ស្ត្រីម្នាក់រួមចំណែកកសាងពាណិជ្ជសញ្ញាសម្រាប់យិនសិន Kon Tum
(VOVWORLD) - ក្រោយពីវិលត្រឡប់មកស្រុកកំណើតនៅស្រុក Dak To ខេត្ត Kon Tum វិញហើយចាប់ផ្ដើមអាជីវកម្មដោយឱសថបុរាណថមួយប្រភេទដែលមានស្រាប់មក លោកស្រី Ho Thi Kim Oanh អាយុ៣៥ឆ្នាំ កំពុងទទួលបានជោគជ័យដ៏ ធំធេងជាមួយនឹងផលិតផលតែយិនសិន Ngoc Linh។ នេះជាផលិតផល ក្នុងកម្មវិធី “ឃុំមួយ សង្កាត់មួយ ផលិតផលមួយ” (OCOP) លំដាប់ផ្កាយ ៣ នៃ ខេត្ត Kon Tum។ ផលិតផលនេះ បានចូលរួមចំណែកដល់ការលើកកំពស់ តម្លៃ កសាងពាណិជ្ជសញ្ញាសម្រាប់ ឱសថបុរាណប្រចាំតំបន់មួយប្រភេទ ព្រមទាំងជួយគ្រួសារជនជាតិភាគតិចជាច្រើននៅស្រុក Dak To បង្កើន ប្រាក់ចំណូលពីការដាំឱសថបុរាណនេះផងដែរ។
លោកស្រី Ho Thi Kim Oanh ជាមួយផលិតផលតែយិនសិន Ngoc Linh។ (រូបថត៖ VOV) |
ដោយមានការប្ដេជ្ញាចិត្តកសាងតំបន់វត្ថុធាតុដើម បង្កើតការងារធ្វើ ប្រកបដោយស្ថិរភាពសម្រាប់ប្រជាពលរដ្ឋជាជនជាតិភាគតិចនោះ ព្រមទាំង លើកកំពស់តម្លៃនិងពាណិជ្ជសញ្ញានៃយិនសិន Kon Tum លោកស្រី Ho Thi Kim Oanh រួមជាមួយសហការីចំនួន២នាក់ទៀត បានចាប់ផ្ដើមស្រាវជ្រាវពី ផលិតផលតែយិនសិន Ngoc Linh។ នេះជាប្រភេទយិនសិនប្រចាំតំបន់ មានលក្ខណៈសម្បត្តិឱសថដ៏ល្អ ប៉ុន្តែមិនទាន់មានប្រជាប្រិយភាពនៅ ឡើយទេ។ លោកស្រី Ho Thi Kim Oanh បានឲ្យដឹងថា៖
“ខ្ញុំចង់ផលិតតែមួយប្រភេទដ៏ល្អសម្រាប់សុខភាពផង មានរស់ជាតិ ឈ្ងុយឆ្ងាញ់ផង ហើយថែរក្សាបាននូវលក្ខណៈសម្បត្តិឱសថរបស់យិន សិនផង។ ហេតុដូច្នេះ ខ្ញុំបានទៅសិក្សាស្រាវជ្រាវវា។ ដំបូងឡើយ ខ្ញុំបានសិក្សាពីបងប្រុស ម្នាក់ដែលជាម្ចាស់អាជីវកម្មផលិតតែនៅខេត្ត Lam Dong អស់រយៈពេល ១០ឆ្នាំមកហើយ។ គាត់បានបង្រៀនយើងខ្ញុំឲ្យចេះច្រើនអំពីរបៀបធ្វើតែ របៀបលីងតែ ហើយធ្វើយ៉ាងណាដើម្បីថែរក្សាសារធាតុរុក្ខជាតិឱសថរបស់ យិនសិន។ ពីនោះ យើងខ្ញុំបានសម្រេចចិត្តនឹងធ្វើតាមបច្ចេកវិទ្យាធម្មជាតិរបស់ជប៉ុន”។
តំបន់វត្ថុធាតុដើមរបស់ក្រុមហ៊ុននៅឃុំ Muong Hoong ស្រុក Dak Glei។ |
ដើម្បីមានផលិតផលតែយិនសិន Ngoc Linh មានគុណភាព ល្អ និងអាចប្រកួតប្រជែងលើទីផ្សារបាន លោកស្រី Ho Thi Kim Oanh បាន ជ្រើសរើសប្រមូលទិញវត្ថុធាតុដើមនៅឃុំ Muong Hoong និងឃុំ Ngoc Linh នៃស្រុក Dak Glei។ នេះជាតំបន់ដែលយិនសិនរីកលូតលាស់យ៉ាងល្អហើយ មានទិន្នផលគ្រប់គ្រាន់សម្រាប់ការផលិតដើម្បីគោលដៅពាណិជ្ជកម្ម។ ក្រៅ ពីនោះ លោកស្រី Kim Oanh ក៏បានសហប្រតិបត្តិការជាមួយសហករណ៍ឃុំ Ngoc Linh និងគ្រួសារដាំយិនសិនមួយចំនួនទៀត ព្រមទាំងអភិវឌ្ឍបន្ថែម តំបន់វត្ថុធាតុដើមនៅឃុំ Van Lem ស្រុក Dak To ទៀតផង។ តំបន់វត្ថុធាតុ ដើមទាំងអស់របស់ក្រុមហ៊ុនសុទ្ធតែត្រូវបានអង្គភាពឯករាជ្យមួយវាយតម្លៃពីគុណភាពហើយណែនាំប្រជាជនធ្វើតាមបទដ្ឋាន VietGap។ លោកស្រី Ho Thi Kim Oanh បានឲ្យដឹងថែមទៀតថា៖
“នាបច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំប្រមូលទិញតាមរដូវកាលនីមួយៗ។ ប្រជាកសិករក៏បានយល់ថា គេត្រូវលើកកំពស់គុណភាពនៃដើមយិនសិន ពោលគឺមិនប្រើប្រាស់ថ្នាំការពារដំណាំឬជីគីមីនោះទេ។ យើងខ្ញុំណែនាំ ប្រជាជនធ្វើតាមបច្ចេកវិទ្យាស្អាត ហើយក្រោយមកប្រមូលទិញវត្ថុធាតុដើម ដែលត្រូវបានដាំដោយបច្ចេកវិទ្យាស្អាតនោះ។ ពិតជាសុវត្ថិភាពណាស់”។
ក្រោយរយៈពេលជាងមួយឆ្នាំមានវត្តមានលើទីផ្សារមក ផលិតផលថង់តែ យិនសិន Ngoc Linh របស់ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្ម ផលិតកម្មនិង សេវាកម្ម Lam Thinh របស់លោកស្រី Ho Thi Kim Oanh ទទួលបានការ ជួយគាំទ្ររបស់អ្នកប្រើប្រាស់នៅទីផ្សារធំទាំងបីនោះគឺទីក្រុង ហូជីមិញ ទីក្រុងហាណូយនិងទីក្រុងដាណាំង។ ផលិតផលនេះក៏មានវត្ត មាននៅខេត្ត ក្រុងទាំង១៣នៃតំបន់ដីសណ្ដទន្លេ Cuu Long រួចហើយ។ ជារៀងរាល់ខែ សហគ្រាសលក់តែបានជិត២០០០ប្រអប់។ នាបច្ចុប្បន្ន លោកស្រី Ho Thi Kim Oanh កំពុងអភិវឌ្ឍផលិតផលប្រេងខ្យល់យិនសិន Ngoc Linh និងភេជ្ជៈកែច្នៃពីយិនសិន។ លោកស្រី Oanh បានចែករំលែកថា៖
“ជាកុលបុត្រម្នាក់ដែលបានកើតនៅស្រុក Dak To ខ្ញុំមានបំណងចង់ អភិវឌ្ឍស្រុកកំណើតប្រកបដោយចីរភាព។ វិនិយោគឡើងវិញនៅមូលដ្ឋាន បង្កើតការងារធ្វើជាច្រើនទៀត ដើម្បីទាក់ទាញមិត្ត វ័យក្មេងវិលត្រឡប់មកធ្វើការនៅស្រុកកំណើត។ តភ្ជាប់ផលិតផលពិសេស ដោយឡែកនៃមូលដ្ឋានដូចជា យិនសិន ឬប្រភេទឱសថបុរាណផ្សេងៗ ទៀតសម្រាប់បម្រើការអភិវឌ្ឍទេសចរណ៍សហគមន៍”។
ដោយមានការខិតខំប្រឹងប្រែងមិនចេះនឿយណាយ លោកស្រី Ho Thi Kim Oanh និងបណ្ដាសហការី ទទួលបានជោគជ័យដំបូងជាមួយពាណិជ្ជ សញ្ញាតែយិនសិន Ngoc Linh។ ផលិតផលនេះត្រូវបានគណៈកម្មាធិការ ប្រជាជនខេត្ត Kon Tum ផ្ដល់វិញ្ញាបនបត្រផលិតផល OCOP លំដាប់ផ្កាយ ៣។ ហើយដល់ខែតុលាឆ្នាំ២០២០ គំនិត “ផលិត កែច្នៃយិនសិននិងថង់តែ យិនសិនដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍធនធានធម្មជាតិប្រចាំតំបន់ប្រកប ដោយចីរភាព” របស់ក្រុមហ៊ុនលោកស្រី Oanh បន្តទទួលបានពានរង្វាន់ លេខ១នៃការប្រឡង “ស្វែងរកគំនិតចាប់ផ្ដើមអាជីវកម្មប្រកបដោយ លក្ខណៈច្នៃប្រឌិតឆ្នាំ២០២០”៕