សិប្បការិនីអាយុជិត១០០ឆ្នាំ Mo Thi Kit និងការជក់ចិត្តអស់មួយជីវិតចំពោះចម្រៀង ថែន (then)

(VOVWORLD) - សិប្បការិនីប្រជាជន Mo Thi Kit ត្រូវបានគេប្រៀបប្រដូចជា “រតនវត្ថុ then” នៃខេត្ត Lang Son។ លោកយាយផ្សាភ្ជាប់នឹងចម្រៀង then ដោយចំណាយពេលវេលាព្រមទាំងកម្លាំងកាយចិត្តដើម្បីកត់ត្រានិងរៀនទន្ទេញចាំមាត់បទចម្រៀង then រាប់ម៉ឺនបទ។ រាល់ការលះបង់របស់លោកយាយបានចូលរួមចំណែកដ៏សំខាន់ដើម្បីជួយពិធីការប្រតិបត្តិ then របស់ជនជាតិ Tay, Nung, Thai វៀតណាម ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបិយ៍តំណាងរបស់មនុស្សលោក។

សិប្បការិនីអាយុជិត១០០ឆ្នាំ Mo Thi Kit និងការជក់ចិត្តអស់មួយជីវិតចំពោះចម្រៀង ថែន (then) - ảnh 1សិប្បការិនី Mo Thi Kit។ (រូបថត៖ VOV)

ប្រសូត្រនិងធំដឹងក្ដីនៅស្រុក Binh Gia ដែលជាទីកន្លែងមានចលនាច្រៀង then ដ៏ល្បីឈ្មោះនៃខេត្ត Lang Son លោកយាយ Mo Thi Kit ចាប់ផ្ដើមរៀនច្រៀង then ចាប់តាំងពីអាយុ១៥ឆ្នាំ។ លោកយាយទន្ទេញចាំមាត់ចម្រៀង then រាប់ម៉ឺនឃ្លា ហើយអាចសម្ដែងពេញ៣យប់៣ថ្ងៃនៅក្នុងពិធីបុណ្យ then ពិធី Khao Sluong (ពិធីគ្រប់អាយុពេញវ័យ) របស់ជនជាតិ Tay, Nung។ នាដើមនិទាឃរដូវជារៀងរាល់ឆ្នាំ លោកយាយច្រើនតែរៀបចំបុណ្យ then នៅហ្នឹងផ្ទះខ្លួនផ្ទាល់ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជីដូនជីតា រឹតបន្តឹងចំណងសាមគ្គីភាពក្នុងភូមិឃុំ។ ក្នុងឱកាសពិធីបុណ្យម្ដងៗ ប្រជាជនក្នុងតំបន់តែងតែមកប្រមូលផ្ដុំយ៉ាងច្រើនកុះករ ដើម្បីស្ដាប់ចម្រៀង then ទាំងយប់ទាំងថ្ងៃ។ មនុស្សរាល់គ្នាគោរពរាប់អានលោកយាយមិនត្រឹមតែដោយសំនៀងដ៏ពិរោះរណ្ដំប៉ុណ្ណោះទេ ថែមទាំងគោរពលោកយាយ “Then Kit” ដោយទឹកចិត្តស្មោះសនិងគុណធម៌ទៀតផង។ សិប្បការិនី Mo Thi Kit បានសំណេះសំណាលថា៖

“ចម្រៀង then ពិសេសណាស់ ដែលជួយអប់រំ ប្រៀនប្រដៅមនុស្សគ្រប់រូបត្រូវចេះស្រឡាញ់គ្នា មិនត្រូវឈ្លោះប្រកែក ច្រណែនគ្នា ត្រូវចេះរស់នៅដោយមនោសញ្ចេតនាជាមួយគ្នា។ ពេលទៅច្រៀង then មានអ្នកដែលបង់លុយឲ្យខ្ញុំតែមួយពាន់ ២ពាន់ដុងប៉ុណ្ណោះ ប៉ុន្តែខ្ញុំនៅតែច្រៀង ហើយមានអ្នកខ្លះទៀតបង់រហូតដល់២លានដុង តែខ្ញុំមិនចង់ច្រៀងទេ។ ហើយពេលខ្លះៗ មានអ្នកដែលក្រលំបាក ឈឺថ្កាត់ធ្ងន់ធ្ងរណាស់ គ្មានលុយទេ ប៉ុន្តែខ្ញុំនៅតែទិញមាន់ យកធ្វើជាគ្រឿងសំណែន ដើម្បីច្រៀងរំដោះឧបទ្រុពចង្រៃជូនគេ។ ខ្ញុំបានច្រៀង then ពេញមួយជីវិត ប្រាក់កាសមិនមែនជាអ្វីៗទាំងអស់ទេ នោះគឺជាមនោសញ្ចេតនា ជាសេចក្ដីស្រឡាញ់ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ បានទៅច្រៀងគឺខ្ញុំសប្បាយរីករាយហើយ”។

ក្នុងអំឡុងពេលជិត១០ឆ្នាំកន្លងមក លោកស្រី Nong Thi Phuong ប្រធានសមាគមន៍អភិរក្សចម្រៀងប្រជាប្រិយស្រុក Binh Gia ខេត្ត Lang Son និងជាកូនស្រីរបស់លោកយាយ Mo Thi Kit បានកត់ត្រាឡើងវិញដំណើរការច្រៀង then ទាំងស្រុងរបស់អ្នកម្ដាយ។ នាបច្ចុប្បន្ន សៀវភៅនោះបានសម្រេចរួចរាល់ ហើយនឹងត្រូវបានបោះពុម្ភផ្សាយនាចុងឆ្នាំនេះ ក្រោមចំណងជើងថា “អ្នកថែរក្សាព្រលឹង Then ខេត្ត Lang Son”។ លោកស្រី Nong Thi Phuong បានដំណាលថា៖

“សិប្បការិនីប្រជាជន Mo Thi Kit មានកម្លាំងចិត្តដ៏អស្ចារ្យ កាលពីអាយុមិនទាន់បាន១៥ឆ្នាំបានបាត់បង់ទាំងឪពុក ម្ដាយនិងបងប្រុស។ ម្ដាយខ្ញុំគឺជានិមិត្តរូបក្នុងដួងចិត្តកូនចៅទាំងអស់។ គាត់បានប្រកបរបរច្រៀង then អស់រយៈពេលជាង៨៥ឆ្នាំហើយ នោះគឺដំណើរការពោរពេញទៅដោយការលំបាកលំបិនប៉ុន្តែពិតជាដំណើរការដ៏ភ្លឺស្វាងមួយដែរ។ ដោយទទួលបានគិត្តិនាម សិប្បការិនីប្រជាជន អាចនិយាយបានថា គាត់បានឈានដល់កំពូលក្នុងអាជីព ហើយនេះក៏ជាមោទនភាពរបស់គាត់ផ្ទាល់ ក៏ដូចជារបស់កូនចៅផងដែរ”។

សិប្បការិនីអាយុជិត១០០ឆ្នាំ Mo Thi Kit និងការជក់ចិត្តអស់មួយជីវិតចំពោះចម្រៀង ថែន (then) - ảnh 2សិប្បការិនី Mo Thi Kit ទទួលកិត្តិនាម "សិប្បការិនីប្រជាជន" នៅឆ្នាំ២០១៩។

នៅឆ្នាំ២០១៥ សិប្បការិនី Mo Thi Kit ត្រូវបានប្រគល់ជូនកិត្តិនាម សិប្បការិនីឆ្នើម ហើយដល់ឆ្នាំ២០១៩ ត្រូវបានប្រគល់ជូនកិត្តិនាម សិប្បការិនីប្រជាជន។ អ្នកស្រាវជ្រាវវប្បធម៌ជាច្រើនតែងតែមកជួបលោកយាយដើម្បីស្វែងយល់ពីការច្រៀង then របស់ជនជាតិ Tay Nung។ សិល្បៈករ Nguyen Xuan Bach គ្រូបង្រៀនវិញ្ញាណសារច្រៀង then នៃសាលាជាន់ខ្ពស់វប្បធម៌សិល្បៈ Viet Bac ឲ្យដឹងថា៖

“ការច្រៀង then របស់លោកយាយ Kit មានលក្ខណៈពិសេសដោយឡែកជាច្រើន។ លោកយាយត្រូវបានប្រសូត្រនៅឆ្នាំ១៩២១ ហើយជាសិប្បការិនីម្នាក់ដែលបានហាត់ច្រៀង then តាំងពីនៅតូច ដូច្នេះ ការច្រៀង then របស់លោកយាយនៅតែរក្សាបាននូវលក្ខណៈបុរាណកាល។ អាយុ១០០ឆ្នាំហើយតែច្រៀងពិរោះយ៉ាងដូច្នេះ គឺមានន័យថា លោកយាយមានសម្លេងខ្លាំងណាស់។ ចំពោះសិប្បការិនីវ័យក្មេង លោកយាយ Mo Thi Kit គឺជាសាក្សីដើម្បីឲ្យគេសិក្សារៀនសូត្រ ស្ដារឡើងវិញលក្ខណៈវប្បធម៌បុរមបុរាណនោះ”។

លោកយាយ Mo Thi Kit ច្រើនតែទទួលបានការអញ្ជើញទៅសម្ដែងនៅតំបន់ជាច្រើន ដើម្បីផ្សព្វផ្សាយពីសិល្បៈច្រៀង Then។ លោកបណ្ឌិត Hoang Van Pao ប្រធានសមាគមន៍បេតិកភ័ណ្ឌវប្បធម៌ខេត្ត Lang Son បានឲ្យដឹងថា៖

“លោកយាយ Mo Thi Kit បច្ចុប្បន្ននេះមានអាយុ១០០ឆ្នាំហើយ។ អស់មួយជីវិតរបស់ខ្លួន លោកយាយបានផ្សាភ្ជាប់នឹងចម្រៀង Then អស់រយៈពេលជាង៨០ឆ្នាំ។ ចំពោះអ្នកធ្វើការក្នុងវិស័យវប្បធម៌ដូចយើងខ្ញុំ លោកយាយត្រូវបានចាត់ទុកថា ជាអ្នកថែរក្សាព្រលឹង Then ខេត្ត Lang Son។ លោកយាយជាបេតិកភ័ណ្ឌដ៏ថ្លៃថ្លា ពីព្រោះលោកយាយជាអ្នកមានគុណថែរក្សាចម្រៀង Then Lang Son មានគុណបង្ហាត់បង្រៀនជូនកូនសិស្ស កូនធម៌។ ដូច្នេះ បានរួមចំណែកទៅក្នុងការថែរក្សាទំនៀមទំលាប់ គ្រឹះស្ថានវប្បធម៌នៃខេត្ត Lang Son និយាយដោយឡែកនិងប្រទេសទាំងមូលនិយាយរួម”។

ជាមួយចាបី tinh ក្នុងដៃ សិប្បការិនីប្រជាជន Mo Thi Kit លេងចាបីបណ្ដើរ ច្រៀងបណ្ដើរឲ្យយើងខ្ញុំស្ដាប់។ ទស្សនាទិដ្ឋភាពទាំងនេះ គ្មានអ្នកណាអាចជឿថា សិប្បការិនីរូបនេះមានអាយុពេញ១០០ឆ្នាំនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ