អតីតយុទ្ធជនអស់ពីចិត្តនឹងការងារសង្គម

(VOVWORLD) - ស្វាហាប់ សកម្ម មានការទទួលខុសត្រូវនិងភាពស្និទ្ធស្នាល... នោះគឺជាប្រការដែលងាយសង្កេតឃើញអំពីលោក Luong Van Thuan (នៅសង្កាត់ Dong Tien ២ ទីរួមស្រុក Tien Yen ស្រុក Tien Yen ខេត្ត Quang Ninh)។ លោកជាគំរូឆ្នើមនៃយុទ្ធជនបដិវត្តន៍ ដែលមានការរួមវិភាគ ទានយ៉ាងសកម្មទៅក្នុងការងារសង្គម ហើយឈានមុខគេក្នុងចលនាអនុវត្តផ្នត់រស់នៅអារិយ្យធម៌នៅមូលដ្ឋាន។

អតីតយុទ្ធជនអស់ពីចិត្តនឹងការងារសង្គម - ảnh 1អតីតយុទ្ធជនលោក Luong Van Thuan ចែករំលែករឿងរ៉ាវស្ដីពីស្នាមរបួសក្នុងសង្គ្រាម។
(រូបថត៖ VOV)

ក្រឡែកមើលលើរូបរាងដ៏តូចៗរបស់លោក Luong Van Thuan ពិបាកណាស់ដើម្បីគិតថា យុទ្ធជនចាស់ជរារូបនេះ ធ្លាប់បានចូលរួមសង្គ្រាមការពារប្រទេសជាតិចំនួន៣លើកហើយ។ នៅរដូវក្ដៅឆ្នាំ១៩៧៤ យុវជនម្នាក់នៅទីក្រុងហាយហ្វុង បានសម្រេចចិត្តទុកលិខិតឲ្យចូលរៀននៃសាកលវិទ្យាល័យគមនាគមន៍ផ្លូវទឹក (សព្វថ្ងៃគឺសាកលវិទ្យាល័យនាវាចរណ៍វៀតណាម) ដើម្បីសរសេរលិខិតសុំឲ្យចូលបម្រើជួរកងទ័ព។

ក្រោយពីទិវាដំដោះភាគខាងត្បូង ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ លោក Thuan នៅពេលនោះគឺយុទ្ធជនជើងគោកម្នាក់ បន្តចូលរួមប្រយុទ្ធការពារព្រំដែនភាគនិរតី ហើយក្រោយមក អង្គទ័ពរបស់លោកទទួលបទបញ្ជាធ្វើយុទ្ធដំណើរទៅកាន់ភាគខាងជើង ចូលរួមការប្រយុទ្ធការពារព្រំដែនឆ្នាំ១៩៧៩ ហើយនៅទីនោះ លោកមានកិត្តិយសដោយចូលជាបក្ខជន។ បន្ទាប់ពីប្រទេសជាតិមានសន្តិភាពឡើងវិញ លោក Luong Van Thuan មិនវិលត្រឡប់ទៅស្រុកកំណើត Hai Phong ទេ តែស្នាក់នៅស្រុក Tien Yen ខេត្ត Quang Ninh រៀបការណ៍ហើយមានកូនពីរនាក់។

នៅទីនេះ លោក Luong Van Thuan តែងតែទទួលបានការជឿទុកចិត្តរបស់ប្រជាជន ហើយក្នុងអំឡុងពេលច្រើនឆ្នាំជាប់ៗគ្នា លោកត្រូវបានបោះឆ្នោតជ្រើសរើសឲ្យចូលកាន់មុខតំណែងសំខាន់ៗដូចជា ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Tien Yen ប្រធានសមាគមន៍អតីតយុទ្ធជនទីរួមស្រុក Tien Yen ជាដើម។ មិនថានៅមុខតំណែងណាក៏ដោយ លោក Thuan ក៏មានការរួមវិភាគទានជាក់ស្ដែងជាច្រើន ដើម្បីថែទាំជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន ហើយចូលរួមយ៉ាងសកម្មទៅក្នុងការឃោសនាបរិច្ឆាគដីធ្លីធ្វើផ្លូវថ្នល់ ឬរ៉ៃអង្គាសថវិកាសាងសង់ទីប្រជុំជន ផងដែរ។

នាដើមឆ្នាំ២០១៩ លោក Thuan បានចលនាប្រជាជនដោយផ្ទាល់ចូលរួមបរិច្ឆាគដីដើម្បីពង្រីកឈាបនដ្ឋាន ក្នុងបំណងចង់ប្រមូលអដ្ឋិធាតុយុទ្ធជនពលី ដែលត្រូវអាណានិគមបារាំងសម្លាប់ក្នុងអំឡុងពេលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ Khe Tu (ស្រុក Tien Yen ខេត្ត Quang Ninh)។ ក្រៅពីនោះ លោកក៏បានចលនាប្រជាជនកសាងទម្រង់ “សមាគមន៍អតីតយុទ្ធជនជាមួយនឹងផ្នត់រស់នៅ អារិយ្យធម៌” ដែលរួមចំណែកលុបបំបាត់ទម្លាប់អបិយជំនឿ កសាងផ្នត់រស់នៅថ្មី ជួយប្រជាជនកាត់បន្ថយការចំណាយជាងពាក់កណ្ដាលក្នុងពិធីបុណ្យសពនៅតាមភូមិ ឃុំព្រៃភ្នំ។ លោក Le Trong Lieu ពលរដ្ឋម្នាក់នៅសង្កាត់ Dong Tien ២ ទីរួមស្រុក Tien Yen ស្រុក Tien Yen ខេត្ត Quang Ninh បានឲ្យដឹងថា៖ “ផ្នត់រស់នៅអារិយ្យធម៌នៅតាមសង្កាត់គឺ មិនមានអបិយជំនឿទេ តែស្ដាប់តាមមនុស្សពិត ការងារពិត និងគោលជំហររបស់បក្ស របស់អាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ វាមានគុណប្រយោជន៍លើកកំពស់ការយល់ដឹង ជួយប្រជាជនសន្សំសម្ចៃផង ហើយជួយលុបបំបាត់ទំនៀមទំលាប់ហួសសម័យនិងអបិយជំនឿផង”។

អតីតយុទ្ធជនអស់ពីចិត្តនឹងការងារសង្គម - ảnh 2លោក Luong Van Thuan តែងតែយកចិត្តទុកដាក់ដល់ជីវភាពរបស់សំណាក់អតីតយុទ្ធជននៅមូលដ្ឋាន។

ទោះបីជាមានជីវភាពកក់ក្ដៅជាមួយក្រុមគ្រួសារហើយក៏ដោយ ប៉ុន្តែ អតីតយុទ្ធជន Luong Van Thuan នៅតែមានចិត្តធ្ងន់ចំពោះយុទ្ធមិត្តរបស់គាត់ ដែលនៅតែដេកនៅកន្លែងណាមួយក្រោមដីនៅសមរភូមិមុននេះ។ ដោយសន្សំសម្ចៃប្រាក់សោធនតិចតួច នៅខែមីនានិងខែមេសាជារៀងរាល់ឆ្នាំ លោកតែងតែទាក់ទងជាមួយយុទ្ធមិត្តនៅអង្គភាពចាស់ដើម្បីរៀបចំដំណើរ “ស្វែងរកយុទ្ធមិត្ត”។ លោក Luong Van Thuan បានសម្ដែងការខ្វល់ខ្វាយយ៉ាងដូច្នេះថា៖ “ក្នុងសង្គ្រាមដ៏សាហាវបែបនេះ ប្រសិនបើគ្រាប់បែកធ្លាក់មកលើផ្នូរនោះ តើយើងអាចរកឃើញអដ្ឋិធាតុយ៉ាងដូចម្ដេច? ម្លោះហើយ រូបខ្ញុំផ្ទាល់ក៏មានអារម្មណ៍ក្ដុកក្ដួលណាស់ នៅពេលដែលក្រុមគ្រួសារយុទ្ធជនពលីមួយចំនួនចង់ទៅស្វែងរកអដ្ឋិធាតុរបស់គាត់ ប៉ុន្តែមិនដឹងពីរបៀបស្វែងរកឡើយ”។

ក្នុងវ័យ ៦៦ ឆ្នាំ ប៉ុន្តែលោក Thuan នៅតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គមនៅមូលដ្ឋាន។ ក្នុងពេលទំនេរ លោកតែងរៀបចំជំនួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សនៅសង្កាត់ ដើម្បីជួយជំនាន់ក្មេងឲ្យយល់ពីការលះបង់របស់ជំនាន់ដូនតា ដែលបានដណ្ដើមយកវិញនិងការពារឯករាជ្យភាព សេរីភាពសម្រាប់ប្រទេសជាតិនាសព្វថ្ងៃ។ លោក Nguyen Van Lich ប្រធានសមាគមន៍អតីតយុទ្ធជនទីរួមស្រុក Tien Yen បានចែករំលែកថា៖ “លោក Luong Van Thuan ជាសមាជិកគំរូម្នាក់នៃសមាគមន៍អតីតយុទ្ធជន ដែលតែងតែឈានមុខគេក្នុងចលនានានា ហើយអនុវត្តល្អនូវគោលជំហរ គោលនយោបាយរបស់បក្សនិងរដ្ឋ ក៏ដូចជាភារកិច្ចនយោបាយនៅមូលដ្ឋានផងដែរ។ លោកសម្រេចល្អគ្រប់ភារកិច្ចដែលត្រូវបានប្រគល់ជូន ចូលរួមយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធនយោបាយចាប់តាំងពីថ្នាក់សង្កាត់រហូតដល់ថ្នាក់ទីរួមស្រុក”។

ជាង៤០ឆ្នាំបំពេញការងារសង្គមនៅមូលដ្ឋាន លោក Luong Van Thuan បានក្លាយទៅជា “ទីបង្អែក” យ៉ាងរឹងមាំសម្រាប់ចលនាសង្គមជាច្រើនក៏ដូចជាចលនាកសាងជនបទថ្មីនៃទីរួមស្រុក Tien Yen ផងដែរ។ មនុស្សជាច្រើនបានចោទសួរថា៖ ពេលណាទើបលោកឈប់ធ្វើការងារសង្គមនោះ លោក Thuan បានឆ្លើយជាមួយស្នាមញញឹមថា៖ ជាយុទ្ធជនម្នាក់ ខ្ញុំនឹងមិនឈប់នៅពេលខ្ញុំអាចបន្តបានទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ