Bac Kan អភិរក្សចម្រៀង Then និងចាបី Tinh

(VOVWORLD) - 

នាពេលថ្មីៗនេះ សិប្បករនិងអ្នកសិល្បៈដែលស្រឡាញ់ចម្រៀង Then រាប់រយនាក់នៅតាមបណ្តាខេត្តភាគខាងជើងវៀតណាម បានចូលរួមកម្មវិធីសិល្បៈច្រៀងចម្រៀង Then ចាបី Tinh និងចង្វាក់ចម្រៀងប្រជាប្រិយតំបន់ព្រៃភ្នំគខាងជើង ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌ខេត្ត Bac Kan។ កម្មវិធីបានបង្ហាញពីការទាក់ទាញនៃវប្បធម៌ជនជាតិភាគតិច នៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាតួនាទីរបស់ក្លឹបនិងក្រុមអ្នកមានចំណាប់អារម្មណ៍ក្នុងការថែរក្សានិងផ្សព្វផ្សាយចម្រៀង Then នៃភាគខាងជើង។

Bac Kan អភិរក្សចម្រៀង Then និងចាបី Tinh - ảnh 1ការសម្តែងទោលចាបី Tinh ដោយសិល្បករ Chu Thach (រូបថត៖ VOV)

នៅក្នុងកម្មវិធីសិល្បៈច្រៀងចម្រៀង Then លេងចាបី Tinh ជាមួយចម្រៀងប្រជាប្រិយតំបន់ព្រៃភ្នំភាគខាងជើង ប្រជាជនរាប់ពាន់នាក់បានចូលរួមនៅសាលប្រជុំនៃផ្ទះវប្បធម៌នៅខេត្ត Bac Kan ដើម្បីសម្របខ្លួនទៅនឹងចម្រៀង Then និងសម្លេងចាបី Tinh ពីសិល្បករជាង ៣០០ នាក់ ដែលជាអ្នកស្រឡាញ់ចម្រៀង Then នៃក្លឹប Then មកពី ខេត្ត Bac Kan, Cao Bang, Lang Son, Thai Nguyen, Tuyen Quang, Bac Giang និងហាណូយជាដើម។

ជាទូទៅ បទចម្រៀង Then នៅតាមតំបន់នីមួយៗមានលក្ខណៈប្រហាក់ប្រហែលគ្នា ប៉ុន្តែបើនិយាយពីទំនុកច្រៀងសូម្បីតែស្ទីលច្រៀងក៏មានបម្រែបម្រួលជាច្រើនដែលសមស្របនឹងលក្ខណៈនិងទំនៀមទំលាប់នៃតំបន់នីមួយៗផងដែរ។ ទស្សនិកជនបានរីករាយនឹងការសម្តែងរបស់សិល្បករជំនាញ សិប្បករនិងសមាជិកក្លឹប Then តាមតំបន់ជាច្រើន។ សិល្បករ Ma Thi Day  ប្រធានក្លឹបចម្រៀង Then ចាបី Tinh  ខេត្ត Bac Kan  ដែលជាអង្គភាពរៀបចំកម្មវិធីបាននិយាយថា៖ “ក្លឹប Sac Cham របស់យើងក៏បានអញ្ជើញក្លឹបនានាក្នុងខេត្តមកផ្លាស់ប្តូរបទពិសោធន៍ក្នុងការច្រៀងចម្រៀង Then  ហើយអ្នករាល់គ្នាគាំទ្រនិងរីករាយក្នុងការចូលរួមដែរ។ តាមរយៈកម្មវិធីនេះ យើងចង់ផ្សព្វផ្សាយដល់ប្រជាជននៅ Bac Kan  និងអ្នកដែលស្រឡាញ់ចម្រៀង Then តាមបណ្តាខេត្តនានា អោយយល់កាន់តែច្បាស់អំពីគន្លឹះនៃចង្វាក់ Then របស់ Bac Kan។ ហើយក៏ចង់អោយប្រជាជនកាន់តែមានផាសុកភាពនិងសប្បាយរីករាយថែមទៀតនៅពេលចូលរួមវប្បធម៌ប្រជាប្រិយរបស់ជនជាតិខ្លួនយ៉ាងដូច្នោះ”។

ដើម្បីថែរក្សា លក្ខណៈពិសេសរបស់ Then ចាំបាច់ណាស់ដែលសិល្បករច្រៀងចម្រៀង Then ត្រូវផ្តោតសំខាន់ទៅលើលំហសម្តែងដើមគឺជីវភាពរស់នៅប្រចាំថ្ងៃ។ និយាយឱ្យចំទៅ គ្រូបង្រៀនចម្រៀង Then គឺជាគ្រូសែនផងនិងជាសិល្បករប្រជាប្រិយផង។ ហេតុដូច្នេះហើយ ដើម្បីថែរក្សាចម្រៀង Then ចាំបាច់ត្រូវផ្តល់កិត្តិយសដល់អ្នករក្សាចម្រៀង Then ដូចជារក្សាភ្នក់ភ្លើងអញ្ជឹង ព្រមទាំងត្រូវមានជំរើសក្នុងការដាក់កំហិតលក្ខណៈអបិយជំនឿដែលលែងសមស្របហើយ។ ការនិពន្ធទំនុកច្រៀងក៏ត្រូវសមស្របនឹងចំណង់ចំណូលចិត្តរបស់យុវវ័យដែរ។ នោះក៏ជាការវិនិច្ឆ័យរួមតាមរយៈការជួបប្រាស្រ័យ ផ្លាស់ប្តូររវាងក្លឹបសំខាន់ៗនៅទូទាំងប្រទេស។ លោកស្រី Duong Thi Lan Anh មកពីក្លឹបចម្រៀងប្រជាប្រិយ Thanh Do នៃទីក្រុងហាណូយបានឲ្យដឹងថា៖ “ក្លឹបរបស់ខ្ញុំមានសមាជិកប្រចាំប្រហែល ៣០ នាក់។ ក្លឹបខ្ញុំមានបងប្អូនភាគច្រើនជាស្រីជាជនជាតិ Tay ហើយក៏មានបងប្អូនស្រីជាច្រើនមកពីហាណូយដែរ។ ប៉ុន្តែដោយសារតែចំណង់ចំណូលចិត្តរបស់ពួកនាងចំពោះចម្រៀង Then ដែលបានចូលរួមក្លឹប ហើយមានបងស្រីមួយចំនួនមកពីទីក្រុងហូជីមិញ ក៏បានជិះយន្ដហោះទាំងយប់មកកាន់ទីក្រុងហាណូយដើម្បីព្រឹកឡើងអាចទៅកាន់ Bac Kan ចូលរួមក្នុងកម្មវិធីច្រៀងចម្រៀង Then លេងចាបី Tinh ផងដែរ។ យើងចង់អោយចម្រៀងThen ត្រូវបានថែរក្សា អភិរក្ស បើកទូលាយនិងអភិវឌ្ឍន៍ផងដែរ”។

Bac Kan អភិរក្សចម្រៀង Then និងចាបី Tinh - ảnh 2ក្លឹបច្រៀងចម្រៀង Then ចាបី Tinh Sac Cham សម្តែងក្នុងកម្មវិធីជួបប្រាស្រ័យសិល្បៈ

កន្លែងណាដែលមានប្រជាជនជនជាតិ Tay – Nung គឺកន្លែងនោះនឹងមានក្លឹបច្រៀងចម្រៀង Then លេងចាបី Tinh។ ក្លឹបច្រៀង Then ចាបី Tinh រាប់រយត្រូវបានបង្កើតឡើង មិនត្រឹមតែ នៅតាមបណ្តាខេត្តភាគខាងជើងប៉ុណ្ណោះទេ សូម្បីតែនៅកន្លែងជាច្រើនដូចជាហាណូយ ទីក្រុងហូជីមិញ ខេត្តណាបូខាងកើត និងតំបន់Tay Nguyen ក៏មានដែរ។ ក្លឹបបានប្រមូលផ្តុំ សមាជិកស្រឡាញ់តន្ត្រីប្រជាប្រិយ ហើយពួកគេបង្រៀនគ្នាទៅវិញទៅមក ជាពិសេសយុវជន។ លោក Lam Ngoc Du នាយកមជ្ឈមណ្ឌលវប្បធម៌នៃខេត្ត Bac Kan បានឲ្យដឹងថា៖ “ពីសកម្មភាពរបស់ក្លឹបច្រៀងចម្រៀង Then ចាបី Tinh Sac Cham មក ការអភិរក្សតម្លៃវប្បធម៌ប្រជាប្រិយនាពេលបច្ចុប្បន្នមានការបត់បែនយ៉ាងល្អណាស់។ ជាមួយនឹងសកម្មភាពរបស់ក្លឹប ក្រៅពីការអនុវត្តសកម្មភាពប្រចាំឆ្នាំស្របតាមផែនការរបស់មជ្ឈមណ្ឌលវប្បធម៌ នៅមានសកម្មភាពជាច្រើនទៀតដែលសំដៅជំរុញចលនាវប្បធម៌។ ក្លឹបនេះក៏បានសម្តែងបម្រើអ្នកទស្សនា ដើម្បីរក្សាសកម្មភាពផងនិងធ្វើឲ្យចម្រៀង Then កាន់តែរស់រវើកផង។ ក្លឹបដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ មានសមាជិកជាង ៦០ នាក់ហើយមានមនុស្សជាច្រើនដែលមានបំណងចង់ចូលរួមជាមួយក្លិបនេះផងដែរ”។

មិនត្រឹមតែអភិរក្សចម្រៀង Then ប៉ុណ្ណោះទេ ក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម វៀតណាមបាននិងកំពុងធ្វើអាជីវកម្មកេរដំណែលវប្បធម៌អរូបី ដែលបានអង្គការ UNESCO ចុះបញ្ជីដើម្បីបង្កើតផលិតផលទេសចរណ៍។ ដោយហេតុនេះ ការងារអភិរក្សនិងលើកកម្ពស់បេតិកភណ្ឌត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំង ជួយឱ្យមរតកទាំងនេះរក្សាបានអត្តសញ្ញាណរបស់ខ្លួន មិនត្រូវបានបាត់បង់និងពង្រីកតម្លៃទៅកាន់សហគមន៍ក្នុងស្រុកនិងបរទេស ស្របតាម ឋានៈនៃតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ