ការលើកកម្ពស់តម្លៃបេតិកភណ្ឌពិភពលោកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - វៀតណាមមានកេរដំណែលវប្បធម៌និងធម្មជាតិពិភពលោកជាច្រើន ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លើកតម្កើង។ កេរដំណែលពិភពលោកទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។
ជ្រុងមួយនៃតំបន់កេរដំណែលវប្បធម៌ពិភពលោក កំពែងរាជវង្ស Ho នៅខេត្ត Thanh Hoa (រូបថត៖ Ngoc Anh) |
បច្ចុប្បន្នវៀតណាមមានកេរដំណែលជាង២០ ត្រូវបានអង្គការយូណេស្កូ (UNESCO) លើកតម្កើង។ កេរដំណែលនៅវៀតណាមត្រូវបានអង្គការយូណេស្កូទទួលស្គាល់ដោយមានចំនួន ៣ នោះគឺ៖ កេរដំណែលធម្មជាតិ កេរដំណែលវប្បធម៌ (រូបី និងអរូបី) កេរដំណែលវប្បធម៌ចម្រុះ និងធម្មជាតិ។ គួរកត់សំគាល់ថាក្នុងនោះ វៀតណាមមានបេតិកភណ្ឌពិភពលោកចំនួន ៨ រួមមាន៖ កេរដំណែលវប្បធម៌រូបីចំនួន ៥ (តំបន់បរមរាជវាំងថាំងឡុង - ហាណូយ, កំពែងបុរាណរាជវង្ស Ho, មណ្ឌលបេតិកភណ្ឌរាជធានីបុរាណ Hue, មណ្ឌលបេតិកភណ្ឌប្រាសាទ My Son ទីក្រុងបុរាណ Hoi An) កេរដំណែលធម្មជាតិចំនួន ២ កន្លែង(ឈូងសមុទ្រ Ha Long ឧទ្យានជាតិ Phong Nha - Ke Bang) កេរដំណែលវប្បធម៌ចម្រុះនិងធម្មជាតិ (កេរដំណែលពីរ - រមណីដ្ឋាន Trang An)។ លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការជាតិនៃអង្គការ UNESCO វៀតណាមបានឲ្យដឹងថា៖ “អនុសញ្ញារបស់អង្គការយូណេស្កូសម្រាប់ការពារកេរដំណែលវប្បធម៌ និងធម្មជាតិពិភពលោក ត្រូវបានស្គាល់ថា ជាអនុសញ្ញាឆ្នាំ ១៩៧២ គឺជាអនុសញ្ញាអន្តរជាតិដំបូងគេដែលផ្សាភ្ជាប់ជាមួយទស្សនៈការការពារធម្មជាតិជាមួយនឹងការអភិរក្សកេរដំណែលវប្បធម៌។ វៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញានេះក្នុងឆ្នាំ ១៩៨៧ ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃអនុសញ្ញានេះ”។
តំបន់ដែលមានបេតិកភណ្ឌពិភពលោកនៅវៀតណាម មានគម្រោងប្រែក្លាយកេរដំណែលទៅជាទ្រព្យសម្បត្តិ និងកំណត់ការវិនិយោគលើវប្បធម៌គឺជាការវិនិយោគក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ពោលគឺ ទីក្រុង Hoi An ខេត្ត Quang Nam មានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយឈរលើមូលដ្ឋាននៃការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ។ បច្ចុប្បន្ន Hoi An គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ និងសេវាកម្មមានចំនួនជាង ៧០% នៃតម្លៃសេដ្ឋកិច្ចរបស់ទីក្រុង។ លោក Nguyen Van Son ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានឲ្យដឹងថា៖
“Hoi An បានបង្កើតផលិតផលទេសចរណ៍ដ៏វិសសវិសាល ដូចជារាត្រីទីក្រុងបុរាណ និងការអភិវឌ្ឍន៍ភូមិសិប្បកម្មទៅជាកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ ដូចជា ភូមិសិប្បកម្មកុលាភាជន៍ Thanh Ha ភូមិជាងឈើ Kim Bong ជាដើម។ ពីកម្មវិធីរាត្រីទីក្រុងបុរាណ មុខរបរផលិតចង្កៀងគោម ផលិតកម្មនៅទីក្រុង Hoi An មានការអភិវឌ្ឍ។ ចង្កៀងគោម Hoi An ត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក។ ពីគោលដៅនៃការអភិរក្សកេរដំណែល មុខរបរថ្មីៗត្រូវបានបង្កើតឡើង ដូចជាសិប្បកម្មឬស្សី និងឈើដែលប្រមូលបានតាមរយៈព្យុះ និងទឹកជំនន់”។
រដ្ឋធានីហាណូយក៏ត្រូវបានគេស្គាល់ថាជាទីក្រុងនៃបេតិកភណ្ឌវប្បធម៌ដែលមានកេរដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ចំនួន ៥.៩២២ បេតិកភណ្ឌវប្បធម៌អរូបីចំនួន ១៧៩៣ ក្នុងនោះបេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ១ គឺតំបន់បរមរាជវាំង ថាងឡុង - ហាណូយ។ លោក Ha Minh Hai អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានឲ្យដឹងថា៖ “ចាប់តាំងពីឆ្នាំ ២០១០ មក បន្ទាប់ពីអង្គការ UNESCO បានទទួលស្គាល់តំបន់បរមរាជវាំងថាំងឡុង - ហាណូយ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ទីក្រុងហាណូយ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានផ្តោតការយកចិត្តទុកដាក់លើការអភិរក្ស តុបតែងលម្អ និងការស្តារឡើងវិញ លើកកម្ពស់តម្លៃសកលលោកដ៏លេចធ្លោ នៃតំបន់កេរដំណែល។ តំបន់កេរដំណែលពិភពលោក បរមរាជវាំងថាំងឡុង - ហាណូយ បានក្លាយជាគោលដៅដ៏ទាក់ទាញមួយ ដែលបង្កប់ទៅដោយស្លាកស្នាមវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ទីក្រុងហាណូយ។ ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៣ រមណីយដ្ឋានកេរដំណែលបានទទួលភ្ញៀវទេសចរណ៍ជាង ២១០.០០០ នាក់ ដែលក្នុងនោះ ២០% គឺជាភ្ញៀវអន្តរជាតិ រួមជាមួយនឹងសិស្សចំនួន ២១.០០០ នាក់បានចូលរួមក្នុងការសិក្សា និងស្វែងយល់ពីកេរដំណែល”។
សម្រាប់ខេត្ត Quang Ninh ជាតំបន់ដែលមានបេតិកភណ្ឌធម្មជាតិពិភពលោកនៃឈូងសមុទ្រ Ha Long ការការពារបរិស្ថាន និងការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពត្រូវបានផ្តល់សារៈសំខាន់ជាពិសេស។ ខេត្តបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចពី "ពណ៌ត្នោតទៅពណ៌បៃតង" ដោយផ្អែកលើតំបន់កេរដំណែលពិភពលោកនៃឈូងសមុទ្រ Ha Long។ លោក Le Minh Tan អនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងឆ្នេរសមុទ្រ Ha Long បានឲ្យដឹងថា៖ “គណៈគ្រប់គ្រងឈូងសមុទ្រ Ha Long អនុវត្តកម្មវិធី “គ្មានកាកសំណល់ប្លាស្ទិកនៅឈូងសមុទ្រ Ha Long”។ អ្នកទេសចរ និងអាជីវកម្មឆ្លើយតបយ៉ាងសកម្មចំពោះកម្មវិធីនេះ។ កប៉ាល់ទេសចរណ៍ទាំង ១០០% នៅឈូងសមុទ្រ Ha Long ដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់ កាកសំណល់ត្រូវបាននាំយកទៅច្រាំងសម្រាប់សម្អាត។ ដោយសារកិច្ចសហប្រតិបត្តិការរបស់សហគមន៍ ប្រជាជន អាជីវកម្ម បរិស្ថាននៅឈូងសមុទ្រ Ha Long កាន់តែបៃតង និងស្រស់ស្អាត”។
កេរដំណែលវប្បធម៌ និងធម្មជាតិរបស់ពិភពលោកនៅវៀតណាមគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន បង្ហាញឱ្យឃើញនូវប្រទេសវៀតណាមដ៏ស្រស់ស្អាតជាមួយ នឹងវប្បធម៌ដ៏សម្បូរបែប បង្កប់ដោយអត្តសញ្ញាណជាតិ។ តុល្យភាព និងការចុះសម្រុងគ្នាក្នុងការអភិរក្ស និងការលើកកម្ពស់តម្លៃកេរដំណែលពិភពលោក ធានា ផលប្រយោជន៍រដ្ឋ ធុរកិច្ច និងប្រជាជន គឺជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ៕