អ្នកគ្រូជនជាតិ Dao ជាមួយនឹងទឹកចិត្តមេត្តាករុណាចំពោះកុមារកំព្រា
(VOVWORLD) - រូបភាព “ស្ពាយអក្សរឡើងភ្នំ” បានដិតជាប់ក្នុងដួងចិត្តរបស់ប្រជាជនវៀត ណាមជាច្រើនជំនាន់ ដោយសារវាឆ្លុះបញ្ចាំងពីការលំបាកលំបិនរបស់ បណ្ដាគ្រូបង្រៀននៅតំបន់វាលទំនាបនៅពេលទៅបំពេញការងារនៅតំបន់ព្រៃភ្នំ។ ប៉ុន្តែ មានរូបភាពផ្សេងមួយទៀត ក៏គួរឲ្យចាប់អារម្មណ៍ដូច្នេះដែរ នោះគឺ រូបភាពបណ្ដាគ្រូបង្រៀនជាជនជាតិភាគតិច ដែលបានផ្សាភ្ជាប់ជីវិតខ្លួនជាមួយ នឹងបុព្វហេតុបណ្ដុះមនុស្ស ហើយធ្វើជាទីបង្អែកសម្រាប់កុមារកំព្រា។ អ្នកគ្រូ Ban Thi Dao ជនជាតិ Dao ដែលកំពុងធ្វើការនៅសាលាបឋមសិក្សា និងមធ្យមសិក្សាជនជាតិ Dong Lam ២ (នៅឃុំ Dong Lam ទីក្រុង Ha Long ខេត្ត Quang Ninh) ជាគំរូដូច្នេះ។
ពេលបាយដ៏កក់ក្ដៅនៅផ្ទះអ្នកគ្រូ Dao។ (រូបថត៖ VOV) |
ផ្ទះតូចរបស់អ្នកគ្រូ Ban Thi Dao ស្ថិតនៅចម្ងាយប្រមាណ១០០ ម៉ែត្រពីសាលាបឋមសិក្សានិងមធ្យមសិក្សាជនជាតិ Dong Lam តែ ប៉ុណ្ណោះ។ អ្នកភូមិគ្រប់គ្នាសុទ្ធតែបានស្គាល់អ្នកគ្រូ Dao ជាអ្នកមានសំនៀង ពីរោះ ដែលធ្លាប់បានលើកតម្កើងជា “សិល្បៈការិនីតំបន់អណ្ដូងរ៉ែ” ព្រម ទាំងជាអ្នកគ្រូម្នាក់ដោយមានទឹកចិត្តមេត្តាករុណាទៀតផង។ អ្នកគ្រូ Ban Thi Dao បានសំណេះសំណាលថា៖
“នាបច្ចុប្បន្ន ខ្ញុំកំពុងរ៉ាប់រងចិញ្ចឹមក្មួយ៤នាក់ដែលមានស្ថានភាពរស់ នៅលំបាកណាស់។ ម្ដាយបោះ ចោលគ្រួសារ ឪពុកមានជម្ងឺថ្លើម ហេតុដូច្នេះ មិនមានលក្ខខណ្ឌដើម្បីចិញ្ចឹមកូនទៀតឡើយ។ មុននោះ ខ្ញុំក៏បានទទួល ចិញ្ចឹមទារកស្រីម្នាក់ដែលទើបមានអាយុ៣ថ្ងៃប៉ុណ្ណោះ ដែលត្រូវម្ដាយ បោះ ចោលនៅមន្ទីរពេទ្យ។ ឆ្នាំនេះ ក្មួយបានរៀនថ្នាក់លេខ២ហើយ។ ក្មួយ៣ នាក់ទៀត ម្នាក់រៀនថ្នាក់ទី៧ ម្នាក់រៀនថ្នាក់ទី៥ ហើយ ពៅគេមានអាយុ៣ឆ្នាំ ដែលខ្ញុំទទួលចិញ្ចឹមចាប់ពីខែឧសភាឆ្នាំ២០២០”។
ដោយសារខ្វះខាតសេចក្ដីស្រឡាញ់និងការអប់រំរបស់ឪពុកម្ដាយ ហេតុ ដូច្នេះ នៅពេលទើបតែទទួលក្មួយៗមកផ្ទះ អ្នកគ្រូ Dao ត្រូវតែបង្កាត់បង្រៀនយ៉ាងយកចិត្តទុកដាក់។ អ្នកគ្រូ Dao បានបន្ថែមទៀតថា៖
“នៅពេលទើបតែមកផ្ទះខ្ញុំ កូនៗមិនចេះគួរសមអ្វីសោះឡើយ។ ប៉ុន្តែ ក្រោយ ពីត្រូវបានបង្កាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ កូនៗកាន់តែល្អប្រសើរឡើងពី មួយថ្ងៃទៅមួយថ្ងៃ។ នាសព្វថ្ងៃ កូនៗជួយខ្ញុំធ្វើការងារផ្ទះដូចជាលាងចាន បោសសម្អាតផ្ទះ។ កូនៗតែងតែប្រាប់ខ្ញុំបើកពួកគេស្ដាប់បទចម្រៀងស្ដីពីឪពុកម្ដាយ លោកតាលោកយាយយ៉ាងទៀងទាត់ ហើយហាត់ច្រៀងតាម ឬហាត់សរ សេរសំបុត្រស្ដីពីម្ដាយគួរឲ្យរំភើបចិត្តណាស់។ កូនៗខ្វះខាតអ្វី ខ្ញុំនឹងបំពេញ បំពងទាំងអស់”។
ជាមួយប្រាក់បៀវត្តន៍តិចតួចរបស់គ្រូបង្រៀនម្នាក់ ការទទួលចិញ្ចឹម បន្ថែមកូនសិស្សក្រីក្រ គឺមិនងាយស្រួលទេចំពោះអ្នកគ្រូ Ban Thi Dao នោះ ប៉ុន្តែស្វាមីភរិយាគាត់នៅតែខិតខំប្រឹងប្រែងថែទាំកូនៗឲ្យបានគ្រប់គ្រាន់។ ប្អូនស្រី Trieu Thi Van Anh សិស្សថ្នាក់ទី៧ នៅសាលាបឋមសិក្សានិង មធ្យមសិក្សាជនជាតិ Dong Lam ២ បានសំណេះសំណាលថា៖
“រស់នៅផ្ទះម៉ែ Dao កូនមិនខ្វះខាតអ្វីទេ។ ម៉ែតែងតែចម្អិនឲ្យកូន ម្ហូបអាហារដោយមានសារធាតុបំប៉ន់គ្រប់គ្រាន់។ នៅពេលកូនធ្វើឲ្យខូច របស់របរប្រើប្រាស់ក្នុងផ្ទះ ម៉ែត្រឹមតែប្រដែប្រដៅកូនឲ្យដកបទពិសោធន៍ តែប៉ុណ្ណោះ។ ខោអាវរបស់កូនៗក៏ត្រូវបានម៉ែ Dao នាំទៅផ្សារទិញឲ្យ ដែរ។ កូនៗចូលចិត្តឈុតណា ម៉ែនឹងទិញឲ្យឈុតនោះ”។
អ្នកគ្រូ Dao ជា "ម្ដាយទី២" របស់កុមារគ្មានទីពឹង។ (រូបថត៖ VOV) |
សេចក្ដីស្រឡាញ់និងទឹកចិត្តមេត្តាករុណារបស់អ្នកគ្រូ Ban Thi Dao មិនត្រឹមតែបំពេញការខ្វះខាតខាងមនោសញ្ចេតនាជូនចំពោះកូនសិស្ស កំព្រាប៉ុណ្ណោះទេ ថែមទាំងជាគំរូដែលសំរាប់កូននៅអនាគតទៀតផង។
រៀបរាប់អំពីមិត្តរួមការងារ លោកគ្រូ Vu Hoang Luan នាយកសាលា បឋមសិក្សានិងមធ្យមសិក្សាជនជាតិ Dong Lam 2 បានឲ្យដឹងថា៖
“អ្នកគ្រូ Ban Thi Dao ជាមនុស្សគំរូម្នាក់ដែលត្រូវបានមិត្តរួមការងារ មិត្តភក្តិនិងប្រជាជនស្រឡាញ់គោរពណាស់។ អ្នកគ្រូសឹងតែភ្ជាប់អស់មួយ ជីវិតនឹងសាលាបឋមសិក្សានិងមធ្យមសិក្សាជនជាតិ Dong Lam ២ ហើយ បានបណ្ដុះសិស្សានុសិស្សាជាច្រើនជំនាន់ពីសាលានេះ។ ក្រៅពីតួនាទី ជាអ្នកបង្រៀនចំណេះដឹង អ្នកគ្រូ Dao ក៏បានចូលរួមចំណែកយ៉ាងសកម្ម ដល់ការឃោសនាវប្បធម៌ប្រចាំតំបន់ទៅកាន់ប្អូនៗសិស្សានុសិស្សទៀតផង ដើម្បីជួយឲ្យប្អូនៗយល់ពីសារសំខាន់នៃការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្លួន”។
ក្ដីសប្បាយរីករាយរបស់អ្នកគ្រូ Dao នោះគឺអ្នកគ្រូបានឃើញកូនសិស្សម្នាក់ៗ នៅតំបន់ព្រៃភ្នំនេះ មានជីវភាពរស់នៅគ្រប់គ្រាន់ មានឱកាសទៅសាលា និងទទួលបានសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅរបស់ឪពុកម្ដាយ។ ហើយ ក្រោយមក កុមារទាំងនោះនឹងធំដឹងក្ដី និងប្រែក្លាយក្ដីសុបិនរបស់ខ្លួនទៅជាការពិតពុំខាន៕