អតីតយុទ្ធជនជើងចាស់ស្វែងរកយុទ្ធមិត្តក្នុងអំឡុងពេល១០ឆ្នាំកន្លងមក
(VOVWORLD) - ដោយមានបំណងចង់ជួយយុទ្ធមិត្ត បានសម្រាកនៅទឹកដីស្រុកកំណើត ក្នុងអំឡុងពេល១០ឆ្នាំកន្លងមក អតីតយុទ្ធជនជើងចាស់ Nguyen Anh Duong តែងតែវិលត្រឡប់មកសមរភូមិចាស់វិញដើម្បីស្វែងរកផ្នូរ របស់បណ្ដាអតីតយុទ្ធជនពលី។ សង្គ្រាមដ៏កាចសាហាវបានកន្លងផុតទៅ ពិតមែនប៉ុន្តែអតីតយុទ្ធជនជើងចាស់រូបនេះនៅតែមានកង្វល់ដ៏ធំមួយ ដោយសារអិដ្ឋធាតុរបស់យុទ្ធមិត្តជាច្រើនមិនទាន់ត្រូវបានរកឃើញនៅ ឡើយ។
អតីតយុទ្ធជនជើងចាស់ Nguyen Anh Duong (ខាងឆ្វេង)។ |
អតីតយុទ្ធជនជើងចាស់ Nguyen Anh Duong មានអាយុជាង៧០ឆ្នាំ កំពុងរស់នៅក្នុងផ្ទះតូចមួយខ្នងនៅសង្កាត់ Ha Tu ទីក្រុង Ha Long ខេត្ត Quang Ninh។ ជាយុទ្ធជនពិការម្នាក់ជាមួយនឹងស្លាកស្នាមជាច្រើនដែល សង្គ្រាមបន្សល់ទុក ប៉ុន្តែលោក Duong នៅតែមានអារម្មណ៍ថា ខ្លួនមានសំណាងល្អ ដោយបានវិលត្រឡប់មកវិញ។ ក្នុងយុទ្ធនាការដ៏កាចសាហាវមួយនារដូវក្ដៅ ឆ្នាំ១៩៧២នៅតំបន់ Moc Hoa (សព្វថ្ងៃចំណុះខេត្ត Long An) យុទ្ធមិត្តជា ច្រើនរបស់លោកបានបាត់បង់អាយុជីវិតដោយសារគ្រាប់បែករបស់សត្រូវ ក្នុងនោះមានមិត្តរួមស្រុកកំណើត Tran Van Sinh នៅទីរួមស្រុក Dong Trieu ខេត្ត Quang Ninh។ ថ្វីត្បិតតែការ ស្វែងរកអិដ្ឋធាតុរបស់យុទ្ធមិត្តជួបការលំបាកយ៉ាងខ្លាំងក្ដី ប៉ុន្តែលោក Duong នៅតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដោយមិនចេះនឿយ ណាយនោះឡើយ ហើយទីបំផុតនាឆ្នាំ២០១០ អិដ្ឋធាតុរបស់យុទ្ធជនពលីTran Van Sinh ត្រូវបានរកឃើញ។ លោក Nguyen Anh Duong បានរៀបរាប់ថា៖
“ខ្ញុំបានសួរយុទ្ធមិត្តដទៃទៀតអំពីអាស័យដ្ឋានរបស់បង Tran Van Sinh។ ក្រោយនោះ គ្រួសារបង Sinh និងខ្ញុំបានវិលត្រឡប់មកតំបន់អតីតសមរភូមិ ។ អិដ្ឋធាតុរបស់បង Sinh ត្រូវបានរកឃើញហើយគ្រួសារបាន នាំយកមកបញ្ចុះសពនៅឈាបនដ្ឋានទីរួមស្រុក Dong Trieu ខេត្ត Quang Ninh”។
ក្នុងអំឡុងពេល១០ឆ្នាំកន្លងមក អតីតយុទ្ធជនជើងចាស់ Nguyen Anh Duong បានសន្សំសម្ចៃប្រាក់សោធននិងប្រាក់ឧបត្ថម្ភដើម្បីចេញ ដំណើរទៅស្វែងរកអិដ្ឋធាតុរបស់យុទ្ធមិត្តនានាដែលបានពលីជីវិតនៅលើតំបន់អតីតសមរភូមិ។ ពេលរកឃើញអិដ្ឋធាតុយ៉ាងពិតប្រាកទើប លោក Duong ជូនដំណឹងដល់ក្រុមគ្រួសាររបស់ពួកគេ។ លោកស្រី Tong Thi Thuy ប្រពន្ធលោក Duong បានចែករំលែកថា ទោះបីជាលក្ខណៈ គ្រួសារមិនសម្បូរធូធារក៏ដោយ ប៉ុន្តែលោកស្រីគាំទ្រអស់ពីចិត្តចំពោះការងារ ពោរពេញទៅដោយអត្ថន័យដែលប្ដីរបស់លោកស្រីកំពុងធ្វើ។
“គាត់នឹករលឹកដល់យុទ្ធមិត្តច្រើនណាស់ ហើយសន្សំសម្ចៃប្រាក់ សោធនដើម្បីវិលត្រឡប់មកអតីត សមរភូមិស្វែងរកអិដ្ឋធាតុយុទ្ធមិត្ត។ រហូតមក ដល់សព្វថ្ងៃនេះ គាត់បានសម្រេចគោលបំណងរបស់ខ្លួនហើយ ដោយនាំយកអិដ្ឋធាតុរបស់យុទ្ធមិត្តមកបញ្ចុះនៅស្រុកកំណើត”។
ទោះបីជាមានវ័យចំណាស់ក៏ដោយ ប៉ុន្តែ លោក Nguyen Anh Duong នៅ តែចាត់ទុកការស្វែងរកអិដ្ឋធាតុយុទ្ធមិត្តដែលបានពលីជីវិតក្នុងសង្គ្រាមគឺជាភារកិច្ចផងនិងការទទួលខុសត្រូវផង។ ដោយមិនអើពើដល់ផលវិបាកនៃ ជម្ងឺដែលបង្កឡើងដោយសារធាតុគីមីពុលdioxin នោះទេ អតីតយុទ្ធជនជើង ចាស់ Nguyen Anh Duong បានខិតខំប្រឹងប្រែងជំនះពុះពារលើការឈឺចាប់ ដើម្បីបន្តការងាររបស់ខ្លួន។ លោក Ha Van Lan ប្រធានសមាគមន៍អតីត យុទ្ធជនសង្កាត់ Ha Tu ទីក្រុង Ha Long ខេត្ត Quang Ninh បានចែករំលែកថា៖
“គំរូមនុស្សល្អ ការងារល្អដូចនឹងលោក Duong គួរតែត្រូវបានពង្រីក យ៉ាងទូលំទូលាយថែមទៀត ដើម្បីជួយឲ្យយុទ្ធមិត្តដែលបានពលីជីវិតរបស់ យើងខ្ញុំ បានវិលត្រឡប់មកស្រុកកំណើតជាមួយក្រុមគ្រួសារញាតិ សន្ដានវិញ។ នេះក៏ជាបំណងប្រាថ្នារបស់គ្រួសារយុទ្ធជនពលីជាច្រើនផងដែរ”។
ការងារស្វែងរកផ្នូរយុទ្ធជនពលីមិនអាចត្រូវបានសម្រេចក្នុងមួយថ្ងៃ ពីរថ្ងៃបានទេ ប៉ុន្តែត្រូវខិតខំខ្នះខ្នែងទើបទទួលបានលទ្ធផល។ ការធ្វើដំណើរ ម្ដងៗរបស់លោក Duong តែងតែអូសបន្លាយពេញមួយសប្ដាហ៍ឬច្រើន ជាងទៀត ហើយពេលខ្លះក៏មិនទទួលបានលទ្ធផលអ្វីដែរ។ ប៉ុន្តែចំពោះ រូបលោកDuong ផ្ទាល់ ដរាបណាដែលយុទ្ធមិត្តនៅតែស្នាក់នៅអតីតសមរភូមិ លោកនឹងបន្តការងាររបស់ខ្លួនជារៀងរហូត៕