អតីតយុទ្ធជនជនជាតិ Dao មួយរូបរួចផុតពីភាពក្រីក្រពីគំរូចំការ - ព្រៃ

(VOVWORLD) -  នៅភូមិ Suoi Khem ឃុំ Phieng Luong ស្រុក Moc Chau ខេត្ត Son La មានអតីតយុទ្ធជនមួយរូប គឺលោក Tang Van Binh ដែលត្រូវបានគេស្គាល់ដល់ជាទូទៅថាជាអតីតយុទ្ធជនពូកែផលិតកម្ម។ មិនសុខចិត្តស្ថិតនៅក្នុងភាពក្រីក្រ លោកបានព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើអ្នកមានពីទឹកដីស្រុកកំណើតរបស់ខ្លួនតាមរយៈគំរូចំការ - ព្រៃ និងបានចលនាឲ្យគ្រួសារជាច្រើននៅក្នុងភូមិនិងឃុំឲ្យធ្វើតាមផងដែរ។

អតីតយុទ្ធជនជនជាតិ Dao មួយរូបរួចផុតពីភាពក្រីក្រពីគំរូចំការ - ព្រៃ - ảnh 1លោក Tang Van Binh ទៅមើលចំការផ្លែឈើ (រូបថត៖ VOV)

ចូលបម្រើជួរកងទ័ពបានជាង ២ ឆ្នាំ នៅចុងឆ្នាំ ១៩៨៨ លោក Tang Van Binh ត្រូវបានចេញពីជួរកងទ័ព ហើយវិលត្រឡប់មកស្រុកកំណើតវិញ នៅភូមិ Suoi Khem ឃុំ Phieng Luong ស្រុក Moc Chau ខេត្ត Son La។ ឪពុកម្តាយរបស់លោកមានវ័យអាយុចាស់ជរា កូនៗ នៅតូច ហើយសេដ្ឋកិច្ចគ្រួសារលោកនៅពេលនោះជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងណាស់ ដោយគ្រាន់តែពឹងផ្អែកលើការដាំពោតនិងស្រូវនៅលើវាលស្រែខ្ពង់រាបប៉ុណ្ណោះ។ ដោយគំនិតថាជាយុទ្ធជនមួយរូប មិនត្រូវ អនុញ្ញាតឱ្យខ្លួនចុះញ៉ាមពេលជួបការលំបាកទាល់តែសោះ លោក Binh បានខិតខំប្រឹងប្រែង រកផ្លូវចេញពីភាពក្រីក្រជូនក្រុមគ្រួសារ។ គិតផង ហើយធ្វើភ្លាម លោកនិងភរិយាបានចំណាយកម្លាំង ដើម្បីគាស់រានដីភ្នំនៅទំនេរ ហើយបានខ្ចីប្រាក់អនុគ្រោះពីធនាគារ លោកចាប់ផ្តើមដាំព្រៃឈើនិងដើមឈើហូបផ្លែ។ លោក Tang Van Binh បានចែករំលែកថា៖ “កាលពីមុននេះ ជីវភាពរស់នៅរបស់ក្រុមគ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំបានរៀនបទពិសោធន៍ធ្វើអាជីវកម្ម ដោយខ្ចីប្រាក់ពីធនាគារ ដើម្បីដាំដើមឈើហូបផ្លែដាំដើមតែនិងព្រៃ រហូតមកដល់ពេលនេះខ្ញុំប្រមូលផលបានហើយ។ ជីវភាពរបស់ក្រុមគ្រួសារធូរធារគ្រាន់បើជាងមុន ហើយខ្ញុំតែងតែចែករំលែកជាមួយសាច់ញាតិជិតខាងក្នុងភូមិ ពួជដើមឈើធ្វើជាទុនចិញ្ចឹមជីវិតដោយមិនយកប្រាក់ចំណេញឡើយ”

ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ នៅលើផ្ទៃដី ដែលមានទំហំ ៣ ហិកតារបស់លោក Tang Van Binh ត្រូវបានគ្របដណ្ដប់ពណ៌ខៀវស្រងាត់ ដោយដើមឈើ ឫស្សីនិងដើមតែ ហើយឥឡូវនេះបានចាប់ផ្តើមប្រមូលផលហើយ។ នៅលើភ្នំក្បែរផ្ទះគ្រួសាររបស់លោកគឺជាចម្ការផ្លែ ឈើ ដែលមានផ្លែក្រូចថ្លុងសំបកបៃតង ក្រូចធម្មតា និងដើមឈើហូបផ្លែជាច្រើនមុខទៀត ដែលជាប្រភពចំណូលយ៉ាងច្រើនសម្រាប់គ្រួសារលោក។ យោងតាមលោក Binh អ្វីដែលសំខាន់បំផុតក្នុងផលិតកម្មកសិកម្មគឺត្រូវរៀននិងអនុវត្តយ៉ាងជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងបច្ចេក ទេស។ ហេតុដូច្នេះហើយ នៅលើផ្ទៃដីទំនាបសម្រាប់ដាំដើមឈើហូបផ្លែ លោកបានដាំពូជថ្មីដោយអនុវត្តបានត្រឹមត្រូវតាមដំណើរការបច្ចេកទេស ដូច្នេះជារៀងរាល់ឆ្នាំលោកទទួលបានទិន្នផលខ្ពស់ ជាមធ្យមក្នុងមួយឆ្នាំលោកប្រមូលផលក្រូចថ្លុង ក្រូច ឃ្វិត បានជាង ១៤ តោន និងផ្លែព្រូនបានជាង ៥ តោន។ ជាមួយគ្នានោះ ផ្ទៃដីដាំដើមតែ ១ ហិកតារបស់គ្រួសារលោក ជារៀងរាល់ប្រមូលបានតែជាង ២៥ តោន។ ហើយព្រៃស្រល់និងឫស្សីជិត ២ ហិកតាត្រូវបានប្រមូលផលពេញហើយ។ ដកការចំណាយទាំងអស់ក្នុងមួយឆ្នាំ គ្រួសាររបស់លោកទទួលបានប្រាក់ចំណូលសរុបជាង ៥០០ លានដុង។

ក្នុងឆ្នាំ ២០១៧ លោក Tang Van Binh បានសាងសង់ផ្ទះថ្មីធំទូលាយ បានទិញរបស់ថ្លៃៗ ជាច្រើនបម្រើជីវភាពប្រចាំថ្ងៃ ហើយបានសន្សំប្រាក់ដើម្បីផ្ញើទុកក្នុងធនាគារ។ ថ្វីត្បិតតែក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារអ្នកមាននៃឃុំ Phieng Luong លោក Binh មិនបានភ្លេចការយកចិត្តទុកដាក់និងជួយប្រជាជនក្រីក្រក្នុងឃុំដោយណែនាំឲ្យប្រជាជនបង្កាត់ពូជ ផ្តល់ដើមទុន ដើម្បីឱ្យប្រជាជនអាចងើបរួចពីភាពក្រីក្រជាមួយគ្នា។ លោក Ly Trong Sinh ជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើនក្នុងឃុំដែលទទួលបានការជួយឧបត្ថម្ភពីលោក Binh ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារបានចែករំលែកថា៖ “គ្រួសាររបស់លោក Binh គឺជាគ្រួសាដើមដំបូងដែលផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដោយក្លាហាន មិនត្រឹមតែធ្វើអាជីវកម្មតាមបែបវិទ្យា សាស្ត្រប៉ុណ្ណោះទេ ថែមទាំង មានប្រាក់ចំណូលខ្ពស់ទៀតផង។ លោក Binh ក៏បានចែករំ លែកបទពិសោធន៍ធ្វើអាជីវកម្មរបស់ខ្លួនជាមួយគ្រួសារជាច្រើននៅក្នុងភូមិ អំពីគ្រាប់ពូជនិងការផ្តល់ប្រាក់កម្ចី។ ឥឡូវនេះ គ្រួសារខ្ញុំក៏ធូធារគ្រាន់បើ ហើយគ្រួសារជាច្រើននៅក្នុងភូមិទទួលបានការជួយឧបត្ថម្ភពីលោក Binh ដូច្នេះកូនៗ ត្រូវបានទៅសាលារៀន។ យើងទាំងអស់ដឹងគុណលោក Binh ខ្លាំងណាស់”

ជាមួយនឹងការរួមចំណែកយ៉ាងវិជ្ជមានរបស់លោកក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ និងសត្វ លោក Tang Van Binh ត្រូវបានមជ្ឈឹមសមាគមន៍កសិករវៀតណាមប្រគល់ប័ណ្ណសរសើរ ចំពោះសមិទ្ធិផលលេចធ្លោរបស់លោកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារអស់រយៈពេលជាច្រើនឆ្នាំកន្លង មក។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំស្រុក Moc Chau ច្រើនឆ្នាំប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាអតីតយុទ្ធជនគំរូក្នុងចលនាធ្វើសេដ្ឋកិច្ចពូកែនៅឃុំ Phieng Luong ទៀតផង។ លោកនិងក្រុមគ្រួសារតែងតែធ្វើគំរូក្នុងការអនុវត្តគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ចលនាឲ្យប្រជាជននៅតាមភូមិសាមគ្គីគ្នាកសាងតំបន់លំនៅដ្ឋានវប្បធម៌។ លោក Ban Van Quang លេខាប្រធានភូមិ Suoi Khem ឃុំ Phieng Luong បានវាយតម្លៃថា៖ “នៅ Suoi Khem ឃុំ Phieng Luong នេះ គ្រួសាររបស់លោក Tang Van Binh គឺជាគ្រួសារគំរូមួយនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលគ្រួសាររបស់លោកតែងតែទទួលបានជាគ្រួសារវប្បធម៌មួយ។ លោកទទួលបានប្រជាប្រិយភាពពីសាច់ញាតិជិតខាង ពីព្រោះលោកតែងតែស្ថិតនៅជួរមុខនៃចលនាទាំងអស់ ជួយគ្រួសារជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច”

ឆន្ទៈមោះមុត ឈានឡើងធ្វើអ្នកមាន វិធីសេដ្ឋកិច្ចរបស់អតីតយុទ្ធជន Tang Van Binh បានធ្វើឱ្យប្រជាជនច្រើននាក់ត្រាប់តាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ