អ្នកស្រី Ly Thi Thu Hien ជនជាតិខ្មែរធ្វើសេដ្ឋកិច្ចពូកែ

(VOVWORLD) - អាស្រ័យលើការរស់នៅដោយសន្សំសម្ចៃ ឧស្សាហ៍ព្យាយាមសិក្សាស្រាវ ជ្រាវ និងអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងផលិតកម្ម ជាពិសេសការចិញ្ចឹមគោយកទឹកដោះ អ្នកស្រី Ly Thi Thu Hien ជនជាតិខ្មែរនៅក្រុមទី១ សង្កាត់ទី១០ ទីក្រុង Soc Trang បានជំនះពុះពារលើការលំបាក ឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅស្រុកកំណើតរបស់ខ្លួន។ បច្ចុប្បន្ននេះ ជាមួយនឹងគំរូចិញ្ចឹមគោយកទឹកដោះ អ្នកស្រីរកបានប្រាក់ចំណេញជាង ២០ លានដុងក្នុងមួយខែ។

អ្នកស្រី Ly Thi Thu Hien ជនជាតិខ្មែរធ្វើសេដ្ឋកិច្ចពូកែ - ảnh 1អ្នកស្រី Ly Thi Thu Hien អភិវឌ្ឍន៍គំរូចិញ្ចឹមគោទឹកដោះប្រកបដោយជោគជ័យ។
(រូបថត៖ VOV)

ក្នុងប៉ុន្មានឆ្នាំដំបូងបន្ទាប់ពីរៀបការ ជីវភាពរបស់អ្នកស្រី Ly Thi Thu Hien និងប្តីជួបការលំបាកជាច្រើន។ ក្រោយថ្ងៃរៀបការ ប្ដីប្រពន្ធត្រូវបានឪពុកម្ដាយជូនប្រាក់ទៅទិញទា៤០០ក្បាលមកចិញ្ចឹមនិងផ្ដល់ពង។ អ្នកស្រី Hien បានសំណេះសំណាលថា នៅពេលនោះ នាងចិញ្ចឹមទាផង ហើយធ្វើស៊ីឈ្នួលគេឲ្យបងប្អូននៅជុំវិញផង ដើម្បីរកប្រាក់ចំណូលបន្ថែម។ អាស្រ័យលើការខិតខំប្រឹងប្រែងនិងសន្សំសម្ចៃ នាងទិញបានដីមួយប្លង់ ហើយសាងសង់ផ្ទះផ្ទាល់ខ្លួន នៅក្រុមទី១ សង្កាត់តី១០ ទីក្រុង Soc Trang។

ដោយឃើញថា ការចិញ្ចឹមទាយកពងគឺពិបាក ចំណេញមិនច្រើន ហើយគួបផ្សំនឹងការប្ដេជ្ញាចិត្តឈានឡើងរួចផុតពីភាពក្រីក្រ នាងបានគិតគូរ ហើយស្វែងរកទិសដៅថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីលើកកំពស់ជីវភាពរស់នៅ។ នៅពេលនោះ ការចិញ្ចឹមគោយកទឹកដោះ កំពុងបញ្ជាក់បាននូវប្រសិទ្ធភាពសេដ្ឋកិច្ច នៅពេលដែលប្រជាជនក្នុងស្រុកជាច្រើនបានរួចផុតពីភាពក្រីក្រ ដើម្បីក្លាយជាអ្នកមានដោយជោគជ័យពីគំរូនេះ ដូច្នេះហើយ ជាមួយនឹងដើមទុនដែលសន្សំ សម្ចៃបាន ប្ដីប្រពន្ធអ្នកស្រី Hien បានសម្រេចចិត្តវិនិយោគលើការសាងសង់ក្រោល ទិញគោទឹកដោះមកចិញ្ចឹម។ អ្នកស្រីបានចែករំលែកថា៖

“ពេលនោះអត់មានការងារធ្វើ ដូច្នេះដោយឃើញថាការចិញ្ចឹមគោទឹកដោះមានប្រសិទ្ធភាពសេដ្ឋកិច្ច អញ្ចឹងគ្រួសារខ្ញុំបានជ្រើសរើសគំរូនេះដែរ។ ដំបូងឡើយ ខ្ញុំទិញគោ២ក្បាលមកចិញ្ចឹម ទិញដាច់គ្នាប៉ុន្មានខែ។ គោទឹកដោះទី១មានតម្លៃ២៨លានដុង គោទឹកដោះទី២មានផ្ទៃពោះជាស្រាប់ហើយ ដូច្នេះវាមានតម្លៃ៣៥លាន។ ពេលនោះ គោទាំងពីរមានផ្ទៃពោះជិតកើតកូនហើយ ដូច្នេះគេអាចផ្តល់ទឹកដោះបានឆាប់និងច្រើន”។

អ្នកស្រី Hien បានសំណេះសំណាលថា ដំបូងឡើយ ការចិញ្ចឹមគោទឹកដោះក៏ជួបការលំបាកជាច្រើនដោយសារគ្មានបទពិសោធន៍។ យ៉ាងណាមិញ អាស្រ័យដោយមានការខិតខំព្យាយាមសិក្សា ចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាល ផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេកវិទ្យា នាងបានអនុវត្តចូលក្នុងការចិញ្ចឹមសត្វតាមផ្ទះ ដូច្នេះហ្វូងគោមានការរីកចម្រើនដោយឥតឈប់ឈរ នាំមកនូវប្រាក់ចំណូលខ្ពស់ សេដ្ឋកិច្ចគ្រួសារក៏ចាប់ផ្តើមអភិវឌ្ឍប្រកបដោយស្ថិរភាពផងដែរ។

ឱកាសអភិវឌ្ឍន៍គំរូចិញ្ចឹមសត្វបានមកដល់អ្នកស្រី Hien នៅពេលដែលនាងត្រូវបានគម្រោងអភិវឌ្ឍន៍ការចិញ្ចឹមគោទឹកដោះនៅខេត្តសុកត្រាំង ជ្រើសរើសដើម្បីផ្ដល់ជំនួយជាគោទឹកដោះ ២ ក្បាល ក៏ដូចជាផ្ដល់កម្ចីសម្រាប់សាងសង់ក្រោល ជីវឧស្ម័ន ដើម្បីពង្រីកការចិញ្ចឹម។ បច្ចុប្បន្ននេះ អ្នកស្រី Hien បានវិនិយោគសាងសង់ក្រោលរួចរាល់ដែលមានទំហំធំទូលាយ អនាម័យ និងត្រឹមត្រូវតាមបច្ចេកទេស។ នាងក៏បានទិញម៉ាស៊ីនច្របាច់ទឹកដោះគោ ម៉ាស៊ីនកាត់ស្មៅ ចិញ្ច្រាំស្មៅ ហើយជួលដីចំនួន១០អំពក ដើម្បីដាំស្មៅ។ អាស្រ័យហេតុនោះ គំរូចិញ្ចឹមសត្វបានអភិវឌ្ឍដោយឥតឈប់ឈរ ហើយផ្តល់ទិន្នផលស្ថិរភាព។ បច្ចុប្បន្ននេះ គ្រួសាររបស់នាងមានគោទឹកដោះចំនួន ១៦ ក្បាល ក្នុងនោះគោ ៥ ក្បាលកំពុងផ្ដល់ទឹកដោះជាង ៨០ គីឡូក្រាមក្នុងមួយថ្ងៃ។ បន្ទាប់ពីដកថ្លៃចិញ្ចឹមរួចមក អ្នកស្រី Hien ទទួលបានប្រាក់ចំណេញជាង២០លានដុងជារៀងរាល់ខែពីការចិញ្ចឹមគោទឹកដោះ។ ក្រៅពីនោះ គោមានផ្ទៃពោះជាច្រើនក្បាលជិតនឹងកើតកូនហើយ។ អ្នកស្រី Hien បានសំណេះសំណាលថា៖

“បច្ចុប្បន្ននេះ ច្របាច់ទឹកដោះគោបានប្រហែល ៨០ គីឡូក្រាម។ ដោយសារតែ គោមួយចំនួន ខ្ញុំច្របាច់ជាយូរមកហើយ ដូច្នេះជិតអស់ទឹកដោះហើយ។ យ៉ាងច្រើនបំផុត គោទាំង៥ក្បាលនេះ ខ្ញុំច្របាច់បានប្រហែល១០០គីឡូក្រាម។ ក្នុងមួយសប្តាហ៍បើដកថ្លៃចំណីចេញ ខ្ញុំនៅមានចំណេញជាង ៥លានដុងទៀត ព្រោះខ្ញុំយកចំណីច្រើនទៅចិញ្ចឹមគោមានផ្ទៃពោះដែលជិតនឹងកើតកូន”។

អាស្រ័យលើការចិញ្ចឹមគោទឹកដោះនោះ ជីវភាពរស់នៅរបស់គ្រួសារអ្នកស្រី Hien នាបច្ចុប្បន្នមានភាពប្រសើរឡើង។ នាងបានទិញដីបន្ថែមដើម្បីពង្រីកក្រោល និងដីស្រែ១០អំពកទៀតសម្រាប់ដាំស្រូវ។ អ្នកស្រី Hien បានសំណេះសំណាលថា នាងនឹងបន្តពង្រីកការចិញ្ចឹមសត្វនៅពេលខាងមុខ។ គ្រួសារអ្នកស្រី Hien ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារចិញ្ចឹមសត្វជាគំរូនៅក្នុងគម្រោងអភិវឌ្ឍន៍ការចិញ្ចឹមគោទឹកដោះរបស់ខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ