អនុនាវីឯក Nguyen Tien Duy៖ អះអាងខ្លួនឯងដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ

(VOVWORLD) - “តាំងពីនៅតូច ខ្ញុំតែងមានសុបិនបានពាក់ អាវពណ៌ខៀវរបស់កងទ័ពជើងទឹក សុបិនបានចេញទៅនាយសមុទ្រ ដើម្បីស្វែងយល់ពីកន្លែងឆ្ងាយដាច់ស្រយាលនៃមាតុភូមិ ហើយអាចគ្រប់គ្រងនាវាចម្បាំងទំនើបៗ ដើម្បីការពារមាតុភូមិ”។ នោះគឺជាការចែករំលែករបស់អនុនាវីឯក លោក Nguyen Tien Duy ប្រធានផ្នែកនាវាចរណ៍ នាវាលេខ ០១៦ កងពលតូចលេខ ១៦២ ភូមិភាគទី ៤ កងទ័ពជើងទឹក នៅពេលដែលលោកមានកិត្តិយសទទួលបានពានរង្វាន់ “គំរូយុវជនឆ្នើមទាំង១០របស់វៀតណាម” និង “គំរូយុវជនឆ្នើមទាំង១០របស់កងទ័ពក្នុងឆ្នាំ២០២១”។

អនុនាវីឯក Nguyen Tien Duy៖ អះអាងខ្លួនឯងដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ - ảnh 1អនុនាវីឯក Nguyen Tien Duy បំពេញភារកិច្ចនៅលើនាវាលេខ ០១៦ Quang Trung 
កងពលតូចលេខ ១៦២ ភូមិភាគទី ៤ កងទ័ពជើងទឹក។

អនុនាវីឯក Nguyen Tien Duy ប្រធានផ្នែកនាវាចរណ៍ នាវាលេខ ០១៦ Quang Trung កងពលតូចលេខ ១៦២ ភូមិភាគទី ៤ កងទ័ពជើងទឹក ត្រូវបានអង្គភាពស្គាល់ដល់ជានាយទាហានវ័យក្មេងម្នាក់ដែលឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ចង់ចេះចង់ដឹង ហើយមានស្មារតីទទួលខុសត្រូវខ្ពស់…។ នៅខែសីហា ឆ្នាំ ២០១៨ ក្រោយពីបញ្ចប់ការសិក្សាជំនាញនាវាចរណ៍នៅវិទ្យាស្ថានកងទ័ពជើងទឹកជាមួយនឹងឋានន្តរស័ក្តិជាអនុនាវីទោនោះ លោក Nguyen Tien Duy ត្រូវបានចាត់តាំងឲ្យកាន់តំណែងជាប្រធានផ្នែកនាវាចរណ៍នៅលើនាវាចំនួន ២ នោះគឺ នាវាលេខ ៣៧៤នៃកងនាវាលេខ ៤១៤ និងនាវាលេខ ០១៦ - Quang Trung។

នាពេលថ្មីៗនេះ នៅពេលចូលរួមការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ ២០២១ និងកិច្ចការបរទេសការពារជាតិនៅសហព័ន្ធរុស្ស៊ី អនុនាវីឯក Nguyen Tien Duy និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមបានប្រកួតយ៉ាងល្អហើយដណ្តើមបានមេដាយប្រាក់។ អនុនាវីឯក Nguyen Tien Duy បានចែករំលែក៖

“ការចូលរួមក្នុង Army Games នាពេលកន្លងទៅ គឺជាកិត្តិយសផងហើយក៏ជាសាកល្បងមួយរបស់ខ្ញុំផ្ទាល់និងបងប្អូនទាំងមូលក្នុងក្រុមប្រកួតផង។ ចាប់តាំងពីពេល ហ្វឹកហាត់ ចូលរួមប្រកួត និងឈ្នះស្នាដៃជើងឯករង ហើយរូបខ្ញុំផ្ទាល់បានឈ្នះពានរង្វាន់ជាប្រធានផ្នែកនាវាចរណ៍ដ៏ឆ្នើមបំផុត… ទាំងនេះគឺជាសញ្ញាសម្គាល់ដែលមិនអាចបំភ្លេចបាននៅក្នុងអាជីពយោធារបស់ខ្ញុំ”។

អនុនាវីឯក Nguyen Tien Duy៖ អះអាងខ្លួនឯងដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ - ảnh 2អនុនាវីឯក Nguyen Tien Duy ផ្លាស់ប្ដូរយោបល់ជាមួយនាយទាហាននាវាចរណ៍រុស្ស៊ីនៅ Army Games ២០២១។ 

នៅ Army Games អនុនាវីឯក Nguyen Tien Duy និងក្រុមនាវាចរណ៍ បានបញ្ជានាវាលេខ ០១៦ ធ្វើដំណើរក្នុងចម្ងាយជិត ៥.០០០ ម៉ាយ ឆ្លងកាត់ដែនសមុទ្រនៃប្រទេសជាច្រើន; ធ្វើបច្ចុប្បន្នភាពទាន់ពេលវេលានូវព័ត៌មានអាកាសធាតុ សេចក្ដីប្រកាសនាវាចរណ៍នៃស្ថានីយ៍ឆ្នេរសមុទ្ររបស់ប្រទេសមិត្ត នៅពេលនាវាឆ្លងកាត់ដោយធានាសុវត្ថិភាពនាវាចរណ៍...។ នៅក្នុងវិញ្ញាណប្រកួតជំនាញនាវាចរណ៍ លោក Duy បានកំណត់និងគិតគូរដោយផ្ទាល់ពីផលប៉ះពាល់នៃលក្ខខណ្ឌឧតុនិយមជលសាស្ត្រ ខ្យល់ និងចរន្តលំហូទឹក... ដើម្បីធ្វើជាមូលដ្ឋានសម្រាប់នាវិកបតីរៀបចំការហ្វឹកហាត់និងការប្រកួត។ អនុនាវីឯក Nguyen Tien Duy បានចែករំលែកបន្ថែមទៀតថា៖

“នៅពេលទទួលបានដំណឹងថា យើងនឹងចូលរួម Army Games ពួកយើងបានចាប់ផ្តើមភ្លាមៗការងារត្រៀមរៀបចំ កសាងផែនការហ្វឹកហ្វឺនដើម្បីឆ្លើយតបយ៉ាងពេញលេញនឹងតម្រូវការដែលបានដាក់ចេញ ក្នុងបំណងសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត។ អង្គភាពបានរៀបចំវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១។ ក្នុងដំណើរការហ្វឹកហ្វឺនរហូតដល់ពេលទៅប្រកួតនៅសហព័ន្ធរុស្ស៊ី ពួកយើងបានជួបប្រទះនឹងការលំបាកជាច្រើន; ជាពិសេស ដោយសារជំងឺរាតត្បាតកូវីដ-១៩ កម្មាភិបាល យុទ្ធជនជាច្រើន មិនអាចត្រឡប់មកសួរសុខទុក្ខគ្រួសារបានទេ។ លើសពីនេះទៅទៀត ក្នុងអំឡុងពេលហ្វឹកហាត់និងប្រកួត ពួកយើងត្រូវតែធ្វើការដោយប្រពលភាពខ្ពស់ ធ្វើសកម្មភាពនៅសមុទ្រក្នុងរយៈពេលវែង ក៏ដូចជាអាកាសធាតុ ឧតុនិយមដ៏ខុសប្លែកនៅរុស្ស៊ី ដូច្នេះវាប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកួត។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងស្នាដៃដែលសម្រេចបាន ខ្ញុំអាចបញ្ជាក់បានថា នេះគឺជាស្នាដៃដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់រូបខ្ញុំផ្ទាល់និងក្រុមប្រកួត”។

មិនត្រឹមតែសម្រេចយ៉ាងល្អនូវភារកិច្ចនៅ Army Games ២០២១ ប៉ុណ្ណោះទេ នាពេលកន្លងមក អនុនាវីឯក Duy ក៏បានចូលរួមជាមួយអង្គភាព ដើម្បីសម្រេចប្រកបដោយជោគជ័យនូវភារកិច្ចពិសេសជាច្រើនទៀតផងដែរ។ លេចធ្លោគឺការហ្វឹកហ្វឺនរួមគ្នា ជាមួយកងពលតូចទ័ពជើងទឹកទីលេខ ៩៥៤; ការហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី; ការហ្វឹកហ្វឺនចម្ងាយឆ្ងាយ គួបផ្សំនឹងការល្បាតតំបន់ប្រជុំកោះ Truong Sa ល្បាតតំបន់សមុទ្រផ្ទះរន្ទា DK1 ជាដើម។

អនុនាវីឯក Nguyen Tien Duy ទើបតែទទួលបានកិត្តិនាម “គំរូយុវជនឆ្នើមទាំង១០របស់វៀតណាម” និង “គំរូយុវជនឆ្នើមទាំង១០របស់កងទ័ពទាំងមូលក្នុងឆ្នាំ ២០២១”។ អនុនាវីឯក Nguyen Tien Duy បានចែករំលែកថា៖

“នៅពេលដឹងថា មានឈ្មោះខ្លួននៅក្នុងបញ្ជីគំរូយុវជនឆ្នើមទាំង១០របស់វៀតណាមឆ្នាំ២០២១ ខ្ញុំមានមោទនភាពខ្លាំងណាស់ អារម្មណ៍គឺមិនអាចពិពណ៌នាបានទេ។ នេះក៏ជាកិត្តិយសរបស់ខ្ញុំដែរ។ ដើម្បីសម្រេចបានស្នាដៃនេះ ទន្ទឹមនឹងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ខ្ញុំក៏ទទួលបានការគាំទ្រពីយុទ្ធមិត្ត ដែលតែងតែប្រកៀកស្មាជាមួយខ្ញុំនៅពេលបំពេញភារកិច្ច ក៏ដូចជាការយកចិត្តទុកដាក់ ការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការលើកទឹកចិត្តរបស់ក្រុមគ្រួសារផងដែរ។

ក្នុងដំណើរការការងារ មានច្រើនលើកច្រើនសារហើយដែលអនុនាវីឯក Nguyen Tien Duy ទទួលបានការលើកសរសើរ និងរង្វាន់។ ក្នុងឆ្នាំ ២០២១ លោក ទទួលបានប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារជាតិដោយមានស្នាដៃឆ្នើម ក្នុងការចូលរួមការប្រកួតកីឡាយោធាអន្តរជាតិ - Army Games ២០២១។ អនុនាវីឯក Nguyen Tien Duy បានចែករំលែកថា៖ លោកនឹងខិតខំប្រឹងប្រែងថែមទៀត បន្តលះបង់ បន្តអះអាងខ្លួនឯង ដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ក៏ដូចជាក្នុងការអភិវឌ្ឍកងទ័ពជើងទឹកប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ