ការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Ede តាមរយៈថ្នាក់បង្រៀនដល់យុវជន

(VOVWORLD) - នៅថ្ងៃវិស្សមកាល នៅពេលដែលសិស្សានុសិស្សបានឈប់សម្រាកពីការសិក្សា ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានរៀបចំថ្នាក់ជាច្រើនដើម្បីបង្រៀនការលេងគងឃ្មោះ។ មិនត្រឹមតែរៀនពីរបៀបលេងគងឃ្មោះ និងសម្តែងឧបករណ៍ភ្លេងប៉ុណ្ណោះទេ ប្អូនៗក៏ត្រូវបានបំផុសជំនក់ចិត្តឲ្យកាន់តែយល់ដឹងនិងស្រឡាញ់បេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួនទៀតផង។

ការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Ede តាមរយៈថ្នាក់បង្រៀនដល់យុវជន - ảnh 1សិប្បករឆ្នើម Y Hiu Nie Kdam បង្រៀនការលេងគងដល់ក្មេងជំទង់នៅភូមិ Kmrong Prŏng B សង្កាត់ Ea Tu ក្រុង Buon Ma Thuot ខេត្ត Dak Lak។ (រូបថត៖ VOV)

អស់រយៈពេលជាងមួយខែកន្លងមកនេះ ជារៀងរាល់ព្រឹក ផ្ទះវប្បធម៌សហគមន៍នៃភូមិ Kmrong Prong B ឃុំ Ea Tu ទីក្រុង Buon Ma Thuot ខេត្ត Dak Lak តែងតែពោពេញទៅដោយសូរសំឡេងគងឃ្មោះ និងសំឡេងសើចយ៉ាងសប្បាយអ៊ូអរ។ ក្មេងជំទង់ជិត ៣០ នាក់បានរីករាយដោយត្រូវបានបណ្ដាសិប្បករបង្ហាត់បង្រៀនពីរបៀបលេងគងឃ្មោះ ចាប់ពីចំណេះដឹងមូលដ្ឋានរហូតដល់បំណិនលេងគងសំរិទ្ធ គងឬស្សី ឬហាត់សម្ដែងគងមួយបទទាំងស្រុង។ ប្អុន Y Thien Nie ចែករំលែកថា៖

“ដំបូងឡើយ ពួកយើងមានការច្របូកច្របល់បន្តិច ហើយមិនចេះលេងគងឃ្មោះទេ ប៉ុន្តែលោកគ្រូបានណែនាំជាច្រើន កែកំហុសឲ្យពួកយើង ដូច្នេះឥឡូវពួកយើងលេងគងល្អច្រើនជាងមុនហើយ។ ថ្នាក់រៀនសប្បាយចិត្តខ្លាំងណាស់ដោយត្រូវបានលោកគ្រូបង្រៀនបែបនេះ”។

យោងតាមលោក Y Wih EBan លេខាសាខាបក្សនៃភូមិ Krrong Prŏng B ថ្នាក់បង្រៀនលេងគងឃ្មោះគឺជាបំណងប្រាថ្នារបស់មនុស្សជាច្រើន។ ក្រោយពីទៅកាន់គ្រួសារជាច្រើន ដើម្បីបញ្ចុះបញ្ចូលឪពុកម្តាយឱ្យកូន ទៅរៀនលេងគងឃ្មោះ ក្នុងរដូវក្តៅឆ្នាំនេះ ថ្នាក់បានទាក់ទាញយុវជនចូលរួមយ៉ាងច្រើនកុះករ។

“ការបើកថ្នាក់រៀននេះ កម្មាភិបាលភូមិក៏សប្បាយចិត្តខ្លាំងដែរ ដោយឃើញក្មួយៗមានភាពសកម្ម អន្ទះសារ ក្មួយជាច្រើនមិនមានឈ្មោះក្នុងបញ្ជីរៀនទេ ប៉ុន្តែបានមករៀនដោយស្ម័គ្រចិត្ត។ នោះគឺជាជោគជ័យហើយ។ ដូច្នេះ យើងខ្ញុំខិតខំបន្តទៀត មិនត្រឹមតែ ថ្នាក់នេះទេ តែឆ្នាំក្រោយ ប្រសិនបើមានសន្ទុះបែបនេះ យើងខ្ញុំនឹងរួមគ្នាធ្វើបន្តទៀតឲ្យបានល្អ”។

ក្នុងរដូវក្តៅនេះ រួមជាមួយនឹងថ្នាក់បង្រៀនការលេងគងនៅភូមិ Kmrong Prong B ឃុំ Ea Tu ក៏មានថ្នាក់ស្រដៀងមួយទៀតដែរ ដែលរៀបចំឡើងនៅក្នុងភូមិ Kŏ Siêr សង្កាត់ Tan Lap ទីក្រុង Buon Ma Thuot។ ទាំងនេះគឺជាថ្នាក់រៀនរៀបចំដោយមជ្ឈមណ្ឌលទំនាក់ទំនង វប្បធម៌ និងកីឡានៃទីក្រុង Buon Ma Thuot តាមផែនការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅទីក្រុង Buon Ma Thuot ដំណាក់កាល ២០២២ - ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០។ ថ្នាក់បង្រៀនការលេងគងឃ្មោះ បានទាក់ទាញយុវជនរាប់រយនាក់ឱ្យចូលរួម តាមនោះបន្តជំរុញ និង "រក្សាភ្នក់ភ្លើង" ដើម្បីឱ្យយុវជនជាជនជាតិភាគតិជំនាន់ក្រោយៗ ស្រឡាញ់វប្បធម៌ប្រពៃណីកាន់តែច្រើន។ លោកស្រី Pham Thi Hai Binh នាយិការងមជ្ឈមណ្ឌលទំនាក់ទំនង វប្បធម៌ និងកីឡាទីក្រុង Buon Ma Thuot បានឲ្យដឹងថា៖

“ពេលទៅចលនាសិស្សឲ្យចូលរៀនឆ្នាំនេះ គឺមិនពិបាកដូចឆ្នាំមុនៗទេ។ ចំនួនសិស្សដែលចុះឈ្មោះនៅឆ្នាំនេះមានចំនួនច្រើនបង្គួរ។ យើងខ្ញុំផ្អែកលើលក្ខណៈវិនិច្ឆ័យនៅតាមសង្កាត់ និងឃុំ ដើម្បីបើកថ្នាក់រៀន ក្នុងបំណងចង់បង្កើតចំណង់ចំណូលចិត្ត និងភាពអន្ទះសារនៅក្នុងដំណើរការសិក្សា”។

ដោយផ្សាភ្ជាប់នឹងការបង្រៀនការលេងគងឃ្មោះអស់រយៈពេលជាច្រើនឆ្នាំមក សិប្បករឆ្នើម Y Hiu Nie Kdam (នៅភូមិ M'Duk សង្កាត់ Ea Tam ទីក្រុង Buon Ma Thuot) បាននិយាយថា អ្វីដែលលោកចង់បានបំផុតគឺបង្រៀនតាមរបៀបណាឲ្យងាយយល់ និងងាយចងចាំសម្រាប់យុវជន។ ដូច្នេះ មិនថាទៅទីណាទេ ក្មួយៗនៅតែយល់ពីគងឃ្មោះហើយនៅតែចូលរួមក្នុងក្រុមលេងគងឃ្មោះ៖

“ខ្ញុំបង្រៀនអ្វីដែលខ្ញុំយល់អំពីមូលដ្ឋានគ្រឹះនៃគងឃ្មោះ រួមទាំងអត្ថន័យដ៏ជ្រាលជ្រៅរបស់វាផងដែរ។ ការបើកថ្នាក់រដូវក្ដៅជារៀងរាល់ឆ្នាំបែបនេះ ខ្ញុំឃើញថាវាមានអត្ថន័យខ្លាំងណាស់ក្នុងការអនុវត្តគម្រោងអភិរក្ស វប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Ede។ អ្នកភូមិមើលឃើញពីសារៈសំខាន់ និងមានមោទនភាពចំពោះអត្តសញ្ញាណរបស់ជនជាតិ ហើយការស្តារនឡើងវិញនូវពិធីការនានា ជួយឲ្យពួកគេចងចាំឫសគល់ និងតម្លៃប្រពៃណីដ៏វិសេសវិសាលដែលបុព្វបុរសបន្សល់ទុកមក”។

សម្រាប់យុវជននិងក្មេងជំទង់ដែលចូលរួមថ្នាក់លេងគងឃ្មោះ មេរៀនទាំងនោះមិនត្រឹមតែជួយឱ្យពួកគេទទួលបានបទពិសោធន៍ដែលមានប្រយោជន៍ច្រើនក្នុងរដូវក្តៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែករំលឹកពួកគេអំពីតម្លៃប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ Ede ដើម្បីឱ្យពួកគេនឹងបន្តអភិរក្ស និងពង្រីកនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ