ស្ថាបត្យករ លោក Pham Dinh Quy -“គ្រូកិត្តិយស” នៅតំបន់ខ្ពង់រាបវៀតណាម
LE PHUONG-MANH QUAN -  
(VOVWORLD) - មានស្ថាបត្យករមួយរូប ដែលមិនធ្លាប់បានឈរនៅលើមុខក្តារខៀននៅឡើយនោះទេ ប៉ុន្តែលោកនៅតែបានប្អូនៗកុមារនៅតំបន់ព្រៃភ្នំ ហៅឈ្មោះថា “គ្រូ Quy” ដ៏ពោរពេញទៅដោយក្តីស្រឡាញ់រាប់អាន។ នោះគឺលោក Pham Dinh Quy ស្ថាបត្យករដែលមានទេពកោសល្យ “វេទមន្ត” ដោយចេះប្រែក្លាយថ្នាក់រៀនបណ្តោះអាសន្នទៅ ជាសាលាថ្មីដ៏រឹងមាំ នោះគឺជាសាលាដែលបានកសាងឡើងនៅតំបន់ព្រៃភ្នំដោយក្តីស្រឡាញ់អាណិតអាសូរ។ ជាមួយនឹងដំណើរកសាងសាលារៀនសម្រាប់ប្អូនៗកុមារនៅតំបន់ព្រៃភ្នំនោះ លោក Pham Dinh Quy ត្រូវបានជ្រើសតាំងជាគំរូបំផុសគំនិតមួយសម្រាប់សហគមន៍នៅឆ្នាំ ២០១៨។
ស្ថាបត្យករ Pham Dinh Quy ជាមួយប្អូនកុមារនៅតំបន់ព្រៃភ្នំ |
កុមារនៅតំបន់ព្រៃភ្នំ រូបណាក៏ស្គាល់ឈ្មោះ លោក Pham Dinh Quy ដែរ។ ទោះបីមិនបានឈរនៅលើក្តារខៀនក៏ដោយ ប៉ុន្តែសម្រាប់លោកគ្រូ អ្នកគ្រូជាច្រើនរូបនោះ លោកត្រូវបានគេចាត់ទុកថាជា “គ្រូកិត្តិយស” នៅសាលាតាមតំបន់ព្រៃភ្នំ។ ប្អូនៗកុមារសុទ្ធតែស្រឡាញ់នឹករលឹក ដល់លោក Quy ជានិច្ច ព្រោះថា “គ្រូ” គឺជាអ្នកដែលប្រែក្លាយសាលាដែលទ្រុឌទ្រោមនិងបណ្តោះអាសន្នទៅជាសាលារៀនដ៏រឹងមាំនិងមានស្ថេរភាព។ លោកគ្រូ Pham Van Dong នៅសាលាភូមិ Suoi Lenh ខេត្ត Son La បានឲ្យដឹងថា៖ “ប្អូនៗសិស្សានុសិស្សមានរីករាយខ្លាំងណាស់ នៅពេលដែលលោក Quy មកសាលាម្តងៗ។ ពេលឃើញលោកពីចម្ងាយ គឺពួកគេតែងតែរត់ចេញមកទទួលលោកជានិច្ច។ លោកជាមនុស្សកំប្លែង ហើយអ្វីដែលលោកបាននិយាយគឺលោកនឹងធ្វើអោយបានជាក់ជាពុំខាន។ លោកបានសន្យាថានឹងជួយប្អូនៗអោយមានសាលារៀនដ៏រឹងមាំមួយហើយលោកក៏ធ្វើបានសម្រេចហើយ”។
ដើម្បីសាងសង់សាលាមួយនៅលើភ្នំ ដំណាក់កាលដ៏លំបាកបំផុតគឺការដឹកសម្ភារៈនិងការចាក់គ្រឹះ។ សម្ភារៈសំណង់ត្រូវបានប្រមូលដាក់នៅជើងភ្នំ ហើយត្រូវប្រើកម្លាំងមនុស្សទើបអាចយកសំភារៈឡើងទៅកាន់ការដ្ឋានបាន។ ស្ថាបត្យករ Pham Dinh Quy បានរៀបរាប់ថា៖ “ខ្ញុំនៅតែចងចាំបានសាលាកាលពីគ្រាដំបូង កាលនោះ អ្វីៗទាំងអស់នៅស្រពេចស្រពិល សម្រាប់រូបខ្ញុំណាស់ ពោលគឺ មិនដឹងអំពីវប្បធម៌ផង អំពីភាពភូមិសាស្ត្រផង ក៏ដូចជាមានការមីងមាំងអំពីអ្វីៗគ្រប់យ៉ាងដែរ។ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះគឺ ប្រជាជននៅទីនេះរាក់ទាក់រួសរាយ ថ្វីត្បិតតែពួកគេមិនយល់ភាសា Kinh ក៏ដោយ ប៉ុន្តែពួកគេដឹងថានឹងមានសាលារៀនមួយកន្លែងត្រូវបានសាងសង់នៅទីនេះ ហើយពួកគេដឹងថាឥដ្ឋនិងដីខ្សាច់ត្រូវដឹកជញ្ជូន ពីជើងភ្នំ។ ហេតុដូច្នេះ ពួកគេបានជួយយ៉ាងក្លៀវក្លានិងរីករាយធ្វើឱ្យខ្ញុំចងចាំផងនិងកក់ក្តៅក្នុងចិត្តផង ខ្ញុំគិតថា ធ្វើបានសាលាបែបនេះគឺជាអព្ភូតហេតុរបស់ខ្លួន។ សម្រាប់ខ្ញុំ នោះជាអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានឡើយ”។
ស្ថាបត្យករ Pham Dinh Quy ជាមួយប្អូនកុមារនៅតំបន់ព្រៃភ្នំ |
សាលារៀននិមួយៗត្រូវបានកសាងឡើងគឺជាអព្ភូតហេតុមួដែរ ហើយអព្ភូតហេតុមួយ ត្រូវបានកសាងឡើងដោយសេចក្តីស្រឡាញ់ ដែលរូបលោក Quy ផ្ទាល់និងលោកគ្រូ អ្នកគ្រូ រួមទាំងសប្បុរសជនសម្រាប់ប្អូនៗកុមារនៅតំបន់ព្រៃភ្នំ។ ថ្នាក់ថ្មីមិនត្រឹមតែ ជួយសម្រួលដល់ការបង្រៀននិងការរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅតំបន់ខ្ពង់រាបអោយបន្តស្អិតរមួតជាមួយថ្នាក់រៀន ជំនះការលំបាកដើម្បិ បណ្តុះពន្លកបៃតងនាពេលអនាគត ។ លោកគ្រូ Ly Nhu Huynh គ្រូបង្រៀននៅសាលា Di Thang ខេត្ត Lao Cai បានចែករំលែកថា៖ “មុនពេលសាលារៀននេះត្រូវបានសាងសង់ឡើងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅទីនេះគឺពិបាកណាស់ ត្រជាក់នារដូវរងារហើយមានខ្យល់ខ្លាំងនារដូវក្តៅ ដូច្នេះក្មេងៗជួបការលំបាកជាច្រើនក្នុងដំណើរការរៀនសូត្រ។ ចាប់តាំងពីទីតាំងសាលាត្រូវបានសាងសង់មក ប្អូនៗកុមារមានសាលារៀនធំទូលាយ ហើយប្អូនៗ ទៅសាលាយ៉ាងងាយស្រួល ធ្វើអោយប្អូនៗមានកម្លាំងចិត្តទៅរៀនជាទៀងទាត់ណាស់”។
ក្នុងដំណើរពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្ននេះ ដោយឆ្លងកាត់ចម្ងាយជាង ៣៦៥.០០០ គីឡូម៉ែត្រស្មើនឹង ៩ ជុំនៃផែនដី លោក Pham Dinh Quy និងមិត្តភក្តិរួមទាំងសប្បុរសជន បានកសាងឡើងសាលារៀនចំនួន ១០៥ កន្លែង សម្រាប់កុមារនៅតំបន់ព្រៃភ្នំ ដែលហួសគោលដៅដែលបានដាក់ចេញដំបូងគឺត្រឹមតែសាងសង់សាលាចំនួន ១០០ ខ្នងប៉ុណ្ណោះ។ នេះគឺជាតួលេខបំបែកកំណត់ត្រានៅប្រទេសវៀតណាម ទាក់ទងនឹងប្រភេទនៃការកសាងសាលាស្ម័គ្រចិត្ត។
សាលាមួយខ្នងនៅខេត្ត Bac Kan ពេលបានសាងសង់ថ្មី |
លោក Quy បានចែករំលែកថា៖ “តម្លែនាំមកដោយការកសាងសាលារៀនសម្រាប់ប្អូនៗកុមារនៅតំបន់ព្រៃភ្នំគឺធំធេងណាស់ ។ ខ្ញុំតែងតែគិតថា ប្អូនៗនៅតំបន់ព្រៃភ្នំរីករាយនឹងសាលាថ្មី ក៏ដូចជាកូន និងចៅ យើងបានរស់នៅក្នុងបរិយាកាសស្រឡាញ់រាប់អានគ្នាក្នុងសង្គម។ ដំបូងឡើយ ខ្ញុំគ្រាន់តែកសាងសាលារៀនដោយចាត់ទុកនោះជាអនុស្សាវរីយ៍នៃជីវិតស្ថាបត្យករមួយ តែប៉ុណ្ណោអ ប៉ុន្តែក្រោយមក ខ្ញុំទទួលបានការគាំទ្រជាច្រើនពីមនុស្សគ្រប់រូប ព្រោះថា វាពិតជារឿងដែលពោរពេញទៅដោយអត្ថន័យ ដូចការប្រាថ្នារបស់ខ្ញុំចង់ឃើញកូន ចៅរស់នៅកាន់តែល្អប្រសើរ។ ទាំងនេះគឺជាតម្លៃដែលយើងមិនអាចវាស់វែងបាន ដោយលុយនោះទេ ហើយនោះជាសេចក្តីស្រឡាញ់របស់មនុស្សជំនាន់មុនមានសម្រាប់កូនចៅជំនាន់ក្រោយ”។
អ្វីដែលពិសេសនិងធំធេងបំផុតដែលធ្វើអោយលោក Pham Dinh Quy មានសេចក្តីរីករាយបំផុតនោះគឺ សេចក្តីស្រឡាញ់ដែលប្រជាជននៅតំបន់ព្រៃភ្នំជូនសម្រាប់លោក ព្រោះ លោកមិនត្រឹមតែបានសាងសង់សាលានោះទេ តែថែមទាំងបានកសាងរបៀបរស់នៅថ្មីដែលជាវិធីទទួលយកថ្មីសម្រាប់ ប្រជាជននៅតំបន់ព្រៃភ្នំ៕
LE PHUONG-MANH QUAN