អនុសេនីយ៍ទោនគរបាល លោក Duong Hai Anh និងដំណើរប្រគល់ក្ដីសុភមង្គលដល់សហគមន៍

(VOVWORLD) - ពីដំណើរតភ្ជាប់ក្រអៅបេះដូងដើម្បីជីវភាពសហគមន៍ជាមួយគម្រោងចំនួន២ “ចិញ្ចឹមកុមារ Moc Chau” និង “សុភមង្គលសម្រាប់កុមារ” នៅខេត្ត Son La អនុសេនីយ៍ទោនគរបាល លោក Duong Hai Anh ទើបតែត្រូវបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លើកតម្កើងជាយុវជនម្នាក់ក្នុងចំណោមយុវជនគំរូទាំង ១០ នាក់ក្នុងឆ្នាំ ២០២២។

អនុសេនីយ៍ទោនគរបាល លោក Duong Hai Anh និងដំណើរប្រគល់ក្ដីសុភមង្គលដល់សហគមន៍ - ảnh 1អនុសេនីយ៍ទោនគរបាល លោក Duong Hai Anh។ (រូបថត៖ VOV)

នៅឆ្នាំ ២០១៩ នៅអាយុ ២៣ ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថាននគរបាលប្រជាជន លោក Duong Hai Anh ត្រូវបានចាត់តាំងឱ្យមកធ្វើការនៅនាយកដ្ឋាននគរបាលស្រុក Moc Chau (ខេត្ត Son La)។ ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ភូមិឃុំនានា Hai Anh តែងតែឃើញកុមារទៅសាលារៀនដោយមានតែចានស្រាក់ដាក់បាយសនិងអំបិលសម្រាប់អាហារថ្ងៃត្រង់។ ដូច្នេះហើយទើបលោកមានគំនិតបង្កើតគម្រោង “ចិញ្ចឹមកុមារ Moc Chau”។ លោក Hai Anh បាននិយាយថា គម្រោងនេះត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅខែមករា ឆ្នាំ ២០២១៖

“ពេលឃើញប្អូនៗទៅរៀន ពេលខ្លះឃ្លាន ពេលខ្លះឆ្អែត រូបខ្ញុំផ្ទាល់ទប់ទឹកភ្នែកមិនបានទេ។ នោះជាកម្លាំងចលករដ៏ធំធេងដើម្បីឲ្យខ្ញុំខិតខំប្រឹងប្រែង ជួយប្អូនៗឲ្យបានច្រើនថែមទៀត”។

មកទល់នឹងពេលនេះ គម្រោង “ចិញ្ចឹមកុមារ Moc Chau” របស់អនុសេនីយ៍ទោ លោក Duong Hai Anh លេខាសម្ព័ន្ធយុវជននគរបាលខេត្ត Son La បានតភ្ជាប់ជាមួយអង្គការ និងសប្បុរសជនជាច្រើនទាំងក្នុងនិងក្រៅខេត្ត កៀរគរធនធានដើម្បីជួយប្អូនៗកុមារឱ្យមានអាហារគ្រប់គ្រាន់ពេលមកសាលា។ មិនត្រឹមតែនៅស្រុក Moc Chau ប៉ុណ្ណោះទេ គម្រោង "ចិញ្ចឹមកុមារ Moc Chau" ក៏ត្រូវបានដាក់ឲ្យដំណើរការនៅស្រុក Van Ho និង Bac Yen ទៀតផង។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដោយឡែកនៅស្រុក Moc Chau គម្រោងនេះបានប្រគល់អាហារថ្ងៃត្រង់ដោយមានអាហារូបត្ថម្ភគ្រប់គ្រាន់ចំនួនជាង ២ លានកញ្ចប់ដល់កុមារមត្តេយ្យសិក្សាជាង ៣៥០០ នាក់នៅក្នុងស្រុក។ អាស្រ័យលើកញ្ចប់អាហារថ្ងៃត្រង់ដ៏កក់ក្ដៅទាំងនោះ អត្រាសិស្សទៅសាលាសម្រេចបាន ១០០%។ អ្នកគ្រូ Dang Thi Hai Luyen គ្រូបង្រៀននៅសាលា Pha Luong ឃុំ Chieng Son ស្រុក Moc Chau បានចាត់ទុកថា៖

“កាលពីមុន មិនមានគម្រោងអីទេ ដូច្នេះការចលនាកូនៗឲ្យទៅសាលាគឺពិបាកណាស់។ ចាប់តាំងពីមានគម្រោង "ចិញ្ចឹមកុមារ Moc Chau" មក ឪពុកម្តាយសិស្សសប្បាយចិត្តយ៉ាងខ្លាំង ហើយនឹងនរចិត្តបញ្ជូនកូនទៅថ្នាក់រៀន។ ក្នុងនាមជាគ្រូបង្រៀន យើងខ្ញុំក៏ចលនាកូនៗឲ្យទៅសាលាបានគ្រប់ ១០០%ផងដែរ”។

អនុសេនីយ៍ទោនគរបាល លោក Duong Hai Anh និងដំណើរប្រគល់ក្ដីសុភមង្គលដល់សហគមន៍ - ảnh 2(រូបថត៖ VOV)

មិនត្រឹមតែជួយសិស្សានុសិស្សទទួលបានអាហារដោយមានអាហារូបត្ថម្ភគ្រប់គ្រាន់ប៉ុណ្ណោះទេ លោកអនុសេនីយ៍ទោ Duong Hai Anh ថែមទាំងចង់នាំមកជូនសិស្សានុសិស្សនូវអ្វីៗកាន់តែល្អប្រសើរទៀតផង។ ក្នុងដំណើរការងារទៅមូលដ្ឋាននោះ លោក Duong Hai Anh បានឃើញថា ក្រៅពីការខ្វះខាតខាងហូបចុក សិស្សានុសិស្សនៅសាលាជាច្រើនក៏ត្រូវសិក្សារៀនសូត្រ និងលេងកំសាន្តក្នុងសាលាដ៏ទ្រុឌទ្រោម ហើយមិនធានាបាននូវលក្ខខណ្ឌធម្មតា។ ពីតថភាពនោះ គម្រោង "សុភមង្គលសម្រាប់កុមារ" បានបង្កើតមក ដែលដំណើរការទន្ទឹមគ្នាជាមួយនឹងគម្រោង "ចិញ្ចឹមកុមារ Moc Chau"។ “សុភមង្គលសម្រាប់កុមារ” មានគោលបំណងរុះរើទីតាំងសាលាបណ្ដោះអាសន្ន ខ្ទមប្រក់ស្បូវ ហើយជំនួសដោយបន្ទប់រៀនបេតុងដ៏ធំទូលាយ ក៏ដូចជាជួយឧបត្ថម្ភការសាងសង់ផ្ទះ ប្រគល់សម្លៀកបំពាក់កក់ក្តៅ ភួយ ដបទឹកចម្រោះ ទូសៀវភៅ ទូដាក់ប្រដាប់ក្មេងលេង សម្រាប់សិស្សានុសិស្សផងដែរ។

តាមការធ្វើស្ថិតិរហូតមកដល់ពេលនេះ គម្រោង "សុភមង្គលសម្រាប់កុមារ" បានសាងសង់ផ្ទះថ្មីចំនួន ៥ ខ្នង និងទីតាំងសាលាចំនួន ១៤ កន្លែងនៅស្រុកនានានៃខេត្ត Son La។ ការចំណាយសរុបនៃគម្រោងទាំង ២ “ចិញ្ចឹមកុមារ Moc Chau” និង “សុភមង្គលសម្រាប់កុមារ” គិតមកដល់ពេលនេះគឺជាង ១១ ពាន់លានដុង (ប្រហែល ៤៥ ម៉ឺនដុល្លារអាមេរិក)។ ចែករំលែកអំពីផែនការអនាគត លោកអនុសេនីយ៍ទោ Duong Hai Anh បានឲ្យដឹងថា៖

“តាមការអង្កេត ខេត្ត Son La មានកុមារជាង ១៤.០០០ នាក់ដែលត្រូវការជួយឧបត្ថម្ភ។ នាពេលខាងមុខ ខ្ញុំនឹងដាក់ឲ្យដំណើរការនូវគម្រោងចិញ្ចឹមកុមារ Moc Chau ទៅកាន់គ្រប់ស្រុកដែលជួបការលំបាក ដើម្បីជួយឧបត្ថម្ភប្អូនៗទៅសាលារៀន។ ក្រៅពីនោះ ខេត្ត Son La ក៏មានទីតាំងសាលាទ្រុឌទ្រោម ប្រក់ស្បូវប្រមាណពី ៣០ ទៅ ៤០ កន្លែងទៀត យើងខ្ញុំនឹងជួយសាងសង់ទីតាំងសាលាសម្រាប់ប្រជាជន ហើយដើម្បីឲ្យលោកគ្រូ អ្នកគ្រូនឹងនរចិត្តធ្វើការ”។

ដោយមានទឹកចិត្តនិងភាពខ្លៀវក្លាចំពោះចលនាស្ម័គ្រចិត្តនោះ លោក Hai Anh បានទទួលពានរង្វាន់ដ៏ថ្លៃថ្លាជាច្រើន។ ក្រៅពីពានរង្វាន់ដែលជាយុវជនម្នាក់ក្នុងចំណោមយុវជនគំរូទាំង ១០ នាក់នៃឆ្នាំ២០២២ លោកក៏ទទួលបានពានរង្វាន់ស្ម័គ្រចិត្តជាតិឆ្នាំ ២០២១; ប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាលសម្រាប់ស្នាដៃលេចធ្លោក្នុងការសិក្សានិងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថលោកប្រធានហូជីមិញឆ្នាំ ២០២២; យុវជនជឿនលឿនធ្វើតាមដំបូន្មានរបស់លោកប្រធានហូជីមិញក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា (២០១៧-២០២២); គំរូ “ការងារសប្បុរស” ឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ