ចំណុចថ្មីក្នុងកម្មវិធីប្រគល់រង្វាន់សៀវភៅថ្នាក់ជាតិលើកទី ៣
(VOVWORLD) - ពិធីប្រគល់រង្វាន់សៀវភៅថ្នាក់ជាតិ ដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយសហការជាមួយសមាគមបោះពុម្ពផ្សាយវៀតណាមបានប្រារព្ធធ្វើឡើងនាពេលថ្មីៗនេះនៅស្ថានីយ៍វិទ្យុសម្លេងវៀតណាម លេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam (ខាងស្តាំ) និងលោក Nguyen Manh Hung (ខាងឆ្វេង) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានប្រគល់រង្វាន់ A - រង្វាន់សៀវភៅជាតិលើកទី ៣ ដល់អ្នកនិពន្ធ |
សៀវភៅ “អង្គទ័ព Tay Tien” របស់អ្នកនិពន្ធកវី Quang Dung ដែលត្រូវបាន សរសេរឡើងក្នុងឆ្នាំ ១៩៥២ គឺជាសៀវភៅដ៏កម្រមួយ នៅក្នុងឃ្លាំងសៀវភៅសម្រាប់កុមារវៀតណាម ហើយនេះក៏ជាស្នាដៃមួយក្នុងចំណោមស្នាដៃឆ្នើមទាំង ៣ ដែលទទួលបានរង្វាន់លេខ A នៅឆ្នាំនេះ។ ក្នុងសៀវភៅមួយក្បាលនេះ កវី Quang Dung បានកត់ត្រានូវអ្វីៗដែលកើតមានឡើងក្នុងអំឡុងពេលលោកចូលរួមក្នុងជួរកងទ័ព។ នោះមិនគ្រាន់តែជាការចងចាំផ្ទាល់ខ្លួនប៉ុណ្ណោះទេ ហើយក៏ជាអនុស្សាវរីយ៍របស់មនុស្សពេញមួយជំនាន់នោះទៀតផង។ លោកស្រី Bui Phuong Thao កូនស្រីរបស់កវី Quang Dung អ្នកដែលកំពុងរក្សាទុកសៀវភៅកំណត់ ហេតុរបស់លោក បានសំណេះសំណាលថា៖ រង្វាន់សៀវភៅថ្នាក់ជាតិគឺជាការទទួលស្គាល់ចំពោះស្នាដៃរបស់ឪពុកនាង។
“នេះគឺជាសេចក្តីអំណរដ៏អស្ចារ្យមិនត្រឹមតែសម្រាប់រូបខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាក្តីសុខសម្រាប់មិត្តអ្នកអានគ្រប់ស្រទាប់វណ្ណៈ។ ពួកគេបានទាក់ទងផ្ទាល់នឹងស្នាដៃ ដូចជាសាក្សីប្រវត្តិសាស្រ្ត ពោលគឺទាក់ទងផ្ទាល់នឹងអង្គទ័ព Tay Tien មុននេះជាង ៧០ ឆ្នាំអញ្ជឹង។ ពានរង្វាន់សៀវភៅថ្នាក់ជាតិគឺជាទទួលស្គាល់ចំពោះស្នាដៃទាំងនោះ”។
សៀវភៅ "អង្គទ័ព Tay Tien" ដែលជាសៀវភៅជាប់ថ្នាក់លេខ A នៃរង្វាន់សៀវភៅថ្នាក់ជាតិលើកទី ៣ |
យោងតាមការវាយតម្លៃរបស់សាស្រ្តា ចារ្យរងបណ្ឌិត Tran Duc Cuong ប្រធានសមាគម វិទ្យាសាស្ត្រប្រវត្តិ សាស្ត្រវៀតណាម និងជាសមាជិកនៃគណៈមេប្រយោគថា ចំពោះពានរង្វាន់ឆ្នាំនេះ អ្នកនិពន្ធបានផ្តោតការ យកចិត្តទុកដាក់ខ្លាំងជាងឆ្នាំមុន។ គុណភាពនៃស្នាដៃទាំងមូលគឺល្អប្រសើរជាងមុន ការរចនាសៀវ ភៅគឺស្រស់ស្អាត ហើយមានបច្ចេក ទេសបោះពុម្ពគួរឲ្យកោតសរសើរណាស់។ នេះគឺជាការខិតខំប្រឹងប្រែងគួរឱ្យកត់ សម្គាល់របស់គ្រឹះបោះពុម្ពផ្សាយ ដើម្បីលើកកំពស់គុណភាពសៀវភៅមុនពេលណែនាំ ដល់មិត្តអ្នកអាន៖ “សៀវភៅវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្រ្តឆ្នាំនេះបានឈានចូលទៅក្នុងឯកសារយោង។ ឯកសារដែលអ្នកនិពន្ធបានប្រើប្រាស់ គឺ សម្បូរបែបជាង។ យើងបានឃើញការច្នៃប្រឌិតបែបវិធីសាស្ត្រ។ ទន្ទឹមជាមួយគ្នានោះ អ្នកនិពន្ធប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវទំនើបដើម្បីធានានូវទ្រឹស្តីនិងតម្លៃជាក់ស្តែង”។
ទោះបីជាបានប្រព្រឹត្តទៅនៅក្នុងបរិបទកើតមានឡើងជំងឺរាត្បាតកូវីដ-១៩ ក៏ដោយ ហើយប៉ុន្មានខែមុន ប្រទេសជាតិទាំងមូលបានអនុវត្តការរក្សាគម្លាតសង្គមអស់រយៈពេលជាច្រើនខែ ប៉ុន្តែពានរង្វាន់សៀវភៅថ្នាក់ជាតិលើកទី ៣ នេះ នៅតែទាក់ទាញការចូលរួមពីគ្រឹះបោះពុម្ពផ្សាយចំនួន ៤៨ នៅទូទាំងប្រទេស ដោយមានសៀវភៅចំនួន ៣៦២ ក្បាល។ ពោលគឺគ្រឹះបោះពុម្ពផ្សាយកើនឡើងចំនួន ៦ ទៀត បើប្រៀប ធៀបនឹងពានរង្វាន់សៀវភៅលើកទី ២។ អ្នកនិពន្ធ Nguyen Quang Thieu អនុប្រធានសមាគមអ្នកនិពន្ធវៀតណាមបានលើកឡើងថា៖ “រង្វាន់គឺជាតម្រូវការចាំបាច់សម្រាប់ផ្តល់តម្លៃលើសៀវភៅ ពោលគឺប្រាប់អ្នកអានអោយរកសៀវភៅដែលមានតម្លៃសម្រាប់អាន។ នៅពេលលើកកំពស់ឲ្យក្លាយទៅជារង្វាន់សៀវភៅថ្នាក់ជាតិ វាតម្រូវឱ្យសៀវភៅនោះត្រូវមានគុណភាពកាន់តែខ្លាំង ដែលទាមទារឱ្យគណៈមេប្រយោគ និងអ្នកបានជ្រើសតាំងត្រូវប្រយ័ត្នប្រយែង។ ប្រសិនបើយើងធ្វើបានល្អ ពានរង្វាន់នេះនឹងក្លាយជាម៉ាកយីហោជាពុំខាន”។
ក្នុងបទថ្លែងមតិ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអាន និងការអភិវឌ្ឍវប្បធម៌អានសម្រាប់ប្រជាជន |
រហូតមកដល់ពេលនេះពានរង្វាន់សៀវភៅថ្នាក់ជាតិត្រូវបានរៀបចំចំនួន ៣ លើករួចមកហើយ ជាមួយនឹងការច្នៃប្រឌិតថ្មីនិងលទ្ធផលវិជ្ជមាន។ ចំនួនគ្រឹះបោះពុម្ពផ្សាយ និងចំនួនសៀវភៅដែលចូលរួម ជាពិសេសអានុភាពនៃរង្វាន់នៅក្នុងសង្គមកំពុងតែកើនឡើង។ យ៉ាងណាមិញ យោងតាមឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ដើម្បីអភិវឌ្ឍវប្បធម៌អាន នៅតែមានកិច្ចការជាច្រើនត្រូវធ្វើដែរ៖ “យើងត្រូវបំផុសអារម្មណ៍សម្រាប់ប្រជាជនវៀតណាមទាំងអស់ ឱ្យចំណាយពេលអាននិងពេលសិក្សា ដើម្បីលើកកម្ពស់ការយល់ដឹងនិងបំប៉នព្រលឹងវិញ្ញាណរបស់ពួកគេ។ យើងត្រូវការសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីសៀវភៅ និងអ្នកនិពន្ធ ក៏ដូចជាគ្រឹះបោះពុម្ពផ្សាយសៀវភៅនិងអ្នកអានទទួលបានការលើកតំកើង និងទទួលបានលក្ខណៈងាយស្រួលដើម្បីចូលរួមចំណែកទេពកោសល្យនិងការជក់ចិត្តរបស់ខ្លួនចំពោះបុព្វហេតុរួម។ នេះមិនត្រឹមតែជាការទទួលខុសត្រូវរបស់គ្រឹះស្ថានបោះពុម្ភផ្សាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោ បាយទាំងមូល និងរបស់សង្គមទាំងមូលទៀតផង”។
គណៈមេប្រយោគនៃរង្វាន់សៀវភៅថ្នាក់ជាតិកំពុងសិក្សានិងពិចារណាធ្វើឌីជីថលសៀវភៅដែលទទួលពានរង្វាន់។ ទន្ទឹមនឹងនេះ លើកទឹកចិត្តឲ្យគ្រឹះស្ថានបោះពុម្ពផ្សាយធ្វើឌីជីថលនិងបោះពុម្ពសៀវភៅដើម្បីផ្សព្វ ផ្សាយតម្លៃសៀវភៅបន្ថែមទៀត មិនត្រឹមតែដល់អ្នកអានក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងសហគមន៍វៀត ណាមនៅក្រៅប្រទេសនិងមិត្តភក្តិអន្តរជាតិទៀតផង៕