អតីតយុទ្ធជន Hoang Quang Minh - អ្នកដែលពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់សហគមន៍
(VOVWORLD) - អតីតយុទ្ធជន Hoang Quang Minh នៅខេត្ត Lang Son ថ្វីត្បិតតែនៅលើរាងកាយត្រូវទ្រាំទ្រផលវិបាកជាច្រើនដោយជាតិគីមីពុលពណ៌លឿងទុំក៏ដោយ ក៏នៅតែអស់ពីចិត្តពីថ្លើមពិនិត្យព្យាបាលជំងឺសម្រាប់សហគមន៍។ យុទ្ធជនម្នាក់នោះត្រូវបានប្រជាជនមូលដ្ឋានហៅដោយឈ្មោះជាទីស្រឡាញ់រាប់អានថា “លោកវេជ្ជបណ្ឌិតពណ៌លឿងទុំ”។
អតីតយុទ្ធជន Hoang Quang Minh។ |
នៅខែមេសា ឆ្នាំ ១៩៦៤ យុវជនម្នាក់ឈ្មោះ Hoang Quang Minh នៅឃុំ Tan Van (ស្រុក Binh Gia ខេត្ត Lang Son) បានចេញដំណើរទៅការពារមាតុភូមិ។ នៅឆ្នាំ ១៩៦៩ ក្នុងការប្រយុទ្ធដ៏សាហាវមួយនៅសមរភូមិ Quang Nam លោកបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅភាគខាងជើង។ ដោយមានរបួសកម្រិត ៤/៤ អនុសេនីយ៍ត្រី Hoang Quang Minh បានផ្ទេរការងារមកផ្នែកវិស្វកម្មកសិកម្មខេត្ត Lang Son។ លោកបានរៀបការ មានកូនបីនាក់ ប៉ុន្តែជាអកុសល កូនទាំងអស់សុទ្ធតែឆ្លងជាតិគីមីពុលពណ៌លឿងទុំ។ ប្រឈមនឹងការឈឺចាប់ទាំងខាងផ្លូវកាយ ទាំងផ្លូវចិត្ត ហាក់ដូចជាមិនអាចជំនះបានឡើយ ប៉ុន្តែដោយការប្ដេជ្ញាចិត្តរបស់យុទ្ធជន "កងទ័ពលោកអ៊ុំហូ" ម្នាក់ លោកបានសម្រេចក្លាយទៅជាគ្រូពេទ្យម្នាក់ ដោយប្រើប្រាស់រូបមន្តឱសថបុរាណដែលប្រមូលបានដើម្បី "ព្យាបាលជំងឺ សង្គ្រោះជីវិតមនុស្ស"។
“មុននេះ ពេលឪពុកម្ដាយបង្រៀនខ្ញុំ ហើយប្រៀនប្រដៅថា មិនគួរតែយកលុយទេ ធ្វើតែអំពើល្អប៉ុណ្ណោះ។ ដូច្នេះតាំងពីតូចមក ខ្ញុំបានដើរតាមម្តាយចូលព្រៃដើម្បីយកថ្នាំ ហើយបានជ្រួតជ្រាបផ្នត់គំនិតតាំងពីកាលនោះ។ ខ្ញុំប្រកបការងារជាគ្រូពេទ្យនេះដោយទឹកចិត្តរបស់ខ្លួន មិនផ្សព្វផ្សាយអ្វីទេ វាត្រឹមតែជាមនុស្សម្នាក់ប្រាប់ដល់អ្នកផ្សេងប៉ុណ្ណោះ”។
ចេញពី “បេះដូង” របស់យុទ្ធជន និង “គុណធម៌” របស់គ្រូពេទ្យ លោក Hoang Quang Minh មានគោលការណ៍មួយថា៖ តែងតែព្យាបាល ផ្តល់ថ្នាំដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានស្ថានភាពលំបាក ជនក្រីក្រ និងយុទ្ធមិត្ត។ សម្រាប់លោក ក្ដីរីករាយបំផុតគឺនៅពេលដែលបានទទួលការហៅទូរស័ព្ទពីអ្នកជំងឺដែលជូនដំណឹងថា គេបានជាសះស្បើយបន្ទាប់ពីការព្យាបាល។ លោក Hoang Ngoc Duy អ្នកជំងឺម្នាក់ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយពីជំងឺហឺតបានឲ្យដឹងថា៖
“កាលពីខ្ញុំនៅតូច ខ្ញុំមានជំងឺហឺតធ្ងន់ធ្ងរណាស់ ខ្ញុំក៏ទៅច្រើនកន្លែងដែរ ប៉ុន្តែគ្មានប្រសិទ្ធភាពទេ។ ក្រោយពីស្គាល់ដល់លោក Minh ខ្ញុំក៏មករកគាត់។ ពេលខ្ញុំទាក់ទងនិងជួបជាមួយលោក Minh ខ្ញុំឃើញថា គាត់មានចិត្តស្មោះស្ម័គ្រណាស់ ពេលមកផ្ទះវិញ គាត់ហៅទូរស័ព្ទសួរសុខទុក្ខជាញឹកញាប់។ ក្រោយមកខ្ញុំក៏ដឹងថា គាត់ជាអតីតយុទ្ធជន ទោះបីជាមានអាយុចំណាស់ហើយក្ដី ប៉ុន្តែគាត់នៅតែជួយអ្នកដទៃ នោះជាអ្វីដែលធ្វើអោយខ្ញុំកោតគោរពយ៉ាងខ្លាំង”។
កេរ្តិ៍ឈ្មោះកាន់តែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺជាច្រើនដែលមានជំងឺពិបាកព្យាបាល ដូចជា ក្រិនថ្លើម និងគ្រួសក្នុងតម្រងនោម ដែលមករកលោក Minh សុទ្ធតែត្រូវបានគាត់ព្យាបាលឲ្យជាសះស្បើយឬផ្តល់ថ្នាំដើម្បីនិងបំប៉ន់សុខភាព។ ក៏មិនដឹងថាចាប់តាំងពីពេលណាទេ ដែលអតីតយុទ្ធជន Hoang Quang Minh ត្រូវបានគេហៅដោយឈ្មោះជាទីស្រឡាញ់រាប់អានថា “លោកវេជ្ជបណ្ឌិតពណ៌លឿងទុំ”។ លោក Hoang Quang Minh បានសំណេះសំណាលថា៖
“ខ្ញុំតែងតែធ្វើតាមដំបូន្មានរបស់លោកប្រធានហូជីមិញ ដែលថា “យុទ្ធជនពិកាតែមិនឥតប្រយោជន៍” “គ្រូពេទ្យដូចអ្នកម្តាយស្លូត” ដូច្នេះហើយ នៅពេលជួបមនុស្សដែលមានស្ថានភាពក្រីក្រ ខ្ញុំអាណិតអាសូរណាស់ព្រោះថាខ្ញុំក៏ក្រដែរ ដូច្នេះប្រសិនបើខ្ញុំអាចជួយនរណាម្នាក់បាន ខ្ញុំនឹងខិតខំជួយ។ ពេលខ្លះខ្ញុំក៏គិតថាអាយុខ្ញុំក៏ចំណាស់ហើយ ប៉ុន្តែខ្ញុំនៅតែអាចធ្វើបាន ដូច្នេះខ្ញុំនឹងខិតខំបម្រើប្រជាជននិងសហគមន៍រហូតដល់ពេលមិនអាចធ្វើបានទៀតទេ”។
នៅលំនៅដ្ឋាន អតីតយុទ្ធជន Hoang Quang Minh ក៏ជាមនុស្សគំរូក្នុងគ្រប់ចលនា និងសកម្មភាពសង្គមទាំងអស់; ចូលរួមដំណាលរឿងប្រវត្តិសាស្ត្រជាមួយកុមារ លើកទឹកចិត្តយុវជនជំនាន់ក្រោយ ខិតខំជំនះពុះពារលើការលំបាក ដើម្បីរស់នៅមានប្រយោជន៍ រួមចំណែកកសាងជីវភាពវប្បធម៌នៅតំបន់អាស័យជន ជាដើម។ អតីតយុទ្ធជន Hoang Quang Minh បានទទួលប័ណ្ណសរសើរជាច្រើនពីគ្រប់ជាន់ថ្នាក់ និងតំបន់។ លោក Chu Quyet Thang លេខារងសាខាបក្សប្លុកទី៨ ឃុំ Tam Thanh ទីក្រុង Lang Son បានឲ្យដឹងថា៖
“លោក Minh ជាមនុស្សម្នាក់ដែលជក់ចិត្តយ៉ាងខ្លាំងនឹងរបរគ្រូពេទ្យ ហើយក៏ជាអ្នកមានកិត្យានុភាពនៅមូលដ្ឋានផងដែរ ដោយមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ ដែលមនុស្សគ្រប់គ្នាគោរពស្រឡាញ់។ ក្នុងនាមជាយុទ្ធជនម្នាក់ដែលរងជាតិគីមីពុលពណ៌លឿងទុំ ទោះបីជាមានស្ថានភាពលំបាកក៏ដោយ ប៉ុន្តែលោក Minh នៅតែជាមនុស្សដែលមានឆន្ទៈមុតមាំ ខិតខំប្រឹងប្រែងជម្នះពុះពារលើការលំបាកទាំងនោះ”។
ជំនះពុះពារលើការឈឺចាប់ដោយជំងឺ និងស្ថានភាពគ្រួសារលំបាក យុទ្ធជនពិការកម្រិត ៤/៤ Hoang Quang Minh ពីមួយថ្ងៃទៅមួយថ្ងៃនៅតែពិនិត្យ ចែកថ្នាំ សង្គ្រោះជីវិតមនុស្ស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមដូចនឹង "ភារកិច្ច" របស់ “យុទ្ធជនលោកអ៊ុំហូ" នៅពេលត្រឡប់មកស្រុកកំណើតវិញ៕