សិប្បករ Y Thai Eban -អ្នកថែរក្សាព្រលឹងនៃរូបចម្លាក់ឈើនៅភូមិ Ea Tu ទីក្រុង Buon Ma Thuot

(VOVWORLD) - អស់រយៈពេលជាង៣០ឆ្នាំកន្លងមក សិប្បករ Y Thai Eban ជនជាតិ Ede នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីថែរក្សានិងអភិវឌ្ឍន៍របរឆ្លាក់រូបចម្លាក់ឈើ ប្រែក្លាយដុំឈើទៅជាស្នាដៃសិល្បៈ។ លោកជាសិប្បករមួយក្នុងចំណោមសិប្បករតិចតួចនៅខេត្ត Dak Lak ដែលនៅតែរក្សាបាននូវការជក់ចិត្តនឹងការឆ្លាក់រូបចម្លាក់ឈើ ហើយរកបានប្រាក់ចំណូលពីការងារនេះ។

សិប្បករ Y Thai Eban -អ្នកថែរក្សាព្រលឹងនៃរូបចម្លាក់ឈើនៅភូមិ Ea Tu ទីក្រុង Buon Ma Thuot - ảnh 1សិប្បករ Y Thai Eban ឧទ្ទេសនាមអំពីស្នាដៃរូបចម្លាក់ឈើរបស់ខ្លួន។ (រូបថត៖ VOV)

ចែករំលែកអំពីការជក់ចិត្តរបស់ខ្លួន សិប្បករ Y Thai បានរំលឹកថា តាំងពីកុមារភាព លោកច្រើនតែដើរតាមពូអ៊ុំចូលក្នុងព្រៃដើម្បីយកឈើមកឆ្លាក់រូបចម្លាក់សម្រាប់បម្រើឲ្យទំនៀមទំលាប់នានារបស់ជនជាតិខ្លួន។ ដោយចាប់អារម្មណ៍នឹងការបញ្ចេញទឹកមុខនៅលើរូបចម្លាក់នីមួយៗ លោកសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ហើយឆ្លាក់តាមដោយខ្លួនឯង។ បន្តិចម្ដងៗ ក្នុងអំឡុងពេលជាង៣០ឆ្នាំកន្លងមក ការឆ្លាក់រូបចម្លាក់ឈើបានក្លាយទៅជាចំណង់ចំណូលចិត្ត ហើយនាំមកជូនសិប្បករ Y Thai នូវភាពជោគជ័យ ដែលជួយឲ្យលោកកាន់តែប្ដេជ្ញាចិត្តថែមទៀតដើម្បីថែរក្សានិងអភិវឌ្ឍន៍របរនេះ។

“នៅពេលខ្ញុំមានគំនិតច្នៃប្រឌិតម្ដងៗ ខ្ញុំយកឈើមកឆ្លាក់តែម្ដង មិនត្រូវការគូរជាមុនទេ។ ដើម្បីអាចថែរក្សា អភិរក្សលក្ខណៈវប្បធម៌នេះ ខ្លួនត្រូវតែខិតខំប្រឹងប្រែងខ្លាំងណាស់។ ខ្ញុំខ្លាចថា ក្រោយមកសិល្បៈឆ្លាក់រូបចម្លាក់ឈើរបស់ជនជាតិខ្លួននឹងត្រូវរលាយសាបសូន្យទៅ។ ដូច្នេះហើយ ឥឡូវនេះខ្ញុំនៅតែខិតខំថែរក្សា កុំទុកឲ្យវាបាត់ទៅ។ ដើម្បីឲ្យកូនចៅ នាពេលក្រោយមកក៏ដូចនឹងខ្ញុំកាលពីមុន នៅពេលឃើញពូ អ៊ុំ ធ្វើ នឹងអាចចងចាំហើយធ្វើតាម”។

ដើម្បីបង្កើតរូបរាងសម្រាប់រូបចម្លាក់ សិប្បករ Y Thai ត្រឹមតែប្រើប្រាស់ពូថៅ ដែកដាប់ និងកាំបិតប៉ុណ្ណោះ។ នៅពេលមើលដុំឈើ លោកអាចស្រមៃ ហើយឆ្លាក់រូបចម្លាក់ពេញលេញដោយដៃផ្ទាល់។ រូបចម្លាក់នីមួយៗមានអត្ថន័យដោយឡែកមួយ ដែលជារឿងរ៉ាវ ជារឿងនិទានប្រជាប្រិយ ឬលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតមួយដែលផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ E De។ លោកស្រី H Yao Bya ប្រពន្ធរបស់សិប្បករ Y Thai បានចែករំលែកថា៖

“គាត់អាចធ្វើបានរបស់របរជាច្រើនពីឈើ ចាប់ពីចម្លាក់លើទ្វាររហូតដល់រូបចម្លាក់ដែលមានរូបរាងខុសៗគ្នា។ ខ្ញុំតែងតែលើកទឹកចិត្តឲ្យគាត់បង្រៀនជូនកូនប្រុសទាំង២នាក់។ គ្រួសារខ្ញុំសុទ្ធតែគាំទ្រឲ្យគាត់បន្តថែរក្សាវប្បធម៌របស់ដូនតាដែលបានបន្សល់ទុកមកតាំងពីបុរាណកាល”។

សិប្បករ Y Thai តាំងពីយូយាណាស់មកហើយ ត្រូវបានអ្នកស្រុកស្គាល់ដល់ តាមរយៈស្នាដៃគួរឲ្យចាប់អារម្មណ៍ហើយ ប៉ុន្តែរហូតដល់ឆ្នាំ២០១៥ នៅពេលដែលការប្រកួតឆ្លាក់រូបចម្លាក់ឈើលើកដំបូងត្រូវបានរៀបចំឡើងនោះ ទើបអ្នកស្រឡាញ់រូបចម្លាក់ឈើលើទូទាំងប្រទេសស្គាល់ដល់លោកកាន់តែច្រើន ហើយមកបញ្ជាទិញផលិតផលរបស់លោក។ សិប្បករ Y Thai ក៏បានតំណាងឲ្យខេត្ត Dak Lak ជាច្រើនលើកច្រើនសារទៅចូលរួម ហើយឈ្នះពានរង្វាន់ខ្ពស់នៅក្នុងការប្រកួតឆ្លាក់រូបចម្លាក់ឈើប្រជាប្រិយនៅតំបន់ Tay Nguyen ផងដែរ។ រហូតមកទល់បច្ចុប្បន្ន ការឆ្លាក់រូបចម្លាក់ឈើមិនត្រឹមតែជាការជក់ចិត្តប៉ុណ្ណោះទេ ថែមទាំងក្លាយជារបរអាជីពដែលនាំមកនូវប្រាក់ចំណូលសម្រាប់គ្រួសារលោកទៀតផង។

ដោយមើលឃើញពីតម្លៃនិងផលប្រយោជន៍សេដ្ឋកិច្ចពីការងារនេះ លោកបានលើកទឹកចិត្តឲ្យកូនៗនិងអ្នកភូមិ បើសិនអ្នកណាមានចំណងចំណូលចិត្តហើយខិតខំព្យាយាមសិក្សារៀនសូត្រ លោកត្រៀមខ្លួនជាស្រេចបង្រៀន ហើយលើកទឹកចិត្តឲ្យពួកគេចូលរួម នៅពេលមានការបញ្ជាទិញម្ដងៗ។ លោក Bui Van Huong កម្មាភិបាលវប្បធម៌នៅឃុំ Ea Tu ទីក្រុង Buon Ma Thuot បានឲ្យដឹងថាសិប្បករ Y Thai បានចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ E De នៅមូលដ្ឋាន។

“សិប្បករ Y Thai បានចូលរួមយ៉ាងសកម្មក្នុងការងារអភិរក្សសិល្បៈឆ្លាក់រូបចម្លាក់និយាយដោយឡែក និងអត្តសញ្ញាណវប្បធម៌ជនជាតិ E De លើភូមិសាស្ត្រឃុំនិយាយរួម។ នាបច្ចុប្បន្ន សិប្បករ Y Thai កំពុងបន្តពង្រីករាល់តម្លៃនៃរូបចម្លាក់ឈើរបស់ខ្លួន ដើម្បីឧទ្ទេសនាមផ្សព្វផ្សាយផលិតផលផង ព្រមទាំងបម្រើសម្រាប់ការងារនាពេលក្រោយមកទៀតផង។ បច្ចុប្បន្ននេះ លើភូមិសាស្ត្រឃុំ Ea Tu មិនទាន់មានសិប្បករណាមួយក្រៅពីសិប្បករ Y Thai ដែលអាចឆ្លាក់រូបចម្លាក់ឈើនៅឡើយទេ។ ដូច្នេះ ឃុំតែងតែលើកទឹកចិត្តឲ្យសិប្បករ Y Thai បន្តអភិវឌ្ឍន៍និងពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែមទៀត”។

ដោយមានការគោរពនិងស្រឡាញ់ចំពោះរាល់តម្លៃប្រពៃណីរបស់ជនជាតិខ្លួន សិប្បករ Y Thai នៅតែកំពុងលះបង់កម្លាំងកាយចិត្តសម្រាប់ការថែរក្សា “ដួងព្រលឹង” នៃរូបចម្លាក់ឈើ។ ចំពោះលោក ការឆ្លាក់រូបចម្លាក់ឈើគឺជារបៀបដើម្បីថែរក្សាប្រពៃណី ហើយបន្សល់ទុកមកជំនាន់ក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ