គំនូរព្រាងនៃការតស៊ូប្រយុទ្ធនៅភាគខាងត្បូង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ

(VOVWORLD) - នាពេលថ្មីៗនេះ សារមន្ទីរវិចិត្រសិល្បៈវៀតណាមបានសហការជាមួយសារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ រៀបចំការតាំងពិព័រណ៍ប្រធានបទ “គំនូរនៃការតស៊ូប្រយុទ្ធនៅភាគខាងត្បូង” នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមទីក្រុងហាណូយ។ ការតាំងពិព័រណ៍នេះគឺជាឱកាសមួយដើម្បីតបស្នងសង់គុណដល់យុទ្ធជន និងវិចិត្រករដែលបានរួមចំណែកការពារឯករាជ្យ សន្តិភាព និងសេរីភាពរបស់ប្រទេសជាតិ ព្រមទាំងផ្តល់កិត្តិយសដល់វិចិត្រករ ដែលបានរួមចំណែកក្នុងវិស័យវិចិត្រសិល្បៈវៀតណាម។

គំនូរព្រាងនៃការតស៊ូប្រយុទ្ធនៅភាគខាងត្បូង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ - ảnh 1គំនូរព្រាងដែលបានគូរពីឆ្នាំ ១៩៦៨  (ប្រភព៖ គណៈចាត់តាំង)

គំនូរព្រាងចំនួន ៧០ ផ្ទាំង ត្រូវបានតាំងបង្ហាញនិងឧទេ្ទសនាមដល់សាធារណជនរដ្ឋធានីក្នុងពិព័រណ៍លើកនេះជាបណ្តុំគំនូរព្រាងនៃសារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ។ ស្នាដៃនេះត្រូវបានគូរដោយផ្ទាល់នៅលើសមរភូមិភាគខាងត្បូងក្នុងកំឡុងឆ្នាំ ១៩៥៤-១៩៧៥ ជាមួយនឹងវត្ថុធាតុដើមសម្ភារៈ និងខ្លឹមសារដ៏សម្បូរបែប។ សម្ភារៈ វត្ថុធាតុដើមដែលវិចិត្រករប្រើច្រើនជាងគេគឺពណ៌ទឹក ម្សៅពណ៌ប៉ិចដែក ខ្មៅដៃ ... ដើម្បីកត់ត្រានូវ "ទំព័រកំណត់ហេតុនៅសមរភូមិ" អំពីមនុស្ស ជីវភាព តំបន់ដី និងការតស៊ូប្រយុទ្ធដ៏ស្វិតស្វាញរបស់វិចិត្រករ កងទ័ព និងប្រជាជនភាគខាងត្បូង។ វិចិត្រករ Luong Xuan Doan ប្រធានសមាគមវិចិត្រសិល្បៈវៀត ណាមបានវាយតម្លៃថា៖ “បើតាមអារម្មណ៍របស់ខ្ញុំ បណ្តុំគំនូរពា្រងដ៏មានតម្លៃនេះត្រូវបានសារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ សហការជាមួយសារមន្ទីរវិចិត្រសិល្បៈវៀតណាម ហើយតាំងបង្ហាញនៅទីក្រុងហាណូយ គឺជាអំណោយមិនអាចកាត់ថ្លៃបានដែលត្រូវបានរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្វីត្បិតតែវិចិត្រករសម័យនោះ អ្នកខ្លះបាត់បង់ជីវិត ហើយអ្នកខ្លះនៅមានជីវិតក៏ដោយ ប៉ុន្តែស្លាក់ស្នាមនៃស្នាដៃរបស់ពួកគេនៅតែត្រូវរក្សាទុកក្នុងគំនូរព្រាងតូចៗនីមួយៗ ដែលខ្ញុំគិតថាជាពេលវេលាដ៏រំជួលចិត្តបំផុតរបស់យុទ្ធជននៅសមរភូមិភាគខាងត្បូង”។

ពេលទៅទស្សនាសាលតាំងពិព័រណ៌ “គំនូរពា្រងនៃសង្គ្រាមតស៊ូប្រយុទ្ធនៅភាគខាងត្បូង” ប្អូន Hoang Huy Bang ជានិស្សិតនៅបណ្ឌិត្យសភាសារព័ត៌មាន និងផ្បព្វផ្សាយ មិនអាចលាក់បាំងនូវក្តីរំភើប និងមោទនភាពចំពោះឆន្ទៈតស៊ូរបស់ជីដូនជីតា ក្នុងកំឡុងពេលតស៊ូប្រយុទ្ធឡើយ។ ប្អូន Hoang Huy Bang បានសំណេះសំណាលថា៖ “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគំនូរព្រាងដែលបង្ហាញពីរូបភាពស្ត្រីដែលចូលរួមក្នុងការតស៊ូប្រយុទ្ធ កាន់កាំភ្លើង នៅសមរភូមិ។ ស្ត្រីមិនត្រឹមតែជាស្ត្រីគ្រប់លក្ខណ៍ប៉ុណ្ណោះទេ ថែមទាំងក្លាហានទៀតផង។ ក្នុងនាមជាក្មេងជំនាន់ក្រោយ ពេលខ្ញុំក្រឡេកទៅមើលរូបគំនូរទាំងនេះ ខ្ញុំកាន់តែស្រឡាញ់ប្រទេសជាតិនិងមាតុភូមិ។ ហើយជីដូនជីតាយើងបង្ហូរឈាមដើម្បីការពារប្រទេសជាតិ យុវជនជំនាន់ក្រោយត្រូវតែមានស្មារតីទទួលខុសត្រូវស្នេហាជាតិ និងការពារមាតុភូមិ ប្រឆាំងនឹងកងកម្លាំងអរិភាព”។

សម្រាប់អតីតយុទ្ធជនដែលបានឆ្លងកាត់ពេលឡើងពេលចុះក្នុងប្រវត្តិសាស្ត្រជាតិនាសម័យសង្រ្គាមដូចជាងចម្លាក់  Nguyen Duong នៅទីក្រុងហាណូយ បន្ទាប់ពីបានឃើញគំនូរព្រាង អំពីអនុស្សាវីរីយ៍ចាស់ៗ អារម្មណ៍ទាំងក្តុកក្តួល និងរីករាយជាមួយមិត្តរួមក្រុមចាស់ទំនងជាវិលវល់មកវិញអញ្ជឹង ៖ “ទាំងនេះជារូបភាពរបស់បងៗ ដែលនៅសមរភូមិពេលយើងនៅខាងជើងការពារផ្ទៃមេឃខាងជើង បំពេញបេសកកម្មវាយតបនឹងយន្តហោះអាមេរិកពេលទម្លាក់គ្រាប់បែកលើភាគខាងជើង ជាពិសេសការពារស្ពាន Ham Rong នៅខេត្ត Thanh Hoa និងការពាររដ្ឋធានីហាណូយ។  ក្រឡេកមើលឡើងវិញនូវរូបគំនូរព្រាងទាំងនេះ យើងនឹកគិតឡើងវិញនូវសង្រ្គាមនាអតីតកាលដែលពោរពេញដោយភាពលំបាក និងការលះបង់ ប៉ុន្តែគ្រប់គ្នាបានព្យាយាមដោយមិនគិតតែពីខ្លួនឯង ដើម្បីបំពេញកិច្ចការដែលមាតុភូមិប្រគល់ជូន”។

គំនូរព្រាងនៃការតស៊ូប្រយុទ្ធនៅភាគខាងត្បូង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ - ảnh 2អ្នកទស្សនាការតាំងពិព័រណ៍ (រូបថត៖ សារមន្ទីរវិចិត្រសិល្បៈវៀតណាម)

យោងតាមសាក្សីប្រវត្តិសាស្ត្រ នៅដើមសង្រ្គាមតស៊ូប្រឆាំងអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ វិចិត្រករគូរគំនូរព្រាងមិនសូវមានប៉ុន្មានឡើយ។ ប៉ុន្តែនៅពេលដែលសង្រ្គាមកាន់តែក្តៅគគុក ការបាត់បង់កាន់តែខ្លាំងឡើង មជ្ឈដ្ឋានវិចិត្រករកាន់តែដឹងច្បាស់ពីទំនួលខុសត្រូវ និងបេសកកម្មរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ។ ពួកគេបានឆ្លៀតពេលវេលា ពោលគឺឆ្លៀតរាល់ម៉ោង និងរាល់នាទី ដើម្បីកត់ត្រាគំនូរព្រាងយ៉ាងឆាប់រហ័ស យ៉ាងច្រើន ដែលឆ្លុះបញ្ចាំងយ៉ាងរស់របវើសបំផុតអំពីសង្គ្រាម។ ផ្ទាំងគំនូររាប់ពាន់ផ្ទាំងដែលត្រូវបានបង្កើតឡើងក្នុងសម័យសង្គ្រាមបានក្លាយជាភស្តុតាងពិតនៃប្រវត្តិសាស្ត្រ ដែលបង្ហាញពីសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមចំពោះសន្តិភាព យុត្តិធម៌ និងវីរភាពជាតិ។ វិចិត្រករ Tran Thanh Binh នាយកសារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ស្នាដៃគំនូរព្រាងនៃបណ្តុំគំនូរព្រាងតស៊ូភាគខាងត្បូងនៃសារមន្ទីរវិចិត្រសិល្បៈត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម ដើម្បីណែនាំដល់សាធារណជន ជាពិសេសសាធារណជនវ័យក្មេងឱ្យយល់ដឹងអំពីតម្លៃនៃស្នាដៃគំនូរព្រាងក្នុងអំឡុងពេលតស៊ូប្រយុទ្ធ  ដើម្បីសិក្សា និងបណ្តុះសេចក្តីស្នេហាជាតិ។ ពីទីនោះ យើងអាចស្រូបបាននូវភាពល្អិតល្អន់ដែលជំនាន់ដូនតាយើងបន្សល់ទុកក្នុងសម័យសង្រ្គាម តាមរយៈបច្ចេកទេស និងវិធីសាស្ត្រគូគំនូរព្រាងរបស់វិចិត្រករទាំងនេះ”។

គំនូរព្រាងនៃការតស៊ូប្រយុទ្ធនៅភាគខាងត្បូងមានខ្លឹមសារដែលមានលក្ខណៈសាមញ្ញ និងធំធេង  ហើយប្រហែលជា នេះគឺជាភាពខុសគ្នាដ៏លេចធ្លោនៃគំនូរព្រាងនៃសមរភូមិវៀតណាម។ ការតាំងពិព័រណ៍ប្រធានបទ "គំនូរព្រាងនៃការតស៊ូប្រយុទ្ធនៅភាគខាងត្បូង" មិនត្រឹមតែជាប្រភពឯកសារដ៏មានតម្លៃនៃសម្ភារៈនៅលើការពិតនៃប្រវត្តិសាស្រ្ត និងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភស្តុតាងនៃសមិទ្ធិផលនៃសិល្បៈបដិវត្តន៍ផងដែរ ព្រមទាំងជាលក្ខណៈពិសេសនៃសិល្បៈទំនើបរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ