ការអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ចម្ប៉ា នៅខេត្ត Thua Thien - Hue
(VOVWORLD) - ខេត្ត Thua Thien - Hue គឺជាកន្លែងមួយក្នុងចំណោមកន្លែងដែលនៅតែអភិរក្សកេរ្តដំណែល និងវត្ថុបុរាណជាច្រើនដែលមានតម្លៃពិសេសទាក់ទងនឹងវប្បធម៌ចម្ប៉ា។ ដោយសារវប្បធម៌ចម្ប៉ាមានតួនាទីពិសេសក្នុងការបង្កើតអត្តសញ្ញាណវប្បធម៌ Hue តាមនោះខេត្តតែងតែផ្តោតការយកចិត្តទុកដាក់លើការអភិរក្ស និងលើកកំពស់វប្បធម៌ចម្ប៉ា។
ប្រាសាទ Phu Dien (ស្រុក Phu Vang) (រូបថត៖ VOV) |
ខេត្ត Thua Thien - Hue មានសំណង់ចំនួន ៤៤ ទាក់ទងនឹងវប្បធម៌ចម្ប៉ា ក្នុងនោះមានប្រាសាទ និងប៉មចំនួន ១៧; កំពែងចំនួន ៣ និងសំណង់ជាច្រើនដូចជាផ្នូរ អណ្តូងបុរាណ...។ ទីតាំងចំនួនបីដែលត្រូវបានទទួលស្គាល់ថាជាបេតិកភ័ណ្ឌថ្នាក់ជាតិរួមមានៈ ប្រាសាទភ្លោះ Lieu Coc នៅទីរួមខេត្ត Huong Tra; ប្រាសាទ Phu Dien នៅស្រុក Phu Vang និងកំពែង Loi នៅទីក្រុង Hue។ ខេត្ត Thua Thien - Hue ក៏មានវត្ថុបុរាណចម្ប៉ាចំនួន ២៥១ ដែលត្រូវបានស្តុកទុក និងធ្វើកំណត់ត្រាវិទ្យាសាស្ត្រ ក្នុងនោះមានរតនសម្បត្តិជាតិចំនួន ១ នោះគឺ កំពូលប្រាសាទចម្ប៉ា Linh Thai ដែលមានអាយុកាលពីសតវត្សទី ១២ ដល់ទី ១៣។ បេតិកភ័ណ្ឌ ចម្ប៉ាភាគច្រើននៅក្នុងខេត្តនេះ ដោយសារអាកាសធាតុចង្រៃនិងសង្គ្រាមបំផ្លិចបំផ្លាញទៅជាវិកិណ្ណដ្ឋាន។ លោក Phan Tien Dung ប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រខេត្ត Thua Thien - Hue បានឲ្យដឹងថា៖ “ដើម្បីអភិរក្សវប្បធម៌ចម្ប៉ា ជាដំបូងបង្អស់គឺត្រូវកៀរគរប្រភពថវិកា និងធនធានដើម្បីរក្សាតម្លៃរបស់សំណង់ទាំងអស់នោះ។ ពីព្រោះ ឆ្លងកាត់រាប់ពាន់ឆ្នាំមកហើយ ឥឡូវនេះនៅសល់តែស្លាកស្នាមនិងការខូចខាតនៃវិកិណ្ណដ្ឋានប៉ុណ្ណោះ។ នោះជាបញ្ហាមួយដែលយើងចាប់អារម្មណ៍ខ្លាំងណាស់”
វប្បធម៌ចម្ប៉ានៅ Thua Thien Hue ខុសពីស្រុកនានា ពោលគឺគិតត្រឹមពី ខេត្ត Quang Nam ត្រឡប់ទៅខេត្តមួយចំនួនភាគខាងត្បូងវិញ ព្រោះទឹកដីបុរាណ Thuan Hoa កាលពីមុននេះ ដែលជាខេត្ត Thua Thien Hue និង Quang Tri សព្វថ្ងៃ ជាអំណោយជាគូស្វាមីភរិយាដែលស្តេចចាម្ប៉ា Che Man ប្រគល់ឱ្យរាជវង្ស Tran ដើម្បីរៀបការជាមួយព្រះនាង Huyen Tran។ ជនជាតិដើមចាមបានស្នាក់នៅជាមួយជនជាតិវៀត ដែលទើបចំណាក់ស្រុកមកដល់ ដោយមានសហគមន៍វៀត -ចាមរស់នៅបណ្តើរៗ ឆ្ពោះទៅរកអាពាហ៍ពិពាហ៍វៀត-ចាម ចាម-វៀត បង្កើតឡើងការរួមបញ្ចូលវប្បធម៍។ នៅ Thua Thien - Hue មិនត្រឹមតែមានអត្ថិភាពចម្រុះនៃកេរ្តដំណែលនិងបេតិកភណ្ឌរូបីនៃវប្បធម៌ចាម្ប៉ាប៉ុណ្ណោះទេ ប៉ុន្តែក៏មានធាតុផ្សំវប្បធម៌អរូបីជាច្រើនផងដែរ ដូចជាជំនឿ វប្បធម៌ម្ហូបអាហារ បេតិកភណ្ឌភាសា ទំនៀមទម្លាប់ កម្លាំងពលកម្មផលិតកម្មជាដើម សុទ្ធតែត្រូវបានប្រជាជន Hue ទទួលស្គាល់និងអភិវឌ្ឍន៍ក្នុងលំហូរវប្បធម៌រហូតមកដល់បច្ចុប្បន្ន។ អ្នកស្រាវជ្រាវវប្បធម៌ Hue លោក Nguyen Xuan Hoa បានឲ្យដឹងថា៖ “ដល់ពេលដែល Hue ត្រូវបង្កើតសារមន្ទីរវប្បធម៌សម្ប៉ានៅទីក្រុង Hue តែម្តង។ ត្រូវតែជាសារមន្ទីរវប្បធម៌ចាម្ប៉ា ដែលមិនត្រឹមតែមានកេរ្តដំណែល និងសម្ភារៈដូចជារូបចម្លាក់ថ្ម លីងហ្គា និងយូនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធាតុអរូបី ឬកត្តាវប្បធម៌ចម្រុះផ្សេងទៀត”។
នៅខាងក្នុងប្រាសាទ Phu Dien (រូបថត៖ VOV) |
បេតិកភណ្ឌវប្បធម៌ចម្ប៉ានៅលើទឹកដីខេត្ត Thua Thien – Hue រួមមានទាំងបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ដូច្នេះហើយ ការអភិរក្ស និងលើកកំពស់តម្លៃវប្បធម៌ចម្ប៉ា មិនត្រឹមតែជាការការពារ និងស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ ប្រាសាទ រូបចម្លាក់ប៉ុណ្ណោះទេ ថែមទាំងមានការអភិរក្ស និងថែរក្សារឿងរ៉ាវ ពិធីបុណ្យប្រជាប្រិយ និងតម្លៃខាងវិញ្ញាណទៀតផង។ ខេត្ត Thua Thien - Hue កំពុងធ្វើឌីជីថលជាបណ្តើរៗ នូវវត្ថុបុរាណ និងប្រមូលតម្លៃវប្បធម៌អរូបីដែលពាក់ព័ន្ធ។ លោក Phan Thanh Hai ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien - Hue បានឲ្យដឹងថា៖ “មន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien Hue និងអ្នកស្រាវជ្រាវមានបំណងប្រាថ្នាដ៏ធំធេង គឺរដ្ឋយកចិត្តទុកដាក់ និងវិនិយោគ ដើម្បីយើងពិតជាមានយន្តការវប្បធម៌មួយដែរ។ ជាពិសេស សារមន្ទីរអំពីវប្បធម៌ចម្ប៉ាជាឧទាហរណ៍ ឬមជ្ឈមណ្ឌលពន្យល់អំពីវប្បធម៌ចម្ប៉ា។ ទាំងនេះនឹងក្លាយជាចំណុចមួយក្នុងចំណោមចំណុចដែលអាចធ្វ់អាជីវកម្ម បានយ៉ាងល្អ បម្រើដោយផ្ទាល់ ដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេវាកម្ម”។
វប្បធម៌ចម្ប៉ា នៅខេត្ត Thua Thien - Hue គឺជាកត្តាសំខាន់បង្កើតអត្តសញ្ញាណវប្បធម៌ជាតិវៀតណាម។ ការអភិរក្ស និងការផ្សព្វផ្សាយបេតិកភ័ណ្ឌ និងវត្ថុបុរាណដែលជាកម្មសិទ្ធិនៃវប្បធម៌ចម្ប៉ានឹងធ្វើឱ្យសម្បត្តិវប្បធម៌របស់ប្រទេសកាន់តែរីកចម្រើន ។ ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់ការទទួលផលវប្បធម៌របស់ប្រជាជន បង្កើតគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ៕