សិល្បការិនីប្រជាជន Tuyet Mai - សំឡេងមាសនៅលើរលកវិទ្យុ

(VOVWORLD) - សិល្បការិនីប្រជាជន Tuyet Mai ជាអ្នកដែលមានសំឡេងមាស និងជាសំឡេងមួយក្នុងចំណោមសំឡេងដែលបានបង្កើតឡើងម៉ាកយីហោវិទ្យុសំឡេងវៀតណាម។ ពេលនេះ សិល្បការិនី Tuyet Mai បានលាចាកលោកទៅហើយ ប៉ុន្តែសម្លេងដ៏ក្រអូន ស្រទន់របស់លោកស្រី តាមរយៈកម្មវិធីវិទ្យុ តាំងពីយូរណាស់មកហើយបានក្លាយជាអ្វីដ៏ជិតស្និទ្ធ គួរឲ្យទាក់ចិត្តចំពោះមិត្តអ្នកស្ដាប់ជាច្រើនកុះករ។

សិល្បការិនីប្រជាជន Tuyet Mai - សំឡេងមាសនៅលើរលកវិទ្យុ - ảnh 1សិល្បការិនីប្រជាជន Tuyet Mai នៅក្នុងបន្ទប់ថតសម្លេងរបស់វិទ្យុសម្លេងវៀតណាម។
(រូបថត៖ VOV)
សិល្បការិនីប្រជាជន Tuyet Mai មានឈ្មោះពិតថា Bui Thi Thai កើតនៅឆ្នាំ ១៩២៥ នៅទីក្រុង Hai Phong ។ លោកស្រី មានទឹកដមសំឡេងក្រអូន ពោរពេញទៅដោយមនោសញ្ចេតនា។ ឆ្នាំ ១៩៥៨ បានគូសសញ្ញានូវរបត់មួយដ៏ ចៃដន្យ តែមានសារៈសំខាន់ក្នុងជីវិតរបស់លោកស្រី នៅពេលដែលសំឡេងរបស់លោកស្រីមានវត្តមានជាផ្លូវការតាមរលកវិទ្យុ ហើយទទួលបានការពេញនិយមយ៉ាងឆាប់រហ័សពីចំណាកមិត្តអ្នកស្ដាប់។
សិល្បការិនីប្រជាជន Tuyet Mai គឺជាអ្នកដែលបានអានព័ត៌មានជ័យជំនះដំបូងដែលប្រកាសពីការរំដោះតំបន់ភាគខាងត្បូងទាំងស្រុង និងព័ត៌មានស្ដីពីមរណភាពរបស់លោកប្រធាន ហូជីមិញ។ មិត្តរួមការងារបានគោរពហៅលោកស្រីថា "បងស្រីច្បង" នៃវិជ្ជាជីវៈអ្នកផ្សាយសម្លេង។ ក្នុងនាមជាមនុស្សម្នាក់ដែលត្រូវបានសិល្បការិនីប្រជាជន Tuyet Mai ណែនាំ តាំងពីដើមដំបូងនៃអាជីពរបស់ខ្លួន សិល្បករឆ្នើម Viet Hung អតីតប្រធានការិយាល័យអ្នកផ្សាយសំឡេង នៃវិទ្យុសំឡេងវៀតណាម បានចែករំលែកដោយការរំភើបចិត្តយ៉ាងដូច្នេះថា៖
“យើងច្រើនតែហៅលោកស្រីថា បងស្រី Thai ស្និទ្ធស្នាលដូចរស់នៅក្នុងគ្រួសារតែមួយអញ្ចឹង។ បងស្រី Thai គឺជាអ្នកគ្រូរបស់យើងខ្ញុំ។ ពេលដែលខ្ញុំទើបតែចាប់អាជីពនេះ ខ្ញុំតែងតែរៀនពីបងស្រី Thai  ចាប់ពីបច្ចេកទេសដកដង្ហើមបច្ចេកទេសអង្គុយមុខមីក្រូ របៀបធានាគម្លាតនិងល្បឿនអានយ៉ាងដូចម្ដ៉េច។ ដូច្នេះហើយ បង Thai ជាមនុស្សដ៏សកម្ម ជាអ្នកគ្រូដែលលះបង់អស់ពីចិត្តពីថ្កើមដើម្បីជំនាន់ក្រោយៗ។ ពិតជាគួរឲ្យគោរពស្រឡាញ់ណាស់”។
ថ្វីត្បិតតែ មិនឆ្លងកាត់តាមសាលាបណ្ដុះបណ្ដាលអ្នកផ្សាយសម្លេង ហើយត្រឹមតែរៀនដោយខ្លួនឯងប៉ុណ្ណោះក៏ដោយ ប៉ុន្តែបើនិយាយដល់សិល្បការិនីប្រជាជន Tuyet Mai មនុស្សជាច្រើនបានយល់ស្របថា សិល្បការិនីរូបនេះជាអ្នកត្រួសត្រាយផ្លូវក្នុងការអានពោរពេញទៅដោយមនោ សញ្ចេតនា សម្រាប់ជំនាន់អ្នកផ្សាយសម្លេងក្រោយមក។ មិនថាជាប្រភេទនយោបាយឬអក្សរសាស្ត្រទេ លោកស្រីសុទ្ធតែសម្ដែងយ៉ាងល្អឥតខ្ចោះ ប្រកបដោយភាពបត់បែន និងស្ទាត់ជំនាញ។ នៅឆ្នាំ ១៩៨៤ លោកស្រីត្រូវបានប្រគល់កិត្តិនាមជាសិល្បការិនីឆ្នើម។
នៅឆ្នាំ ១៩៩៣ លោកស្រីបន្តទទួលបានកិត្តិនាមជាសិល្បការិនីប្រជាជន។ លោកស្រីក៏ជាអ្នកផ្សាយសំឡេងដំបូងគេនៃវិទ្យុសំឡេងវៀតណាមដែលត្រូវបានរដ្ឋប្រគល់កិត្តិនាមទាំងពីរនេះ។ សិល្បការិនីប្រជាជន Tuyet Mai បានផ្សាភ្ជាប់ជាមួយនឹងកម្មវិធីជាច្រើនដូចជា "អានរឿងពេលយប់" "សំឡេងកំណាព្យ" "កម្មវិធីផ្សាយសម្លេងជូនជនរួមជាតិវៀតណាមនៅឆ្ងាយពីមាតុភូមិ"... ពីជើងទៅត្បូង ពីភ្នំខ្ពស់ទៅកោះឆ្ងាយ... សំឡេងអានដ៏ជ្រាលជ្រៅរបស់សិប្បការិនី Tuyet Mai បានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់។ អ្នកស្រី Tran Hong Van និងអ្នកស្រី Anh Thu ដែលជាមិត្តអ្នកស្តាប់ពីរនាក់របស់វិទ្យុ សម្លេងវៀតណាម បានចែករំលែកពីអនុស្សាវរីយ៍ជាមួយសំឡេងមាស Tuyet Mai យ៉ាងដូច្នេះថា៖
“ពីមុន យើងខ្ញុំកំពុងជាសិស្សវិទ្យាល័យ នៅម៉ោង១២យប់ជារៀងរាល់ថ្ងៃ គឺតែងតែស្ដាប់សំឡេងលោកស្រី ដែលនិទានរឿងយប់ជ្រៅ អានកំណាព្យ សំឡេងលោកស្រីពិរោះណាស់ បង្ហាញបាននូវចំណាប់អារម្មណ៍ កក់ក្តៅ គួរឲ្យជាប់ចិត្ត។
“រាល់សំឡេងអាននៃវិទ្យុសម្លេងវៀតណាមបានរួមដំណើរជាមួយខ្ញុំតាំងពីកុមារភាពរហូតដល់ពេញវ័យហើយ។ សម្រាប់ខ្ញុំ នោះគឺជាសំឡេងវៀតណាមល្អបំផុត ជួយលើកតម្កើងភាសាវៀតណាមបំផុត ហើយខ្ញុំជឿថា អ្នកណាដែលបានស្តាប់សំឡេងអានរបស់លោកស្រី Tuyet Mai គឺសុទ្ធតែឃើញថា ភាសា វៀតណាមរបស់យើងខ្ញុំពិតជាពិរោះណាស់”។
សិល្បការិនីប្រជាជន Tuyet Mai ធ្លាប់ជាអ្នកចម្រៀង អាស្រ័យមានការសិក្សាដោយខ្លួនឯង លោកស្រីបានក្លាយជាអ្នកផ្សាយសម្លេងដ៏ល្បីល្បាញនៅលើរលកវិទ្យុសម្លេងវៀតណាម។ បច្ចុប្បន្ននេះ ភ្លេងសញ្ញានៃកម្មវិធីជាច្រើនរបស់វិទ្យុសម្លេងវៀតណាមនៅតែប្រើសំឡេងអានរបស់សិល្បការិនីប្រជាជន Tuyet Mai។ សំឡេងអាន របស់សិល្បការិនីប្រជាជន Tuyet Mai បានបន្សល់ទុកនូវសញ្ញាសម្គាល់ដែលគ្មានពេលណាសាបសូន្យ នៅក្នុងក្រអៅបេះដូងរបស់មិត្តអ្នកស្តាប់វិទ្យុសំឡេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ