រុងហូជីមិញ ទីក្រុង ហាណូយ និងខេត្តប៊ិញយឿង។ លោកបណ្ឌិត - វេជ្ជបណ្ឌិត Le Tuan Thanhទើប តែត្រូវបានផ្តល់កិត្តិយសជាវេជ្ជបណ្ឌិតវ័យក្មេងគំរូវៀតណាមក្នុងឆ្នាំ ២០២១។

វេជ្ជបណ្ឌិត Le Tuan Thanh - អ្នកដែលតភ្ជាប់គ្រូពេទ្យជាមួយអ្នកជំងឺកូវីដ - ảnh 1លោកបណ្ឌិត-វេជ្ជបណ្ឌិត Le Tuan Thanh។ (រូបថត៖ VOV)

កាលពីខែកក្កដា ឆ្នាំ ២០២១ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងយ៉ាងខ្លាំងនៅទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងនានា បណ្ដាលឲ្យប្រព័ន្ធសុខាភិបាលផ្ទុកលើសចំណុះ។ ដោយឃើញការ ប្រជាជនពិតជាត្រូវការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិត ដើម្បីនឹងនរចិត្តសម្រាកព្យាបាលនៅផ្ទះ លោកបណ្ឌិត-វេជ្ជបណ្ឌិត Le Tuan Thanh រួមជាមួយសហការីមួយចំនួនបានផ្តួចផ្ដើមគំនិតមួយ ដោយមានការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីបង្កើតឡើងបណ្តាញ "គ្រូពេទ្យរួមដំណើរ"។ បណ្តាញនេះបានកៀរគរវេជ្ជបណ្ឌិត គិលានុបដ្ឋាករស្ម័គ្រចិត្តរាប់ពាន់នាក់ ចូលរួមពិគ្រោះយោបល់ហើយជួយឧបត្ថម្ភអ្នកជំងឺ F0 ក្នុងការព្យាបាលតាមផ្ទះនៅទីក្រុងហូជីមិញ ហាណូយ និងប៊ិញយឿង។ វេជ្ជបណ្ឌិត Le Tuan Thanh ចែករំលែកថា៖

“យើងមានរយៈពេល ៧ ថ្ងៃដើម្បីពិភាក្សានិងកសាង បណ្តុះបណ្តាលគ្រូពេទ្យដើម្បីពិគ្រោះយោបល់ ណែនាំអ្នកជំងឺ ហើយដាក់ឲ្យដំណើរការបណ្ដាញ។ ទន្ទឹមនឹងនេះ ប្រព័ន្ធទាំងមូលត្រូវតែរក្សាសម្ងាត់ព័ត៌មាន ធានាឲ្យប្រជាជនអាចទាក់ទងជាមួយបុគ្គលិកពេទ្យបានលឿនបំផុត។ ខ្ញុំត្រឹមតែគេងប៉ូន្មានម៉ោងប៉ុណ្ណោះក្នុងកំឡុងពេល៣ថ្ងៃ។ ដោយសារខ្ញុំដឹងថា យឺតតែមួយថ្ងៃប៉ុណ្ណោះ គឺ នរណាម្នាក់អាចបាត់បង់ជីវិតហើយ ដូច្នេះហើយខ្ញុំនិងបងប្អូន បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព”

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ បណ្តាញ "គ្រូពេទ្យរួមដំណើរ" ត្រូវបានដាក់ឲ្យដំណើរការ ក្រោមការសម្របសម្រួលរបស់សមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាម។ រហូតមកដល់ពេលនេះ មានគ្រូពេទ្យស្ម័គ្រចិត្តជាង១ម៉ឺននាក់បានចូលរួម ដោយទទួលការហៅទូរស័ព្ទពី F0 និង F1 តាមរយៈមជ្ឈមណ្ឌលហៅទូរសព្ទ ១០២២ នៃខេត្តក្រុងចំនួន៧; ហៅទូរសព្ទសួរសុខទុក្ខ ណែនាំអ្នកជំងឺថែទាំសុខភាព ផ្តល់អនុសាសន៍តាមកម្រិតនីមួយៗ។ អាស្រ័យហេតុនេះ ជួយអ្នកជំងឺជាង ៩០ម៉ឺននាក់ឲ្យទទួលបានការព្យាបាលដោយទាន់ពេលវេលា ព្រមទាំងកាត់បន្ថយបន្ទុកលើប្រព័ន្ធមន្ទីរពេទ្យ។

ត្រូវបំពេញការងារជំនាញនៅមន្ទីរពេទ្យផង ហើយប្រតិបត្តិបណ្តាញ "គ្រូពេទ្យរួមដំណើរ" ផង ប៉ុន្តែមានពេលខ្លះដែលចំនួនករណី F0 កើនឡើងខ្ពស់ លោកវេជ្ជបណ្ឌិត Le Tuan Thanh ក៏ត្រូវចូលរួមដោយផ្ទាល់ក្នុងការទទួលទូរស័ព្ទពីអ្នកជំងឺមិនថាថ្ងៃឬយប់ឡើយ។ លោកវេជ្ជបណ្ឌិត Tuan Thanh បានឲ្យដឹងថា៖

“លេខទូរស័ព្ទរបស់ខ្ញុំត្រូវបានកំណត់ជាលេខចុងក្រោយនៃបណ្តាញ។ ដោយសារតែសម្រាប់បច្ចេកវិទ្យាមជ្ឈមណ្ឌលហៅទូរស័ព្ទអនឡាញ យើងត្រូវភ្ជាប់ទូរស័ព្ទជាមួយអ៊ីនធឺរណិត ២៤/២៤ ហើយនៅពេលដែលប្រជាជនមិនអាចទាក់ទងជាមួយគ្រូពេទ្យបានទេ ការហៅទូរសព្ទនោះនឹងត្រូវបានភ្ជាប់មកខ្ញុំវិញ។ ដូច្នេះនៅពេលដែលចំនួនករណី F0 កើនឡើងខ្ពស់ ពេលណាខ្ញុំក៏ទទួលទូរស័ព្ទពីប្រជាជនដើម្បីលួងចិត្ត លើកទឹកចិត្ត ផ្តល់យោបល់ទាក់ទងនឹងជំងឺកូវីដ-១៩។ ពេលខ្លះនៅយប់ជ្រៅ ខ្ញុំក៏ទទួលទូរស័ព្ទដែរ”។

ភាពក្លៀវក្លារបស់វេជ្ជបណ្ឌិត Le Tuan Thanh តែងតែជាកម្លាំងចលករសម្រាប់សមាជិកនៃបណ្តាញ "គ្រូពេទ្យរួមដំណើរ"។ ចូលរួមក្នុងបណ្តាញតាំងពីថ្ងៃដំបូង លោកស្រីបណ្ឌិត-វេជ្ជបណ្ឌិត Le Thi Kim Anh នៅសាកលវិទ្យាល័យសុខភាពសាធារណៈ ច្រើនតែធ្វើការតាមអ៊ីនធឺរណិតជាមួយលោកវេជ្ជបណ្ឌិត Le Tuan Thanh បានឃើញទឹកចិត្តក្លៀវក្លានិងការទទួលខុសត្រូវចំពោះអាយុជីវិតអ្នកជំងឺរបស់លោក។

“ដំណើរការធ្វើការភាគច្រើនគឺតាមអនឡាញប៉ុណ្ណោះ ប៉ុន្តែខ្ញុំឃើញថាលោកវេជ្ជបណ្ឌិត Thanh មានភាពសកម្ម ហ្មត់ចត់ ចង់បានភាពល្អឥតខ្ចោះក្នុងការងារ ប៉ុន្តែដោយសារតែភាពល្អឥតខ្ចោះនោះ ទើបលោកអាចបង្កើតបណ្តាញគ្រូពេទ្យជាងមួយម៉ឺននាក់ដូចបច្ចុប្បន្ន។ ព្រោះថាដើម្បីគ្រប់គ្រងប្រព័ន្ធដែលទាំងអស់គ្នាសុទ្ធតែធ្វើការតាមអនឡាញនោះ គឺមិនងាយស្រួលទេ បើគ្មានភាពហ្មត់ចត់និងតឹងរ៉ឹងនោះ”។

មិនត្រឹមតែចូលរួមក្នុងប្រតិបត្តិការបណ្តាញ “គ្រូពេទ្យរួមដំណើរ” ប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត Le Tuan Thanh ក៏បានចូលរួមយ៉ាងសកម្មក្នុងការងារបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតួនាទីជាអ្នកជំនាញក្នុងការព្យាករណ៍និងវាយតម្លៃហានិភ័យនៃជំងឺរាតត្បាតសម្រាប់គណៈកម្មការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ដោយមាភាពក្លៀវក្លា ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរួមចំណែកក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លោកវេជ្ជបណ្ឌិត Le Tuan Thanh ទទួលបានប័ណ្ណសរសើរជាច្រើនពីក្រសួងសុខាភិបាល គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ ហើយនាពេលថ្មីៗនេះ ជាមួយនឹងការលះបង់របស់ខ្លួន លោកវេជ្ជបណ្ឌិត Le Tuan Thanh ទើបតែទទួលបានកិត្តិយសជាវេជ្ជបណ្ឌិតវ័យក្មេងគំរូវៀតណាមនៅឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ