Dien Bien៖ ថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជនជាតិពីសាលារៀន
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការនាំចង្វាក់ភ្លេងនៃបទចម្រៀងប្រជាប្រិយរបស់តំបន់ជាច្រើន និងក្រុមជនជាតិភាគតិចទៅបង្រៀន ក្នុងសាលាមានសិស្សជនជាតិភាគតិចច្រើន ជាវិធីសាស្ត្រច្នៃប្រឌិតរបស់ផ្នែកអប់រំនៅខេត្ត Dien Bien។ តាមរយៈមេរៀន សិស្សានុសិស្សមានឱកាសយល់កាន់តែច្បាស់អំពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ រួមចំណែករក្សាអត្តសញ្ញាណតាំងពីនៅសាលាសិក្សាផងដែរ។
ថ្នាក់រៀនរួមបញ្ចូលបទចម្រៀងប្រជាប្រិយរបស់សិស្សានុសិស្សនៅអនុវិទ្យាល័យ (រូបថត៖ VOV) |
ចង្វាក់ភ្លេងនៃបទចម្រៀងប្រជាប្រិយរបស់តំបន់ និងជនជាតិជាច្រើនដូចជា Thai, Mong, Lao... ត្រូវបានលោកគ្រូអ្នកគ្រូនៃអនុវិទ្យាល័យ Nua Ngam ស្រុក Dien Bien ខេត្ត Dien Bien ស្វែងរកស្រាវជ្រាវ និងជ្រើសរើសមេរៀនបង្រៀនដល់សិស្សក្នុងសាលា។ ឧបករណ៍ភ្លេងជាច្រើន ដែលប្រើសម្រាប់សកម្មភាពនេះក៏ត្រូវបានលោកគ្រូអ្នកគ្រូនៅសាលាប្រមូលចងក្រង ដើម្បីអោយសិស្សានុសិស្សអាចទទួលបានបទពិសោធន៍ពីវប្បធម៌ចម្រុះនៃក្រុមជនជាតិភាគតិចតាមរយៈតន្ត្រី។ ប្អូន Do Thi Kim Thu សិស្សនៅអនុវិទ្យាល័យឃុំ Nua Ngam បានឲ្យដឹងថា៖ ម៉ោងសិក្សាឥឡូវនេះកាន់តែមានភាពរស់រវើកនិងងាយយល់តាមរយៈបទភ្លេង។
“ពេលខ្ញុំរៀនច្រៀងបទចម្រៀងអំពីស្រុកកំណើត ខ្ញុំមានមោទនភាពខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ស្រឡាញ់គ្រួសារ ជីដូនជីតា និងឪពុកម្ដាយរបស់ខ្ញុំកាន់តែខ្លាំង”។
មិនត្រឹមតែមានសកម្មភាពតន្ត្រីប៉ុណ្ណោះទេ អត្តសញ្ញាណវប្បធម៌ជនជាតិក៏ត្រូវបានលោកគ្រូអ្នកគ្រូបញ្ចូលទៅក្នុងគម្រោងមេរៀនសិល្បៈផងដែរ។ ផ្ទាំងគំនូរអំពីភាពស្រស់ស្អាតនៃពលកម្ម ការផលិត សំលៀកបំពាក់ និងការផ្សព្វផ្សាយរបាំរបស់នារីជនជាតិ ... បានជួយសិស្សានុសិស្សយល់កាន់តែច្បាស់អំពីលក្ខណៈរបស់សហគមន៍ជនជាតិក្នុងខេត្ត Dien Bien។ ប្អូន Ha Thi Thanh Thao សិស្សនៅអនុវិទ្យាល័យឃុំ Nua Ngam បានឲ្យដឹងថា៖ “ពេលសិក្សាប្រធានបទអំពីភាពស្រស់ស្អាតនៅពេលធ្វើពលកម្ម ខ្ញុំយល់ឃើញថាប្រធានបទនេះជិតស្និទ្ធណាស់។ រូបភាពដែលខ្ញុំគូរគឺជារូបភាពរបស់នារីម្នាក់កំពុងវិលត្រឡប់មកផ្ទះវិញក្រោយពីច្រូតស្រូវរួច។ នៅទីនេះ គ្រួសារភាគច្រើនដាំស្រូវ ដូច្នេះខ្ញុំមានអារម្មណ៍ថា ការដាំស្រូវបានក្លាយទៅជាលក្ខណៈជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃ”។
អ្នកគ្រូ Lu Thi Yen បាននិយាយថា មេរៀនឥឡូវនេះកាន់តែមានភាពរស់រវើក និងងាយស្រួលយល់ (រូបថត៖ VOV) |
អនុវិទ្យាល័យឃុំ Nua Ngam មានសិស្សរហូតដល់ ៨៤% ជាកុមារជនជាតិភាគតិច។ រៀងរាល់សប្តាហ៍ សិស្សានុសិស្សនឹងមានពេលមួយសម្រាប់ស្លៀកពាក់សំលៀកបំពាក់ជនជាតិ ដោយបញ្ចូលទៅក្នុងមេរៀន ដើម្បីឲ្យពួកគេសិក្សាអំពីសម្រស់ប្រពៃណីរបស់ជនជាតិខ្លួន។ បច្ចុប្បន្ននេះ សាលាមានជនជាតិភាគតិចចំនួន ៥ គឺ Thai, Lao, Mong, Kinh និង Kho Mu។ លោកគ្រូនិងអ្នកគ្រូនឹងត្រៀមមេរៀនសមស្រប។ ក្រៅពីនេះ សកម្មភាពចលនា និងសកម្មភាពប្រចាំថ្ងៃក៏មានទម្រង់ដូចជា៖ ល្បែងប្រជាប្រិយ របាំជាតិ របាំ Xoe... ដើម្បីជួយឲ្យប្អូនសិស្សានុសិស្សយល់កាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌ជនជាតិ។ អ្នកគ្រូ Lu Thi Yen អនុវិទ្យាល័យឃុំ Nua Ngam បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ ប្អូនៗសិស្សានុសិស្សបានរៀន និងឆ្លងបទពិសោធន៍បន្ថែមអំពីសិល្បៈវិចិត្រសិល្បៈ។ នោះគឺជាការតម្រង់ទិសអាជីពជាមួយនឹងក្រាហ្វិក គំនូរបោះពុម្ព ការរចនាម៉ូដ និងការរចនាឧស្សាហកម្ម។ ប្អូនៗមានចំណង់ចំណូលចិត្តខ្លាំងចំពោះសិល្បៈ ហើយបាននាំគ្នា គូអំពីភូមិសិប្បកម្មផ្ទាល់ខ្លួន។ នៅ Dien Bien ជនជាតិ Thai មានច្រើនណាស់ ហើយលក្ខណៈប្រចាំរបស់ជនជាតិនេះគឺសំលៀកបំពាក់ជាតិ និងរបាំ Xoe។ ដូច្នេះហើយ សម្រាប់ខ្លឹមសារសិក្សាអំពីក្រុមជនជាតិ Thai សិស្សរួមថ្នាក់ក៏បានស្លៀកសំលៀកបំពាក់ជនជាតិ Thai ដែរ ហើយផ្តោតលើការបញ្ចូលភាពស្រស់ស្អាតនៃកម្លាំងពលកម្មពីសម្លៀកបំពាក់នេះទៅក្នុងថ្នាក់រៀន តាមនោះ ប្អូនៗ សិស្សបានសិក្សាយ៉ាងក្លៀវក្លា”។
ការបញ្ចូលចំណេះដឹងក្នុងកម្មវិធីសៀវភៅសិក្សា ជាមួយនឹងរឿងដំណាលពីស្រុកកំណើត និងភូមិនៃជនជាតិទាំង ១៩ ដែលកំពុងរស់នៅក្នុងតំបន់នោះ គឺជាមធ្យោបាយដ៏ល្អមួយដើម្បីជួយសិស្សានុសិស្សយល់កាន់តែច្បាស់អំពីវប្បធម៌ជនជាតិរបស់ខេត្ត Dien Bien។ ពីនោះ ជំរុញឱ្យមានមោទនភាព និងការយល់ដឹងក្នុងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់សិស្សតាំងពីពេលកំពុងសិក្សានៅសាលារៀន៕