សិល្បករឆ្នើម Sang Set រួមចំណែកថែរក្សានិងអភិវឌ្ឍន៍វប្បធម៌ខ្មែរ
(VOVWORLD) - សិល្បករឆ្នើម Sang Set (ឈ្មោះពិតជា Thach Set) កើតនៅឆ្នាំ ១៩៥២ ជាជនជាតិខ្មែរនៅខេត្តត្រាវិញ។ លោកជាអ្នកស្រាវជ្រាវវប្បធម៌ជនជាតិខ្មែរ ព្រមទាំងជាអ្នកទ្រឹស្តី អ្នករិះគន់ល្ខោន ដែលបានចូលរួមចំណែកជាច្រើនក្នុងការ អភិរក្សនិងអភិវឌ្ឍវប្បធម៌ខ្មែរ។
សិល្បៈករឆ្នើម Thach Set។ (រូបថត៖ VOV) |
សិល្បករឆ្នើម Sang Set មានការយល់ដឹងយ៉ាងជ្រៅជ្រះ ហើយអាចអនុវត្តន៍បំណិនវប្បធម៌ប្រជាប្រិយខ្មែរជាច្រើន តាមរយៈដំណើរការសិក្សា សម្រាំង ស្រាវជ្រាវ និងនិពន្ធចាប់ពីឆ្នាំ ១៩៧៦ មក។ ប្រៀបខ្លាំងរបស់លោកគឺ មានបទពិសោធន៍ធ្វើសកម្មភាពក្នុងវិស័យសិល្បៈអាជីព គឺក្រុមសិល្បៈ Anh Binh Minh ខេត្តត្រាវិញ ក្នុងអំឡុងពេល ១៤ ឆ្នាំ (១៩៧៦ - ១៩៩០) ហើយបានឆ្លងកាត់មុខតំណែងគ្រប់គ្រងជាច្រើនក្នុងវិស័យវប្បធម៌សង្គមដូចជា៖ ប្រធានការិយាល័យជំនាញនៃមន្ទីរវប្បធម៌ ព័ត៌មាន និងកីឡាខេត្តត្រាវិញ (១៩៩០ - ១៩៩៣); នាយកមជ្ឈមណ្ឌលវប្បធម៌ខេត្តត្រាវិញ (១៩៩៣ - ១៩៩៩); អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្តត្រាវិញ (១៩៩៩ - ២០០៤); នាយករងស្ថានីយ៍វិទ្យុ ទូរទស្សន៍ខេត្តត្រាវិញ (២០០៤ - ២០១២)។ សិល្បករឆ្នើម Sang Set បានឲ្យដឹងថា៖
“សិល្បៈល្ខោន របាំ អក្សរសិល្ប៍ គឺជាអ្វីៗដែលខ្ញុំបាននិងកំពុងធ្វើ។ សំណង់ស្រាវជ្រាវទាំងនេះ កំពុងត្រូវបានមជ្ឈិមវិនិយោគ បោះពុម្ព ហើយផ្សព្វផ្សាយទូទាំងប្រទេស បណ្ណាល័យនៃបណ្ដាខេត្តសុទ្ធតែមានដែរ។ ការងារប្រចាំថ្ងៃរបស់ខ្ញុំគឺ ចងក្រង កែតម្រូវ បោះពុម្ពផ្សាយ ហើយទទួលខុសត្រូវលើព្រឹត្តិប័ត្រពិសេសអំពីវប្បធម៌សិល្បៈខ្មែរនៃខេត្តត្រាវិញ។ នេះគឺជាព្រឹត្តិប័ត្រពិសេសជាភាសាខ្មែរតែមួយគត់នៃតំបន់ Nam Bo ដែលត្រូវបានប្រើប្រាស់សម្រាប់តំបន់ទាំងមូល ហើយអ្នកនិពន្ធមិនត្រឹមតែនៅខេត្តត្រាវិញប៉ុណ្ណោះទេ ថែមទាំងនៅក្រៅខេត្តផងដែរ។ ព្រឹត្តិប័ត្រវប្បធម៌សិល្បៈពិសេសខេត្តត្រាវិញមកដល់ពេលនេះមាន៣១ច្បាប់។ ច្បាប់នីមួយៗមាន ៥០ ទំព័រ ចំណែកឯច្បាប់ពិសេសមាន ១៥០ ទំព័រជាភាសាខ្មែរ។ ខ្ញុំក៏បានចងក្រងមេរៀនដើម្បីបង្រៀនពីទំនៀមទម្លាប់និងពិធីសាសនារបស់ប្រជាជនតំបន់ Nam Bo ដែលត្រូវបានបោះពុម្ពជាសៀវភៅសិក្សាកាលពីឆ្នាំ ២០១២ផងដែរ”។
សិល្បករឆ្នើម Thach Set ជាអ្នកនិពន្ធនៃសៀវភៅរាប់សិបក្បាល (ដូចជាសិល្បៈល្ខោនយីកេខ្មែរ Nam Bo; សិល្បៈរបាំ; ទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ Nam Bo ជាដើម)។ និយាយអំពីសិល្បករឆ្នើម Thach Set ព្រះតេជគុណ Kim Manh សមាជិកសមាគមអក្សរសាស្ត្រសិល្បៈខេត្តត្រាវិញ និងជាសមាជិកសមាគមអក្សរសាស្ត្រសិល្បៈបណ្ដាជនជាតិភាគតិចនៅវៀតណាម បានវាយតម្លៃថា៖
“សិល្បករឆ្នើម Thach Set ជាសិល្បករពូកែ ដែលមានទេពកោសល្យពិសេស និងបទពិសោធន៍ជាច្រើនឆ្នាំមកហើយ។ សិល្បករឆ្នើម Thach Set មានប្រៀបខ្លាំង គឺការនិពន្ធបទចម្រៀង កំណាព្យ ល្ខោនយីកេពិរោះណាស់ ព្រមទាំងពូកែបកប្រែពីភាសាខ្មែរទៅវៀតណាមទៀតផង។ លោកក៏ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមវប្បធម៌។ នៅក្រុមសិល្បៈ Anh Binh Minh នៅខេត្តត្រាវិញ សិល្បករឆ្នើម Thach Set ជារៀមច្បង។ លោកជានិច្ចកាលយកចិត្តទុកដាក់ដល់អត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ”។
ស្នាដៃមួយចំនួនរបស់សិល្បករឆ្នើម Thach Set។ |
ដោយធ្លាប់កាន់តំណែងជាប្រធានក្រុមសិល្បៈអាជីពខ្មែរ Anh Binh Minhសិល្បករឆ្នើម Thach Set មានស្នាដៃមួយចំនួនដែលទទួលបានពានរង្វាន់ក្នុងប្រទេស តាមរយៈក្រុមសិល្បៈនេះ។ ក្នុងអំឡុងពេលធ្វើសកម្មភាពសិល្បៈ លោកធ្លាប់ បានរដ្ឋាភិបាលវៀតណាមបញ្ជូនទៅកម្ពុជាក្នុងនាមជាអ្នកជំនាញការផ្នែកវប្បធម៌។ ជាពិសេស លោក Thach Set គឺជាអ្នកបកប្រែស្នូលម្នាក់ ដែលបានចូលរួមក្នុងការចងក្រងវចនានុក្រមខ្មែរ-វៀតណាម វៀតណាម-ខ្មែរ ដែលជាសំណង់ស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំមួយ។ សិល្បករ Thach Set បានឲ្យដឹងថែមទៀតថា៖
“វចនានុក្រម គឺជាគម្រោងដែលក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម សហការអនុវត្តន៍ជាមួយក្រសួងអប់រំ និងយុវជនកម្ពុជា។ ខ្ញុំជាសមាជិកក្នុងក្រុមចងក្រងវចនានុក្រមនោះ។ ដំបូងឡើយ ខ្ញុំចង់ធ្វើការតែម្នាក់ឯងជា ៣ ភាសា គឺ វៀតណាម អង់គ្លេស និងខ្មែរ។ បន្ទាប់នោះ ខ្ញុំឈប់ មិនធ្វើជា៣ភាសាទៀតឡើយ ព្រោះវាចំណាយពេលច្រើនពេក។ ក្រុមចងក្រងវចនានុក្រមត្រូវធ្វើការអស់រយៈពេលជាង ១ ឆ្នាំទើបសម្រេចវចនានុក្រមរួចរាល់។ បច្ចុប្បន្ននេះ មានក្រុមសិល្បៈខ្មែរអាជីពចំនួន៥នៅតំបន់ Nam Bo រួមមាន ត្រាវិញ សុកត្រាំងបាកលៀវ កាម៉ាវ និងកៀនយ៉ាង។ បំណងប្រាថ្នារបស់ខ្ញុំគឺឆាប់មានរោងល្ខោនសិល្បៈខ្មែរ Nam Bo ហើយលើកកម្រិតក្រុមសិល្បៈខ្មែរ Anh Binh Minh ទៅជារោងល្ខោនសិល្បៈ Anh Binh Minh នៅខេត្តត្រាវិញ”។
នៅឆ្នាំ ២០១៦ លោក Thach Set ត្រូវបានប្រធានរដ្ឋប្រគល់ជូនកិត្តិនាមជាសិល្បករឆ្នើម ដោយសារមានការរួមចំណែកជាច្រើនក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌របស់ជនជាតិ។ ទោះបីចូលនិវត្តន៍ហើយក៏ដោយ ក៏សិល្បករឆ្នើម Thach Set នៅតែសង្វាតសម្រាំង ស្រាវជ្រាវ និងចងក្រងស្នាដៃវប្បធម៌អរូបីរបស់ជនជាតិខ្មែរ។ នេះជាឯកសារដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីលក្ខណៈវិសេសវិសាលនៃវប្បធម៌ខ្មែរ; ព្រមទាំងជួយមជ្ឈដ្ឋានអ្នកអក្សរសាស្ត្រ សិល្បករ ក្នុងការស្រាវជ្រាវ បង្ហាត់បង្រៀន និងសម្ដែងបណ្ដាទម្រង់សិល្បៈវប្បធម៌របស់ជនជាតិខ្មែរ៕