សិប្បករប្រជាជនវៀតណាម លោក Nguyen Ngoc Trong - បាតដៃមាសនៃមុខរបរដាំលោហៈមានតម្លៃនៅលើសំរិទ្ធ
(VOVWORLD) - នៅពេលនិយាយអំពីមុខរបរ ដាំលោហៈមានតម្លៃនៅលើសំរឹទ្ធ គឺមិនអាចមិននិយាយពីសិប្បករប្រជាជន លោក Nguyen Ngoc Trong ឡើយ។ លោកគឺជាសិប្បករជើងចាស់ម្នាក់ក្នុងចំណោមសិប្បករទាំង ៤ នាក់ដែលមានគុណបំណាច់ ស្តារឡើងវិញនូវមុខរបរដាំលោហៈមានតម្លៃលើសំរឹទ្ធនិងត្រូវបានផ្តល់កិត្តិនាមជាសិប្បករ តែទី១ នៃមុខរបរដាំលោហៈមានតម្លៃនៅលើសំរឹទ្ធនៃរដ្ឋធានីហាណូយផងដែរ។
សិប្បករ Nguyen Ngoc Trong |
មុខរបរដាំលោហៈមានតម្លៃនៅលើសំរឹទ្ធ គឺជាការដាំដោយផ្សំលោហៈដ៏មានតម្លៃ ដូច ជាមាសនិងប្រាក់នៅលើសំរិទ្ធផងដែរ។ ផលិតផលនីមួយៗ តម្រូវឱ្យមានភាពម៉ត់ចត់យ៉ាងល្អិតល្អន់ ដោយគូគំរូនៅលើផលិតផលសំរិទ្ធ ហើយដាប់នៅលើគំរូនោះ បន្ទាប់ មក ដាំមាស ប្រាក់និងលោហៈមានតម្លៃផ្សេងៗនៅលើផលិតផលជាសំរិទ្ធនោះ ដើម្បីធ្វើយ៉ាងម៉េចឱ្យស៊ីជម្រៅតាមលំនាំ។ ដាំលោហៈនៅលើសំរិទ្ធគឺត្រូវចំណាយពេលនិងថាមពលច្រើនដង ជួនកាលជារៀងរាល់ខែ សូម្បីតែពីរបីឆ្នាំទើបបង្ហើយក៏មានដែរ។
សិប្បកររប្រជាជន លោក Nguyen Ngoc Trong កើតនៅឆ្នាំ ១៩៣៨ ក្នុងគ្រួសារត្រកូល Nguyen Ngoc ដែលមានដើមកំណើតនៅភូមិ Dai Bai ស្រុក Gia Binh ខេត្ត Bac Ninh ជាភុមិប្រកបមុខរបរដាំលោហៈនៅលើសំរិទ្ធមានអាយុកាល ជាង ១ពាន់ ឆ្នាំហើយ។ មុននេះ គ្រួសារត្រកូល Nguyen Ngoc Trong ធ្លាប់ត្រូវបានរាជវង្ស Nguyen (១៨០២-១៩៤៥) នៅបរមរាជវាំង Hue កម្មង់ធ្វើផលិតផលសម្រាប់ តែបរមរាជវាំងផងដែរ។ តាំងពីវ័យក្មេងមក លោក Nguyen Ngoc Tao បានដើរតាមគ្រួសាររបស់ខ្លួនទៅកាន់ទីក្រុងហាណូយដើម្បីចាប់ផ្តើមអាជីវកម្មនៅផ្លូវ Hang Dong។
សិប្បករ Nguyen Ngoc Trong រំលឹកឡើងវិញថា៖ “ខ្ញុំបានដើរតាមក្រុមគ្រួសាររបស់ខ្ញុំទៅកាន់ទីក្រុងហាណូយ តាំងពីប៉ុន្មានឆ្នាំ ១៩៥០ម្លេះ។ នៅពេលមានសន្តិភាពឡើងវិញ ខ្ញុំបានចូលធ្វើការនៅរោងចល័តគំរូនៃក្រុមហ៊ុននាំចូល នាំចេញសិប្បកម្ម Artexport របស់ក្រសួងពាណិជ្ជកម្មបរទេស ដែលជាកន្លែងផលិតផលិតផលនាំចេញ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានជួបនិងស្គាល់ពីមជ្ឈដ្ឋានវិចិត្រសិល្បៈនិងសិប្បករជាច្រើន។ ខ្ញុំជាសមាជិកក្នុងសមាគមវិចិត្រសិល្បះនិងសិប្បករនៃទីក្រុងហាណូយ ហើយក៏ធ្លាប់បានទៅជួបប្រាស្រ័យជាមួយសិប្បករបរទេស ដូចជា ថៃ មីយ៉ាន់ម៉ា បារាំង ដូច្នេះខ្ញុំអាចសិក្សារៀនសូត្របានច្រើន ដែរ”។
ផលិតផលនិងរចនាគំរូរបស់សិប្បករ Nguyen Ngoc Trong តែងតែមានវត្តមាននៅក្នុងពិព័រណ៍សិប្បកម្មនិងវិចិត្រសិល្បៈនៅក្នុងប្រទេសនិងអន្តរជាតិ។ ផលិតផលដាំលោហៈនៅលើសំរិទ្ធរបស់លោកត្រូវបានអតិថិជនក្នុងនិងក្រៅប្រទេសនិយមចូលចិត្ត ដោយសារតែភាពស្រស់ស្អាតដ៏ប្រណិតរបស់វា ដែលមានរូបចម្លាក់យ៉ាងល្អឥតខ្ចោះនិងរូបមន្តដាំលោហៈដ៏ប៉ិនប្រសប់ផងដែរ។ ផលិតផលនីមួយៗ មិនត្រឹមតែបង្ហាញពីបាតដៃប៉ិនប្រសប់និងទេពកោសល្យរបស់ជាងធ្វើប៉ុណ្ណោះទេ ថែមទាំង បង្គប់នូវអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។ ហេតុដូច្នេះ នៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋវៀតណាម ទៅបំពេញទស្សនកិច្ចនៅបរទេសឬទទួលបដិសណ្ឋារកិច្ចចំពោះមេដឹកនាំរដ្ឋនិងគណៈប្រតិភូអន្ដរជាតិនានា គឺក្រសួងការបរទេសតែងតែកម្មង់លោកឲ្យធ្វើវត្ថុអនុស្សាវរីយ៍សម្រាប់ធ្វើកាដូរ។ សិប្បករប្រជាជន លោក Nguyen Ngoc Trong បានមានប្រសាសន៍ថា៖ “ខ្ញុំនៅចាំថា កាលយាងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តមសីហនុ នោះ ខ្ញុំបានដាំរូបបឹង Guom ពីសំរិទ្ធដើម្បីថ្វាយព្រះអង្គ។ ថ្មីៗនេះ ខ្ញុំបានអមដំណើរគណៈ ប្រតិភូទីក្រុងហាណូយទៅកាន់ទីក្រុង Toulouse ប្រទេសបារាំង។ ផលិតផលដែលខ្ញុំបាននាំយកទៅប្រទេសបារាំងដែលជាកាដូរបស់ទីក្រុងហាណូយគឺជា Cup - ១០០០ ឆ្នាំនៃ Thang Long - ហាណូយ, ផ្ទាំងគំនូរបង្ហាញពីការផ្លាស់ រដ្ឋធានីរបស់ស្តេច Ly Cong Uan រឿងព្រេងអំពីបឹង Guom គងមួយគ្រឿងនៃភូមិរបរ Dai Bai, ស្គរសំរិទ្ធនិងគ្រឿងដាំប្រាក់មួយចំនួនផងដែរ។ ហើយក្រសួងវប្បធម៌កីឡានិងទេសចរណ៍ វៀតណាម ក៏បានកម្មង់ឲ្យខ្ញុំធ្វើជាស្គរសំរិទ្ធសម្រាប់ សារមន្ទីរជាតិគុយបា សូម្បីតែ សារមន្ទីរជាតិបេឡារុស្សក៏មានស្នាដៃរបស់ខ្ញុំផងដែរ”។
នៅឆ្នាំ ២០១០ ដែលបានប្រារព្ធមហាពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ១០០០ ឆ្នាំ នៃ Thang Long - ហាណូយ, សិប្បករ លោក Nguyen Ngoc Trong បានធ្វើស្នាដៃមួយ មានឈ្មោះថា “លិខិតទុកជូនអនាគត” ដែលត្រូវបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌលបណ្ណាល័យជាតិហើយនឹងត្រូវបានបើកនាគ្រា ១០០ ឆ្នាំក្រោយ ពោលគឺឆ្នាំ ២១១០តែម្តង។ ស្នាដៃនេះដោយខ្លឹមសារបង្ហាញពីមោទនភាពនៃ ១០០០ ឆ្នាំនៃ Thang Long - ហាណូយ ដើម្បីអប់រំកូនចៅជំនាន់ក្រោយ បន្តប្រពៃណីកសាងរដ្ឋធានីហាណូយឲ្យកាន់តែចម្រុងចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
បច្ចុប្បន្ននេះ ស្ថិតក្នុងវ័យអាយុ ៨០ ឆ្នាំហើយ ប៉ុន្តែសិប្បករប្រជាជន លោក Nguyen Ngoc Trong មានការពេញចិត្តយ៉ាងខ្លាំងនៅពេលដែល កូនប្រុសទី ២ របស់លោកគឺសិប្បករ Nguyen Ngoc Anh បានទទួលមរតកមុខរបរនេះពីលោក ដោយបាតដៃប៉ិនប្រសប់ ហើយពង្រីកបាននូវមុខរបសសិប្បកម្មប្រពៃណីដ៏ថ្លៃថ្លាររបស់គ្រួសារខ្លួន។
សិប្បករ Nguyen Ngoc Trong មានកិត្តិយសទទួលបានមេដាយនិងប័ណ្ណសរសើរជាច្រើនពីរដ្ឋាភិបាលវៀតណាមនិងអង្គការអន្តរជាតិនានាប្រគល់ជូន។ លោកត្រូវបានទីក្រុងហាណូយ ប្រគល់ពានរង្វាន់ពលរដ្ឋឆ្នើមនៃរដ្ឋធានី ឆ្នាំ ២០១៤, កិត្តនាមបាត ដៃមាស នៅក្នុងការប្រកួតប្រជែងផលិតកម្មជាច្រើនផងដែរ៕