(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយ នឹងការឃោសនារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សិប្បករ ព្រឹទ្ធាចារ្យភូមិ មេភូមិ ... ប្រជាជននៅក្នុងភូមិជាច្រើននៃជនជាតិ Ede ក្នុងខេត្ត Dak Lak បានរក្សានិងលើកតម្កើងអត្តសញ្ញាណរបស់ជនជាតិខ្លួន។ មកដល់ភូមិរបស់ជនជាតិ Ede ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ និងជ្រួតជ្រាបនូវតម្លៃវប្បធម៌ពិសេស របស់ជនរួមជាតិនៅទីនេះ។
ក្រុមគងឃ្មោះមួយក្នុងចំណោមក្រុមគងឃ្មោះពីរនៃភូមិ Ako Dhong (ក្រុង Buon Ma Thuot) (រូបថត៖ Hoai Thu/TTXVN) |
នៅភូមិ Sut M'dung ឃុំ Chu Sue ស្រុក Chu M'ga កំឡុងពេលទំនេរពីការងារ ក្រុមសិល្បៈរបស់ភូមិបាននាំគ្នាហាត់រាំច្រៀង ជួនកាលវាយគងឃ្មោះ ជួនកាលផ្លុំខ្លុយ និងច្រៀងអំពីវរៈកថា...។ មិនត្រឹមតែសម្តែងជូនប្រជាជនក្នុងភូមិប៉ុណ្ណោះទេ ការសម្តែងទាំងនេះក៏ត្រូវបានសម្តែងជូនភ្ញៀវទេសចរ សូម្បីតែនៅឆាកសម្តែងធំៗសម្រាប់ជួបប្រាស្រ័យទាក់ទងទៀតផងដែរ។ សិប្បករ Y Muc Nie, សិប្បករ Y Von Nie និង សិប្បករ Ama Y Dam បានចែករំលែកថា៖
“នោះជាការស្វាគមន៍ភ្ញៀវចូលផ្ទះរបស់ខ្លួន។ ដងដាក់ទឹកពេញក្នុងពាង ហើយចាប់ផ្តើមវាយគង់ឃ្មោះ ដើម្បីប្រកាសព័ត៌មាន”។
“ក្រុមសម្តែងគងឃ្មោះរបស់យើងមានមោទនភាពណាស់ដែលបានសម្តែងគ្រប់ទីកន្លែងដើម្បីឱ្យអ្នករាល់គ្នាបានយល់កាន់តែច្បាស់អំពីវប្បធម៌ជាតិរបស់យើង”។
“ជាធម្មតាខ្ញុំរៀនលេងនៅរសៀលថ្ងៃពុធ និងថ្ងៃសុក្រ ដោយតាចាស់ៗក្នុងភូមិបង្រៀន ដូច្នេះខ្ញុំអាចហាត់លេងឱ្យស៊ាំនឹងដៃ”។
យោងតាមលោកស្រី Pham Thi Thu អនុប្រធានឃុំ Chu Sue អាជ្ញាធរឃុំកំពុងធ្វើការជាមួយប្រជាជនដើម្បីអភិរក្សវប្បធម៌គងឃ្មោះ និងអភិរក្សវប្បធម៌របស់ជនជាតិភាគតិច។ ព្រោះថា ការរក្សានិងលើកកម្ពស់តម្លៃប្រពៃណីរួមចំណែកលើកកម្ពស់ជីវភាពខាងស្មារតីរបស់ប្រជាជន៖
“ជីវភាពខាងសម្ភារៈត្រូវតែដើរទន្ទឹមគ្នាជាមួយវប្បធម៌។ នៅទីនេះ យើងបន្តលើកតម្កើងស្មារតីរបស់យើងបន្ទាប់ពីម៉ោងធ្វើការយ៉ាងលំបាក។ យើង ជួបជុំគ្នា មនុស្សពេញវ័យលេងគងឃ្មោះ ក្មេងៗត្រលប់មកពីសាលារៀនវិញហើយឃើញបរិយាកាសសប្បាយរីករាយ ដូច្នេះបាននាំគ្នាចូលរួមថ្នាក់លេងគងឃ្មោះ។ បើមានការគាំទ្រឧបត្ថម្ភពីរដ្ឋ ពិតណាស់ថា យើងនឹងផ្សព្វផ្សាយនិងរក្សាបានអត្តសញ្ញាណវប្បធម៌ជនជាតិខ្លួនជាពុំខាន”។
អ្នកទេសចរថតរូបជាមួយនារីនៅភូមិ Akô Dhông (ក្រុង Buon Ma Thuot) (រូបថត៖ daidoanket.vn) |
ភូមិ Ako Thong សង្កាត់ Tan Loi ទីក្រុង Buon Ma Thuot គឺជាភូមិជនជាតិ Ede ដ៏ស្រស់ស្អាតបំផុតមួយក្នុងខេត្ត Dak Lak ហើយក៏ជាភូមិជនជាតិភាគតិចដ៏ទាក់ទាញបំផុតនៅតំបន់ Tay Nguyen ដែលមានទម្រង់ផ្ទះជាង ៣០ ខ្នង ស្ថិតយ៉ាងសុខសាន្តនៅក្រោមម្លុប់ឈើខៀវស្រងាត់ត្រជាក់ត្រជុំ។ ប្រជាជន Ede នៅទីនេះបានសម្របខ្លួនទៅនឹងជីវភាពសម័យទំនើប ប៉ុន្តែនៅតែរក្សាបាននូវវប្បធម៌ប្រពៃណីស្ទើរតែដដែល ជាមួយនឹងផ្ទះឈើ បែនទឹក និងគងឃ្មោះ។ លោក Y Pin Bling និងលោក Xac Ly ប្រជាជននៅភូមិ Ako Thong បានឲ្យដឹងថា៖
“ភូមិជាច្រើនបានប្តូរទៅធ្វើផ្ទះបេតុងព្រោះវាស្រួលនិងលឿន។ ប៉ុន្តែភូមិនេះចង់រក្សាទំនៀមទម្លាប់នៃការសង់ផ្ទះឈើតាមទំនៀមទម្លាប់របស់ជនជាតិ Ede ដែរ”។
“ពេលមកដល់ភូមិ Ako Thong ក្រៅពីការទស្សនាផ្ទះល្វែងបែបប្រពៃណី យើងក៏អាចសម្របខ្លួនទៅជាមួយសំឡេងគងឃ្មោះក្នុងស្រុក ការនិទានរឿង ការរាំ និងបើកភ្លើង ជំរុំនៅទីនេះ”។
មានពេលមួយ ជនជាតិ Ede នៅ Ako Thong មានបំណងរុះរើផ្ទះឈើវែងៗ ដើម្បីសង់ផ្ទះទំនើប ថែមទាំងលក់ឈុតគងឃ្មោះទៀតផង។ ប៉ុន្តែនៅពេលនោះ ព្រឹទ្ធាចារ្យភូមិ Ama H'Rin និងអាជ្ញាធរមូលដ្ឋានបានកៀងគរប្រជាជននៅក្នុងភូមិឱ្យរួមដៃគ្នារក្សានូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។ អន្តរាគមន៍ទាន់ពេលវេលានោះបានបង្កើតឡើងភូមិ Ako Thong ដែលនៅដដែលដូចសព្វថ្ងៃនេះ។ លោក Vu Van Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានចាត់ទុកថា ការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជនជាតិគឺជាភារកិច្ចសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វប្បធម៌ក្នុងុមូលដ្ឋាន៖
“ទីក្រុងបានចេញសេចក្តីសម្រេចជំនាញមួយ ហើយត្រូវបានអនុវត្តន៍តាមរយៈសេចក្តីសម្រេចចិត្តប្រចាំឆ្នាំផងដែរ។ យើងបានកសាងផែនការអភិរក្ស និងជាពិសេសផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិនៅក្នុងភូមិជនជាតិភាគតិច Ede ចំនួន ៣៣។ នេះជាលក្ខខណ្ឌអំណោយផលយ៉ាងខ្លាំងក្នុងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌នៅទីក្រុង Buon Ma Thuot”។
កាលពីឆ្នាំមុន វិស័យវប្បធម៌ កីឡា និងទេសចរណ៍នៃខេត្ត Dak Lak បានរៀបចំសកម្មភាពជាច្រើនដូចជា៖ ការបណ្តុះបណ្តាល ការបង្រៀនអំពីវប្បធម៌អរូបីនៅក្នុងភូមិ និងការស្តារឡើងវិញនូវពិធីប្រពៃណីមួយចំនួនរបស់សហគមន៍ជនជាតិផងដែរ។ ទន្ទឹមនឹងនោះ ខេត្តបានជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍគំរូទេសចរណ៍សហគមន៍ ដើម្បីជួយប្រជាជន Ede អភិវឌ្ឍសេដ្ឋកិច្ច និងជួយអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីផងដែរ៕