តន្ត្រីប្រជាប្រិយ Tay Nguyen ក្នុងជីវភាពតន្ត្រីបច្ចុប្បន្ន

(VOVWORLD) - ជាយូរណាស់មកមកហើយ តន្ត្រីប្រជាប្រិយ Tay Nguyen តែងតែទទួលបានការស្វាគមន៍និងការគោរពពីអ្នកស្រឡាញ់តន្ត្រីមួយចំនួនធំ។ ឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាច្រើន ភាពសម្បូរបែបនៃប្រភេទតន្ត្រីដ៏វិសេសវិសាល ដែលមានតម្លៃសិល្បៈខ្ពស់ ភាពរឹងមាំយូរអង្វែង និងបង្កប់លក្ខណៈដោយឡែកនៃពិភពតន្ត្រីវៀតណាម តែងតែស្ថិតស្ថេរគងវង្ស ហេតុដូច្នេះ តន្ត្រីប្រជាប្រិយមិនត្រឹមតែបម្រើតម្រូវការរីករាយកំសាន្តនឹងសិល្បៈប៉ុណ្ណោះទេ ថែមទាំងរួមចំណែកណែនាំរូបភាពប្រជាជននៃតំបន់ Tay Nguyen ទៅកាន់មិត្តភក្តិជិតឆ្ងាយទៀតផង។

តន្ត្រីប្រជាប្រិយ Tay Nguyen ក្នុងជីវភាពតន្ត្រីបច្ចុប្បន្ន - ảnh 1ការសម្តែងគងឃ្មោះ Tay Nguyen (រូបថត៖ VOV)

ទទួលមរតក និងលើកតម្កើងតម្លៃតន្ត្រីដ៏វិសេសវិសាលនៅទីនេះ ជំរុំនិពន្ធត្រូវបានបើកដើម្បីលើកទឹកចិត្ត និងទាក់ទាញតន្ត្រីករមកពីទូទាំងប្រទេសមកកាន់តំបន់ Tay Nguyen រឿងព្រេង។ បទចម្រៀងនិងទំនុកចម្រៀងត្រូវបាននិពន្ធឡើង ដែលរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពតន្ត្រីរបស់ប្រទេសជាតិ។ អត្ថន័យសំខាន់ៗដូចជា៖ “ចម្រៀងស្នេហ៍តំបន់ Tay Nguyen” របស់តន្ត្រីករ Hoang Van, “អណ្តាតភ្លើងនៃតំបន់ Tay Nguyen” របស់តន្ត្រីករ Tran Tien,  “ច្រៀងនៅកណ្តាលរាត្រីព្រះច័ន្ទ Chu Prong” របស់តន្ត្រីករ Vu Thanh។ ជាពិសេសស្នាដៃជាច្រើនដោយបានចាត់ទុកថាជា “បាតុភូតតន្ត្រីនៅតំបន់ Tay Nguyen” របស់តន្ត្រីករ Nguyen Cuong ដូចជា៖ “Ho Zen ទៅវាលស្រែ” “កែវកាហ្វេ Ban Me” “បើនៅតែស្រឡាញ់គ្នា គឺវិលមករក Buon Ma Thuot វិញចុះ”។

ក្នុងនិន្នាការនិពន្ធតន្ត្រីនៅវៀតណាមនាពេលថ្មីៗនេះ តន្ត្រីប្រជាប្រិយនៅតំបន់ Tay Nguyen បានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីតន្ត្រីករ និងនិពន្ធឡើងស្នាដៃដ៏មានតម្លៃជាច្រើន។ អ្នកនិពន្ធប្រើលក្ខណៈតន្ត្រីប្រជាប្រិយនៃក្រុមជនជាតិផ្សេងគ្នា; ការទាញយកលក្ខណៈតន្ត្រីប្រជាប្រិយនៅក្នុងវីរៈកថា Tay Nguyen និងនៅក្នុងលំហូរតន្ត្រីសហសម័យដើម្បីដាក់បញ្ចូលក្នុងបទចម្រៀង។

ដើម្បីនិពន្ធបទថ្មីដែលមានអត្តសញ្ញាណជនជាតិភាគតិច ឬតាមតំបន់ អ្នកតែងនិពន្ធត្រូវតែចូលទៅជិត និងចាប់យកលក្ខណៈតន្ត្រីប្រចាំតំបន់ តាមរយៈចង្វាក់ភ្លេងប្រជាប្រិយ និងការសម្តែងឧបករណ៍ប្រជាប្រិយ ដែលជាលក្ខណៈនៃប្រជាជាតិនោះ។ តន្ត្រីករ Manh Tri នៅ Dak Lak បាននិយាយថា៖ “មុនបង្អស់យើងត្រូវចូលកាន់ទីតាំងជាក់ស្តែង សិក្សាស្រាវជ្រាវដើម្បីយល់ជ្រាបសាច់ភ្លេង ស្តាប់ឱ្យច្បាស់ថា ចង្វាក់ភ្លេងនេះគឺជាចង្វាក់ភ្លេងរបស់ជនជាតិណា  ទាល់តែបង្កើតថ្មី វានឹងដើរតាមគន្លងត្រឹមត្រូវ កុំឲ្យវាប្រាសចាកតាមរយៈមួយផ្សេងទៀត។ បើវាវង្វេង វានឹងបាត់បង់ភាពសម្បូរបែប នៃអត្តសញ្ញាណនៃតំបន់នោះ”។

តន្ត្រីប្រជាប្រិយនៅតំបន់ Tay Nguyen ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មិនត្រឹមតែគូសសញ្ញាសម្គាល់យ៉ាងជ្រាលជ្រៅក្នុងវិស័យសិល្បៈនិងអក្សរសិល្ប៍នៅតំបន់ Tay Nguyen ប៉ុណ្ណោះទេ ថែមទាំងបង្កើតភាពវិសេសវិសាលក្នុងលំហូរតន្ត្រីវៀតណាមទៀតផង។ ស្នាដៃសិល្បៈជាច្រើនដែលបង្កប់នូវអត្ថន័យនៃទឹកដីរឿងព្រេងនិទាននេះ ជាមួយនឹងសម្ភារៈប្រជាប្រិយ បានខិតមកជិតជាមួយនឹងសាធារណៈជនទូទាំងប្រទេស។ បទចម្រៀងរបស់តន្ត្រីករល្បីៗដូចជា Quang Dung, Y Phon Kshr, Linh Nga Nie Kdam, Huynh Ngoc La Son, Le Nhat Thanh និងតន្ត្រីករជាច្រើនទៀតដែលបានរស់នៅ និងតភ្ជាប់ពេញមួយជីវិតនៅលើទឹកដីនេះ គឺជាមោទនភាពរបស់មនុស្សដែលចូលចិត្តតន្ត្រី និងអក្សរសិល្ប៍នៅតំបន់ Tay Nguyen។

សម្រាប់អ្នកនិពន្ធ និងសិល្បករដែលជាប់ចិត្ត និងស្រឡាញ់ទឹកដីនេះ ការងារនីមួយៗមិនថាជាអក្សរសិល្ប៍ គំនូរ ថតរូប ឬតន្ត្រី សុទ្ធតែបង្កប់នូវមនោសញ្ចេតនាជាច្រើន។ ដូច្នេះហើយ ដើម្បីបន្តអភិរក្ស និងលើកតម្កើងបទភ្លេងប្រជាប្រិយ ដើម្បីអភិវឌ្ឍទៅជាផលិតផលតន្ត្រីថ្មីក្នុងសម័យបច្ចុប្បន្ន ចាំបាច់ត្រូវមានការតម្រង់ទិស និងរក្សាភាពដើមក្នុងដំណើរការអភិវឌ្ឍ ជៀសវាងការបាត់បង់អត្តសញ្ញាណ និងឫសគល់នៃប្រជាប្រិយ។ តន្ត្រីនៅពេលត្រូវបានធ្វើអាជីវកម្ម និងបញ្ចូលដើម្បីបង្កើតជាផលិតផលតន្ត្រីថ្មី។ តន្ត្រីករ-សិល្បករឆ្នើម A Duh នៅខេត្ត Kon Tum បានចែករំលែកថា៖ “តាមគំនិតខ្ញុំមិនគួរបំផ្លាញចង្វាក់ភ្លេងដើមឡើយ ពោលគឺចង្វាក់ភ្លេងដើមគួរនៅដដែល។ ចំណែកការអភិវឌ្ឈ ផ្អែកលើឫសគល់ដែលយើងអភិវឌ្ឍន៍ ពោលគឺនៅលំហមួយទៀត មិនមែនថា យកឬសគល់មកបំផ្លាញឬសគល់របស់វា នោះជាកំហុសរបស់យើង ហើយពីចង្វាក់ភ្លេងពិរោះនោះ យើងនឹងធ្វើឲ្យវាកាន់តែពិរោះជាង។ ធ្វើបានដូច្នះ ទើបហៅថា ជាការអភិវឌ្ឍ ជាការនិពន្ធ”។

តន្ត្រីប្រជាប្រិយ Tay Nguyen ក្នុងជីវភាពតន្ត្រីបច្ចុប្បន្ន - ảnh 2ការសម្តែងតន្ត្រីប្រចាំតំបន់ Tay Nguyen បានបើកសិក្ខាសាលា "តន្ត្រីប្រជាប្រិយនៅតំបន់ Tay Nguyen ក្នុងជីវភាពតន្ត្រីនាពេលបច្ចុប្បន្ន" (រូបថត៖ VOV)

នាពេលថ្មីៗនេះ ក្នុងក្របខ័ណ្ឌនៃមហោស្រពតន្ត្រីជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ឧសភា នៅទីក្រុង Buon Ma Thuot សមាគមតន្ត្រីករវៀតណាម រួមសហការជាមួយសមាគមអក្សរសិល្ប៍និងសិល្បៈខេត្ត Dak Lak បានប្រព្រឹត្តទៅកិច្ចពិភាក្សាតន្ត្រីប្រជាប្រិយ Tay Nguyen ជីវភាពតន្ត្រីនាសព្វថ្ងៃ។ តន្ត្រីករ Do Hong Quan ប្រធានក្រុមប្រឹក្សាសិល្បៈនៃសមាគមតន្ត្រីករវៀតណាមបានវាយតម្លៃថា នេះគឺជាប្រធានបទដ៏មានអត្ថន័យ។ តន្ត្រីករ Do Hong Quan បានចាត់ទុកថា៖ “មនុស្សគ្រប់រូបមានបំណងប្រាថ្នារួម គឺធ្វើយ៉ាងម៉េចឱ្យតន្ត្រីតំបន់ Tay Nguyen មិនត្រឹមតែត្រូវបានរក្សានិងអភិរក្សប៉ុណ្ណោះទេ ថែមទាំងមានលក្ខខណ្ឌក្នុងការផ្សព្វផ្សាយ តាមរយៈស្នាដៃថ្មីរបស់សិល្បករជំនាន់តន្ត្រីករនាពេលបច្ចុប្បន្ននេះ។ ហើយបញ្ហាសំខាន់គឺមិនត្រឹមតែអនុវត្តន៍និងប្រើប្រាស់បទចម្រៀងប្រជាប្រិយរបស់បណ្តាជនជាតិតំបន់ Tay Nguyen  ប៉ុណ្ណោះទេ ថែមទាំងបង្កើតបទភ្លេងថ្មីទៀត ប្រធានបទថ្មី។ ធ្វើបានដូច្នេះ ទើបពង្រីកបាននូវកម្រិតសម្លេងពិរោះរណ្តំ និងស្របតាមការរំពឹងទុករបស់ប្រជាជនផងដែរ ពោលគឺ តន្ត្រីដើរពីប្រជាប្រិយទៅសម័យទំនើប”។

ដើម្បីឲ្យតន្ត្រីប្រជាប្រិយតំបន់ Tay Nguyen បន្តអភិវឌ្ឍន៍និងរីកសាយភាយលើ

ឆាកតន្ត្រីវៀតណាម ចាំបាច់ត្រូវមានអ្នកស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះតំបន់ Tay Nguyen ទើបអាចស្វែងយល់ និងនិពន្ធបទចម្រៀងឲ្យបានច្រើនថែមទៀត។ លើសពីនេះ មូលដ្ឋាន និងស្ថាប័នជំនាញបាននិងកំពុងមានដំណោះស្រាយជា យន្តការ និងគោលនយោបាយជាក់ស្តែងជាច្រើន ដើម្បីលើកទឹកចិត្តដល់សិល្បករ តន្ត្រីករ និងភ្នាក់ងារបំពេញការងារក្នុងវិស័យវប្បធម៌ មានលក្ខខណ្ឌបន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពតែងនិពន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ