អ្នកនិពន្ធ គ្រូបង្រៀនឆ្នើម Nguyen Ngoc Ky - "លោកគ្រូអព្ភូតហេតុ"
(VOVWORLD) - និយាយដល់អ្នកនិពន្ធ គ្រូបង្រៀន Nguyen Ngoc Ky សិស្សានុសិស្សវៀតណាមជាច្រើនជំនាន់តែងតែចងចាំភ្លាមមួយរំពិចដល់លោកគ្រូដំបូងដែលសរសេរអក្សរដោយជើងនៅវៀតណាម។ អស់មួយជីវិតរបស់ខ្លួន លោកគ្រូ Nguyen Ngoc Ky បានបំផុសគំនិតដល់កូនសិស្សជាច្រើនជំនាន់ ដោយកម្លាំងចិត្តនិងការប្តេជ្ញាចិត្តដ៏អស្ចារ្យ។ រឿងរ៉ាវស្ដីពីលោកគ្រូក៏ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅសិក្សា ហើយក្លាយជានិមិត្តរូបនៃការខិតខំព្យាយាមនិងឆន្ទៈសិក្សាអស់មួយជីវិត។
អ្នកនិពន្ធ គ្រូបង្រៀនឆ្នើម Nguyen Ngoc Ky។ (រូបថត៖ កាសែត Lao Dong) |
ឆាកជីវិតនិងដំណើរការហ្វឹកហាត់សរសេររបស់លោកគ្រូ Nguyen Ngoc Ky ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅបង្រៀនភាសាវៀតណាម កម្រិតបឋមសិក្សា ហើយបានដក់ជាប់នៅក្នុងការចងចាំរបស់សិស្សជាច្រើនជំនាន់នៅទូទាំងប្រទេស។ លោកគ្រូជាគំរូមួយនៃការខិតខំព្យាយាម ការប្ដេជ្ញាចិត្តក្នុងការសិក្សាសម្រាប់សិស្សជាច្រើនជំនាន់នៅទូទាំងប្រទេស។
“ខ្ញុំគិតថា ការសរសេរដោយដៃគឺពិបាកទៅហើយ ប៉ុន្តែលោកគ្រូ Nguyen Ngoc Ky អាចសរសេរដោយជើងទៀត វាពិតជាកម្លាំងចិត្តដ៏អស្ចារ្យដែលកម្រមាននរណាម្នាក់អាចធ្វើបាន”។
“សូម្បីតែពេលនេះខ្ញុំបានធំដឹងក្ដីហើយ លោកគ្រូតែងតែជាគ្រូបង្រៀនរបស់ខ្ញុំជានិច្ច ហើយលោកគ្រូបានបំផុសគំនិតជូនខ្ញុំដើម្បីជម្នះពុះពារលើការលំបាកក្នុងជីវិត។ លោកគ្រូគឺជាអ្នកដែលបានផ្តល់ក្ដីសុបិនឲ្យខ្ញុំ”។
អ្នកនិពន្ធ លោកគ្រូ Nguyen Ngoc Ky កើតនៅឆ្នាំ ១៩៤៧ នៅស្រុក Hai Hau ខេត្ត Nam Dinh។ លោកខ្វិនដៃទាំងពីរតាំងពីអាយុ ៤ ឆ្នាំមកម្ល៉េះ ដូច្នេះហើយពេលដល់អាយុចូលរៀន ដោយសារចង់ហាត់សរសេរ កុមារា Ky ត្រូវគាបដុំឥដ្ឋដោយម្រាមជើងពីរដើម្បីសរសេរនៅលើទីធ្លា។ ការរៀនសូត្ររបស់ Nguyen Ngoc Ky ជួបការលំបាកខ្លាំងណាស់ ដោយសារគាត់ត្រូវសរសេររាប់រយដង ទើបបានតួរអក្សរមួយ។ ក្រោយពីខិតខំប្រឹងប្រែងអស់រយៈពេលមួយ Nguyen Ngoc Ky បានក្លាយជាសិស្សពូកែផ្នែកគណិតវិទ្យានៅភាគខាងជើងទាំងមូល ហើយត្រូវបានលោកប្រធានហូជីមិញប្រគល់ផ្លាកសញ្ញាហូជីមិញ។ លោកក៏ជានិស្សិតតែម្នាក់គត់ដែលមានស្នាដៃត្រូវបានបោះពុម្ពផ្សាយភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សាជំនាញអក្សរសាស្ត្រ សាកលវិទ្យាល័យពហុវិជ្ជាហាណូយ។ បន្ទាប់មក លោកបានក្លាយជាគ្រូបង្រៀន។
កំណត់ត្រា "ខ្ញុំទៅរៀន" របស់លោកគ្រូ Nguyen Ngoc Ky។ (រូបថត៖ Truyenhinhvov.vn) |
មិនត្រឹមតែបំផុសគំនិតជូនសិស្សានុសិស្សជាច្រើនជំនាន់ ដោយកម្លាំងចិត្ត និងការប្តេជ្ញាចិត្តដ៏អស្ចារ្យនោះទេ លោកគ្រូ Nguyen Ngoc Ky ក៏ជាអ្នកនិពន្ធដែលមានស្នាដៃអក្សរសាស្ត្រជាង ៣០ រួមមានកំណាព្យ អក្សរសិល្ប៍ និងរឿងតភាគ។ ជាពិសេស លោកបានសរសេររឿងរ៉ាវពីជីវិតផ្ទាល់ខ្លួនដោយអក្សរសិល្ប៍ផងដែរ។ យោងតាមអ្នកគ្រូ Nguyen Thi Hong Gam នៃសាលាអនុវិទ្យាល័យ An Nhon ស្រុក Go Vap ទីក្រុងហូជីមិញ សៀវភៅរបស់លោកគ្រូ Nguyen Ngoc Ky បានជួយឲ្យនាងមានកម្លាំងចិត្តបន្ថែមទៀតក្នុងអាជីពគ្រូបង្រៀន ដើម្បីបំផុសគំនិតជូនកូនសិស្សរបស់ខ្លួន។
“សៀវភៅរបស់លោកគ្រូ មានទស្សនវិជ្ជាអំពីជីវិតយ៉ាងជ្រាលជ្រៅ។ ពីសៀវភៅទាំងនោះ ខ្ញុំខ្លួនឯងក្រេបយកបានប្រការល្អៗអំពីឆន្ទៈ កម្លាំងចិត្តក្នុងជីវិត។ ជាឧទាហរណ៍ ក្នុងអាជីពគ្រូបង្រៀន មានគ្រាលំបាកនៅលើវេទិកាបង្រៀន ប៉ុន្តែពីរឿងរ៉ាវរបស់លោកគ្រូ ខ្ញុំអាចបំផុសគំនិតជូនកូនសិស្សរបស់ខ្លួនបាន”។
លោកគ្រូ Nguyen Ngoc Ky ត្រូវបានប្រគល់កិត្តិនាមគ្រូបង្រៀនឆ្នើមនៅឆ្នាំ ១៩៩២។ ក្រោយពីចូលនិវត្តន៍ ទោះបីជាមានសុខភាពមិនល្អក៏ដោយ លោកគ្រូ Ky នៅតែព្យាយាមលះបង់ដើម្បីការអភិវឌ្ឍផ្នែកអក្សរសាស្ត្ររបស់ប្រទេសជាតិ។
នៅថ្ងៃមួយ ចុងខែកញ្ញា ឆ្នាំ ២០២២ ក្រោយពីរយៈពេល ២៩ ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺខ្សោយតម្រងនោម អ្នកនិពន្ធ គ្រូបង្រៀនឆ្នើម Nguyen Ngoc Ky បានលាចាកលោកនៅទីក្រុងហូជីមិញក្នុងជូន្មាយុ ៧៥ ឆ្នាំ។ លោក Huynh Thanh Phu - នាយកសាលាវិទ្យាល័យ Nguyen Du ទីក្រុងហូជីមិញ បានចែករំលែកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ Nguyen Ngoc Ky យ៉ាងដូច្នេះថា៖
“ខ្ញុំជានិច្ចកាលចាត់ទុក លោកគ្រូជារូបភាពដ៏ស្រស់ស្អាតមួយ សម្រាប់យុវជន មនុស្សពេញវ័យ អ្នកដែលធ្លាក់ក្នុងស្ថានភាពលំបាក មើលទៅលោកគ្រូ ដើម្បីមានជំនឿជាក់ក្នុងជីវភាព។ លោកគ្រូ Nguyen Ngoc Ky មិនត្រឹមតែជំនះលើទុក្ខលំបាកប៉ុណ្ណោះទេ ថែមទាំងសម្រេចបានស្នាដៃអស្ចារ្យជាច្រើនទៀតផង។ ពីរូបភាពរបស់លោកគ្រូ យើងឃើញថាគ្មានអ្វីដែលយើងធ្វើមិនបាននោះទេ ការខិតខំព្យាយាមនឹងជួយមនុស្សជំនះលើការលំបាកវេទនាជាច្រើនក្នុងជីវភាព។ ខ្ញុំក៏ឃើញក្នុងខ្លួនគាត់ថា ជាមនុស្សម្នាក់ដែលសិក្សារហូតដល់ដង្ហើមចុងក្រោយផងដែរ”។
ចាប់តាំងពីថ្ងៃដែលកុមារា Ky ចាប់ផ្ដើមប្រើ "គូជើងអព្ភូតហេតុ" ដើម្បីសរសេររឿងរ៉ាវស្ដីពីលោកគ្រូអព្ភូតហេតុម្នាក់រហូតមកដល់សព្វថ្ងៃនេះ បានគម្រប់ ៧០ ឆ្នាំហើយ។ ក្នុងអំឡុងពេល ៧០ ឆ្នាំកន្លងមក លោកគ្រូ Ky ជានិច្ចកាលជាគំរូដ៏ភ្លឺស្វាង ដែលត្រូវបានមនុស្សគ្រប់គ្នាស្គាល់ដល់ និងកោតសរសើរដោយកម្លាំងចិត្ត ឆន្ទៈ និងការប្តេជ្ញាចិត្តដើម្បីជំនះលើជោគវាសនា រួមជាមួយនឹងទេពកោសល្យក្នុងការសរសេរ គូរគំនូរដោយជើង និងទេពកោសល្យនិពន្ធកំណាព្យនិងពាក្យប្រស្នាផងដែរ៕